ក្រុម​ប្រទេស​និយម​ប្រជាធិបតេយ្យ​នៅតែ​ព្រួយបារម្ភ​ពី​ការ​ធ្លាក់​ចុះ​ដុនដាប នៃ​លំហ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា

ដោយ មាន ឫទ្ធិ
2019-01-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
គណៈប្រតិភូ​កម្ពុជា​ក្នុង​អង្គប្រជុំ​នា​អង្គការ​សហប្រជាជាតិ នៅ​ចុង​ខែ​មករា ឆ្នាំ​២០១៩។
គណៈប្រតិភូ​កម្ពុជា​ក្នុង​អង្គប្រជុំ​នា​អង្គការ​សហប្រជាជាតិ នៅ​ចុង​ខែ​មករា ឆ្នាំ​២០១៩។
Photo courtesy of UN

ដំណើរការ​ត្រួតពិនិត្យ​មើល​កាតព្វកិច្ច និង​ការ​គោរព​សិទ្ធិមនុស្ស​របស់​កម្ពុជា ដែល​បាន​ធ្វើឡើង​នៅ​ឯ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស កាលពី​ថ្ងៃ៣០ មករា បាន​បិទ​បញ្ចប់​ទៅ ដោយ​ក្រុម​ប្រទេស​និយម​ប្រជាធិបតេយ្យ​នៅតែ​ព្រួយបារម្ភ​ដដែល​ចំពោះ​ការ​ធ្លាក់​ចុះ​ដុនដាប នៃ​លំហ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​នេះ។ ពួកគេ​ចង់​ឃើញ​របប​ក្រុងភ្នំពេញ ពង្រីក និង​ពង្រឹង​លំហ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ឡើងវិញ ដូច​តាម​កាតព្វកិច្ច​ដែល​មាន​ចែង​ក្នុង​សន្ធិសញ្ញា និង​កតិកា​សញ្ញា​នានា​របស់​អន្តរជាតិ។

ដំណើរការ​ត្រួតពិនិត្យ​ជា​សកល​តាម​ពេលវេលា​កំណត់​រៀងរាល់ ៥ ឆ្នាំ​ម្ដង ឬ​ហៅ​កាត់​ថា UPR លើក​ទី​បី របស់​កម្ពុជា នៅ​ឯ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ បាន​បិទ​បញ្ចប់​ហើយ កាលពី​ថ្ងៃ​ពុធ ទី៣០ ដោយ​ក្រុម​ប្រទេស​និយម​ប្រជាធិបតេយ្យ ជាពិសេស​រួមមាន សហរដ្ឋអាមេរិក អង់គ្លេស បារាំង កាណាដា និង​អូស្ត្រាលី ជាដើម បាន​ផ្ដល់​អនុសាសន៍​ត្រង់ៗ​ជាច្រើន​ចំណុច ឱ្យ​កម្ពុជា​កែ​លម្អ​បញ្ហា​សិទ្ធិមនុស្ស ដែល​កំពុង​ធ្លាក់​ចុះ​ដុនដាប​នៅ​ក្នុង​សង្គម​កម្ពុជា​សព្វ​ថ្ងៃ។ សិទ្ធិ​សំខាន់ៗ ដែល​ត្រូវ​បាន​លើកឡើង​រួមមាន ពាក់ព័ន្ធ​នឹង​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​ការ​ជួប​ប្រជុំ សិទ្ធិ​ទទួល​បាន​ប្រព័ន្ធ​យុត្តិធម៌​ឯករាជ្យ សិទ្ធិ​ដីធ្លី អំពើ​ជួញដូរ​មនុស្ស និង​ការ​កេងប្រវ័ញ្ច​ផ្លូវ​ភេទ សិទ្ធិ​ទទួល​បាន​សេវា​សុខាភិបាល និង​ការអប់រំ ព្រមទាំង​សិទ្ធិ​របស់​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​ជាដើម។

សហរដ្ឋអាមេរិក ជំរុញ​ឱ្យ​កម្ពុជា​ផ្ដល់​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ដល់​សមាជិក​បក្ស​ប្រឆាំង ទាំងអស់ និង​ដោះលែង​ជាបន្ទាន់​និង​ដោយ​ឥត​លក្ខខណ្ឌ នូវ​រាល់​បុគ្គល​ទាំងឡាយ​ណា​ដែល​ត្រូវ​បាន​របប​ក្រុងភ្នំពេញ​ចាប់ និង​ឃុំខ្លួន​តាម​ទំនើង រួម​ទាំង​លោក កឹម សុខា ផង។ អាមេរិក ក៏​ចង់​ឃើញ​កម្ពុជា លុបចោល​រាល់​ការ​រឹតត្បិត​ដោយ​ខុសច្បាប់​ចំពោះ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ រួម​ទាំង​លុបចោល​នូវ​ប្រកាស​អន្តរក្រសួង​អំពី​ការ​ឃ្លាំមើល​ការ​បញ្ចេញមតិ​តាម​បណ្ដាញ​អនឡាញ ឬ​អ៊ីនធឺណិត។ ជាមួយ​គ្នា​នេះ សហរដ្ឋអាមេរិក ចង់​ឃើញ​នូវ​ការ​កែ​លម្អ​ដំណើរការ​ចុះបញ្ជី​សហជីព និង​អង្គការ​នានា។ សហរដ្ឋអាមេរិក​លើក​ឡើង​ថា ខ្លួន​នៅតែ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ធ្លាក់​ចុះ​ធ្ងន់ធ្ងរ​នៃ​ការ​គោរព​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​នៅ​កម្ពុជា ដោយ​អាមេរិក​សង្កត់​ធ្ងន់ៗ​ថា ការ​បង្ក្រាប​របស់​របប​ក្រុងភ្នំពេញ មក​លើ​គណបក្ស​នយោបាយ​ប្រឆាំង ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​សង្គម​ស៊ីវិល និង​ការ​រឹតត្បិត​ដោយ​ខុសច្បាប់ ទៅលើ​សិទ្ធិ​កម្មករ​ក្នុង​ការ​ជួបជុំ ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី បាន​បណ្ដាល​ឱ្យ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ ២០១៨ គ្មាន​ភាព​សេរី គ្មាន​ភាព​ត្រឹមត្រូវ គ្មាន​យុត្តិធម៌ និង​ពុំ​មាន​លក្ខណៈ​ប្រកបដោយ​ប្រជាធិបតេយ្យ​នោះ​ទេ។

ដោយឡែក ចក្រភព​អង់គ្លេស​វិញ បាន​ជំរុញ​ឱ្យ​កម្ពុជា លុប​ចោលការ​រឹតត្បិត​លើ​សេរីភាព​នៃ​ការ​បញ្ចេញមតិ លុបចោល​ការ​ហាម​ប្រាម​សិទ្ធិ​ធ្វើ​នយោបាយ​របស់​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ទាំង ១១៨ រូប និង​ទម្លាក់​ចោល​បទ​ចោទ​ប្រឆាំង​លោក កឹម សុខា។ ចក្រភព​អង់គ្លេស​នៅតែ​បារម្ភ​ចំពោះ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ជាពិសេស​ការ​ពង្រួម​លំហ​ប្រជាធិបតេយ្យ តាមរយៈ​ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ ការ​ចាប់ខ្លួន​លោក កឹម សុខា ដាក់គុក និង​ការបោះឆ្នោត​ដែល​ខ្វះ​ភាព​ស្របច្បាប់។ អង់គ្លេស ចង់​ឱ្យ​កម្ពុជា​ស្ដារ​ឡើងវិញ​ចំពោះ​ចំណាត់​ការ​បិទ​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ លុបចោល​បញ្ញត្តិ​នៃ​ក្រមព្រហ្មទណ្ឌ ដែល​ចាត់ទុកជា​បទឧក្រិដ្ឋ​ចំពោះ​ការ​បរិហារកេរ្តិ៍ ជាដើម។

ប្រទេស​កាណាដា​ឯណោះ​វិញ ក្រៅ​តែ​សម្ដែង​ពី​ក្តី​ព្រួយបារម្ភ​របស់​ខ្លួន​ចំពោះ​ការ​រឹតត្បិត​លើ​សង្គម​ស៊ីវិល ប្រព័ន្ធ​ផ្សព្វផ្សាយ និង​គណបក្ស​នយោបាយ​ប្រឆាំង ប្រទេស​នេះ​យល់ថា ទំនោរ​នៃ​ការ​រឹតត្បិត​នេះ រឹតតែ​អាក្រក់​ឡើងៗ ដោយសារ​ការ​បោះឆ្នោតជាតិ​កាលពី​ឆ្នាំ២០១៨ មិនបាន​ធ្វើឡើង​តាម​បែប​ប្រជាធិបតេយ្យ។ កាណាដា ស្នើ​ឱ្យ​កម្ពុជា​ត្រូវតែ​ពង្រឹង​ដំណើរការ​ចូលរួម​តាម​បែប​ប្រជាធិបតេយ្យ ដោយ​ធានា​ឯករាជ្យភាព​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ បង្កើត​បរិយាកាស​ប្រកបដោយ​សុវត្ថិភាព និង​អំណោយផល ដល់​សង្គម​ស៊ីវិល និង​សហជីព និង​ដោយ​ជំរុញ​ឱ្យ​មានការ​ចូលរួម​ពេញលេញ​របស់​គណបក្សប្រឆាំង​នៅ​ក្នុង​ការបោះឆ្នោត​ព្រឹទ្ធិ​សភា និង​រដ្ឋសភា​ជាតិ​នា​ពេល​ខាងមុខ។ កាណាដា ក៏​ចង់​ឃើញ​គណបក្សប្រឆាំង គឺ​គណបក្ស​សង្គ្រោះ​ជាតិ​រស់​ឡើងវិញ និង​មានការ​ប្រគល់​តំណែង​ឱ្យ​សមាជិក​ជាប់ឆ្នោត​របស់​គណបក្ស​នេះ​ទាំងអស់​ឡើងវិញ។ កាណាដា ស្នើ​ឱ្យ​កម្ពុជា ដាក់​ចេញ​នូវ​វិធានការណ៍​ជាក់លាក់​ដើម្បី​បង្ការ​កុំ​ឱ្យ​មាន​អំពើ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​នៃ​ពលរដ្ឋ​កម្ពុជា ចេញពី​ដីធ្លី​របស់​ពួកគេ។ កាណាដា ក៏​ស្នើ​ឱ្យ​កម្ពុជា កែប្រែ​មាត្រា ៤៥ នៃ​រដ្ឋធម្មនុញ្ញ ដើម្បី​អនុញ្ញាត​ឱ្យ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា អាច​អាពាហ៍ពិពាហ៍​ជាមួយគ្នា​បាន។

សម្រាប់​អូស្ត្រាលី ប្រទេស​នេះ​ផ្ដល់​អនុសាសន៍​ឱ្យ​កម្ពុជា​លុបចោល​ច្បាប់​ធ្វើ​វិសោធនកម្ម​លើ ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដែល​រដ្ឋសភា​បាន​អនុម័ត​កាលពី​ឆ្នាំ២០១៧ ។ អូស្ត្រាលី​ចង់​ឃើញ​មានការ​សើរើ​មើល​ឡើងវិញ​លើ​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល និង​ច្បាប់​ស្ដីពី​សហជីព ដើម្បី​ធានា​ថា​ច្បាប់​ទាំង​បី​នេះ ស្រប​ជាមួយ​នឹង​កាតព្វកិច្ច​កម្ពុជា​ស្ដីពី​ការ​គោរព​តាម​កតិកាសញ្ញា​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ។ អូស្ត្រាលី​ក៏​ចង់​ឱ្យ​កម្ពុជា​បង្កើត​ឱ្យ​មាន​ឡើង​នូវ​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ​ឯករាជ្យ​មួយ ដែល​ស្របតាម​គោលការណ៍​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស។

បារាំង​ឯណោះ​វិញ ក៏បាន​ស្នើ​ឱ្យ​កម្ពុជា​ចាត់​វិធានការណ៍​ចាំបាច់​ដើម្បី​អនុញ្ញាត​ឱ្យ​សមាជិក​គណបក្ស​ប្រឆាំង​ចូលរួម​ក្នុង​ជីវិត​នយោបាយ​នៅ​កម្ពុជា​ឡើងវិញ ចាត់​វិធានការណ៍​បង្កើត​ឡើងវិញ​នូវ​បរិយាកាស​មួយ ដែល​គោរព​សិទ្ធិ​អង្គការ​សង្គម​ស៊ីវិល ជាពិសេស ដោយ​ពិនិត្យមើល​ឡើងវិញ​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល។

ចំពោះ​ប្រទេស​បែលហ្សិក​វិញ ប្រទេស​នេះ​ព្រួយបារម្ភ​ខ្លាំង រឿង​ការ​ពង្រួម​លំហ​សង្គម​ស៊ីវិល និង​កង្វះ​ឯករាជ្យភាព​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា។ ប្រទេស​នេះ​ចង់​ឃើញ​កម្ពុជា កែប្រែ​ច្បាប់​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​តុលាការ លក្ខន្តិកៈ​អង្គចៅក្រម និង​ព្រះរាជអាជ្ញា និង​ការរៀបចំ​ឧត្ដមក្រុមប្រឹក្សា​អង្គចៅក្រម ដើម្បី​ធានា និង​ការពារ​ឯករាជ្យភាព​នៃ​ប្រព័ន្ធ​យុត្តិធម៌។

សម្រាប់​ប្រទេស​ជប៉ុន​វិញ ប្រទេស​នេះ ចង់​ឱ្យ​ឃើញ​មានការ​លើកកម្ពស់​កិច្ច​សន្ទនា ក្នុង​ចំណោម​តួអង្គ​នយោបាយ​ពាក់ព័ន្ធ ការ​លើក​កម្ពស់​សិទ្ធិ និង​សេរីភាព​ពលរដ្ឋ និង​ដំណើរការ​ប្រជាធិបតេយ្យ ដើម្បី​ឱ្យ​មានការ​ឯកភាព​គ្នា​ជា​ធ្លុង​មួយ​សម្រាប់​ការអភិវឌ្ឍន៍។ ក្នុង​ដំណើរការ​នេះ ជប៉ុន លើកឡើង​ថា កម្ពុជា​ត្រូវ​ធានា​ឱ្យ​បាន​នូវ​បរិយាកាស​មួយ ដែល​សិទ្ធិ​របស់​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់ សង្គម​ស៊ីវិល និង​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត ត្រូវ​បាន​គោរព ហើយ​ថា សកម្មភាព​របស់​ពួកគេ​មិន​ត្រូវ​បាន​រឹតត្បិត​ឡើយ។ ជប៉ុន ក៏​ជំរុញ​ឱ្យ​កម្ពុជា​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​បន្ថែម​ទៀត ដោយ​បង្កើត​ឱ្យ​មាន​នូវ​ប្រព័ន្ធ​យុត្តិធម៌​ឯករាជ្យ ដែល​ទទួល​បាន​ទំនុក​ចិត្ត និង​ប្រើប្រាស់​បាន​ដោយ​ពលរដ្ឋ។

ក្រៅពី​ការ​ជំរុញ និង​ការ​បារម្ភ​របស់​ក្រុម​ប្រទេស​និយម​ប្រជាធិបតេយ្យ​ទាំងនេះ ក្រុម​ប្រទេស​ប្លុក​កុម្មុយនិស្ត​ឯណោះ​វិញ រួមមាន​ដូចជា​ចិន វៀតណាម រុស្ស៊ី ជាដើម ហាក់​ផ្ដោត​ខ្លាំង​តែ​ទៅលើ​បញ្ហា​សុខាភិបាល ការអប់រំ និង​ការ​រក្សា​ស្ថិរភាព​ក្នុង​សង្គម​កម្ពុជា​វិញ។ ក្រោយ​បិទ​បញ្ចប់​ដំណើរការ​ត្រួតពិនិត្យ​ជា​សកល​តាម​ពេលវេលា​កំណត់​លើក​ទី៣ របស់​កម្ពុជា​នេះ សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ នឹង​អនុម័ត​នូវ​របាយការណ៍​ផ្លូវការ​មួយ​ចំពោះ​រាល់​កង្វល់ និង​អនុសាសន៍​នានា ដែល​បាន​ដាក់​ចេញ​ដោយ​រដ្ឋ​សមាជិក​ទាំងនេះ នៅ​ថ្ងៃទី១ ខែ​កុម្ភៈ ខាងមុខនេះ ដើម្បី​បន្ត​ធ្វើ​ការ​តាមដាន​ចំពោះ​ការអនុវត្ត​កាតព្វកិច្ច​របស់​កម្ពុជា ក្នុង​រយៈពេល ៥​ឆ្នាំ ខាងមុខ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល