សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃសៅរ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២២៖ ( កម្មវិធីពេលយប់ | ព្រឹក)
១ . សកម្មជនបរិស្ថានទទូចឱ្យមានតម្លាភាពចំពោះអាជីវកម្មរ៉ែមាសនៅខេត្តកំពង់ធំ

ក្រុមសកម្មជនបរិស្ថានអំពាវនាវដល់ក្រសួងរ៉ែ និងថាមពលឱ្យបង្ហាញតម្លាភាពព័ត៌មានទាក់ទងនឹងការផ្ដល់អាជ្ញាប័ណ្ណធ្វើអាជីវកម្មរ៉ែមាសថ្មីមួយកន្លែងទៀតនៅខេត្តកំពង់ធំ។ ពួកគេបារម្ភថា អាជីវកម្មនេះអាចប៉ះពាល់ដល់បរិស្ថាន និងពលរដ្ឋនៅតំបន់នោះ។
ក្រុមអ្នកឃ្លាំមើលបញ្ហាបរិស្ថានលើកឡើងថា ការធ្វើអាជីវកម្មចម្រាញ់រ៉ែមាសនៅខេត្តកំពង់ធំនេះអាចផ្ដល់ផលប្រយោជន៍ដល់ជាតិ និងពលរដ្ឋទៅបាន លុះត្រាតែគម្រោងនេះបានឆ្លងកាត់ការសិក្សាស៊ីជម្រៅទាក់ទងនឹងបញ្ហាបរិស្ថាន និងជីវភាពរស់នៅរបស់ពលរដ្ឋ។
២ . អាជ្ញាធរព្រះវិហាររារាំងយុវជន និងក្រុមស្ត្រីថ្ងៃសុក្របង្ហោះប៉ោងប៉ោងទាមទារសេរីភាពកញ្ញា សេង ធារី

ក្រុមយុវជន និងក្រុមស្ត្រីថ្ងៃសុក្រ នៅថ្ងៃទី២ កញ្ញា នេះបានទៅបង្ហោះប៉ោងប៉ោងនៅមុខពន្ធនាគារខេត្តព្រះវិហារ ដើម្បីបង្ហាញពីក្ដីនឹករលឹក និងវីរភាពកញ្ញា សេង ធារី ដែលបានជាប់ឃុំឃាំងអស់រយៈពេលជាង ២ខែ មកនេះ ប៉ុន្តែត្រូវបានអាជ្ញាធររារាំង ហាមឃាត់មិនឱ្យពួកគេចូលទៅក្បែរពន្ធនាគារបានឡើយ។ មន្ត្រីសង្គមសង្គមស៊ីវិលចាត់ទុកករណីនេះ ជាការរឹតត្បិតដល់សិទ្ធិសេរីភាពរបស់ពលរដ្ឋ ខណៈវាបង្ហាញកាន់តែច្បាស់ថា កញ្ញា សេង ធារី ជាប់ពន្ធនាគារដោយភាពអយុត្តិធម៌។
៣ . សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនម្នាក់ពាក់ព័ន្ធករណីដឹកជញ្ជូនគ្រឿងញៀនជាង ១០០គីឡូចូលកម្ពុជា

មន្ត្រីសង្គមស៊ីវិលព្រួយបារម្ភអំពីកំណើនគ្រឿងញៀនចូលកម្ពុជាតាមរយៈជនជាតិចិន ដែលធ្វើប៉ះពាល់ដល់សង្គម និងស្មារតីយុវជនដែលជាអ្នកបន្តវេនអភិវឌ្ឍប្រទេសជាតិនៅថ្ងៃអនាគត។ ក្ដីបារម្ភនេះ ធ្វើឡើងក្រោយពីអាជ្ញាធរប្រឆាំងបទល្មើសគ្រឿងញៀន ចាប់ខ្លួនជនជាតិចិនម្នាក់ ពាក់ព័ន្ធនឹងករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនជាង ១០០ គីឡូក្រាមចូលកម្ពុជា។
៤ . កសិករខេត្តពោធិ៍សាត់ត្អូញត្អែរពីតម្លៃពោតចុះថោក និងគ្មានទីផ្សារនាំចេញ

ប្រជាកសិករ ដាំពោតនៅខេត្តពោធិ៍សាត់ ត្អូញត្អែរថា ឆ្នាំនេះ ដំណាំពោតរបស់ពួកគាត់មិនសូវហុចផល ដោយសារភ្លៀងធ្លាក់ខ្លាំងក្នុងរដូវវស្សានេះ ធ្វើឲ្យការប្រមូលផលបានតិចតួច ស្របពេលដែលតម្លៃពោតកំពុងធ្លាក់ថ្លៃ និងមិនសូវមានឈ្មួញទិញច្រើនដូចឆ្នាំមុនៗ។ កសិករ អះអាងថា ការនាំចេញទៅប្រទេសថៃ ក៏មានការកកស្ទះ ដោយសារឈ្មួញចូលមកទិញពោតមានទំនាស់ជាមួយអាជ្ញាធរថៃ នៅតាមព្រំដែន។
៥ . អាជ្ញាធរកម្ពុជា និងវៀតណាមជួយសង្គ្រោះជនជាតិវៀតណាមដែលចាញ់បោកគេជាង៦០០នាក់

អាជ្ញាធរកម្ពុជា និងវៀតណាម បានសហការគ្នាជួយសង្គ្រោះពលរដ្ឋវៀតណាមជាង៦០០នាក់ ដែលចាញ់បោកគេឲ្យមកធ្វើការនៅកម្ពុជា។
សារព័ត៌មានវៀតណាម (VietNam News) បានចុះផ្សាយកាលពីថ្ងៃទី២ កញ្ញា ថាមនុស្សជាង៦០០នាក់នេះ ត្រូវបានចាញ់បោក និងការល្បួងឲ្យចូលមកធ្វើការនៅកម្ពុជាខុសច្បាប់។ អាជ្ញាធរកម្ពុជា និងទីភ្នាក់ងារតំណាងរបស់វៀតណាមបានសហការជាមួយក្រសួងការបរទេសកម្ពុជា កំពុងរៀបចំបញ្ជួនពួកគេទៅប្រទេសវៀតណាមវិញក្នុងពេលឆាប់ៗនេះ។
៦ . សង្គមស៊ីវិល រិះគន់ការដំឡើងតួនាទីអតីតអភិបាលក្រុងបាវិតលោក ឈូក បណ្ឌិតដែលធ្លាប់មានទោសបាញ់កម្មករ
មន្ត្រីសហជីព និងមន្ត្រីសិទ្ធិមនុស្ស រិះគន់រដ្ឋាភិបាលចំពោះការដំឡើងតួនាទីអតីតអភិបាលក្រុងបាវិត ខេត្តស្វាយរៀងលោក ឈូក បណ្ឌិត ដែលធ្លាប់មានទោសរឿងដកកាំភ្លើងបាញ់ក្រុមកម្មកររោងចក្រកាលពីឆ្នាំ២០១២ ឱ្យក្លាយជាមន្ត្រី ជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ។ ពួកគេចាត់ទុកការតែងតាំងមន្ត្រីនេះ គឺជាគំរូអាក្រក់ក្នុងសង្គម និងធ្វើឱ្យប៉ះពាល់ប្រសិទ្ធភាពការងារ។
៧ . បក្សនយោបាយក្រៅរដ្ឋាភិបាល៤រួមគ្នាស្នើកែលំអប្រព័ន្ធបោះឆ្នោតនិងសេរីភាពនយោបាយ
គណបក្សនយោបាយក្រៅរដ្ឋាភិបាលបួនបានធ្វើសន្និសីទសារព័ត៌មានរួមគ្នាមួយ នៅថ្ងៃទី០២ ខែកញ្ញា ដើម្បីស្នើកែលំអប្រព័ន្ធ បោះឆ្នោត និងសេរីភាព នយោបាយ ។ ទោះយ៉ាងណាមន្ត្រីជាន់ខ្ពស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលើកឡើងថា គ.ជ.ប នឹងច្រានចោលសំណើនោះប្រសិនបើមិនស្របច្បាប់។
៨ . សហគមន៍សោកស្ដាយទង្វើអាជ្ញាធរដែលមិនអាចការពារព្រៃសហគមន៍ភ្នំសេះ
ប្រជាសហគមន៍ និងក្រុមយុវជនសោកស្តាយ ចំពោះទង្វើរបស់អាជ្ញាធរ ខេតក្រចេះដែល គ្មានសមត្ថភាព ការពារព្រៃសហគមន៍ភ្នំសេះ ដែលកំពុង ប្រឈមការកាប់បំផ្លាញទ្រង់ទ្រាយធំ អស់ជាង ១ ពាន់ហិកតារ ដោយគ្មាន ការទប់ស្កាត់ច្បាស់លាស់។
៩ . អ្នករាយការណ៍ពិសេសអ . ស . បបិទបញ្ចប់ដំណើរទស្សនកិច្ចការងារជាលើកដំបូង
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn)បានបិទបញ្ចប់ដំណើរទស្សនកិច្ចការងារដោយផ្ទាល់ជាលើកដំបូងរយៈពេល១១ថ្ងៃនៅកម្ពុជាកាលពីថ្ងៃសុក្រ ទី២៦ ខែសីហា។ តើលោកបានលើកឡើងពីបញ្ហាប្រឈមអ្វីខ្លះពាក់ព័ន្ធនឹងសេរីភាពសារព័ត៌មាននៅកម្ពុជា?
១០ . សកម្មជនការពារបរិស្ថានរង់ចាំមើលចំណាត់ការចំពោះមន្ត្រីអាវុធហត្ថលើផ្ទៃប្រទេស ចំពោះអាជីវកម្មឈើខុសច្បាប់នៅព្រៃឡង់
សកម្មជនការពារបរិស្ថាន និងប្រជាសហគមន៍ការពារព្រៃឡង់ កំពុងរង់ចាំមើលដោយយកចិត្តទុកដាក់ ចំពោះចំណាត់ការ របស់ក្រសួងការពារជាតិករណី មន្ត្រីអាវុធលើផ្ទៃប្រទេស ជាប់ពាក់ព័ន្ធអាជីវកម្មឈើខុសច្បាប់ក្នុងដែនជម្រកសត្វព្រៃឡង់។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។