១ . អង្គការអន្តរជាតិបង្ហាញរបាយការណ៍ស្តីពីទំនាក់ទំនងរវាងថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធជាមួយក្រុមហ៊ុនចិន រឿងជួញដូរឈើខុសច្បាប់
របាយការណ៍មែកធាងនៃអំពើខុសច្បាប់នៅកម្ពុជា ដែលចេញដោយអង្គការគំនិតផ្ដួចផ្ដើមសាកលប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន គ្លូបល អ៊ីននីហ្សីអេធីវ (Global Initiative Against Transnational Organized Crime) បង្ហាញថា ទំនាក់ទំនងរវាងថ្នាក់ដឹកនាំកងកម្លាំងប្រដាប់វុធ ជាមួយសមាគម ប្រវត្តិសាស្រ្ដវប្បធម៌ហុង មិនពិភពលោករបស់ចិន (World Hongmen History and CultureAssociation) គឺជាការសម្រួលដល់ការដឹកជញ្ជូនឈើខុសច្បាប់។ មន្ត្រីសង្គមស៊ីវិលយល់ឃើញថា របាយការណ៍នេះ គឺជាតម្រុយបន្ថែមអំពីបទល្មើសព្រៃឈើ ហើយរដ្ឋាភិបាលត្រូវស៊ើបអង្កេតឱ្យបានច្បាស់លាស់លើទំនាក់ទំនងដែលមិនប្រក្រតីនេះ។
អានព័ត៌មានពិស្តារ.... អានរបាយការណ៍ទាំងស្រុង...

២ . លោក ហ៊ុន សែន ជួបនាយករដ្ឋមន្ត្រីជប៉ុនពិភាក្សាអំពីបញ្ហាក្នុងតំបន់និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្ត្រីជប៉ុន ជួបពិភាក្សាអំពីបញ្ហាក្នុងតំបន់ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នៅថ្ងៃទី២៨ ខែកញ្ញា។ ជំនួបពិភាក្សានេះ ធ្វើឡើងក្នុងពេលលោក ហ៊ុន សែន ទៅចូលរួមបុណ្យសពអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ិនហ្សូ អាបេ (Shenzo Abe) នៅទីក្រុងតូក្យូ (Tokjo) ប្រទេសជប៉ុន(Japan)។ អ្នកវិភាគនយោបាយលើកឡើងថា កម្ពុជានឹងមិនទទួលបានផលប្រយោជន៍ច្រើនពីទំនាក់ទំនងជាមួយជប៉ុនឡើយ ប្រសិនបើលោក ហ៊ុន សែន បន្តលម្អៀងខ្លាំងទៅរកប្រទេសចិនហើយមិនព្រមស្តារប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សក្នុងប្រទេសឡើងវិញ។
[ អានព័ត៌មានពិស្តារ ... Opens in new window ]

៣ . សកម្មជនបរិស្ថាន និងអ្នកវិភាគរិះគន់ថា លោក ហ៊ុន សែន ប្រើប្រាស់សិល្បៈជាឧបករណ៍នយោបាយ
សកម្មជនបរិស្ថាន និងអ្នកវិភាគនយោបាយរិះគន់ខ្សែភាពយន្តចម្រៀង “ជីវិតក្មេងវត្ត” ដែលនិពន្ធឡើងដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ពួកគេថា ខ្សែភាពយន្តចម្រៀង “ជីវិតក្មេងវត្ត”គឺគ្រាន់តែជាការប្រើប្រាស់សិល្បៈដើម្បីកេងចំណេញនយោបាយ។ ទោះបីយ៉ាងណា មន្ត្រីរដ្ឋាភិបាលទទួលស្គាល់ថា គ្រប់គណបក្សនយោបាយតែងធ្វើអ្វីគ្រប់យ៉ាងដើម្បីបានផលប្រយោជន៍នយោបាយ។
អានព័ត៌មានពិស្តារ ...

៤ . តុលាការចោទប្រកាន់ថាសកម្មជនបក្សសង្គ្រោះជាតិទៅចូលរួមវគ្គបណ្ដុះបណ្ដាលនៅប្រទេសឥណ្ឌូនេស៊ីជាគម្រោងធ្វើបដិវត្តពណ៌
តុលាការក្រុងភ្នំពេញចោទប្រកាន់ថា សកម្មជនបក្សសង្គ្រោះជាតិចេញទៅចូលរួមវគ្គបណ្ដុះបណ្ដាលនៅប្រទេសឥណ្ឌូនេស៊ី (Indonesia) ជាគម្រោងធ្វើបដិវត្តពណ៌។ ទោះយ៉ាងណាលោក កឹម សុខា ប្រាប់តុលាការ ថា លោកមិនបានដឹងរឿងនេះទេ ហើយវគ្គសិក្សានោះទៀតសោត ក៏មិនមែនជាការរៀបចំរបស់គណបក្សប្រឆាំងនោះដែរ។
[ អានព័ត៌មានពិស្តារ ... Opens in new window ]

៥ . មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបង្ហាញលទ្ធផលការងារការពារសិទ្ធិមនុស្សក្នុងរយៈពេល២០ឆ្នាំ
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាគ្រោងបង្ហាញពីលទ្ធផលការងារការពារសិទ្ធិមនុស្សក្នុងរយៈពេល២០ឆ្នាំដែលអង្គការនេះបានបំពេញដើម្បីលើកកម្ពស់សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានឹងផ្សព្វផ្សាយវីដេអូសាររបស់អ្នករងគ្រោះនិងពលរដ្ឋដែលទទួលផលពីការងាររបស់អង្គការនេះចាប់ពីថ្ងៃទី១ ខែតុលាខាងមុខ។ ជាមួយគ្នានេះមជ្ឈមណ្ឌលនឹងចែកសៀវភៅនិងឯកសារបោះពុម្ភផ្សាយនានាដោយឥតគិតថ្លៃ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបញ្ជាក់ថាក្នុងរយៈពេល២០ឆ្នាំមកនេះមជ្ឈមណ្ឌលបានប្រឹងប្រែងដោះស្រាយបញ្ហាសិទ្ធិមនុស្សជាច្រើន។ មជ្ឈមណ្ឌលក៏បានផ្ដល់ការគាំទ្រដល់ពលរដ្ឋនិងអ្នកការពារសិទ្ធិមនុស្ស សកម្មជន អ្នកសារព័ត៌មានជាស្រ្តីអ្នកស្រឡាញ់ភេទដូចគ្នានិងសហគមន៍ដែលខ្វះខាតដើម្បីទាមទារសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយតាមរយៈការអប់រំអំពីសិទ្ធិមនុស្សការពង្រឹងអំណាចនិងការតស៊ូមតិ។មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជារំពឹងថា ការងារស្នូលរបស់ខ្លួននឹងរួមចំណែកលើកកម្ពស់និងការពារសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋសម្រាប់ពលរដ្ឋទាំងអស់។ ការងារស្នូលដែលមជ្ឈមណ្ឌលសិទ្ធិមនុស្សបានបំពេញរហូតមកដល់ខួប២០ឆ្នាំនៅខែតុលានេះ រួមមាន ការពារសេរីភាពជាមូលដ្ឋានកំណែទម្រង់ប្រព័ន្ធតុលាការនិងនីតិបញ្ញត្តិ សមភាព និងការមិនរើសអើង ធុរកិច្ច និងសិទ្ធិមនុស្សការចូលរួមរបស់ប្រជាពលរដ្ឋការស្រាវជ្រាវការតស៊ូមតិនិងគោលនយោបាយ។

៦ . ពលរដ្ឋ៤៩គ្រួសារមានជម្លោះដីធ្លីជាមួយឧកញ៉ា ជៀម ផែន បន្តសុំអន្តរាគមន៍ពីនាយករដ្ឋមន្ត្រី
ប្រជាពលរដ្ឋ៤៩គ្រួសាររស់នៅចំណុចចំរាំង ឃុំកែវផុស ខេត្តព្រះសីហនុ ដែលមានទំនាស់ដីធ្លីជាមួយលោកឧកញ៉ា ជៀម ផែន ថៅកែស្រាបៀលីអូជាថ្មីទៀតបានបន្តអំពាវនាវឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឲ្យមន្ត្រីក្រោមឱវាទកាត់ឆ្វៀលដីចម្ការមានទំហំ៣៥២ ហិកតាពួកគាត់។ មន្ត្រីសង្គមស៊ីវិលនិងអាជ្ញាធរចាប់ពីថ្នាក់មូលដ្ឋានទទួលស្គាល់ថាពលរដ្ឋទាំង៤៩គ្រួសារនោះពិតជាមិនទាន់ទទួលបានចំណែកដីចម្ការដើម្បីបង្កបង្កើនផលប្រាកដ មែន។
[ អានព័ត៌មានពិស្តារ... Opens in new window ]

៧ . ទឹកជំនន់លិចស្រូវកសិករជិត១០ម៉ឺនហិកតានៅខេត្តមួយចំនួននិងមានមនុស្សស្លាប់ជិត២០នាក់
ឥទ្ធិពលព្យុះបូកផ្សំនឹងជំនន់ទឹកភ្លៀងបណ្តាលឱ្យជន់លិចតំបន់ទំនាបមួយចំនួននៃខេត្តចំនួន ៤ ទៀតគឺខេត្តសៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តកំពង់ធំនៅរយៈពេល ១ សប្តាហ៍ចុងក្រោយនេះ។ មន្ត្រីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបង្ហាញថាគ្រោះធម្មជាតិនេះបណ្តាលឱ្យមនុស្សស្លាប់ ១៦នាក់ និង ខូចខាតផលដំណាំកសិកម្មជិត ១០ ម៉ឺនហិកតារ( ៨០០០០) គិតត្រឹមថ្ងៃទី២៨ ខែកញ្ញានេះ។
អានព័ត៌មានពិស្តារ...

៨ . ក្រុមវេជ្ជបណ្ឌិតស្ម័គ្រចិត្តនៅសហរដ្ឋអាមេរិក នឹងចុះទៅព្យាបាលជំងឺដល់ពលរដ្ឋខ្មែរដោយឥតគិតថ្លៃ នៅខេត្តបន្ទាយមានជ័យ
សមាគមសុខាភិបាលខ្មែរនៅអាមេរិកដែលមានមូលដ្ឋាននៅទីក្រុង ឡុស អន់យឺលេស (Los Angeles) រដ្ឋកាលីហ្វរនីញ៉ា (California) គ្រោងចុះទៅបំពេញបេសកកម្មស្ម័គ្រចិត្តឡើងវិញដើម្បីផ្តល់សេវាព្យាបាលសុខភាពដល់ប្រជាពលរដ្ឋខ្មែរក្រីក្រដោយឥតគិតថ្លៃនៅខេត្តបន្ទាយមានជ័យចាប់ពីថ្ងៃទី២៥ ខែមករា ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីបានអាក់ខានអស់រយៈពេល២ឆ្នាំដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។ ក្រៅតែពីការផ្តល់សេវាព្យាបាលនិងវះកាត់ក្រុមគ្រូពេទ្យទាំងនោះក៏ចែកចាយថ្នាំពេទ្យនិងវ៉ែនតាសំរាប់អ្នកដែលមានបញ្ហាភ្នែកផងដែរ។

៩ . សមត្ថកិច្ចមិនទាន់រកឃើញជនជាតិចិនដែលបាត់ខ្លួនក្នុងហេតុការណ៍លិចទូកនៅខេត្តព្រះសីហនុនៅឡើយ
ជនជាតិចិនចំនួន ៨នាក់ក្នុងចំណោម ៤១នាក់ដែលជួបហេតុការណ៍គ្រោះថ្នាក់លិចទូកចូលក្នុងលម្ហសមុទ្រនៅខេត្តព្រះសីហនុថ្មីៗនេះ មកដល់ពេលនេះសមត្ថកិច្ចមិនទាន់រកឃើញពួកគេនៅឡើយទេ។ មន្ត្រីសង្គមស៊ីវិល និងឯកអគ្គរាជទូតអាមេរិកប្រចាំកម្ពុជាចាត់ទុកករណីនេះ ថា ជាសោកនាដកម្មមួយទៀតសម្រាប់កម្ពុជា៕
[ អានព័ត៌មានពិស្តារ.... Opens in new window ]

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។