បក្ស​កាន់​អំណាច​ជឿ​ថា ចិន​អាច​ជួយ​កម្ពុជា​ចៀស​ផុត​ពី​ហានិភ័យ​ បើ​អត់ EBA

ដោយ សេក បណ្ឌិត
2019-03-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦។
អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦។
RFA

គណបក្ស​កាន់​អំណាច​ជឿ​ជាក់​ថា ប្រទេស​ចិន​នឹង​អាច​ជួយ​កម្ពុជា​ឱ្យ​ចៀស​ផុត​ពី​បញ្ហា​ផ្សេងៗ​ ដែល​បង្ក​ឡើង​ដោយ​ការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA។ ក៏​ប៉ុន្តែ​អ្នក​ជំនាញ​យល់​ថា នេះ​ជា​រឿង​ដែល​មិន​អាច​ទៅ​រួច ​ព្រោះ​ចិន​មិន​មែន​ជា​ទីផ្សារ​សំខាន់​សម្រាប់​នាំចេញ​ផលិត​ផល​របស់​កម្ពុជា​នោះ​ឡើយ។

សមាជិកព្រឹទ្ធសភា និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​នៅ​ក្នុង​បណ្ដាញ​សង្គម​តេឡេក្រាម (Telegram) នៅ​ថ្ងៃ​ទី២៤ មីនា​ថា ការ​រីក​ចម្រើន​ និង​អភិវឌ្ឍន៍​នៅ​កម្ពុជា ដែល​មាន​សន្ទុះ​ខ្លាំង​ក្លា​ដូច​ពេល​បច្ចុប្បន្ន​ គឺ​ដោយសារ​ការ​គាំទ្រ​ដ៏​ធំធេង​ពី​ប្រទេស​ចិន​។ លោក​បន្ត​ថា មិត្ត​ភាព​កម្ពុជា-ចិន បាន​ឈាន​ដល់​កម្រិត​ភាព​ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ និង​ស៊ីជម្រៅ ព្រម​ទាំង​​មាន​លក្ខណៈ​ស្មោះ​ត្រង់​ជាមួយ​គ្នា​ទៀត​ផង។

មន្ត្រី​ជាន់ខ្ពស់​បក្ស​កាន់​អំណាច​រូប​នេះ​ថ្លែង​ទៀត​ថា របប​ឯក​បក្ស​ក្រុង​ភ្នំពេញ​បាន​ត្រៀម​ខ្លួន​រួច​ហើយ​ក្នុង​ការ​ទប់ទល់​នឹង​ស្ថានការណ៍​ដែល​កម្ពុជា​ត្រូវ​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​សហភាព​អឺរ៉ុប។ លោក​បញ្ជាក់​ថា បើ​កម្មវិធី​អនុគ្រោះ​ពន្ធ​នេះ​ត្រូវ​បាន​ព្យួរ​មែន​នោះ ក្រុង​ប៉េកាំង​​មាន​លទ្ធភាព​គ្រប់​គ្រាន់​ក្នុង​ការ​ជួយ​ឱ្យ​កម្ពុជា​ចៀស​ផុត​ពី​ហានិភ័យ​ផ្សេងៗ​ដែល​អាច​នឹង​កើត​មាន​ឡើង​ជា​យថាហេតុ។

ការ​ថ្លែង​របស់​អ្នកនាំពាក្យ​ចាស់​វស្សា​រូប​នេះ គឺ​ជា​បន្ទរ​តាម​ក្រោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​ញឹកញាប់​តែង​តែ​លើក​សរសើរ​មិន​ដាច់​ពី​មាត់​ពី​គុណ​បំណាច់​របស់​មហា​អំណាច​កុម្មុយនិស្ត​ចិន​ ដែល​ប្រកាស​គាំទ្រ​របប​របស់​លោក​គ្រប់​កាលៈទេសៈ​ទាំង​អស់។

ទោះ​ជា​យ៉ាង​ណា​ក្ដី អ្នក​វិភាគ​យល់​ថា ប្រសិន​បើ​គ្មាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA មហា​អំណាច​ចិន​អាច​ជួយ​របប​លោក ហ៊ុន សែន​ បាន​តែ​មួយ​រយៈពេល​ខ្លី​ប៉ុណ្ណោះ ហើយ​ជួយ​បាន​តែ​ទៅ​លើ​ការ​​​ចំណាយ​របស់​រដ្ឋាភិបាល​ប៉ុណ្ណោះ មិន​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​ការងារ​ជូន​ពលរដ្ឋ​ខ្មែរ​បាន​ឡើយ។

អ្នក​វិភាគ​នយោបាយ លោក គឹម សុខ ថ្លែង​ថា អ្ន​ក​វិនិយោគ​ចិន​បន្ត​រកស៊ី​នៅ​កម្ពុជា ដោយ​សារ​ពួកគេ​ទទួល​បាន​ផល​ចំណេញ​ខ្ពស់​តាម​រយៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដូច្នេះ​បើ​ប្រព័ន្ធ​នេះ​ត្រូវ​បាត់បង់​ នោះ​ពួក​គេ​នឹង​ឈប់​រក​ស៊ី​នៅ​កម្ពុជា។ ម្យ៉ាង​វិញ​ទៀត លោក​ថា ការ​ដែល​ក្រុម​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​រំពឹង​ខ្ពស់​លើ​ទីផ្សារ​របស់​ចិន​ក្នុង​ការ​ស្រូប​យក​ទំនិញ​ពី​កម្ពុជា​នោះ គឺ​ជា​គំនិត​រវើរវាយ ព្រោះ​មហាអំណាច​សេដ្ឋកិច្ច​មួយ​នេះ​ក៏​មាន​ផលិត​ផល​នាំចេញ​ដូច​កម្ពុជា​ដែរ ហើយ​ជាពិសេស​ចិន​ក៏​កំពុង​សម្រួល​ទំនាក់​ទំនង​ជា​មួយ​ប្រទេស​លោក​ខាង​លិច​ផង​ដែរ ដើម្បី​អាច​នាំចេញ​ផលិត​ផល​របស់​ខ្លួន​បាន៖ «ការ​បើក​ទីផ្សារ​របស់​ចិន​ បើក​រាប់​ឆ្នាំ​មក​ហើយ កម្ពុជា​មិន​បាន​នាំ​ទំនិញ​អ្វី​ទៅ​ប្រទេស​ចិន​ច្រើន​នោះ​ទេ ហើយ​មាន​តែ​ចិន​ទៅ​វិញ​ដែល​មក​រកស៊ី ប្រើ​ឈ្មោះ​ប្រទេស​កម្ពុជា​តាម​កម្មវិធី EBA ហ្នឹង ដូច​ជា សំលៀក​បំពាក់ កាត់​ដេរ ស្បែក​ជើង​ ជាដើម​ហ្នឹង នាំ​ទៅ​អឺរ៉ុប​ទៅ​វិញ។ ម្ល៉ោះហើយ​ការ​ដែល​សង្ឃឹម​ទៅ​លើ​ទីផ្សារ​ចិន គឺ​ជា​ការ​រវើរវាយ​ ហើយ​មិន​យល់​អំពី​ស្ថានភាព​ជាក់​ស្ដែង​នៃ​ពាណិជ្ជកម្ម​ដែល​កំពុង​កើតមាន»

កាល​ពី​ចុង​ឆ្នាំ២០១៨ កន្លងទៅ អនុប្រធាន​សភា​តំណាង​ប្រជាជន​ចិន លោក ចាង ឈុនស៊ាន (Zhang Chunxian) បាន​ថ្លែង​ប្រាប់​លោក ហ៊ុន សែន ថា​ ប្រទេស​ចិន​មាន​ទីផ្សារ​ធំ​ណាស់។ ដូច្នេះ​លោក​នឹង​ប្រាប់​ឱ្យ​​ថ្នាក់ដឹកនាំ​ចិន ​ជួយ​ពង្រីក​ទីផ្សារ​​​សម្រាប់​ទំនិញ​កម្ពុជា។ តាំង​ពី​ពេល​នោះ​មក​ លោក ហ៊ុន សែន និង​មន្ត្រី​របស់​លោក បាន​ប្រកាស​ប្រាប់​ពលរដ្ឋ​ឱ្យ​ខិត​ខំ​បង្កើន​ការ​ផលិត ដើម្បី​នាំចេញ​ទៅ​ប្រទេស​ចិន ហើយ​លោក​ហាក់​មាន​ក្តី​​រំពឹង​ខ្ពស់​ថា ចិន​នឹង​អាច​ជួយ​ទិញ​ទំនិញ​ពី​កម្ពុជា​បាន​កាន់​តែ​ច្រើន។

ទោះ​ជា​យ៉ាង​ណា មក​ទល់​ពេល​នេះ​ មាន​តែ​ការ​សន្យា​បង្កើន​ការ​ទិញ​អង្ករ​ពី​កម្ពុជា​ប៉ុណ្ណោះ ក្រៅពី​នេះ​មិន​ទាន់​ឃើញ​ប្រទេស​ចិន​ប្រកាស​ទិញ​អ្វី​ផ្សេង​ទៀត​ពី​កម្ពុជា ជាដុំ​កំភួន​នៅ​ឡើយ​ទេ ខណៈ​ឱសានវាទ​នៃ​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​របស់​សហភាព​អឺរ៉ុប​ចេះតែ​បន្ត​ទៅ​មុខ។

អ្នក​វិភាគ និង​អ្នក​ឃ្លាំមើល​សង្គម​ នៅ​តែ​ទទូច​ឱ្យ​របប​ក្រុង​ភ្នំពេញ​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ ដូច​អ្វី​ដែល​លក្ខខណ្ឌ​តម្រូវ​របស់​សហភាព​អឺរ៉ុប ដើម្បី​បញ្ចៀស​ការ​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA

ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ក្រោម​កម្មវិធី «ទំនិញ​គ្រប់​មុខ លើក​លែង​គ្រឿង​សព្វាវុធ ឬ EBA”» បាន​ជួយ​លើក​ស្ទួយ​ជីវភាព​ពលរដ្ឋ​ខ្មែរ​យ៉ាង​ច្រើន​សម្បើម​ តាម​រយៈ​ការ​បង្កើត​ការងារ​រាប់​សែន​កន្លែង ហើយ​ពលរដ្ឋ​រាប់​លាន​នាក់​បាន​ទទួល​ផល​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​ពី​ការ​អនុគ្រោះ​ពន្ធ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល