“កម្ពុជាស្ថិតក្នុងហានិភ័យ​ក្រោយ​​សភា​​អឺរ៉ុប​​អនុម័ត​​វិធានការ​​ទណ្ឌកម្ម​​ចំពោះ​​របប​​ភ្នំពេញ”

មាន ឫទ្ធិ
2018-09-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៦។
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៦។
RFA

អ្នកវិភាគ និង​អ្នកនយោបាយ​គណបក្ស​ស​ង្គ្រោះ​ជាតិ បន្ត​ព្រមាន​ពី​ហានិភ័យ​នានា ​ដែល​​​អាច​​​នឹង​​​កើត​​មាន​​ឡើង​​​ចំពោះ​​ប្រទេស និង​​ប្រជា​ពលរដ្ឋ​​កម្ពុជា ប្រសិន​បើ​​របប​​លោក​ ហ៊ុន សែន ​មិន​​គោរព​​តាម​​សេ​ក្តី​សម្រេច​​របស់​​សភា​​សហភាព​​អឺរ៉ុប​។ ពួក​គេ​ស្នើ​សុំ​ឲ្យ​​របប​​លោក ហ៊ុន សែន វិល​​មក​រក​​ការ​ចរចា​​នយោបាយ​​ប្រកប​ដោយ​​សុច្ឆន្ទៈ​​ជា​បន្ទាន់​​មួយ ដើម្បី​​​បញ្ចៀស​​​នូវ​​​វិបត្តិ​​​នានា ​ដែល​​អាច​​​ធ្វើ​​​ឲ្យ​​​អន្តរាយ​​ដល់​​កម្ពុជា​។​

​អ្នកជំនាញ​លើកឡើងថា ហានិភ័យ ដែល​អាចជា​គ្រោះមហន្តរាយ​សម្រាប់​ប្រទេស និង​ប្រជាពលរដ្ឋ​ខ្មែរ​​ទាំង​មូល​​នោះ គឺ​​ការ​បន្ត​​អូស​បន្លាយ​​ជម្លោះ​​នយោបាយ​​រុំារ៉ៃ​​រវាង​ខ្មែរ និង​ខ្មែរ ក្រោយ​របប​លោក ហ៊ុន សែន បានរៀបចំ​ព្រឹត្តិការណ៍​ថ្ងៃទី២៩ កក្កដា ​ដ៏​ចម្រូងចម្រាស​។ ព្រឹត្តិការណ៍​នេះ​ត្រូវបាន​សហគមន៍ជាតិ និង​អន្តរជាតិ​ចាត់ទុកថា​ជាការ​បោះឆ្នោត «​ក្លែង​ក្លាយ​» និង «បង្គ្រប់​កិច្ច​» ដោយ​បាន​​​ផាត់​​​ចោល​​​គណបក្ស​ប្រឆាំង​ធំជាងគេ ​គឺ​គណបក្ស​សង្គ្រោះ​ជាតិ ការធ្វើ​ទុក្ខ​បុក​ម្នេញ​មន្ត្រី​សិទ្ធិមនុស្ស និង​បណ្តាញ​ព័ត៌មាន​ឯករាជ្យ​។​

​អ្នកវិភាគ​នយោបាយ បណ្ឌិត ឡៅ ម៉ុងហៃ​ ថា ប្រសិនបើ​អ្នកនយោបាយ​ទាំង​បក្ស​កាន់អំណាច និង​បក្សប្រឆាំង មិន​​ប្រ​ញ៉ាប់​ប្រញាល់​​ងាក​​មក​រក​​ការ​ចរចា​​ឈាន​ទៅរក​ការ​ទម្លុះទម្លាយ និង​បញ្ចប់​ជម្លោះ​នយោបាយ​ទេ នោះ​កម្ពុជា​ពិតជា​ជួប​ហានិភ័យ​ជាក់​ជាមិនខាន​។​

​លោក​បណ្ឌិត ឡៅ ម៉ុងហៃ​ ថា ពលរដ្ឋ​ខ្មែរ​ជា​អ្នករងគ្រោះ​ដោយសារ​ហានិភ័យ​ទាំងនោះ​រួមមាន​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប ហៅថា «​អ្វីៗ​ទាំងអស់​លើកលែងតែ​អាវុធ​» ឬ​ហៅ​កាត់​ថា EBA ព្រមទាំង​ហានិភ័យ​មួយចំនួនទៀត​ចំពោះ​សង្គម​កម្ពុជា​៖ «គឺ​សហគមន៍​អឺរ៉ុប​គេ​នឹង​ចាត់​វិធានការ អាច​លុបចោល ឬ​ឈានទៅដល់​ការលុបចោល​នូវ EBA គឺ​ការអនុគ្រោះ​ពន្ធ​។ អាហ្នឹ​ង ដែល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​យើង​ហ្នឹង ខាតបង់​នូវ​ទីផ្សារ​សម្រាប់​ផលិតផល​របស់​ប្រទេស​កម្ពុជា​យើង​ហ្នឹង​។ ឯ​ទី​ពីរ គឺ​​គេ​​ដាក់​ទណ្ឌកម្ម​ទៅដល់​បុគ្គល​ផ្ទាល់ៗ​ដែល​ទទួលខុសត្រូវ​ក្នុងការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ ព្រមទាំង​ការគោរព​សិទ្ធិមនុស្ស​។ នេះ​មិនមែន​តែ​ប៉ុណ្ណឹង​ទេ ចុះ​ខាង​សហរដ្ឋអាមេរិក​ថែមទៀត​។ ដូច្នេះ​វា​ធ្ងន់ធ្ងរ​ណាស់​សម្រាប់​ជា​បុគ្គល​មេដឹកនាំ​ផង និង​យើង​ជា​ប្រជាពលរដ្ឋ ហើយ​ប្រហែល​ជាច្រើន​គ្នា​ទៅទៀត​ផង​​»។

​ចំណែក អ្នកស្រី មូរ សុខ​ហួរ អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ថ្លែងប្រាប់​អាស៊ីសេរី​ថា កម្ពុជា​ក៏​នឹងមាន​វិបត្តិ​ប្រព័ន្ធ​សេដ្ឋកិច្ច​ផងដែរ​។ អ្នកស្រី​គូសបញ្ជាក់ថា គ្រប់ពេលវេលា​ទាំងអស់ គណបក្ស​សង្គ្រោះ​ជាតិ តែងតែ​ចង់​ចៀសវាង និង​មិន​ចង់ឃើញ​នូវ​​ទណ្ឌកម្ម​ណាមួយ ដែល​សហគមន៍​​អន្តរជាតិ នឹងដាក់​មកលើ​កម្ពុជា​នោះទេ៖ «​យើង​ត្រូវតែ​បញ្ចៀស​ជាដាច់ខាត​នូវ​អ្វី​ដែលជា​ស្ថានការណ៍​ដ៏​ធ្ងន់ធ្ងរ គឺ​ការបិទ​ទីផ្សារ​ដែល​ប៉ះពាល់​ទៅដល់ មិន​ត្រឹមតែ​សេដ្ឋកិច្ច​ថ្នាក់ជាតិ​ទេ គឺ​សេដ្ឋកិច្ច​របស់​ប្រជា​ពលរដ្ឋ​​​នៅ​​ថ្នាក់មូលដ្ឋាន​។ កម្មករ​-​ក​ម្មការិនី​របស់​យើង ៧០ម៉ឺន​​នាក់​នេះ គាត់​ចិញ្ចឹម​ឪពុកម្តាយ​​របស់​គាត់​​ដែល​​ត្រូវ​ការ​​សង​បំណុល អ្នករក​ទទួលទាន​ទៅតាម​រោងចក្រ​លក់ដូរ​ជិតខាង​ទាំង​ប៉ុន្មាន​ហ្នឹង រាប់លាន​នាក់ បើ​យើង​គិត​ទៅ បើសិនជា​មាន​ការ​​ប៉ះពាល់​។ ដូច្នេះ​ហើយ​​បាន​ជា​ខ្ញុំ​និយាយ​អំពី​ការរក​ដំណោះស្រាយ​ដើម្បី​ជាតិ​ទាំងមូល មិនមែន​​សម្រាប់​​គណបក្ស​​ណា​​មួយ​​​នោះ​​ទេ​ ហើយ​​យើង​​ត្រូវ​​គិត​​អំពី​​ជីវភាព​​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​យើង​​»

​សភា​អឺរ៉ុប កាលពី​ថ្ងៃទី១៣ កញ្ញា បានអនុម័ត​សេចក្តីសម្រេច​ចុងក្រោយ​មួយ​លេខ ២០១៨/២៨៤២ (RSP) ទាមទារ​ឲ្យ​អាជ្ញាធរ​កម្ពុជា ទម្លាក់ចោល​រាល់​បទ​ចោទ​ប្រឆាំងនឹង​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​អំពាវនាវ​ឲ្យ​មាន​ការ​​​ដោះ​លែ​ង​រូប​លោក​​ឲ្យ​មាន​សេរីភាព​ឡើងវិញ​ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ​។ សភា​អឺរ៉ុប​ក៏​អំពាវនាវ​ដូចគ្នា ចំពោះ​ករណី​អ្នកនយោបាយ​ដទៃទៀត រួមទាំង​លោក សម រង្ស៊ី ផងដែរ​។ សភា​អឺរ៉ុប បានស្នើ​ឲ្យ​នាយកដ្ឋាន​សេវា​កិច្ចការបរទេស​របស់​អឺរ៉ុប (EEAS) និង​គណៈកម្មាការ​អឺរ៉ុប (European Commission) រៀបចំ​បញ្ជី​ឈ្មោះ​បុគ្គល ដែល​ទទួលខុសត្រូវ​ក្នុងការ​រម្លាយ​គណបក្ស​ប្រឆាំង និង​អំពើ​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា ក្នុង​គោលដៅ​ដើម្បី​ឈានទៅរក​ការដាក់ចេញ​នូវ​វិធានការ​រឹតត្បិត​ទិដ្ឋាការ និង​បង្កក​ទ្រព្យសម្បត្តិ​របស់​ពួកគេ​។​

ជាមួយគ្នានេះដែរ តំណាង​ជាន់ខ្ពស់​របស់​សហភាព​អឺរ៉ុប ទទួលបន្ទុក​កិច្ចការបរទេស និង​គោលនយោបាយ អ្នកស្រី Federica Mogherini បាន​​ជំរុញ​ឲ្យ​អ្នក​នយោបាយ​ខ្មែរ ងាក​មករក​កិច្ចសន្ទនា ដើម្បី​ឈានទៅរក​ដំណោះស្រាយ​នយោបាយ​នា​ពេល​ខាង​មុខ​។ ក្នុង​សុន្ទរកថា​របស់​អ្នកស្រី ​នៅក្នុង​សម័យប្រជុំ​របស់​សភា​អឺរ៉ុប​នោះ អ្នកស្រី Federica Mogherini នៅតែ​បន្ត​​គូស​បញ្ជាក់​​ជំហរ​​​របស់​​សហភាព​​អឺរ៉ុប មិនអាច​ទទួលយកបាន​ចំពោះ​ភាពស្របច្បាប់​នៃ​របប​ថ្មី​របស់លោក ហ៊ុន សែន នេះ​​ទេ​។ អ្នកស្រី​ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ទម្លាក់ចោល​រាល់​បទ​ចោទ​ទាំងអស់​ប្រឆាំង​អ្នកនយោបាយ​បក្សប្រឆាំង លុបចោល​ការ​ហាម​​ប្រាម​​លើ​​មន្ត្រី​ជាន់​ខ្ពស់​​គណបក្ស​ស​ង្គ្រោះ​ជាតិ​ទាំង ១១៨ រូប និង​ផ្តល់​នីតិសម្បទារ​ឡើងវិញ​ដល់​មន្ត្រី​មូលដ្ឋាន​គណបក្ស​​សង្គ្រោះ​ជាតិ​ជាប់ឆ្នោត​ចំនួន ៥០០៧រូប​។ អ្នកស្រី ក៏បាន​អំពាវនាវ​ឲ្យ​របប​លោក ហ៊ុន សែន ត្រូវតែ​ធានា​នូវ​ការវិល​​ត្រលប់​មក​កាន់​​ប្រទេស​​កម្ពុជា​​វិញ ប្រកបដោយ​សុវត្ថិភាព​របស់​មន្ត្រី​នយោបាយ​​គណបក្សប្រឆាំង សកម្មជន​អង្គការ​សង្គម​ស៊ីវិល និង​អ្នកការពារ​សិទ្ធិមនុស្ស ដែល​បាន​និរទេស​ខ្លួន​ទៅ​ក្រៅប្រទេស ដើម្បី​បញ្ចៀស​ពី​ការចាប់ខ្លួន​ណាមួយ​នោះ​។ សំខាន់​​ជាង​នេះ អ្នកស្រី​​សង្កត់​​ធ្ងន់ៗ ​ថា ច្បាប់ និង​បទបញ្ញត្តិ​នានា ដែល​បាន​តាក់តែង​និង​បង្កើតឡើង ក្នុង​គោលដៅ​រឹតត្បិត​គណបក្ស​ប្រឆាំង និង​​សង្គម​ស៊ីវិល​នេះ ត្រូវតែ​ធ្វើការ​ស៊ើ​រើ​ឡើងវិញ និង​ធ្វើការ​កែសម្រួល​ផងដែរ​។​

​ភ្លាមៗ​ក្រោយពី​ការអនុម័ត​សេចក្តីសម្រេច​របស់​សភា​អឺរ៉ុប និង​ការអំពាវនាវ​របស់​ម​ន្ត្រី​តំណាង​ជាន់ខ្ពស់​សហភាព​អឺរ៉ុប​នេះ មន្ត្រី​​នាំ​ពាក្យ​​គណបក្ស​​ប្រជាជន​​កម្ពុជា ថ្លែងប្រាប់​អាស៊ីសេរី​ថា គណបក្ស​របស់លោក មិនបាន​ទាត់ចោល​កិច្ចចរចា​នយោបាយ​​ណា​មួយ​​នោះឡើយ ដែល​នេះ​ទំនងជា​ការបន្ទន់​ឥរិយាបថ​មួយ​ជំ​ហ៊ាន​ទៀត​របស់​គណបក្សកាន់អំណាច​៖ «​ខ្ញុំ​មិន​បាន​​និយាយ​ថា មិន​​ចរចា​​នោះ​ទេ​។ ក៏ប៉ុន្តែ យើង​ខំ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ ការគោរព​សិទ្ធិមនុស្ស និង​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា ដើម្បី​ធានា​ឲ្យ​បាន​នូវ​សន្តិភាព ស្ថិរភាព​នយោបាយ និង​សេចក្តីសុខក្សេមក្សាន្ត​រប​ស់​ប្រជាពលរដ្ឋ​កម្ពុជា​​»។

​ជុំវិញ​ជំហរ​នៃ​ការបើក​ភ្លើង​ខៀវ​ឲ្យ​មានការ​ចរចា​នយោបាយ​រវាង​ខ្មែរ និង​ខ្មែរ​នេះ អ្នកស្រី មូរ សុខ​ហួរ ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ត្រៀមខ្លួន​រួចជាស្រេច តាមរយៈ​ការប្រកាន់យក​ជំហរ​ខ្មែរ​តែមួយ មិន​ចាត់ទុក​ខ្មែរ​ណា​ជាស​ត្រូវ និង​ផលប្រយោជន៍​ជាតិ​ជាធំ​។ អ្នកស្រី​ថា គណបក្ស​សង្គ្រោះ​ជាតិ សាទរ​ជានិច្ច ប្រសិនបើ​មានការ​ចរចា​ណាមួយ​មែន​នោះ​៖ «ចំពោះ​យើង​វិញ យើង​នៅតែ​សូម​ឲ្យ​មានការ​ចាប់ផ្តើម​ដោយមាន​ការដោះលែង​លោក​ប្រធាន កឹម សុខា ជា​ប្រធាន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​តំណាង​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​។ ហើយ​បន្តបន្ទាប់​មកទៀត​នោះ គឺ​ច្បាស់​ណាស់ លោក​ប្រធាន​គាត់​ត្រូវការ​មាន​សហការី​របស់លោក ដើម្បី​ធ្វើ​ការងារ​។ ដូច្នេះ យើងខ្ញុំ​ទាំងអស់គ្នា ១១៨ នាក់ នឹងចូលរួម​ជាមួយ​លោក​ប្រធាន ដើម្បី​ទៅ​ជជែក​គ្នា​ជាមួយនឹង​ភាគី​ដែល​យើង​ត្រូវ​ជជែក​គ្នា ដោយ​យើង​និយាយ​ជាថ្មី​ម្តងទៀត គឺ​ខ្មែរ​តែមួយ ដើម្បី​រក​ដំណោះស្រាយ​ជូន​ប្រទេសជាតិ​របស់​យើង​»។

​យ៉ាងណាក៏ដោយ អ្នកស្រី មូរ សុខ​ហួរ ហាក់​បង្ហាញ​នូវ​ជំហរ​ប្រយ័ត្នប្រយែង​ចំពោះ​ការចរចា​ណាមួយ​នាពេល​ខាងមុខនេះ ដោយ​អ្នកស្រី​ចង់ឃើញ​ឲ្យ​មាននូវ​ដំណោះស្រាយ​សម្រាប់​ជាតិ​ពិតប្រាកដ​មួយ ដែល​ធានា​នូវ​ការមិន​វិល​មកវិញ​នូវ​វិបត្តិ​នយោបាយ​​សា​ជា​ថ្មី​នាពេល​អនាគត​ទៀត​នោះទេ​។ អ្នកស្រី​ចង់​ឲ្យ​មាន​ការចរចា​មួយ ដែលមាន​លក្ខណៈ​ដូច​ពេល​ដែលមាន​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ដូច្នោះ​ដែរ ដែលមាន​គណប្រតិភូ​ម​ក​ពី​គ្រប់ភាគី​ចូលរួម រួមទាំង​ភាគី​ហត្ថលេខី​កិច្ច​ព្រមព្រៀង​​នេះ ធ្វើ​ជាស​ាក្សី ឬ​អាជ្ញាកណ្តាល​ផងដែរ​​៖ «នៅក្នុង​ការធ្វើ​ការតាមដាន និង​ធ្វើជា​សាក្សី នៅក្នុង​ការជជែក នៅក្នុង​គ្រប់​ដំណាក់កាល ខ្ញុំ​ជឿជាក់ថា ភាគី​ដែលជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​ត្រូវមាន​តួនាទី ដើម្បី​ឲ្យ​​អ្វី​ដែល​ជាការ​សម្រេច​ក្រោយពី​ការជជែក ហើយនឹង​លក្ខខណ្ឌ​នៃ​ការជជែក​ទាំងឡាយ​នេះ ក៏មាន​ភាគី​ដើម្បី​គេ​មើល​នូវ​រាល់​ដំណាក់កាល​នៃ​ការជជែក ហើយ​យើង​សូម​យក​នូវ​អ្វីដែល​ជាការ​ថ្លោះធ្លោយ ឬមួយ​ក៏​ភាព​មិនសូវ​វិជ្ជមាន​នូវ​ការជជែក​ពីលើ​ក​មុន គឺ​រក​វិធី​អ្វី ដើម្បី​កុំ​ឲ្យ​មានការ​ថ្លោះធ្លោយ​ដូច​ពីមុន ដូច្នេះ​គឺ​គ្មានអ្វី​ក្រៅពី​ការដាក់​កំណត់​ឲ្យ​ច្បាស់ ហើយនឹង​មាន​អ្នកតាមដាន មាន​ជា​សាក្សី និង​កំណត់​ពេលវេលា​ឲ្យ​ច្បាស់លាស់​នៅ​គ្រប់​វិធានការ​ទាំងអស់​​»។

​បើទោះបី​ជាមាន​ការលើក​ឡើង​ពី​ការបើកផ្លូវ​ឲ្យ​មានការ​ចរចា​នយោបាយ​ពី​សំណាក់​ភាគី​ជម្លោះ​នយោបាយ​ទាំងពីរ​ក៏ដោយ គិត​មកទល់ពេលនេះ នៅមិន​ទាន់​មាន​យន្តការ​ទំនាក់​ទំនងជា​ក់លាក់​ណាមួយ​រវាង​គ​ណ​បក្ស​ទាំងពីរ ដើម្បី​ឈានទៅរក​ភាព​ប្រាកដ​ប្រជា​​នៃ​កិច្ចសន្ទនា​នយោបាយ​ពិតប្រាកដ​មួយ​នៅឡើយ​ទេ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

អ្នក​អាន​អនាមិក

ចំពោះគំនិតរបស់ខ្ញុំ,សហភាពអឺរ៉ុបត្រូវតែអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពប៉ារីស។ កុំឱ្យហ៊ុនសែនបំពានលើកិច្ចព្រមព្រៀង។ សហភាពអឺរ៉ុបចាំបាច់ត្រូវប្រតិបត្តិផែនការនេះអោយបានឆាប់តាមដែលអាចធ្វើទៅបាន។
ឆាប់ល្អជាងយឺត។ វាគឺជាពេលវេលាគ្រប់គ្រាន់ដែលបានប្រគល់ឱ្យហ៊ុនសែនគោរព។ កុំបារម្ភអំពីការប៉ះពាល់ដល់ប្រជាជនខ្មែរ។ ពួកគេអាចឆ្លងកាត់ដើម្បីទទួលបានជីវិតល្អប្រសើរ។ ប្រសិនបើមិនប្រតិបត្តិវាទេវានឹងកាន់តែអាក្រក់ទៅ ៗ ។ ខ្ញុំមិនចង់លឺថា,សហភាពអឺរ៉ុបនឹងប៉ះពាល់ដល់ប្រជាជនខ្មែរ,នេះគឺជាផែនការរបស់ហ៊ុនសែន។

Sep 18, 2018 02:07 AM

អ្នក​អាន​អនាមិក

Hun Sen le mauvais et 'gonfleur de la politique'...Pour lui, la democratie n'est que le detournement de son esprit malade...Ses diverses operations de son oeil aurait ete facteur qui infectent et abiment sa matiere grise naturelle (cervelle)...A en juger sur son comportement lors de ses discours publics ou ITW tonitruands...La vapeur lui monte a la tete.

Sep 15, 2018 12:37 PM

សេង គ្រឹះស្នា

ពី ភ្នំពេញ

ខ្ញុំបានតាមដានច្រើនពីរឿងនយោបាយនៅស្រុកខ្មែរ ជាពិសេសបន្ទាប់ពីការបោះឆ្នោតកន្លងមកនេះ។ ខ្ញុំសង្កេតឃើញថា ការលើកឡើងអំពីហនិភ័យនៃការលុបចោលការអនុគ្រោះពន្ធ បានជជែកជាច្រើន តែមិនបានទៅដល់ចំនុចមួយដែលធ្វើឲ្យប្រជាជន វិស័យឯកជន មានការបារម្មណ៍ខ្លាំង។ សម្រាប់ខ្ញុំវា ជាហនិភ័យដ៏ធំមួយ ព្រោះខ្ញុំធ្លាប់សរសេរអត្ថបទ ពាក់ព័ន្ធទៅនឹងករណីប្រសិនបើ ការអនុគ្រោះពន្ធត្រូវបានបញ្ចប់។ ជាសេចក្តីសង្ខេប គិតចាប់តាំពីទសវត្សទី៩០ មក ពេលដែលកម្ពុជា បានចូលក្នុង WTO ការអនុគ្រោះពន្ធ (EBA) ត្រូវបានអនុគ្រោះ ដោយសារមើលឃើញឪកាសល្អ វិនិយោគិនជាច្រើន បានចូលមកស្រុកខ្មែរ (first step advantage) ជាពិសេសចិន, កន្លងមកនេះការអនុគ្រោះពន្ធនេះត្រូវបានផុតកំណត់2-3ដងមកហើយ តែរាជរដ្ឋាភិបាលខ្មែរ សុំពន្យា និងបន្តបន្ថែម។ ក្នុងករណីបើការអនុគ្រោះនេះត្រូវបានបិត
នោះរោងចក្រមួយចំនួននឹងត្រូវអាចបិទ ព្រោះមានដោយសារ លែងមានប្រយោជន៍ ហើយមានប្រទេសជិតខាងមួយចំនួនដែល គេអាចងាកទៅរក ដូចជា Myanmar, Lao ជាដើម។
បើការអនុគ្រោះពន្ធត្រូវបាន បញ្ចប់ នោះហនិភ័យគឺមានដូចខាងក្រោម
ទី១ បញ្ហាទៅនឹងអត់ការងារធ្វើ៖ ព្រោះថា ភាគច្រើននៃកម្មករទាំងអស់នោះ ពុំទទួលបានការសិក្សាអប់រំ ខ្ពង់ខ្ពស់ឡើយ សំនួរសួរថា នឹងមានអ្វីកើតឡើងនៅពេល អត់ការងារធ្វើ? អសន្តិសុខសង្គម និងអាចកើតមាន ចោរកម្ម គ្រឿងញៀន ពេស្យាចា ការជួញដូរមនុស្ស ។ល។ ព្រោះថាចរឹឹកខ្មែរ គឺនឹងមិនត្រលប់ទៅផ្ទះវិញដៃទទេឡើយ ចង់មិនចង់គឺត្រូវធ្វើអ្វីមួយដើម្បីបានលុយ ហើយជាពិសេស ទៅផ្ទះវិញមិនដឹងធ្វើអ្វី ដីក៏អស់ ដោយសារ MFI ដែលចូលមកទទឹមគ្នានាពេលដែល ខ្មែរ ចូលWTO។
ទី២ ការប៉ះពាល់ទៅលើវិស័យឯកជន៖ កន្លងមក ប៉ុន្មានឆ្នាំមកនេះ កត់សំគាល់ឃើញថាប្រជាជន មានកំលាំបញ្ជាទិញខ្លាំង ដោយសារ GDP and GNI កម្ពុជាឡើងខ្ពស់ នោះធ្វើឲ្យវិស័យឯកជន សហគ្រាស និងអ្នកជំនួយជាច្រើនបានវិនិយោគ តែបើការអនុគ្រោះត្រូវបិទ ប្រជាជនគ្មាន កំលាំងបញ្ជាទិញ (purchasing power) នោះការរកស៊ីនិង ថយចុះ.

ទី៣ រុញស៊ីក្លូបញ្ចូលឡាន ៖ មានមតិ និងការលើកឡើងជាច្រើនជុំវិញ ប្រទេសកម្ពុជា ជាប្រទេសប្រជាធិបតេយ្យ ឬកុម្មុុយនីស? នោះការបញ្ចប់ការអនុគ្រោះពន្ធ អាចជាកត្តាមួយដែលធ្វើឲ្យកម្ពុជា អាចធ្លាក់ ទាំងស្រុងទៅនឹងប្រទេស លោកកុម្មុយនីស បើខាងសេរី ដោះដៃចោល។
នៅមានចំណុចបន្ទាប់បន្សំមួយចំនួនទៀត ដែលអាចកើតឡើងពីផលប៉ះពាល់ពីការបញ្ឈប់ការអនុគ្រោះពន្ធ។ តែខ្ញុំសូមស្លេសតែត្រឹមនេះ។
នោះសរុបមក ហនិភ័យគឺធំធេងណាស់ ប្រសិនបើយើងធ្វើការវិភាគឲ្យបានល្អិតល្អន់ និងស៊ីជំរៅ។

បើប្រជាជន វិស័យឯកជន រដ្ឋាភិបាល បានស្វែងយល់ស៊ីជំរៅ ឬបានដឹងបែបនេះ នោះខ្ញុំជឿជាក់ថា ការតស៊ូមតិ និងការចូលរួមប្រាកដជាមានទម្ងន់ជាងបច្ចុប្បន្ន។
សូមអគុណ និងសង្ឈឹមថា សារនេះនិងបានទទួលជ្រាបដល់បងប្អូនជនរួមជាតិទាំងអស់គ្នា
សូមទទួលការគោពពីខ្ញុំ គ្រឹះស្នា

Sep 15, 2018 04:00 AM

គេហទំព័រ​ទាំងមូល