ព័ត៌មាន​សំខាន់ៗ​ចំនួន ១០ ដែល​លោក​អ្នកនាង​គួរ​អាន​នៅ​ថ្ងៃ​ពុធ​នេះ

ដោយ អាស៊ីសេរី
2022.09.27
Share on WhatsApp
Share on WhatsApp
ព័ត៌មាន​សំខាន់ៗ​ចំនួន ១០ ដែល​លោក​អ្នកនាង​គួរ​អាន​នៅ​ថ្ងៃ​ពុធ​នេះ ប្រជាពលរដ្ឋចូលរួមបោះឆ្នោតឃុំសង្កាត់កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២។
រូប៖ AP

. អង្គការ​ខុមហ្វ្រែល​ ចេញ​របាយការណ៍​សង្ខេប​រកឃើញ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​នៃ​ការ​បោះ​ឆ្នោត​ឃុំ សង្កាត់ អាណត្តិទី៥

អង្គការ​ខុមហ្វ្រែល​បាន​ចេញ​របាយការណ៍​សង្ខេប​ស្ដីពី​ការ​ឃ្លាំមើល​ការ​បោះឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី៥​ឆ្នាំ​២០២២នេះ រក​ឃើញ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន។

របាយការណ៍​សង្ខេប​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី២៧ ខែកញ្ញា បាន​រៀបរាប់​អំពី​បញ្ហា​ជា​ច្រើន​ទាក់​ទង​នឹង​ការ​បោះឆ្នោត​ឃុំសង្កាត់​កន្លង​ទៅ​នេះ គឺភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​ដែល​កើត​ឡើង​ក្នុង​ពេល​បោះ​ឆ្នោត រួម​មាន មាន​វត្តមាន​អាជ្ញាធរ​មូលដ្ឋាន ក្នុង​នោះមាន​សមាជិក​ភូមិ មេភូមិ មេឃុំ ចៅ​សង្កាត់ មន្រ្តីនគរបាល បេក្ខជនឈរ​ឈ្មោះ មាន​វត្តមាន​ឈរ​នៅ​ក្នុង​ការិយាល័យ​បោះឆ្នោត និង​ក្រៅ​ឬ​ក្បែរ​ការិយាល័យ។ អ្នកទាំងនោះ​នៅរង់​ចាំ​កត់​ឈ្មោះ​អ្នក​ទៅ​បោះឆ្នោត ឬ​ឈរនៅ​តាម​ភូមិ​នានា​ក្នុង​ឃុំ សង្កាត់​ដើម្បី​កត់​ឈ្មោះនៅមាន​ភាពមិន​ប្រក្រតី​ជាច្រើន​ទៀត ដែល​អង្គការ​ខុមហ្វ្រែល​បាន​រក​ឃើញ​ទាក់ទង​នឹង​ការ​បោះ​ឆ្នោត​ឃុំសង្កាត់​អាណត្តិទី៥​នេះ ដូចជា ភាពមិនប្រក្រតី​ក្នុងពេល​បោះឆ្នោត​ ភាព​មិន​ប្រក្រតី​ក្នុង​ពេល​រាប់​សន្លឹក​ឆ្នោត ការប្រើប្រាស់​ទឹក​ខ្មៅ​ខុស​បច្ចេកទេស និង ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ទៀត។ ការរកឃើញ​របស់​អង្គការ​ខុមហ្វ្រែល​អំពីភាព​មិន​ប្រក្រតី​នៃការ​បោះឆ្នោត​ឃុំសង្កាត់​នេះ ហាក់មិន​ខុស​ពី​អ្វី​ដែល​លោក សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន បាន​រិះគន់​ការ​បោះឆ្នោត​នេះ​កន្លង​មក​នោះ​ទេ

អានរបាយការណ៍ទាំងស្រុង...

NEC announce Result of Communce Elections on 26-06-2022.jpg
ពិធីករពិធីការិនីនៃគណៈគម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាសលទ្ធផលបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ឆ្នាំ២០២២។ រូប៖ NEC

បក្ស​កាន់​អំណាច​និង..ប រក្សាជំហរ​មិន​ដក​ពាក្យប្ដឹងលោក សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើងទៀន ទេ
គណបក្ស​កាន់​អំណាច និង​គណៈកម្មាធិការជាតិ​រៀបចំការ​បោះឆ្នោត (គ.ជ.ប) នៅ​តែ​រក្សា​ជំហរ​មិន​ដក​ពាក្យ​ប្ដឹង​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​លោក សុន ឆ័យ ឡើយ។ ការ​លើក​ឡើង​នេះ​ស្រប​ពេល​សាលា​ដំបូង​រាជធានី​ភ្នំពេញ នឹង​បើក​សវនាការ​ជំនុំជម្រះ​សំណុំរឿង​លោក សុន ឆ័យ ​បទបរិហារកេរ្តិ៍​ជា​សាធារណៈ ដែល​ប្ដឹង​ដោយ​បក្ស​កាន់​អំណាច និង គ.ជ.ប នេះ នៅថ្ងៃទី២៩ ខែកញ្ញា ខាង​មុខ​នេះ

អាន​ព័ត៌មានពិស្តារ...

Son Chay meet with Nec on 11-04-2022.jpg
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ក្នុងពេលជួបគណៈគម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។ រូប៖ NEC

ក្រុម​អ្នកវិទ្យាសាស្ត្រ​រក​ឃើញ​ត្រី​កម្រ សាលម៉ុង (Salmon)ដែល​ជិត​ផុត​ពូជ​នៅ​ទន្លេមេគង្គ
ក្រុម​អ្នក​វិទ្យាសាស្ត្រ រកឃើញ​ត្រី​កម្រ​សាលម៉ុង (Salmon) ដែល​ជិត​ផុត​ពូជ ទំងន់​ជាង​១៣​ផោន ឬ​ស្មើ​ជិត ៦​គីឡូក្រាម ដែលបាន​ដាក់​លក់​នៅ​ទីផ្សារ នៅ​តាម​ដង​ទន្លេមេគង្គ កាល​ពី​ពេល​ថ្មីៗ​នេះ

សាស្ត្រាចារ្យ​ស្រាវជ្រាវ​និង​ជីវវិទូត្រី នៅរឺណូ (Reno) នៃ​សាកលវិទ្យាល័យ នេវ៉ាដា (Nevada) លោក ហ្សេប អូហ្គិន (Zeb Hogan) ដែល​បាន​សិក្សា​ប្រភេទ​ត្រី​នៅ​ទន្លេមេគង្គ ដែល​ជា​គម្រោង​អច្ឆរិយភាព​មេគង្គ (Wonders of the Mekong) របស់ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​អភិវឌ្ឍន៍ (USAID) ឲ្យ​ដឹង​នៅ​ថ្ងៃទី២៦ ខែកញ្ញាថា នេះជាលើកទី១​ហើយ ក្នុង​រយៈពេល​១៨​ឆ្នាំ​កន្លង​មក​នេះ ដែល​ត្រីកម្រ​សាលម៉ុង (Salmon) នេះ ត្រូវ​បាន​រក​ឃើញ​នៅ​ទន្លេ​មេគង្គ។ លោកបន្តថា ត្រីកម្រនេះ ពុំមាន​ឈ្មោះ​ជា​ខ្មែរ​នោះ​ទេ តែ​ត្រូវ​បាន​ដាក់​ឈ្មោះ​ឲ្យថា ខ្មោច​ត្រី​មេគង្គ (Mekong Ghost) ដែល​អាច​ធំ​លូតលាស់​បាន​ដល់​ទៅ ៦៦ ផោន ឬស្មើ ៣០គីឡូក្រាម។ ជីវវិទូ​ត្រី​នៃ​រដ្ឋបាល​ជលផល​កម្ពុជា​លោក ចាន់ សុខខេង ឲ្យ​ដឹង​ដែរ​ថា ក្រោយ​ពី​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាង​២០​ឆ្នាំ​មក​នោះ ក្រុម​អ្នក​វិទ្យាសាស្ត្រ ​សង្ឃឹម​ថា ប្រភេទ​ត្រី​កម្រ​សាលម៉ុង (Salmon) នេះ នឹង​បន្ត​មាន​នៅ​ក្នុង​ទន្លេ​មេគង្គ

អានព័ត៌មានបន្ថែម....

56b2147d-b077-4f21-8f09-8f3e14571411.jpeg
ត្រី​កម្រ​ប្រភេទ សាលម៉ុង (Salmon) ដែល​ជិត​ផុត​ពូជ នៅ​​ទន្លេ​មេគង្គ ទំងន់​ជាង ១៣ផោន ឬ​ស្មើ​ជិត ៦គីឡូក្រាម ត្រូវ​បាន​ក្រុម​អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ កាល​ពី​ពេល​ថ្មីៗ នេះ។ រូប៖ ហ្វេសប៊ុក Wonders of the Mekong

៤. សមត្ថកិច្ច​មិនទាន់​រក​ឃើញ​ជនជាតិ​ចិន​ដែល​បាត់​ខ្លួន​ក្នុង​ហេតុការណ៍​លិច​ទូក​នៅ​ខេត្ត​ព្រះសីហនុ នៅ​ឡើយ​ទេ
នៅ​ខេត្តព្រះសីហនុ​ឯណោះ​វិញ សមត្ថកិច្ច​មក​ដល់​ពេល​នេះ នៅមិន​ទាន់​រក​ឃើញ​ជនជាតិ​ចិន​ចំនួន​៨នាក់ ដែល​បាត់​ខ្លួន​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​លិច​ទូក​ក្នុង​លម្ហ​សមុទ្រ​នៅ​ខេត្ត​នេះនៅ​ឡើយ​ទេ។ មន្ត្រី​សង្គម​ស៊ីវិល និង​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំកម្ពុជា​ចាត់​ទុក​ករណី​នេះ ថា​ជា​សោកនាដកម្ម​មួយ​ទៀត​សម្រាប់​កម្ពុជា

អានព័ត៌មានពិស្តារជាភាសាអង់គ្លេស...

06049425-783e-4baf-8b94-d99eba3a072b.jpeg
ស្ត្រីជនជាតិចិន​ដែលរួចផុតពីគ្រោះថ្នាក់ នាង Huang Qian អាយុ២០ឆ្នាំ កំពុងសម្រាកនៅក្នុងមន្ទីរពេទ្យនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២។ រូប៖ AFP

. សង្គម​ស៊ីវិល​ចង់​ឃើញ​រដ្ឋាភិបាល​ទប់ស្កាត់​អំពើ​លាង​លុយ​កខ្វក់​ឱ្យ​មាន​ប្រសិទ្ធភាព

មន្រ្តី​សង្គម​ស៊ីវិល​ចង់ឃើញ​រដ្ឋាភិបាល​បង្ហាញ​ឆន្ទៈ​ទប់ស្កាត់ និង​ឆ្លើយតប​សកម្មភាព​លាង​លុយ​កខ្វក់​ឱ្យ​មាន​ប្រសិទ្ធភាព ពីព្រោះ​ពួកគេ​មើល​ឃើញ​ថា បញ្ហានេះ​ប៉ះពាល់​ដល់​មុខ​មាត់​ជាតិ សេដ្ឋកិច្ច​ជាតិ និង​បង្ក​ឱ្យ​មាន​វិបត្តិសង្គម​ជា​ដើមមន្រ្តីជាន់ខ្ពស់​រដ្ឋាភិបាល​អះអាង​ថា រដ្ឋាភិបាល​កំពុង​ដោះ​ស្រាយ ដោយ​រៀបចំ​ច្បាប់​ឆ្លើយតប​នឹង​លក្ខខណ្ឌ​របស់​ស្ថានប័ន​អន្តរជាតិ​បណ្តើរៗ​ហើយ ដើម្បី​ឱ្យ​កម្ពុជា​រួច​ផុត​ពី​បញ្ជី​ប្រផេះ ឬប្រទេស​ដែល​មាន​ហានិភ័យ​ខាង​លាង​លុយ​កខ្វក់

អានព័ត៌មានពិស្តារ...

1ce4037b-9c26-46df-96ad-f328bc052835.jpeg
រូបត្លុក៖ ស្ដីអំពី​អំពើលាងលុយកខ្វក់នៅកម្ពុជា។ រូប៖ RFA

. ជំទប់​ទី២​នៃ​គណបក្ស​ភ្លើងទៀន​ខេត្តបាត់ដំបង ចោទ​មេឃុំ​បក្ស​កាន់​អំណាចថា​ រើសអើង​និន្នាការ​នយោបាយ
ក្រុម​ប្រឹក្សា​ឃុំ​មួយ​ចំនួន​នៅ​ខេត្តបាត់ដំបង មក​ពី​គណបក្ស​ភ្លើងទៀន ចោទ​មន្ត្រី​ឃុំ​មក​ពី​គណបក្ស​ប្រជាជន​ថា បាន​រារាំង​ពួកគេ មិន​អោយ​ចូលរួម​អភិវឌ្ឍន៍​ឃុំ និង​ចុះជួប​ប្រជាពលរដ្ឋ​ឡើយ។ ពួកគេ​ចាត់​ទុក​ករណី​នេះ គឺ​ជា​ការ​រើសអើង​និន្នាការ​នយោបាយ និង​ផ្ទុយ​ពី​ច្បាប់មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ធ្វើការ​ត្រួត​ពិនិត្យ និង​បែងចែក​ការងារ​ដោយ​តម្លាភាព ដើម្បី​អោយ​មាន​ការ​អភិវឌ្ឍន៍​នៅ​មូល​ដ្ឋាន
អានព័ត៌មានពិស្តារ...

4d29de1a-f741-4672-9a68-70466e15ab7d.jpeg
អង្គ​សមាជ​វិសាមញ្ញ​របស់​គណបក្ស​ភ្លើងទៀន នៅ​ថ្ងៃទី១៥ ខែ​ឧសភា ឆ្នាំ​២០២២។ រូប៖ ហ្វេសប៊ុក​គណបក្ស​ភ្លើងទៀន

. ធនាគារ​ពិភពលោក​ថា​តំបន់​អាស៊ីអាស៊ីបូព៌ា និង​ប៉ាស៊ីហ្វិច​រួម​ទាំង​កម្ពុជា​ផង​រក្សា​បាន​កំណើន​សេដ្ឋកិច្ច តែ​ក៏​នៅ​ប្រឈម​ការ​ធ្លាក់​ចុះ​វិញ

ធនាគារ​ពិភពលោក​ព្យាករណ៍ថា តំបន់​អាស៊ីអាស៊ីបូព៌ា និង​ប៉ាស៊ីហ្វិច​រួម​ទាំង​កម្ពុជា​ផង​រក្សា​បាន​កំណើន​សេដ្ឋកិច្ច គ្រប់គ្រង​អតិផរណា​បាន ប៉ុន្តែ​នៅ​មាន​ហានីភ័យ​មិន​ទាន់​ចប់​នៅ​ឡើយ។

ធនាគារ​ពិភាពលោក​បាន​លើកឡើង​ក្នុង​របាយការណ៍ ដែល​ចេញ​កាល​ពី​ថ្ងៃទី២៦ ខែកញ្ញាថា ប្រទេស​ក្នុង​តំបន់​នេះ​ភាគច្រើន​បាន​ងើប​ចេញ​ពី​ការ​ប៉ះទង្គិច​ដោយ​សារ​ជំងឺកូវីដ-១៩ លើកលែង​តែ​ប្រទេស​ចិនក្នុងនោះ​កំណើន​សេដ្ឋកិច្ចនៃ​ បណ្ដា​ប្រទេស​ទាំងនោះ​ជា​មធ្យម​អាច​កើន​ដល់ ៥,៣% ក្នុង​ឆ្នាំ​២០២២ចំណែកកម្ពុជា​អាច​កើន​ដល់ ៤,៤៨%តែទោះជា​យ៉ាងណា​សកម្មភាព​សេដ្ឋកិច្ច​នៅ​ទូទាំង​តំបន់​អាច​ចុះ​ខ្សោយ​វិញ​ដោយ​សារ​ការ​ធ្លាក់​ចុះ​តម្រូវ​ការ​សកល ការ​កើន​ឡើង​បំណុល និង​ការ​ពឹង​ផ្អែក​លើ​វិធានការ​អន្តរាគមន៍​សេដ្ឋកិច្ច​រយៈពេល​ខ្លី​ទប់​ស្កាត់​ការ​ឡើង​ថ្លៃ​ម្ហូប​អាហារ និង​ប្រេង​ឥន្ធនៈ

Cambodia Noodle.jpg
អាជីវករលក់នំបញ្ចុកនៅក្នុងផ្សារមួយនៅក្នុងទីក្រុងភ្នំពេញ។ រូប៖ AP

. សាលារាជធានីភ្នំពេញ​អញ្ជើញ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យជជែកពី​គម្រោង​ដើរ​ហែក្បួន​ទិវា​គ្រូ​បង្រៀន​ពិភពលោក

ទាក់ទង​នឹង​ការ​ប្រារព្ធ​ទិវា​គ្រូ​បង្រៀន​ពិភពលោក​វិញ សាលា​រាជធានី​ភ្នំពេញ​ចេញ​លិខិត​អញ្ជើញ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ឱ្យចូលរួម​ប្រជុំ​ជជែក​ពី​គម្រោង​ដើរ​ហែក្បួន​អបអរ​ទិវា​នេះប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ថា ពួកគេ​នឹង​ចូលរួម​ប្រជុំ ដើម្បី​ជំរុញ​សាលារាជធានី​ភ្នំពេញ​ជួយ​សម្របសម្រួល​ឲ្យ​អ្នក​ចូលរួម​អាច​ដើរ​ហែ​ក្បួន ដូច​ដែល​ពួកគេ​បាន​ជូន​ដំណឹង។

Rong Chhun in-01-05-2022.jpg
លោក រ៉ុង ឈុន ទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។

. សកម្មជន​គណបក្ស​ប្រឆាំង​ដែល​កំពុង​ភៀសខ្លួន​ប្រទេស​ថៃ សុខ​ចិត្ត​រស់​នៅ​លំបាក​ដើម្បី​ទាមទារ​ឲ្យ​មាន​ប្រជាធិបតេយ្យ​នៅ​កម្ពុជា
សកម្មជន​គណបក្ស​ប្រឆាំង​ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ ពួកគាត់​សុខចិត្ត​រស់​នៅ​ទាំង​លំបាក​ក៏​មិន​បោះបង់​ឆន្ទៈ​ក្នុងការ​ធ្វើ​នយោបាយ ដើម្បី​ទាមទារ​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ អតីត​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ពីរ​នាក់​ អះអាង​ថា កុំថា​ឡើយ​ពួកគាត់​មាន​បញ្ហា​ផ្នែក​ជីវភាព​ បើ​ទោះជា​ពួកគាត់​ប្រឈម​នឹង​ការ​បាត់បង់​ជីវិត ក៏​ពួកគាត់​នៅ​តែ​បន្ត​ធ្វើ​នយោបាយ​ដដែល។

អានព័ត៌មានពិស្តារ...

6dec43b3-9ef5-48fd-b769-4081fead2f10.jpeg
សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ប្រទេស​ថៃ លើក​បដា​ទាមទារ​រដ្ឋាភិបាលកម្ពុជា ឱ្យ​ដោះលែង​លោក រ៉ុង ឈុន វិញ នៅ​ថ្ងៃ​ទី​២ខែ​សីហា ឆ្នាំ២០២០។ រូប៖ សកម្មជន​សង្គ្រោះ​ជាតិ

១០. ជំនន់​ទឹកភ្លៀង​បន្ត​គំរាម​កំហែង ផលដំណាំ និង អាយុជីវិត​ពលរដ្ឋនៅ​កំពង់ធំ និង​ខេត្តមួយ​ចំនួន​ទៀត

ជំនន់​ទឹក​ភ្លៀង​បន្ត​គំរាម​កំហែង​អាយុ​ជីវិត​ពលរដ្ឋ និង​ផលដំណាំ ផ្លូវថ្នល់ នៅកំពង់ធំ និងខេត្ត​មួយ​ចំនួន​ទៀត ព្រមទាំង​បង្ក​ផលប៉ះពាល់​ជីវភាព​ប្រជា​កសិករ​រាប់​ពាន់​គ្រួសារ។ 

មនុស្ស​ជាង​១០​នាក់​បាន​ស្លាប់ ហើយ​ពលរដ្ឋរស់នៅ​តំបន់​ទំនាប តាម​បណ្តោយ​ដងស្ទឹងសែន និង​ស្ទឹង​ស្ទោង​បារម្ភ​ថា ស្រូវ​រាប់ពាន់​ហិកតារ ដែលត្រៀម​នឹង​ប្រមូល​ផល កំពុង​ប្រឈម​ការ​ខូចខាត ប្រសិន​បើ​ទឹក​មិន​ស្រក កំឡុង​ពេល​នេះ

Flooding on 27-09-2022.jpg
ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ស្ថិតនៅ​ក្នុង ឃុំទឹកជោ ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២។ រូប៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។