១ . លោក ហ៊ុន សែន ចាកចេញពីកម្ពុជាដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាកចេញពីកម្ពុជាហើយនៅថ្ងៃទី២១ ខែកញ្ញាដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ដែលនឹងចាប់ផ្ដើមនៅសប្ដាហ៍នេះនៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក។ ប្រធានបទនៃមហាសន្និបាតឆ្នាំនេះគឺផ្តោតលើ "ចំណុចរបត់សំខាន់នៃការផ្លាស់ប្ដូរមិនអាចត្រឡប់ក្រោយបាននិងដំណោះស្រាយចំពោះបញ្ហាប្រឈម" ។
លោក ហ៊ុន សែន ឲ្យដឹងតាមរយៈទំព័រហ្វេសប៊ុករបស់លោកថាលោកនឹងឡើងថ្លែងការណ៍ក្នុងកិច្ចប្រជុំនៅថ្ងៃទី ២៣ កញ្ញា ដោយផ្ដោតសំខាន់ពីតួនាទីស្ថាបនារបស់កម្ពុជាក្នុងការគាំទ្រពហុភាគីនិយមផ្អែកលើគោលការណ៍ច្បាប់ការរួមសហការគ្នាប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងផ្នែកសន្តិសុខជាសកលដែលកំពុងបន្តកើតមានការប្រែប្រួលអាកាសធាតុការពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគីគោលនយោបាយឌីជីថលនិងសេដ្ឋកិច្ចបៃតងព្រមទាំងការធ្វើជាប្រធានអាស៊ានរបស់កម្ពុជានិងកិច្ចខិតខំរបស់កម្ពុជាក្នុងការកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩រួមជាដើម។ តែលោក ហ៊ុន សែន គ្រោង មិនជួបអ្នកគាំទ្ររបស់លោក ដូចលើក មុនៗទេ ក្រោយមានករណីគប់ស្បែកជើងប៊ិះត្រូវចំក្បាលលោកកាលពីខែឧសភាកន្លងទៅ។
លោក ហ៊ុន សែន នឹងចាកចេញពីអាមេរិក នៅថ្ងៃទី២៣ ខែកញ្ញាក្រោយថ្លែងសេចក្តីថ្លែងការណ៍រួចដោយលោកត្រូវបន្តដំណើរទៅទស្សនកិច្ចផ្លូវការនៅប្រទេសគុយបា(Cuba) បន្ទាប់មកលោក ហ៊ុន សែន នឹងហោះទៅទីក្រុងតូក្យូ (Tokyo) ប្រទេសជប៉ុន ដើម្បីចូលរួមបុណ្យសពអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្សូ អាបេ(Shinzo Abe) ៕

២ . តុលាការ ចាប់ផ្ដើមដេញសួរលើអង្គហេតុថ្មីនៃសំណុំរឿងចោទ លោក កឹម សុខា ថាក្បត់ជាតិ
សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃនេះបានចោទសួរលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិទាក់ទងនឹងអង្គហេតុថ្មី៣ផ្សេងទៀត រួមមាន៖ ការធ្វើបដិវត្តន៍ពណ៌នៅចិនតៃវ៉ាន់(Taiwan) យុទ្ធនាការណ៍ថ្ងៃច័ន្ទពណ៌ខ្មៅនិងការកាន់ផ្កាឈូក។ លោក កឹម សុខា និងមេធាវីការពារក្ដីអះអាងថាអង្គហេតុថ្មីទាំងនេះមិនជាប់ពាក់ព័ន្ធនឹងលោក កឹម សុខា ទេ។
[ អានព័ត៌មានពិស្តារ ... Opens in new window ]

៣ . សហជីពឯករាជ្យ និងកម្មករវិស័យកាត់ដេរ មិនពេញចិត្តចំពោះការដំឡើងប្រាក់ឈ្នួលចំនួន២០០ដុល្លារ សំរាប់ឆ្នាំ២០២៣
សហជីពឯករាជ្យ និងកម្មករវិស័យកាត់ដេរ មិនពេញចិត្តចំពោះការដំឡើង ប្រាក់ឈ្នួលចំនួន២០០ដុល្លារនោះឡើយ។ ពួកគាត់លើកឡើងថា ចំនួននេះនៅតែតិចដដែល ដោយមិនទាន់ឆ្លើយតបចំពោះតម្រូវការនៃការរស់នៅរបស់កម្មករឡើយ។ ប្រតិកម្មរបស់សហជីពនិងកម្មករនៅពេលនេះ កើតឡើងបន្ទាប់ពីរដ្ឋាភិបាល សម្រេចដំឡើងប្រាក់ខែជូនកម្មករវិស័យកាត់ដេរ ចំនួន២០០ដុល្លារ ក្នុងមួយខែចាប់ពីខែមករា ឆ្នាំ២០១៣តទៅ។
អានព័ត៌មានពិស្តារ ...

៤ . សមត្ថកិច្ចបង្ក្រាបជនជាតិចិន៥នាក់រឿងបើកបនល្បែងអនឡាញ (Online) ខុសច្បាប់
មន្រ្តីសង្គមស៊ីវិលព្រួយបារម្ភថាការរីករាលដាលនៃបនល្បែងខុសច្បាប់តាមប្រព័ន្ធអនឡាញ(Online) អាចធ្វើឱ្យសង្គមជាតិទាំងមូលប្រឈមបញ្ហាវិបត្តិសង្គមធ្ងន់ធ្ងរ។ ក្ដីបារម្ភរបស់សង្គមស៊ីវិលបែបនេះធ្វើឡើងក្រោយពេលដែលសមត្ថកិច្ចក្រុងភ្នំពេញបានបង្ក្រាបជនជនជាតិចិនចំនួន ៥នាក់ ពាក់ព័ន្ធនឹងការលួចបើកបនល្បែងតាមអនឡាញ(Online) ខុសច្បាប់។
៥ . ក្រុមសង្គមស៊ីវិល នាំយកបច្ច័យបួនប្រគេនដល់ព្រះសង្ឃគង់នៅវត្តមេត្តាធម្មជាតិ ក្នុងពិធីបុណ្យកាន់បិណ្ឌ
ក្រុមសង្គមស៊ីវិលជាង៣០នាក់បាននាំយកបច្ច័យបួនប្រគេនដល់ព្រះសង្ឃគង់នៅវត្តមេត្តាធម្មជាតិខេត្តកំពង់ស្ពឺកាលពីថ្ងៃទី២១ ខែកញ្ញា។ ក្នុងរដូវបុណ្យទាននេះមន្ត្រីអង្គការសង្គមស៊ីវិលសំណូមពរដល់មន្ត្រីពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើក្បែវត្តមេត្តាធម្មជាតិឱ្យបញ្ឈប់ការចង់បានដីព្រៃវត្តនេះបន្តទៀតហើយត្រូវចេះភ្ញាក់រលឹកដឹងបុណ្យបាបដើម្បីផ្ដល់ក្ដីសុខដល់សត្វព្រៃនិងព្រះសង្ឃដែលកំពុងគង់នៅវត្តនេះ។
៦ . សង្គមស៊ីវិលថា ពលករខ្មែរទៅធ្វើការនៅប្រទេសថៃនៅតែប្រឈមនឹងថៅកែថៃកេងប្រវ័ញ្ចកម្លាំងពលកម្ម
សង្គមស៊ីវិលថាពលករខ្មែរនៅតែប្រឈមបញ្ហាថៅកែថៃកេងប្រវ័ញ្ចកម្លាំងពលកម្មនិងត្រូវអាជ្ញាធរថៃចាប់ខ្លួនដាក់ពន្ធនាគារដោយអយុត្តិធម៌។ មន្ត្រីសង្គមស៊ីវិលនិងពលករខ្មែរមើលឃើញថាទុក្ខលំបាករបស់ពលករនេះកើតឡើងដោយសារខ្វះការជួយអន្តរាគមន៍ពីរដ្ឋាភិបាលនិងមន្ត្រីស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃ។ពួកគេក៏បានសំណូមពរឲ្យអាជ្ញាធរខ្មែរជួយអន្តរាគមន៍ដល់អាជ្ញាធរថៃដើម្បីជួយសម្រាលទុក្ខវេទនារបស់ពួកគេផង។
៧ . កូដករណាហ្គាវើល៍ធ្លាក់ខ្លួនឈឺក្រោយពីធ្វើកូដកម្មជាង៩ខែមិនទាន់មានដំណោះស្រាយ
កូដករណាហ្គាវើល៍ បានបន្តធ្វើកូដកម្មនៅមុខក្រុមហ៊ុនណាហ្គាកាលពីថ្ងៃទី២១ ខែកញ្ញាដូចសព្វដងដែរទោះជាមានភ្លៀងធ្លាក់ខ្លាំងយ៉ាងណាក្ដី។ ពួកគាត់លើកឡើងថាការប្រមូលផ្ដុំគ្នាធ្វើកូដកម្មក្រោមដំណក់ទឹកភ្លៀងនេះពុំមានការរារាំងពីសមត្ថកិច្ចដូចពីពេលមុនៗទេតែស្ថិតនៅក្រោមការឃ្លាំមើលពីសមត្ថកិច្ចយ៉ាងតឹងរឹង។ ក្រុមកូដករណាហ្គាវើលិ៍ជាង១០០នាក់ អ្នកខ្លះ បានធ្លាក់ខ្លួនឈឺដោយសារតែការឈរតវ៉ាហាលភ្លៀងហាលថ្ងៃជាង៩ខែមកហើយតែមិនទាន់មានដំណោះស្រាយនៅឡើយ។ ទោះបីជាបែបនេះក្ដីពួកគាត់អះអាងថាពួកគេនឹងបន្តធ្វើកូដកម្មរហូតទាល់តែមានដំណោះស្រាយការងារសមរម្យទោះបីជាមានការគំរាមកំហែងពីសមត្ថកិច្ចបែបណាក្ដី៕
៨ . USAID និងក្រសួងសុខាភិបាលបើកយុទ្ធនាការសុខភាពដើម្បីលើកកម្ពស់ការទទួលទានរបបអាហារនិងភាពសកម្មនៃរាងកាយ
ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) និងនាយកដ្ឋានការពារសុខភាព (PMD) នៃក្រសួងសុខាភិបាលបានបើកយុទ្ធនាការសុខភាពដើម្បីលើកកម្ពស់ការទទួលទានរបបអាហារនិងភាពសកម្មនៃរាងកាយ។
សេចក្តីប្រកាសព័ត៌មានរបស់ USAID នៅថ្ងៃទី ២១ ខែកញ្ញាឲ្យដឹងថា យុទ្ធនាការនេះមានចំណងជើងថា «រស់ដោយបញ្ញាសុខភាពភ្លឺថ្លា» ក្នុងគោលដៅសំខាន់គឺលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរឲ្យបង្កើតទម្លាប់ថ្មីនៃការបរិភោគអាហារនិងសកម្មភាពរាងកាយដើម្បីជួយកាត់បន្ថយជំងឺលើសសម្ពាធឈាមនិងជំងឺទឹកនោមផ្អែមដោយប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមនិងសកម្មភាពចុះមូលដ្ឋាន៕