កិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ បានបញ្ចប់នៅថ្ងៃសៅរ៍ ទី២៨ មេសា ដោយមេដឹកនាំអាស៊ានបានប្ដេជ្ញារក្សាសន្តិភាព ជម្លោះសមុទ្រចិនខាងត្បូង និងជំរុញឲ្យប្រទេសមីយ៉ាន់ម៉ា ឬភូមា និងនាយករដ្ឋមន្ត្រីបង់ក្លាដេស (Bangladesh) បង្ហាញការប្ដេជ្ញាចិត្ត ដើម្បីឲ្យជនជាតិមូស្លីមរ៉ូហ៊ីនយ៉ា (Rohingya) ប្រមាណប្រាំពីរសែននាក់ អាចវិលត្រឡប់ទៅផ្ទះសម្បែងពួកគេវិញ ក្រោយពេលពួកគេបានភៀសខ្លួនពីនៅខេត្តរាក់ឃីន (Rakhine) ប្រទេសមីយ៉ាន់ម៉ា ទៅប្រទេសបង់ក្លាដេស ដោយសារការធ្វើទុក្ខបុកម្នេញសាសនា ពីសំណាក់យោធាមីយ៉ាន់ម៉ា។
មេដឹកនាំនៃកិច្ចប្រជុំអាស៊ានក៏ស្វាគមន៍ ជំនួបកំពូលមេដឹកនាំកូរ៉េខាងជើង និងខាងត្បូង ដើម្បីកាត់បន្ថយភាពតានតឹងផ្នែកយោធានៅឧបទ្វីបកូរ៉េ។ ម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន នាយករដ្ឋមន្ត្រី សិង្ហបុរី លោក លី សៀនឡុង (Lee Hsien Loong) ក៏បានសំដែងក្តីបារម្ភពីវិស័យពាណិជ្ជកម្ម អន្តរជាតិ ពិសេសជម្លោះជាតិនិយមផ្នែកពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន។
រដ្ឋាភិបាលអាមេរិកកាលពីពេលថ្មីៗ នេះ បានគំរាមយកពន្ធប្រមាណ ១៥០ពាន់លានដុល្លារ លើការនាំចូលផលិតផលចិន ទៅអាមេរិក ហើយក្រោយមករដ្ឋាភិបាលចិនបានប្រកាសនឹងសងសឹកចំពោះការយកពន្ធនេះ។
លោក លី សៀនឡុង ថា គំនិតជាតិនិយមកើតឡើងនៅពេលថ្មីៗ នេះ កំពុងដាក់គំនាបទៅលើប្រទេសនៅតំបន់អាស៊ី ដែលកំពុងរីកចំរើន ផ្នែកសេដ្ឋកិច្ចដោយសារតែការបើកទូលាយនៃលំហូរពាណិជ្ជកម្មពហុដៃគូ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។