"ការ​បណ្ដេញ​លោក រ៉ុង ឈុន ចេញ​ពី​ក្របខ័ណ្ឌ​រដ្ឋ​ធ្វើ​ឡើង​ក្រោម​ហេតុផល​នយោបាយ"

ដោយ តាំង សារ៉ាដា
2018-02-12
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
លោក រ៉ុង ឈុន ទីប្រឹក្សា​សមាគមគ្រូបង្រៀន​កម្ពុជាឯករាជ្យ និង​ជា​អតីត​សមាជិក​​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​​កាល​អំឡុង​ខែ​មេសា ឆ្នាំ​២០១៥។
លោក រ៉ុង ឈុន ទីប្រឹក្សា​សមាគមគ្រូបង្រៀន​កម្ពុជាឯករាជ្យ និង​ជា​អតីត​សមាជិក​​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​​កាល​អំឡុង​ខែ​មេសា ឆ្នាំ​២០១៥។
Photo: RFA

សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ នៅ​ថ្ងៃ​ច័ន្ទ ទី​១២ កុម្ភៈ នេះ បាន​ហៅ​ការ​បណ្ដេញ​លោក រ៉ុង ឈុន អតីត​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា និង​ជា​អតីត​សមាជិក គ.ជ.ប ចេញ​ពី​ក្របខ័ណ្ឌ​របស់​ក្រសួង​អប់រំ នោះ​ថា ជា​ការ​ធ្វើ​ឡើង​ក្រោម​ហេតុផល​នយោបាយ និង​ជា​ការ​រើសអើង​ទៅ​លើ​សកម្មភាព​តស៊ូ​មតិ​របស់​លោក។

នៅ​ក្នុង​លិខិត​មួយ​ច្បាប់​របស់​ប្រធាន​សមាគមន៍​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី ដែល​បាន​ផ្ញើ​ទៅ​កាន់​លោក ហ្កាយ រ៉ាយដឺ (Guy Ryder) អគ្គនាយក​របស់​អង្គការ​អន្តរជាតិ​ខាង​ផ្នែក​ការងារ (ILO)  និង​លោក ហ្វ្រ៊ែត វ៉ាន់ លូវិន ( Fred Van Leeuwen) អគ្គលេខាធិការ​នៃ​អង្គការ​អប់រំ​អន្តរជាតិ បាន​ជំរុញ​ឲ្យ​ស្ថាប័ន​ទាំង​ពីរ​នេះ​ធ្វើ​យ៉ាង​ណា​អន្តរាគមន៍​ឲ្យ​លោក រ៉ុង ឈុន អាច​មាន​ឈ្មោះ​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​រាជការ​ដូច​មុន​វិញ។

​រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ហង់ ជួនណារ៉ុន កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មករា បាន​លើក​ហេតុផល​ថា ការ​បណ្ដេញ​លោក លោក រ៉ុង ឈុន ចេញ​ពី​ក្របខ័ណ្ឌ​មន្ត្រីរាជការ​របស់​ក្រសួង​អប់រំ​នេះ ដោយសារ​លោក រ៉ុង ឈុន បាន​អវត្តមាន​ពី​ការងារ​ដោយ «គ្មាន​ច្បាប់​អនុញ្ញាត» តាំង​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៨ មក។

​អ្នកស្រី អ៊ុក ឆាយ៉ាវី បញ្ជាក់​ថា មុន​នឹង​សម្រេច​ចិត្ត​ធ្វើ​ការ​បណ្ដេញ​លោក រ៉ុង ឈុន ចេញ​ពី​ក្របខ័ណ្ឌ​របស់​ក្រសួង​អប់រំ រដ្ឋមន្ត្រី​រូប​នេះ​គួរ​មាន​ការ​សួរ​នាំ​ម្តង ឬ​ពីរ​ដង​ទៅ​តាម​នីតិវិធី ឬ​ដាក់​ទណ្ឌកម្ម​វិន័យ ប្រសិនបើ​រក​ឃើញ​ថា មាន​កំហុស ប៉ុន្តែ​ក្រសួង​អប់រំ មិន​បាន​ធ្វើ​ដូច្នេះ​ទេ។

អ្នកស្រី​បាន​រិះគន់​ការ សម្រេច​ចិត្ត​របស់​លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ ថា​ជា​ការ​បំពាន​ទៅ​នឹង​ច្បាប់​ស្តីពី​សហលក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល និង​ជា​ការ​ធ្វើ​ឡើង​ខុស​នីតិវិធី។

លោក រ៉ុង ឈុន ធ្លាប់​បាន​បម្រើ​ការងារ​នៅ​ក្នុង​នាយកដ្ឋាន​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​មុន​ពេល​ដែល​លោក​បាន​ព្យួរ​ការងារ​ទៅ​បម្រើ​​ការងារ​ជា​សមាជិក​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៥។ បន្ទាប់​មក​លោក រ៉ុង ឈុន បាន​លា​ឈប់​ពី​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​មួយ​នេះ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ដែល​ជា​ការ​ប្រឆាំង​ទៅ​នឹង​ការ​សម្រេច​របស់​តុលាការ​កំពូល ដែល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។

​លោក រ៉ុង ឈុន ធ្លាប់​មាន​ប្រសាសន៍​ថា វិធានការ​របស់​ក្រសួង​អប់រំ មក​លើ​រូប​លោក គឺ​ជា​ការ​រើសអើង និង​ជា​ការ​សងសឹក​ដោយសារ​តែ​សកម្មភាព​សហជីព​របស់​លោក​កាល​ពី​ពេល​កន្លេង​ទៅ និង​ការ​សងសឹក​ដែល​លោក​បាន​លា​ឈប់​ពី​សមាជិក​របស់ គ.ជ.ប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

គ្មានអីចំលែកទេ សម្រាប់ខ្ញុំ ហើយលោក រ៉ុងឈុន ក៏មិនគួរចង់បានដែរអាក្របខណ្ឌនឹង

Feb 13, 2018 12:50 AM

គេហទំព័រ​ទាំងមូល