សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំសប្តាហ៍ ថ្ងៃអាទិត្យ ទី២១ ខែសីហា ឆ្នាំ២០២២

សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំសប្តាហ៍

. អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ជួប​សង្គម​ស៊ីវិលប្រមូល​ព័ត៌មាន​ទាក់ទង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុសុ្ស​ប្រចាំ​នៅ​កម្ពុជា លោក វិទិត មុនតាប៊ន(Vitit Muntarbhorn) កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃទី១៥ ដល់​ថ្ងៃទី២៦ ខែសីហា ដើម្បី​វាយ​តម្លៃពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ លោក​បាន​ជួប​ពិភាក្សា​ជា​មួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រីអង្គការ​សង្គមស៊ីវិល​ធ្វើការ​ផ្នែក​ការពារ​សិទ្ធិមនុស្សដើម្បី​ជជែក​ពីបញ្ហា​សិទ្ធិមនុស្ស។ មន្ត្រីសិទ្ធិមនុស្ស ប្រាប់ទៅលោក វិទិត មុនតាប៊ន ថា​មាន​ការ​រិតត្បិត​សេរីភាព​ពលរដ្ឋចំណែក​លោក ហ៊ុន សែន ស្នើទៅ​អ្នករាយការណ៍​ពិសេស​របស់អង្គការ​សហប្រជាជាតិឲ្យធ្វើរបាយការណ៍​របស់ខ្លួន​ដោយ​តម្លាភាព។

អានព័ត៌មានបន្ថែម៖ https://bit.ly/3T87v7Z

. ក្រុម​ព្រឹទ្ធសភា និង​សមាជិក​សភា​អាមេរិក​ជួប​ពិភាក្សាបញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ជាមួយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល

នាយក​ប្រតិបត្តិ​សមាគម​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា លោក ណុប វី ដែល​បាន​ជួន​ពិភាក្សា​ជាមួយ​ក្រុម​ព្រឹទ្ធសភា និង​សមាជិក​សភា​អាមេរិក​ ប្រាប់​វិទ្យុ​អាស៊ី​សេរី កាល​ពី​យប់​ថ្ងៃ​ទី១៦ ខែសីហា​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​សារ​ព័ត៌មាន​បាន​លើក​ឡើង​ប្រាប់​ក្រុម​ព្រឹទ្ធសភា និង​សមាជិក​សភាអាមេរិក​ អំពី​ក្ដី​បារម្ភ​របស់​ពួក​គេ ទាក់ទង​នឹង​ការ​រំលោភ​បំពាន​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​អ្នក​សារ​ព័ត៌មាន ការ​អូស​បន្លាយ​មិន​ផ្ដល់​ដំណោះស្រាយ​វិវាទ​ការងារ និង​ការ​រំលោភ​បំពាន​ស្រ្តី​ជា​កូដករ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៏​ជា​ដើម។

អានព័ត៌មានពិស្តារ៖ https://bit.ly/3PLfxRn

. អ្នកវិភាគ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ថ្លឹងថ្លែង​បញ្ហា​នានា​ពាក់ព័ន្ធ​អាមេរិកនិង​ចិន

អ្នកវិភាគ​នយោបាយ​មើល​ឃើញ​ថាកម្ពុជា​នៅ​តែ​មាន​ហានិភ័យ​ខ្ពស់​ក្នុងការ​ធ្លាក់​ចូល​ក្នុង​វិបត្តិ​ទំនាក់ទំនង​ជាមួយ​មហាអំណាច​ពិភពលោក​ធំៗ​ពីរ​ គឺ​សហរដ្ឋអាមេរិកនិង​ប្រទេសចិន​កុម្មុយនីស្តប្រសិនបើ​រដ្ឋាភិបាល​មិន​បាន​ពិចារណា​ឱ្យ​បាន​ស៊ីជម្រៅ​ពី​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​មហាអំណាច​ទាំង​ពីរ​នេះ។ ការលើកឡើង​របស់​អ្នកវិភាគ​នេះគឺ​ស្របពេល​គណៈប្រតិភូ​នៃ​ព្រឹទ្ធសភានិង​សមាជិក​សភា​អាមេរិកចំនួន​៥រូប​បាន​ចូល​ជួប​ពិភាក្សា​ជា​មួយតំណាង​រដ្ឋសភានិង​តំណាង​រដ្ឋាភិបាល​កម្ពុជា​អំពី​បញ្ហា​ធ្លាក់ចុះ​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​កង្វល់​អំពី​បញ្ហា​មូលដ្ឋានកងទ័ពចិន​នៅ​កម្ពុជាកាល​ពី​ព្រឹកថ្ងៃទី១៦ខែសីហា​កន្លង​ទៅ។

. អ្នក​វិភាគ​ថា លោក ហ៊ុន សែន នឹង​រង​ការ​រិះគន់​រឿង​រំលោភ​សិទ្ធិមនុស្ស ពេល​ថ្លែង​សុន្ទរកថា នៅ​អង្គការ​សហប្រជាជាតិ​នា​ពេល​ខាង​មុខ

ក្រុម​អ្នក​វិភាគ​លើក​ឡើង​ថា លោក ហ៊ុន សែន នឹង​រង​ការ​រិះគន់​លើ​ឆាក​អន្តរជាតិ ក្នុង​ពេល​លោក​ថ្លែង​សន្ទរកថា នៅ​អង្គការ​សហប្រជាជាតិ​នៅ​បុរី​ញ៉ូវយ៉ក (New York) នា​ពេល​ខាង​មុខ​នេះ។ អ្នក​វិភាគ​លើក​ឡើង​បែប​នេះ ដោយសារ​តែ​ពួក​គាត់​មើល​ឃើញ​ប្រទេស​កម្ពុជា​សព្វថ្ងៃ​កំពុង​មាន​ការ​រំលោភ​បំពាន​លើ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ដែល​តម្រូវ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដោះ​ស្រាយ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ ហើយ​ងាក​មក​រក​ផ្លូវ​ត្រូវ នៃ​គន្លង​ប្រជាធិបតេយ្យ​វិញ។

អានព័ត៌មានពិស្តារ៖ https://bit.ly/3c4Gz8m

. អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ជួបមេ​គណបក្ស​ប្រឆាំង​លោក កឹម សុខា

អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុសុ្ស​ប្រចាំ​នៅ​កម្ពុជា លោក វិទិត មុនតាប៊ន(Vitit Muntarbhorn) បាន​ជួប​មេបក្ស​ប្រឆាំង​លោក កឹម សុខា និង​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាលដើម្បី​ប្រមូល​ព័ត៌មាន​សម្រាប់​វាយតម្លៃ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ មន្ត្រីអង្គការ​ស៊ីវិលសង្កេត​ឃើញ​ថាបំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​របស់​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ពេល​នេះកើតឡើង​ខណៈមាន​ការ​រិះគន់​ថារដ្ឋាភិបាល​កម្ពុជាកំពុង​រិតត្បិត​សិទ្ធិ​សេរីភាព​ពលរដ្ឋ។

អានព័ត៌មានពិស្តារ៖ https://bit.ly/3QRaXBT

. កងអង្គរក្សលោក ហ៊ុន សែន ប្រើហិង្សាលើអ្នកកាសែត និងសកម្មជនសង្គម

សមត្ថកិច្ចស្រុកបាទី ខេត្តតាកែវ បានដោះលែង យុវជនខ្មែរថាវៈ ៤នាក់ និងអ្នកសារព័ត៌មានសំឡេង​ប្រជាធិបតេយ្យវីអូឌី (VOD) ៥នាក់ទៀត សរុប ៩នាក់ នៅល្ងាចថ្ងៃទី១៦ ខែសីហានេះ ក្រោយពីឃាត់ខ្លួន យកទៅសួរនាំនៅអធិការស្រុកបាទីអស់ច្រើនម៉ោង។ ក្នុងពេលឃាត់ខ្លួន យុវជនម្នាក់ និងអ្នកកាសែតម្នាក់ទៀត ត្រូវកងអង្គរក្ស លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្លៀកពាក់​ស៊ីវិល ប្រើអំពើហិង្សា និងដកហូតទូរសព្ទដៃ។

អានព័ត៌មានបន្ថែម៖ https://bit.ly/3AB98DE


. អាជ្ញាធរ​បើក​ឱ្យ​កូដករណាហ្គាវើលដ៍​ឈរ​ស្រែក​តវ៉ា​នៅមុខ​ក្រុមហ៊ុន ពេល​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទៅ​ឃ្លាំមើល

អាជ្ញាធរ​រាជធានី​ភ្នំពេញបន្ធូដៃ​បង្រ្កាប​ក្រុម​កូដករ​នៃ​ក្រុមហ៊ុន​បនល្បែង​ណាហ្គាវើលដ៍នៅ​ថ្ងៃពុធ​ម្សិលមិញ​នេះខណៈអ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុសុ្ស​ប្រចាំ​នៅ​កម្ពុជា លោក វិទិត មុនតាប៊ន(Vitit Muntarbhorn) បាន​ចុះឃ្លាំ​មើល​ផ្ទាល់​អំពី​កូដកម្ម​នេះ​។ ប៉ុន្តែ​ប្រធាន​សហជីព​ប្រចាំក្រុមហ៊ុន​ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ចាត់​ទុក​ការ​រក្សា​ភាព​ស្ងៀម​ស្ងាត់​របស់​ក្រុម​សមត្ថកិច្ច​ដែល​ធ្លាប់​តែ​វាយដុំ​កូដករ​ជា​ស្រ្តីបែក​មុខបែក​មាត់រហូត​សន្លប់និង​រលូតកូន​ផង​នោះគឺជាការ​រៀបចំ​ឈុតឆាក​សម្តែង ដើម្បីកុំ លោក វិទិត មុនតាប៊ន (Vitit Muntarbhorn)​ ឃើញ​ហេតុការណ៍​បែបនេះ​ផ្ទាល់​ភ្នែក​តែ​ប៉ុណ្ណោះ។ អានអត្ថបទបន្ថែម៖ https://bit.ly/3QLEFsw

. បក្សភ្លើងទៀន​ទទូច​ដល់​អាជ្ញាធរឱ្យ​ដោះលែង​អ្នកជាប់​ឃុំ​នយោបាយ

អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក សុន ឆ័យ បាន​ចូល​សួរសុខទុក្ខ​សកម្មជន​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃស នៅថ្ងៃទី១៧ ខែសីហា។ លោកចាត់​ទុក​ថាការឃុំខ្លួនអ្នកទាំង​នោះគឺ​ជារឿង​អយុត្តិធម៌ដែលរដ្ឋាភិបាលគួរតែប្រគល់​សេរីភាព​ជូនពួកគាត់​វិញ។

អានព័ត៌មានពិស្តារ៖ https://bit.ly/3wawJsc

. សមត្ថកិច្ច​បញ្ជូន​ប៉េអឹម៣នាក់ទៅតុលាការ​ពាក់ព័ន្ធ​នឹងការ​ស្លាប់​អនុប្រធាន​ភូមិ​ម្នាក់នៅ​ខេត្តកំពង់ធំ

មន្ត្រី​ជាន់ខ្ពស់​នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃប្រទេស​អះអាង​ថាមន្ត្រីកង​រាជអាវុធហត្ថ​៣​នាក់នៅខេត្ត​កំពង់ធំ​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការពីបទ​ចោទ​មនុស្ស​ឃាត​ដោយ​អចេតនាករណី​ចាប់​ខ្លួន​អនុ​ប្រធាន​ភូមិ​រូង​ម្នាក់បណ្ដាល​ឱ្យ​ស្លាប់។ អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃប្រទេសលោក អេង ហ៊ី ឲ្យ​ដឹងថាមន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ​ទាំង​៣​នាក់ដែល​បាន​បញ្ជូន​ទៅ​តុលាការ​នោះ រួមមាន ជំនួយការ​អង្គភាព​នគរបាល​យុត្តិធម៌លោក សៅ សិរីវុឌ្ឍ ប្រធាន​អង្គភាព​នគរបាល​យុត្តិធម៌ លោក លុយ តាំងឈួយ និង​នាយការិយាល័យ​ព្រហ្មទណ្ឌ លោក សុខ ម៉េងហុង។ ចំណែក​មន្រ្តី​ចំនួន​១០​នាក់​ទៀត​កំពុង​ស្ថិត​ក្នុង​ការ​ស្រាវជ្រាវ​នៅ​ឡើយហើយ​បើ​សិន​រក​ឃើញ​ថាពួកគេ​មាន​កំហុសនឹង​អនុវត្ត​តាម​ច្បាប់​ជា​បន្ត​ទៀត។

១០ . មេធាវី​បន្តទាមទារ​ឲ្យ​តុលាការ​ផ្ដល់​សេរីភាព​ឲ្យ​លោក កឹម សុខា ឡើងវិញ ព្រោះ​តុលាការ​គ្មាន​ភស្តុតាង​ចោទ​ប្រកាន់​គ្រប់គ្រាន់

មេធាវី​លោក កឹម សុខា បន្តទាមទារ​ឲ្យ​តុលាការ​ផ្តល់​សេរីភាព​ដល់​លោក កឹម សុខា ឡើងវិញ។ មេធាវី​ការពារក្ដី​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា អ្នកស្រី ម៉េង សុភារី​ លើក​ឡើង​ថាការ​ខ្វះខាត​ឯកសារ​របស់​តំណាង​អយ្យការ​ក្នុង​ការ​ចោទ​ប្រកាន់​លើ​លោក កឹម សុខា ជា​ការ​បញ្ជាក់​ថាតុលាការ​គ្មាន​ភស្តុតាង​គ្រប់គ្រាន់ដាក់​បន្ទុក​លោក កឹម សុខា នោះទេ។ លោក កឹម សុខា បាន​បាត់​បង់​សិទ្ធិសេរីភាពជិត​៥ឆ្នាំហើយ ក្រោយរដ្ឋាភិបាល លោក ហ៊ុន សែន បានចោទ​ប្រកាន់​ថាមេបក្ស​ប្រឆាំង​រូបនេះ​ឃុបឃិត​ជាមួយ​រដ្ឋបរទេសដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល។ ទោះយ៉ាងណា តុលាការ​មិន​ដែល​បាន​បង្ហាញ​ថារដ្ឋបរទេមួយ​ណាដែល​មាន​ទំនាក់ទំនង​សម្ងាត់​ជា​មួយ​លោក កឹម សុខា ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​នោះ​ទេ។

អានអត្ថបទបន្ថែម៖ https://bit.ly/3K96RTk

១១ . តុលាការខេត្តពោធិ៍សាត់ផ្ដន្ទាទោស​សកម្មជន​បក្សភ្លើងទៀន​ម្នាក់​ទៀតដាក់​ពន្ធនាគារ២​ឆ្នាំពី​បទចោទ​ក្លែង​បន្លំ​ឯកសារ

តុលាការ​ខេត្តពោធិ៍សាត់​ចេញ​សាលក្រម​ផ្តន្ទាទោស​សកម្មជន​បក្សភ្លើងទៀន​ម្នាក់​ទៀតគឺ​លោក ឈួន ឈឿង ឱ្យជាប់​ពន្ធនាគារ​២​ឆ្នាំក្នុង​បទចោទក្លែងបន្លំឯកសារ​សាធារណៈពាក់ព័ន្ធនឹង​ឯកសារ​រៀបចំ​បេក្ខជនឈរ​ឈ្មោះបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ អាណត្តិទី៥។ ប៉ុន្តែ​ក្រុម​គ្រួសារ​ជន​ជាប់​ឃុំនិង​មន្រ្តីសង្គមស៊ីវិល​ចាត់ទុក​សេចក្តីសម្រេច​នេះ​ថាជា​រឿង​អយុត្តិធម៌និង​ជាការ​ធ្វើទុក្ខ​បុកម្នេញ​ផ្នែក​នយោបាយ។
អានព័ត៌មានបន្ថែម៖ https://bit.ly/3Abuo1v

១២ . សាលាឧទ្ធណ៍​រាជធានី​ភ្នំពេញ​ បើកសវនាការ​ជំនុំជម្រះសកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​១៣នាក់

សាលា​ឧទ្ធណ៍​រាជធានី​ភ្នំពេញ​ ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ បានបើក​សវនា​ការ​កាត់​ក្ដីសកម្មជន​ទាំង ១៣នាក់​ ដែល​ត្រូវ​បាន​តុលាការ​ដំបូង​រាជធានី​ភ្នំពេញ​កាត់​ក្ដី​ឱ្យ​ជាប់​ពន្ធនាគារ​៥ឆ្នាំ​ ពី​បទចោទ ​រួម​គំនិត​ក្បត់​ និង​ញុះ​ញង់​ ហើយ​ឱ្យ​អនុវត្ត​ទោស​៣ឆ្នាំ​ ៨ខែ។ ប្រពន្ធសកម្ម​ជន​ ដែល​កំពុង​ជាប់​ឃុំ​ និយាយ​ថា​ ប្ដី​របស់​ពួកគាត់​មិន​បាន​ប្រព្រឹត្តិ​កំហុស​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ឡើយ​ ហើយ​ទាម​ទារ​ឱ្យ​សាលា​ឧទ្ធណ៍​ទម្លាក់​បទ​ចោទ​មក​លើ​ប្ដី​របស់​ពួកគាត់។​ ចំណែក មេធាវី​ការពារ​ក្ដី​សកម្មជន​សង្គ្រោះជាតិ​ ថ្លែង​ថា​ កន្លង​មក​តុលាការ​គ្មាន​ភ័ស្ដ​តាង​ជាក់លាក់​ណាមួយ​ ដែល​បញ្ជាក់​ថា​កូន​ក្ដី​របស់​ខ្លួន​ញុះញង់​ ឬ​រួម​គំនិត​ក្បត់​ឡើយ។

១៣ . ក្រុម​តំណាង​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​នឹង​ដាក់​សំណើ​រួមគ្នា​ទាមទារ​កែ​លម្អ​ប្រព័ន្ធ​បោះឆ្នោត ទៅ​ស្ថាប័ន​ពាក់​ព័ន្ធ​នៅ​សប្ដាហ៍​ក្រោយ

គណបក្ស​ប្រជាធិបតេយ្យ​បាន​បង្ហោះសារ​នៅលើ​បណ្ដា​ញ​សង្គម​ហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៥ ខែសីហាសប្តាហ៍នេះ​ថា តំណាង​គណបក្សនយោបាយ​ចំនួន៤ ដែលបាន​ជួប​ប្រជុំ​បញ្ចប់​សំណើ​រួមគ្នា​នោះ​រួមមាន គណបក្សភ្លើងទៀន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សឆន្ទៈខ្មែរ និង​គណបក្ស​កែទម្រង់​កម្ពុជា។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា ក្រៅពី​រៀបចំ​ឯកសារ​ស្នើកែលម្អ គ.ជ.ប ពួកគេ​ក៏បាន​ឯកភាព​គ្នាលើ​ជំហរ​រួមទាក់ទង​ទៅនឹង​ករណី​បណ្តឹង​ទៅ​តុលាការ ដែល​ប្ដឹង​ដោយ គ.ជ.ប ផងដែរ។

១៤ . អាជ្ញាធរ​ពន្ធនាគារ​បញ្ជូន​សកម្មជន​បក្សប្រឆាំង​លោក គង់ សំអាន ទៅ​ព្យាបាល​ជំងឺ​នៅ មន្ទីរ​ពេទ្យរុស្ស៊ី តែមិន​ឱ្យសម្រាកនៅ​មន្ទីរពេទ្យ

មន្រ្តីពន្ធនាគារ​បញ្ជូន​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ខេត្តត្បូងឃ្មុំ លោក គង់ សំអាន ទៅ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ធ្មេញ​នៅ​មន្ទីរពេទ្យរុស្ស៊ី ហើយនាំយក​ទៅពន្ធនាគារ​វិញ​នៅ​ថ្ងៃចន្ទ ទី១៥ ខែសីហា​នេះ ក្រោយ​ពី​មន្រ្តី​បក្សប្រឆាំង​រូបនេះ​ធ្លាក់ខ្លួន​ឈឺធ្ងន់ធ្ងរ​ជាច្រើនខែ​នៅក្នុងបន្ទប់​ឃុំឃាំង​ចង្អៀតណែន។

អានព័ត៌មានបន្ថែម៖ https://bit.ly/3AdQArV

១៥ . មេខ្លោងឆបោកជនជាតិចិនមានសញ្ជាតិខ្មែរម្នាក់ត្រូវប៉ូលិសថៃចាប់ខ្លួនពីបទបើកបនល្បែងឆបោកខុសច្បាប់

អាជ្ញាធរប្រទេសថៃថ្មីៗនេះអះអាងថា បានឃាត់ខ្លួនអ្នកជំនួញជាប់សង្ស័យពីឆបោកជា​ជនជាតិ​ចិនម្នាក់ ដែលកាន់សញ្ញាតិខ្មែរផង តាមដីការបស់ប៉ូលិសអន្តរជាតិអាំងទែប៉ូល (Interpol)។
ជនសង្ស័យជាជនជាតិចិនរូបនោះ គឺជាទណ្ឌិតបានរត់គេចខ្លួនពីការអនុវត្តទោសនៅប្រទេសចិន ហើយមកបើកមុខជំនួញអាជីវកម្មបនល្បែងឆបោកតាមប្រព័ន្ធអនឡាញ (Online) នៅក្នុងតំបន់ប្រទេសអាស៊ីអាគ្នេយ៍ ក្នុងនោះរួមមានទាំងនៅកម្ពុជាផង។

១៦ . លោក ទៀ បាញ់ អះអាងជាថ្មីថា មិនខ្វល់ពីការចោទប្រកាន់ថា មានមូលដ្ឋានទ័ពចិននៅរាម

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ អះអាង​ថា កម្ពុជា​មិន​ខ្វល់​ចំពោះ​ការ​រិះគន់​ណា​មួយ​ពាក់ព័ន្ធ​នឹង​ឥទ្ធិពល​នោះ​ទេ សំខាន់​គឺកម្ពុជា​មាន​កិច្ចសហការ​នឹង​គ្រប់​ប្រទេស​ទាំង​អស់ ដើម្បី​ធ្វើ​ទំនើបកម្ម​មូលដ្ឋាន​ទ័ព​សមុទ្រ​រាម​ឲ្យ​បោះ​ជំហាន​ទៅ​មុខ​ជា​និច្ច។ លោក ទៀ បាញ់ លើក​ឡើង​ដូច្នេះ នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន នៅ​ព្រមាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ក្រោយ​ពី​លោក​បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន ចាប់​ពី​ថ្ងៃ​ទី១៣ ដល់​ថ្ងៃ​ទី១៦ សីហា ខណៈ​ក្រុម​អ្នក​វិភាគ​រិះគន់​ថា កុម្មុយនិស្ត​ចិន​កំពុង​តែ​រឹត​ចំណង​មិត្តភាព​កាន់​តែ​ខ្លាំង​ជាមួយ​កម្ពុជា ក្នុង​ពេល​សហរដ្ឋ​អាមេរិក​កំពុង​តែ​សង្ស័យ​ថា មាន​មូលដ្ឋាន​ទ័ព​ចិន​នៅ​កំពង់ផែ​សមុទ្រ​រាម​ផង​នោះ។

អានព័ត៌មានបន្ថែម៖ https://bit.ly/3dLgMTf

១៧ . លោក សម រង្ស៊ី អំពាវនាវឱ្យជនជាតិដើមភាគតិចរួមគ្នាបង្កើតក្រុមប្រឹក្សាជាតិតវ៉ា​ទាមទារសិទ្ធិរបស់​ខ្លួន

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក​សម រង្ស៊ី លើកឡើង​ថា រដ្ឋាភិបាល​បាន​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន​បរទេស​មួយ​ចំនួន​វិនិយោគ​នៅ​កម្ពុជា ពុំបាន​ផ្ដល់​ផល​ចំណេញ​អ្វី​ជា​ដុំកំភួន​ដល់​ជាតិ​ឡើយ​។ ផ្ទុយទៅវិញ លោក​អះអាង​ថា វា​ជា​ការ​បំផ្លាញ​សេដ្ឋកិច្ច ប្រពៃណី និង​ វប្បធម៌​របស់​ជនជាតិ​ដើម​ភាគតិច​ទៅវិញ​ទេ។ លោក សម រង្ស៊ី ស្នើ​ឲ្យ​ក្រុម​ជនជាតិ​ដើម​ភាគតិច​ទាំងអស់ រួមគ្នា​បង្កើត​ក្រុម​ប្រឹក្សា​ជាតិ ជនជាតិ​ដើម​មួយ​ដែល​មាន​សំឡេង​ខ្លាំង ដើម្បី​តវ៉ា​ទៅ​រដ្ឋាភិបាល​ក្នុង​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​ជនជាតិ​ដើម​ភាគតិច​ទាំងអស់​នៅ​កម្ពុជា។

ស្តាប់បទសម្ភាសន៍លោក សម រង្ស៊ី៖ https://bit.ly/3PE4ol7

១៨ . ក្រសួង​មហាផ្ទៃ​ថាអត្រា​ជួញដូរ​មនុស្ស​ធ្លាក់​ចុះ​ក្នុង​អំឡុង​ពេល​៦ខែដើម​ឆ្នាំ២០២២បើ​ធៀប​ទៅ​ឆ្នាំមុន

ក្រសួង​មហាផ្ទៃ​ឲ្យដឹង​ថាអត្រា​ជួញដូរ​មនុស្ស​ធ្លាក់ចុះ​ក្នុង​អំឡុង​ពេល​៦​ខែ​ដើម​ឆ្នាំ២០២២បើ​ធៀបទៅ​នឹង​អំឡុងពេល​ដូចគ្នា​កាលពី​ឆ្នាំ២០២១។តែ​របាយការណ៍​ជួញដូរ​មនុស្ស​ឆ្នាំ២០២២របស់​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិកចេញ​ផ្សាយ​កាលពី​ខែកក្កដាបានទម្លាក់​ចំណាត់ថ្នាក់​កម្ពុជា​ពី​ក្រុម​លេខ២​ មកជា​ក្រុម​លេខ​៣​វិញដោយសារ​ប្រទេស​កម្ពុជាពុំបាន​ចាត់​វិធានការគ្រប់​គ្រាន់និង​មាន​ប្រសិទ្ធភាពដើម្បី​ទប់ស្កាត់​បទល្មើស​ជួញដូរ​មនុស្សការ​កេងប្រវ័ញ្ចផ្លូវ​ភេទនិង​ពលកម្មកុមារ​ជា​ដើម។
អានព័ត៌មានបន្ថែម៖ https://bit.ly/3CjMD7u

១៩ . លោក កឹម សុខាថា សមាជិក​សភា​អាមេរិក​ផ្ដល់​តម្លៃ​ការ​លះបង់និង​ការ​តស៊ូ​របស់​លោក

ប្រធាន​គណបក្សសង្គ្រោះជាតិ លោក កឹម សុខា អះអាងថា ក្រុមសមាជិក​រដ្ឋសភា​និង​ព្រឹទ្ធសភា​សហរដ្ឋអាមេរិកកោសរសើរ​លោកដែលមាន​ការ​អត់ធ្មត់​ក្នុង​បុព្វហេតុ​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ។ មន្ត្រី​សង្គម​ស៊ីវិល​ថាបើតុលាការ​គ្មាន​ភស្តុតាង​ដាក់​បន្ទុក​គ្រប់គ្រាន់​ទេតុលាការ​គួរផ្ដល់​សេរីភាពឲ្យ លោក កឹម សុខា ឡើងវិញ។

២០ . លោក ហ៊ុន ម៉ាណែត អះអាងថា លោកមិន​ជាប់​ពាក់ព័ន្ធរឿងដោះដូរ​ដី​នៅ​តំបន់​ភ្នំ​តាម៉ៅទេ

លោក ហ៊ុន ម៉ាណែត កូន​ប្រុស​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន អះអាងថា លោកមិន​បាន​នៅ​ពី​ក្រោយ​ខ្នង​គម្រោង​វិនិយោគ​នៅតំបន់​ភ្នំតាម៉ៅ​ឱ្យ​ទៅ​ក្រុមហ៊ុន ឡេង ណាវ៉ាត់ត្រា នោះ​ទេ។ លោក​ចាត់​ទុក​អ្នក​ដែល​ចោទ​ប្រកាន់​លើ​លោកគឺជា​រឿង​ប្រឌិតនិង​មួលបង្កាច់ដើម្បី​កេង​ចំណេញ​ផលប្រយោជន៍​នយោបាយ។ ប្រតិកម្មនេះ​កើតឡើង​ក្រោយ​ពេលស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្កាន់សាឡេស ដេវិដសុន ថា លោក ហ៊ុន ម៉ាណែត អាច​នៅ​ពី​ក្រោយ​ខ្នង​នៃ​គម្រោង​អភិវឌ្ឍន៍​តំបន់​ភ្នំតាម៉ៅ។

អានព័ត៌មានបន្ថែម៖ https://bit.ly/3psE56V

២១ . ប្រតិកម្មរបស់​យុវជននិង​អ្នកវិភាគ​ទាក់ទង​នឹង​ការ​បើកដេប៉ាតឺម៉ង់ភាសាវៀតណាម

យុវជន និង​អ្នកវិភាគ​លើក​ឡើង​ថាការ​បើក​ឱ្យ​មាន​ផ្នែក​សិក្សា​ភាសាវៀតណាមឬដេប៉ាតឺម៉ង់ភាសា​វៀតណាម​ក្នុងសកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ​នៅ​កម្ពុជាកំពុង​បង្ហាញ​ភាព​មិន​ស្មើគ្នា​រវាង​ប្រទេស​ទាំង​ពីរខណៈភាសាខ្មែរ​ហាក់​ត្រូវ​បាន​រិតត្បិត​មិន​ឱ្យ​សិក្សាក្នុងប្រទេសវៀតណាមឡើយ។ពួកគាត់​ស្នើ​ឱ្យ​រដ្ឋាភិបាលគួរស្នើទៅ​ភាគី​វៀតណាម​វិញ​ដើម្បី​បញ្ឈប់​ការ​រើសអើងដើម្បី​ឱ្យ​ពលរដ្ឋខ្មែរ​កម្ពុជា​ក្រោមបាន​សិក្សានិង​ផ្សព្វផ្សាយ​វប្បធម៌ដូច​ពលរដ្ឋ​វៀតណាម​ដែល​រស់​នៅ​លើទឹក​ដី​កម្ពុជា​ដែរ។

អានព័ត៌មានបន្ថែម៖ https://bit.ly/3wgi0Mu

២២. តើលោក ឡេង ណាវ៉ាត្រា មាន​ប្រវត្តិ​យ៉ាងណាហើយ​ធ្វើ​ជំនួញ​អ្វីខ្លះ ទើប​បាន​ជា​មាន​លុយ​វាល់​លាន​​ដុល្លារ​កាន់​ក្នុង​ដៃ​បែប​នេះ?

ឧកញ៉ា ឡេង ណាវ៉ាត្រា គឺ​ជា​សេដ្ឋី​វ័យ​ក្មេង​មួយ​រូប ដែល​កំពុង​លេច​មុខ​មាត់​ខ្លាំង​ក្នុង​សង្គម​កម្ពុជា។ លោក​ក្ដោបក្ដាប់​មុខ​ជំនួញ​ជា​ច្រើន​មុខ​នៅ​កម្ពុជា រាប់​ចាប់តាំង ពីវិស័យ អចលនទ្រព្យ ហិរញ្ញវត្ថុ ធនាគារ កសិកម្ម រហូតដល់ វិស័យ​សិល្បៈ។ ជាពិសេស លោក​បាន​ផ្ដល់​លុយ​ឱ្យ​រដ្ឋាភិបាល របស់​លោក ហ៊ុន សែន រាប់​លាន​ដុល្លារ​ក្នុង​រយៈពេល ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

សូម​ទស្សនាការ​សេចក្ដី​រាយការណ៍​របស់​លោក យ៉ង ចាន់តារា ដូច​តទៅ៖ https://bit.ly/3pwrJdZ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។