បក្សកាន់អំណាច និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅតែរក្សាជំហរមិនដកពាក្យប្ដឹងអំពីអនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ឡើយ។ ការលើកឡើងនេះ គឺស្របពេលសាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការជំនុំជម្រះសំណុំរឿងលោក សុន ឆ័យ បទបរិហារកេរ្តិ៍ជាសាធារណៈ របស់បក្សកាន់អំណាច និង គ.ជ.ប នាថ្ងៃទី២៩ ខែកញ្ញាខាងមុខនេះ។
បក្សកាន់អំណាច និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លើកឡើងថា ពេលនេះ គឺហួសពេលហើយ ដែលពួកគេត្រូវសម្របសម្រួលក្រៅប្រព័ន្ធច្បាប់ ជាមួយ អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ព្រោះសំណុំរឿងនេះ បានដល់ដៃតុលាការហើយនោះ។ ទោះយ៉ាងណាក្ដី មន្ត្រីសង្គមស៊ីវិលរិះគន់ថា បណ្ដឹងនេះ គឺជារឿងចម្លែក និងមិនគួរកើតឡើយ ដែល គ.ជ.ប ជា អាជ្ញាធរកណ្ដាលប្ដឹងគួរប្រកួត និងគណបក្សឈ្នះឆ្នោតប្ដឹងអ្នកចាញ់ឆ្នោតនោះ។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា លើកឡើងថា ករណីលោក សុន ឆ័យ រិះគន់ស្ថាប័ន គ.ជ.ប និងបញ្ហាបោះឆ្នោត ប្រៀបដូច លោក សុន ឆ័យ ប្រើអំពើហិង្សាលើ គ.ជ.ប ដែលទាមទារស្ថាប័នរៀបចំការបោះឆ្នោតមួយនេះ ប្ដឹងទៅតុលាការរកយុត្តិធម៌។ លោកបន្តថា ការសម្រេចបែបណា គឺអាស្រ័យលើការកាត់សេចក្ដីរបស់តុលាការចុះ៖ « ខ្ញុំគ្រាន់តែជូនជាឧទាហរណ៍វិញថា អាជ្ញាកណ្ដាលនៃការប្រកួតបាលទាត់ណា បើសិនកីឡាករវាយក្បាលអាជ្ញាធរកណ្ដាលចេញឈាមហើយ សួរបើសិនកីឡាករធ្វើអីស្រេកចិត្តសួរថា អ្នកមើលទាំងអស់គេទុកចិត្តអាជ្ញាកណ្ដាលដែរអត់ អ៊ីចឹងអាជ្ញាកណ្ដាលក៏ត្រូវការយុត្តិធម៌មកវិញដែរ អញ្ចឹងហើយការដាក់ពាក្យបណ្ដឹងរបស់ គ.ជ.ប ដើម្បីការពារខ្លួន ដើម្បីឲ្យដំណើរការបោះឆ្នោតនេះឯងប្រព្រឹត្តិទៅដោយមាជំនឿចិត្តពីបងប្អូនប្រជាពលរដ្ឋរាប់លាននាក់ មិនមែនតែរឿងបុគ្គលម្នាក់ឬគណបក្សមួយទេបាទ » ។
ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បញ្ជាក់ដែរថា គណបក្សកាន់អំណាចមិនសម្របសម្រួលជាមួយលោក សុន ឆ័យ ទេ។ លោកអះអាងទៀតថា លោកទុកចិត្តលើតុលាការទាំងស្រុង។ លោកលើកឡើងទៀតថា គណបក្សប្រជាជនកម្ពុជា ក៏មិនចាប់អារម្មណ៍ទៅនឹងមតិរិះគន់នានា ដែលមិនពេញចិត្ត ពេលឃើញគណបក្សកាន់អំណាច ប្ដឹងលោក សុន ឆ័យ ដែរ៖ « និយាយពេលដែលមិនទាន់ធ្លាក់ដល់ដៃតុលាការរឿងហ្នឹង បើរឿងហ្នឹងធ្លាក់ដល់ដៃតុលាការហើយ គេឈប់និយាយគ្នាហើយ » ។
តាមគម្រោង ថ្ងៃទី២៩ ខែកញ្ញា ខាងមុខ សាលាដំបូងរាជធានីភ្នំពេញនឹងបើកសវនាការជំនុំជម្រះក្ដី នៃសំណុំរឿងបទបរិហារកេរ្តិ៍ជាសាធារណៈ ដែលបក្សប្រជាជនកម្ពុជា និង គ.ជ.ប បានប្ដឹងលោក សុន ឆ័យ។
ទាក់ទងរឿងនេះវិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយតបពីអនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ និងមេធាវីការពាររបស់លោក គឺលោកមេធាវី ជូង ជូងី បានទេ នៅថ្ងៃទី២៧ ខែកញ្ញា។ទោះយ៉ាងណាក្ដី លោក មេធាវី ជូង ជូងី ធ្លាប់ប្រាប់វិទ្យុអាស៊ីសេរីកាលពីពេលថ្មីៗ នេះថា លោកមេធាវី និងកូនក្ដីរបស់លោកត្រៀមខ្លួនរួចហើយ ដើម្បីចូលរួមក្នុងសវនាការនេះ។ លោកមេធាវីលើកឡើងទៀតថា ការបញ្ចេញទស្សនៈនៃកូនក្ដីលោករឿងរិះគន់បញ្ហាបោះឆ្នោត ជាសិទ្ធិបញ្ចេញមតិ មិនមែនជាការបរិហារកេរ្តិ៍ជាសាធារណៈ ដូចការចោទប្រកាន់ឡើយ។
ជុំវិញរឿងនេះអ្នកសម្របសម្រួលផ្នែកអង្កេតរបស់អង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វែ្រល (COMFREL) លោក កន សាវាង្ស សង្កេតឃើញថា អ្វីដែលលោក សុន ឆ័យ បានរិះគន់បញ្ហាបោះឆ្នោត គ្មានចំណុចណាបញ្ជាក់ថា ជាការបង្កហិង្សា ដូចអ្នកនាំពាក្យ គ.ជ.ប លើកឡើងនោះទេ។ លោកយល់ថា មុនបក្សកាន់អំណាច និង គ.ជ.ប ប្ដឹង អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ស្ថាប័នទាំងពីរនេះគួរមានការពន្យល់ជាផ្លូវការទៅ លោក សុន ឆ័យ ជាមុនសិន។ លោកយល់ថា ទោះមានការប្រព័ន្ធតុលាការ ចាត់ការអ្នករិះគន់បញ្ហាបោះឆ្នោត ក៏មិនអាចបំបិទសំឡេងរិះគន់បញ្ហានេះបានទេ ដរាបណា ស្ថាប័នបោះឆ្នោតមួយនេះ មិនបានកែលំអចំណុចខ្វះខាតរបស់ខ្លួននៅឡើយ៖ « រឿងពីរខុសគ្នាណា ការបង្ករបួសស្នាមការលើកឡើងការសង្ស័យ ការរៀបចំ ខុសពីការវាយអាជ្ញាកណ្ដាល ការលើកឡើងនេះ បើសិនជាគណបក្សនយោបាយនោះទៅកម្ទេចស្ថាប័ន គ . ជ . ប ហ្នឹង មានន័យថា ជាបញ្ហាមិនត្រឹមត្រូវទោសព្រហ្មទណ្ឌ ប៉ុន្តែការលើកឡើងមិនមែនមានន័យដូចការប្រៀបធៀបហ្នឹងទេ » ។
គណបក្សប្រជាជនកម្ពុជាបានប្ដឹងអនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ កាលពីថ្ងៃទី១៤ មិថុនា និងទាមទារសំណងជំងឺចិត្តលុយ ១លានដុល្លារ។ ដូចគ្នានេះដែរ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលមេដឹកនាំស្ថាប័ននេះ មានទំនាក់ទំនងជាមួយបក្សកាន់អំណាច ក៏បានដាក់បណ្ដឹងលោក សុន ឆ័យ ពីបទបរិហារកេរ្តិ៍ដូចគ្នានេះដែរ និងទាមទារឲ្យលោក សុន ឆ័យ ធ្វើលិខិតសុំទោសជាសាធារណៈ។
បណ្ដឹងទាំងពីរកើតឡើងក្រោយពេលលោក សុន ឆ័យ បញ្ចេញព័ត៌មានជាសាធារណៈ ដែលលោកបានរិះគន់ការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ កន្លងទៅថា មានការបំភិតបំភ័យប្រជាពលរដ្ឋ និងមិនឆ្លុះបញ្ចាំងអំពីឆន្ទៈប្រជាពលរដ្ឋជាដើម។
លោក សុន ឆ័យ តែងតែអះអាងដដែលៗ ថា លោក មិនបាននិយាយខុសពីការពិតឡើយ ហើយអ្វីដែលលោកនិយាយជាសិទ្ធិសេរីភាពរបស់លោកស្របតាមរដ្ឋធម្មនុញ្ញ លោកក៏រក្សាជំហរមិនសុំ ទោសនូវអ្វីដែលលោកបានរិះគន់នោះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។