ព័ត៌មានសំខាន់ៗចំនួន ៩ ដែលលោកអ្នកនាងគួរអាននៅថ្ងៃពុធនេះ
2023.01.24
១. គ្រួសារ និងមេធាវីទាមទារតុលាការដោះលែងអនុប្រធានបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា ឱ្យមានសេរីភាពវិញ
គ្រួសារ និងមេធាវី ទាមទារតុលាការឲ្យដោះលែងអនុប្រធានបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា ឱ្យមានសេរីភាពឡើងវិញ ដើម្បីចូលរួមធ្វើនយោបាយ មុនការបោះឆ្នោតជាតិ នៅខែកក្កដាខាងមុខ។ មេធាវីកត់សម្គាល់ថា ការលើកសំអាងអំពីសែកស្អុយរបស់តុលាការ មកដាក់បន្ទុកកូនក្តីមានភាពមិនប្រក្រតី ខណៈលោក ថាច់ សេដ្ឋា អះអាងថា លោកមិនបានព្រឹត្តបទល្មើសដូចការចោទប្រកាន់នោះទេ។ អានព័ត៌មានពិស្តារ...
២. ក្រុមមន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចប្រតិកម្មនឹងពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ជេរប្រមាថលោក ហ៊ុន ម៉ាណែត តាមបណ្ដាញសង្គម
ក្រុមមន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាច និងក្រុមគ្រួសារត្រកូលហ៊ុន កំពុងគំរាមចាត់វិធានការទៅលើពលរដ្ឋម្នាក់នៅក្រៅប្រទេស ដែលរិះគន់លោក ហ៊ុន ម៉ាណែត តាមរយៈឃ្លីបវីដេអូថា ជាមនុស្សគ្មានសមត្ថភាព និងកាន់តួនាទីដោយសារលោក ហ៊ុន សែន ជាឪពុកលើកបន្តុប។ អានព័ត៌មានពិស្តារ...
៣. គណបក្សចំនួន៣ ចូលរួមប្រកួតដណ្ដើមកៅអីក្រុមប្រឹក្សាស្រុកក្រុងទើបបំបែកថ្មី
គណបក្សប្រជាជនកម្ពុជា គណបក្សភ្លើងទៀន និងបក្សហ៊្វុនស៊ិនប៉ិច ចូលរួមការប្រកួតប្រជែងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាស្រុក ក្រុង ចំនួន៥ ដែលទើបបង្កើតថ្មី។ មន្ត្រីសង្គមស៊ីវិល លើកឡើងថា បោះឆ្នោតនេះជាការផ្ដល់សារៈសំខាន់ក្នុងការធ្វើឱ្យមានបែងចែកអំណាច នៅថ្នាក់ក្រោមជាតិក្នុងស្រុក ក្រុងទាំងនោះ។ អានព័ត៌មានពិស្តារ...
៤. ក្រុមកូដករណាហ្គាវើលដ៍ (NAGA World) បន្តធ្វើកូដកម្មទាមទាររកដំណោះស្រាយក្នុងវិវាទការងារ
ក្រុមកូដករណាហ្គាវើលដ៍ (NAGA World) ប្រមាណ ៥០នាក់ នៅរសៀលថ្ងៃទី២៤ មករានេះ បន្តធ្វើកូដកម្មទាមទាររកដំណោះស្រាយការងារនៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍ ដើម្បីជំរុញឱ្យថៅកែក្រុមហ៊ុនចូលតុចរចា និងទទួលយកបុគ្គលិកទាំងអស់ចូលធ្វើការវិញ។ អានព័ត៌មានពិស្តារ...
៥. ជនជាតិដើមព្នង ៣ភូមិ នៅខេត្តមណ្ឌលគិរីតវ៉ាករណីរដ្ឋាភិបាល កាត់ឆ្វៀលដីសហគមន៍ជាង ២រយហិកតារ វិនិយោគឱ្យក្រុមហ៊ុនឯកជន
នៅខេត្តមណ្ឌលគិរីឯណោះវិញ ពលរដ្ឋរស់នៅ ក្នុងភូមិចំនួន៣ បន្តស្នើឱ្យរដ្ឋាភិបាលលុបអនុប្បយោគ ដែលសម្រេចកាត់ឆ្វៀលដីព្រៃអាស្រ័យផល របស់ជនជាតិដើមភាគតិចព្នងជាង ២ រយ ៥០ហិកតា (២៥៥) ដើម្បីវិនិយោគឱ្យក្រុមហ៊ុនឯកជន។ អ្នកភូមិទាំងនោះ បានលើកគ្នាតវ៉ាជាច្រើនលើក ដើម្បីទាមទារឱ្យអាជ្ញាធរដោះស្រាយក្តីកង្វល់ទាំងនេះ។
៦ អង្គការសង់ត្រាល់អប់រំពីសុវត្ថិភាពចំណាកស្រុក ដល់ពលរដ្ឋ ៣ខេត្ត
ពាក់ព័ន្ធនឹងពលរដ្ឋចំណាកស្រុកវិញ មន្ត្រីអង្គការសង់ត្រាល់ (CENTRAL) បន្តចុះអប់រំផ្សព្វផ្សាយការយល់ដឹងអំពីសិទ្ធិការងារ និងសុវត្ថិភាពនៃការធ្វើចំណាកស្រុកដល់ពលរដ្ឋនៅតាមសហគមន៍ក្នុងខេត្តចំនួន៣ រួមមានខេត្តបន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ ចាប់ពីថ្ងៃទី២២ មករា ដល់ថ្ងៃទី២៨ មករា។ ពលរដ្ឋ និងអាជ្ញាធរសារទរចំពោះការអប់រំនេះថា ជារឿងល្អ ដើម្បីកុំឱ្យប្រជាពលរដ្ឋនៅតាមសហគមន៍ចាញ់បោកមេខ្យល់នាំឆ្លងដែនប្រថុយប្រថានដោយខុសច្បាប់បន្តទៀត។
៧. WHO ជំរុញឱ្យមានវិធានការបន្ទាន់ ក្រោយមានករណីកុមារស្លាប់ដោយសារថ្នាំក្អក
អង្គការសុខភាពពិភពលោកអំពាវនាវដល់ប្រទេសជាសមាជិកចំនួន ១៩៤ ឱ្យដាក់ចេញនូវវិធានការជាក់លាក់ និងជាបន្ទាន់ ដើម្បីការពារកុមារពីឱសថដែលមានផ្ទុកជាតិពុល។ ការអំពាវនាវនេះ ធ្វើឡើងក្រោយពីផ្ទុះករណីស្លាប់កុមារជាច្រើននាក់ពាក់ព័ន្ធនឹងការប្រើប្រាស់ទឹកស៊ីរ៉ូបំបាត់ក្អក (Cough Syrup) កាលពីឆ្នាំមុន។
អង្គការសុខភាពពិភពលោកបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី ២៣ មករាថា ក្នុងឆ្នាំ ២០២២ កុមារលើសពី ៣០០ នាក់ ដែលភាគច្រើនមានអាយុក្រោម ៥ ឆ្នាំ នៅក្នុងប្រទេសហ្កាំបៀ (Gambia) ឥណ្ឌូណេស៊ី (Indonesia) និងអ៊ូបេគីស្ថាន (Uzbekistan) បានស្លាប់ដោយសាររបួសតម្រងនោមស្រួចស្រាល់។ ករណីទាំងនោះជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ឱសថបំបាត់ក្អក ដែលមានផ្ទុកសារធាតុ ឌីធីលីន ហ្ក្លាយខុល (Diethylene Glycol) និងអេធីលីន ហ្ក្លាយខុល (Ethylene Glycol)។ សារធាតុទាំងនេះ ជាសារធាតុគីមីពុលដែលត្រូវបានគេប្រើជាសារធាតុរំលាយក្នុងឧស្សាហកម្ម និងភ្នាក់ងារប្រឆាំងនឹងកំណក ដែលអាចបណ្ដាលឱ្យស្លាប់បាន សូម្បីតែក្នុងបរិមាណតិចតួច។
អង្គការសុខភាពពិភពលោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters) ថា ប្រទេសកម្ពុជា ហ្វីលីពីន (Philippines) ទីម័រខាងកើត (Timor Leste) និងសេណេហ្គាល់ (Senegal) អាចរងផលប៉ះពាល់ខ្លាំង ពីព្រោះប្រទេសទាំងនេះប្រហែលជាមានលក់ថ្នាំប្រភេទនេះ។
៨. មន្ត្រីសង្គមស៊ីវិលជំរុញឱ្យពលរដ្ឋ ចេះគិតស៊ីជម្រៅ
មន្ត្រីអង្កការសង្គមស៊ីវិល និងអ្នកពង្រឹងសិទ្ធិអំណាចយុវជន លើកឡើងថា ប្រជាពលរដ្ឋជាច្រើននៅមិនទាន់ចេះគិតពិចារណាឱ្យបានស៊ីជម្រៅនៅឡើយទេ ដែលងាយក្លាយជាជនរងគ្រោះដោយអំពើបោកប្រាស់ផ្សេងៗ។ ពួកគាត់ជុំរុញឱ្យពលរដ្ឋ ត្រូវចេះគិតពិចារណាស៊ីជម្រៅ ដោយមានហេតុផល និងភស្តុតាង ដើម្បីការពារខ្លួនពីការបោកប្រាស់ផ្សេងៗ ជាពិសេសពីអ្នកនយោបាយប្រជាភិថុតិ។
តើប្រជាពលរដ្ឋត្រូវមានទម្លាប់ និងការគិតបែបណាខ្លះ ដើម្បីជៀសវាង ការចាញ់បោកអ្នកនយោបាយ?
៩. យុវជនបរិស្ថានបារម្ភពីសុវត្ថិភាពក្រោយពីអាជ្ញាធរតាមឃ្លាំមើលពួកគេគ្រប់ទីកន្លែង
ក្រុមយុវជនបរិស្ថានបារម្ភពីសុវត្ថិភាព ក្រោយពីអាជ្ញាធរមួយចំនួនតាមឃ្លាំមើលពួកគេគ្រប់ទីកន្លែង ដោយសារតែធ្វើសកម្មភាពផ្សព្វផ្សាយពីកោះកុងក្រៅកាលពីថ្មីៗ នេះ។ អ្នកតស៊ូមតិបញ្ហាបរិស្ថានថា ការតាមដានរបស់អាជ្ញាធរនេះ ជាទង្វើអាក្រក់មួយនៅក្នុងសង្គម ដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពបញ្ចេញមតិរបស់យុវជន។ អានព័ត៌មានពិស្តារ...
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។