បក្សកាន់អំណាចជប៉ុនអបអរលទ្ធផលបោះឆ្នោតកម្ពុជា ខណៈរដ្ឋាភិបាលខ្លួនសម្ដែងការខកចិត្ត
2018.08.11
អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យសេរី ដែលជាបក្សកាន់អំណាចនៃប្រទេសជប៉ុន បានផ្ញើលិខិតអបអរសាទរជ័យជំនះរបស់លោក ហ៊ុន សែន ក្នុងការបោះឆ្នោត ដែលរងការថ្កោលទោស ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ជុំទិស។ ប៉ុន្តែអ្នកវិភាគយល់ថា សាររបស់គណបក្សកាន់អំណាច នៃប្រទេសជប៉ុននៅពេលនេះ មិនមែនមានន័យថា រដ្ឋាភិបាលជប៉ុនផ្ដល់ភាពស្របច្បាប់ដល់លទ្ធផល នៃការបោះឆ្នោត ដែលគ្មានគណបក្សសង្គ្រោះជាតិ ចូលរួមនោះទេ។
តាមរយៈលិខិតចុះថ្ងៃទី៨ សីហា សរសេរទៅកាន់លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យសេរី ដែលជាបក្សកាន់អំណាចនៃប្រទេសជប៉ុន លោក តូស៊ីហ៊ីរ៉ុ នីកៃ (Toshihiro Nikai) ថ្លែងថា លោកសូមអបអរសាទរចំពោះជ័យជំនះ របស់គណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោត កន្លងទៅថ្មីនេះ។
សារអបអរសាទររបស់បក្សកាន់អំណាច ផ្ទុយគ្នាទាំងស្រុងទៅនឹងជំហររបស់រដ្ឋាភិបាលជប៉ុន ដែលនៅពេលថ្មីៗនេះ ទើបតែប្រកាសមិនពេញចិត្ត ទៅនឹងលទ្ធផលបោះឆ្នោតនេះទេ។
កាលពីថ្ងៃទី៤ ខែសីហា នាកិច្ចប្រជុំអាស៊ានក្នុងប្រទេសសិង្ហបុរី រដ្ឋមន្ត្រីការបរទេសជប៉ុន លោក តារ៉ូ កូណូ (Taro Kono) បានថ្លែងប្រាប់រដ្ឋមន្ត្រីការបរទេសរបបក្រុងភ្នំពេញ លោក ប្រាក់ សុខុន ថា ការបោះឆ្នោតនៅកម្ពុជា មានរឿងគួរឱ្យខកចិត្តច្រើនយ៉ាង។ ប្រមុខការទូតជប៉ុនរូបនោះ បានជំរុញឱ្យរបបលោកហ៊ុន សែន បន្តពង្រឹងដំណើរការប្រជាធិបតេយ្យ តាមរយៈការបង្កើតបរិយាកាសជួបជជែកគ្នា ជាមួយគណបក្សប្រឆាំងឡើងវិញ និងធានាការពារសិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរ។
អាស៊ីសេរីបានព្យាយាមទាក់ទងស្ថានទូតជប៉ុនប្រចាំកម្ពុជា និងតំណាងគណបក្សរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ (Shinzo Abe) ដើម្បីសុំការអត្ថាធិប្បាយបន្ថែម ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតបនៅឡើយ គិតត្រឹមម៉ោងផ្សាយនេះ។
អ្នកវិភាគនយោបាយលោក ហង្ស វិទូ យល់ថា ការដែលអគ្គលេខាធិការបក្សកាន់អំណាចជប៉ុន សរសេរលិខិតអបអរសាទរ ទៅកាន់លោក ហ៊ុន សែន បែបនេះ ពុំឆ្លុះបញ្ចាំងថា ជប៉ុនប្ដូរឥរិយាបថ មកផ្ដល់ភាពស្របច្បាប់ ដល់របបលោក ហ៊ុន សែន នោះឡើយ។ លោកចាត់ទុកទង្វើនោះថា គ្រាន់តែជាទំនៀមទម្លាប់ការទូតបែបទន់ភ្លន់របស់ជប៉ុន និងដើម្បីការពារផលប្រយោជន៍ របស់ប្រទេសជប៉ុននៅកម្ពុជាតែប៉ុណ្ណោះ៖ «ជប៉ុនគេខ្វល់ខ្វាយ គេយកចិត្តទុកដាក់ជាមួយកម្ពុជា ក៏ប៉ុន្តែគេមិនចោលបាននូវផលប្រយោជន៍របស់គេនៅលើទឹកដីកម្ពុជាបានទេ។ អាហ្នឹងយើងនិយាយជាក់ស្ដែង។ អ៊ីចឹងជប៉ុន គេធ្វើស្អីមួយគេត្រូវតែគិតដល់ផលប្រយោជន៍ជាតិរបស់គេជាធំ។ បើឧទាហរណ៍ថា ពេលមានទំនាស់ជាមួយរដ្ឋាភិបាលរបស់លោក ហ៊ុន សែន វាធ្វើអោយធុរកិច្ចរបស់គេ ផលប្រយោជន៍របស់គេនៅកម្ពុជាហ្នឹងវាអាក់ខាន ឬមួយក៏មានរកាំរកូស។ អ៊ីចឹងទោះចង់មិនចង់ ខ្ញុំជឿជាក់ថា ជប៉ុនអាចធ្វើដោយបង្ខំចិត្តនៅក្នុងការយកចិត្តរដ្ឋាភិបាលកម្ពុជាដើម្បីឲ្យខ្លួនស្រួលទទួលផលប្រយោជន៍ពីប្រទេសកម្ពុជា»។
លោកបន្តថា ការដែលជប៉ុន មិនបានបញ្ជូនអ្នកសង្កេតការណ៍ មកឃ្លាំមើលការបោះឆ្នោតថ្ងៃទី២៩ កក្កដា បានបញ្ជាក់យ៉ាងច្បាស់រួចទៅហើយថា ជប៉ុនមិនគាំទ្រដំណើរការបោះឆ្នោត ដែលរៀបចំដោយលោក ហ៊ុន សែន នោះទេ។
ស្រដៀងគ្នានេះ សកម្មជនគណបក្សសង្គ្រោះជាតិ នៅប្រទេសជប៉ុន លោក ហៃ វណ្ណា ជឿថា សារអបអររបស់អគ្គលេខាធិការបក្សកាន់អំណាច នៃប្រទេសជប៉ុនដែលត្រូវបានយកទៅដល់ដៃ លោកហ៊ុន សែន ផ្ទាល់ ដោយសមាជិកសភាជប៉ុន លោក ម៉ាសាហ៊ីរ៉ូ អ៊ីម៉ាមឺរ៉ា (Masahiro Imamura) គឺជាយុទ្ធសាស្ត្រដែលរដ្ឋាភិបាលជប៉ុន ប្រើក្នុងបំណងចូលទៅកៀកលោក ហ៊ុន សែន ដើម្បីជំរុញឲ្យមានដំណោះស្រាយនយោបាយ នៅកម្ពុជាប៉ុណ្ណោះ មិនមែនជាការផ្ដល់ភាពស្របច្បាប់ ដល់របបថ្មីរបស់លោក ហ៊ុន សែន ឡើយ៖ «ខ្ញុំនៅតែមានជំហរសុទិដ្ឋិនិយមថា គេអត់មានប្រកាន់ជំហរគាំទ្រទេខាងរដ្ឋាភិបាលណោះ ប៉ុន្តែដោយសារខាងរដ្ឋាភិបាលគេ មិននិយាយអីអោយវាលើសជាងហ្នឹងទៅទៀត អ៊ីចឹងគេសុខចិត្តមិននិយាយទៅវិញ។ បើថា ករណីថា គេប្រកាសគាំទ្រ ខ្ញុំគិតថា វាមិនអាចទៅរួចទេ ហើយអ៊ីចឹងទៅដើម្បីទៅនិយាយជាមួយលោក ហ៊ុន សែន ឲ្យកៀកស្និទ្ធស្នាល គេប្រើប្រាស់គណបក្សកាន់អំណាចដើម្បីទៅសរសេរលិខិតហ្នឹង។ ប៉ុន្តែក្នុងចិត្តរបស់ជប៉ុនគឺគេដឹង។ គេមិនចង់សរសេរទេ តែគេចាំបាច់ត្រូវសរសេរដើម្បីអោយខ្លួនគេហ្នឹងកៀកជាមួយនឹងលោក ហ៊ុន សែន ដើម្បីអាចនិយាយអ្វីដែលលើសពីហ្នឹង»។
លោក ហៃ វណ្ណា លើកឡើងដែរថា ពលរដ្ឋខ្មែរនៅប្រទេសជប៉ុនគ្រោងនឹងប្រមូលផ្ដុំ គ្នាតវ៉ាប្រឆាំងរបបលោក ហ៊ុន សែន ជាថ្មីទៀត នៅមុនថ្ងៃដែលលោក ហ៊ុន សែន បង្កើតរដ្ឋាភិបាលថ្មី ដើម្បីបន្តបង្ហាញដល់រដ្ឋាភិបាលជប៉ុនឲ្យដឹងថា ពលរដ្ឋខ្មែរនៅប្រទេសជប៉ុន មិនទទួលស្គាល់របបថ្មី ដែលកើតចេញពីការបោះឆ្នោតក្លែងក្លាយ រៀបចំដោយលោក ហ៊ុន សែន នោះឡើយ៕