ព័ត៌មានសំខាន់ៗ ចំនួន៧ ដែលលោកអ្នកនាងគួរអាននៅថ្ងៃចន្ទ
2023.01.22

១. សាច់ញាតិនិងមេដឹកនាំសហជីព បន្តទាមទារយុត្តិធម៌ជូនលោក ជា វិជ្ជា
សាច់ញាតិនិងក្រុមមេដឹកនាំសហជីពឯករាជ្យ ជំរុញជាថ្មីទៅរដ្ឋាភិបាលឲ្យបើកការស៊ើបអង្កេតរកឃាតកពិតនិងអ្នកពាក់ព័ន្ធក្នុងអំពើបាញ់សម្លាប់មេដឹកនាំសហជីពដ៏ល្បីមួយរូប គឺលោក ជា វិជ្ជា មកផ្ដន្ទាទោសតាមច្បាប់។ ការទាមទាររបស់ពួកគាត់នេះ ធ្វើឡើងក្នុងឱកាសប្រារព្ធខួប១៩ឆ្នាំនៃឃាតកម្មលើលោក ជា វិជ្ជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣។ អានព័ត៌មានពិស្តារ...
២. លោកខាងលិចចង់ឃើញការបោះឆ្នោតជាតិប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ ក្រោយការចាប់ខ្លួនលោក ថាច់ សេដ្ឋា
ក្រុមប្រទេសលោកខាងលិច ចង់ឃើញការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រនៅខែកក្កដាខាងមុខនេះ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងមានការចូលរួមពីគ្រប់ភាគីនយោបាយពាក់ព័ន្ធ។ ប្រតិកម្មបែបនេះ កើតមានឡើងក្រោយអាជ្ញាធររដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាប់ឃុំខ្លួនមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង គឺលោក ថាច់ សេដ្ឋា។ អានព័ត៌មានពិស្តារ...
៣. ពលករគាំទ្របក្សភ្លើងទៀននៅក្រៅប្រទេសធ្វើបាតុកម្មទាមទារឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន ដោះលែងលោក ថាច់ សេដ្ឋា
ពលករខ្មែរគាំទ្របក្សភ្លើងទៀននៅក្រៅប្រទេសចេញធ្វើបាតុកម្មដើម្បីទាមទារយុត្តិធម៌ជូនលោក ថាច់ សេដ្ឋា និងអ្នកជាប់ឃុំដោយអយុត្តិធម៌ផ្សេងទៀត។ ពួកគេចាត់ទុកករណីទាំងនោះ គឺជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ហើយទាមទាររដ្ឋាភិបាលលោក ហ៊ុន សែន ដោះលែងអ្នកទោសមនសិការទាំងអស់មុនការបោះឆ្នោតថ្នាក់ជាតិខាងមុខនេះ។ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលនៅតែអះអាថា ករណីនេះជាការអនុវត្តច្បាប់។ អានព័ត៌មានពិស្តារ...
៤.មន្ត្រីអង្គការសង្គមស៊ីវិល ជំរុញឲ្យរដ្ឋាភិបាលអនុវត្តការដាក់ទោសសហគមន៍ ដើម្បីកាត់បន្ថយភាពចង្តៀតណែនក្នុងពន្ធនាគារ
មន្ត្រីអង្គការសង្គមស៊ីវិល និងសកម្មជនដែលធ្លាប់ជាប់ពន្ធនាគារ ស្នើសុំឱ្យរដ្ឋាភិបាលអនុវត្តការដាក់ទោសការងារម្រើតាមសហគមន៍ឱ្យបានឆាប់ៗ ដើម្បីផ្ដល់ឱកាសដល់អ្នកទោសទទួលបានឱកាសសម្របខ្លួនរស់នៅក្នុងសហគមន៍ និងដើម្បីកាត់បន្ថយថវិការដ្ឋ និងភាពចង្អៀតណែនក្នុងពន្ធាគារ។ ការស្នើសុំបែបនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីពេលថ្មីៗនេះ បានលើកឡើងថា ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ កំពុងសហការគ្នាដើម្បីឱ្យមានការអនុវត្តទោសការងារសហគមន៍។ អានព័ត៌មានពិស្តារ...
៥. អាជ្ញាធរក្រុងព្រះសីហនុនឹងផាកពិន័យលើអ្នកចតយានយន្ត និងអាជីវករលក់ដូរតាមបណ្ដោយឆ្នេរ
រដ្ឋបាលក្រុងព្រះសីហនុនឹងផាកពិន័យចំពោះការចតយានយន្ត ឬអាជីវករលក់ដូរតាមរទេះនៅបណ្ដោយឆ្នេរ និងនៅលើឆ្នេរខ្សាច់ ដែលបណ្ដាលឱ្យខូចសណ្ដាប់ធ្នាប់ របៀបរៀបរយ និងធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពភ្ញៀវទេសចរ។
៦. អតីតបុគ្គលិកអះអាងថា មជ្ឈមណ្ឌលទីក្រុងហេងហេងនៅក្រុងបាវិតនៅតែមានករណីធ្វើទារុណកម្មបុគ្គលិក
អតីតបុគ្គលិកក្នុងមជ្ឈមណ្ឌលទីក្រុងហេងហេងក្នុងក្រុងបាវិតនៅតែអះអាងថា ក្នុងមជ្ឈមណ្ឌលកម្សាន្តនេះពិតជាមានករណីបង្ខាំងមនុស្សបង្ខំធ្វើការឆបោកតាមអនឡាញ (Online) និងធ្វើទារុណកម្មបុគ្គលិកណាដែលមិនបានបំពេញលក្ខខណ្ឌក្រុមហ៊ុន។ ប៉ុន្តែ អាជ្ញាធរខេត្តស្វាយរៀងឆ្លើយតបថា មជ្ឈមណ្ឌលទីក្រុងហេងហេងក្នុងក្រុងបាវិតពុំមានករណីបង្ខំាំងមនុស្សធ្វើទារុណកម្មនោះទេ។ ទោះយ៉ាងណា មន្ត្រីសង្គមស៊ីវិលទាមទារដល់អាជ្ញាធរស៊ើបអង្កេតបន្ថែមទៀត ដ្បិតកន្លងទៅអាជ្ញាធរពុំបានបង្ហាញព័ត៌មានប្រកបដោយតម្លាភាពជុំវិញរឿងនេះនៅឡើយទេ។ អានព័ត៌មានពិស្តារ...
៧. លោក គា សុគន្ធ អ្នកនិពន្ធគំរូក្នុងការឆ្លុះបញ្ចាំងការពិត និងបណ្ដុះស្មារតីស្នេហាជាតិ
ការហ៊ាននិយាយការពិតក្នុងសង្គម គឺជាតួនាទីសំខាន់មួយរបស់អ្នកនិពន្ធ។ តួនាទីនេះគឺកាន់តែសំខាន់ទៅទៀតនៅពេល ដែលពលរដ្ឋក្នុងសង្គមរស់នៅក្នុងភាពភ័យខ្លាចពីការរិតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ។ យុវជន គា សុគន្ធ ដែលជាអ្នកនិពន្ធ និងច្រៀងចម្រៀងបែបរ៉ែប (Rap) ជាប្រភេទអ្នកនិពន្ធកម្រ ដែលបានបំពេញតួនាទីសំខាន់របស់អ្នកតែងនិពន្ធនេះ។ ការណ៍នេះស្ដែងចេញតាមរយៈស្នាដៃជាច្រើនរបស់លោកជាពិសេសបទចម្រៀង «ឈាមបាតុករ»។ អានព័ត៌មានពិស្តារ...
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។