លោក សម រង្ស៊ី ទៅដល់​ដី​អាមេរិក​គ្រោង​ជួប​សកម្មជន​មុន​ជួប​មន្ត្រី​អាមេរិក

ដោយ ទីន ហ្សាការីយ៉ា
2021.08.20
លោក សម រង្ស៊ី ទៅដល់​ដី​អាមេរិក​គ្រោង​ជួប​សកម្មជន​មុន​ជួប​មន្ត្រី​អាមេរិក លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ និង​ថ្នាក់ដឹកនាំ​គណបក្ស​របស់​ខ្លួន។
RFA/Sorn Chanratha

លោក សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ បាន​ទៅ​ដល់​សហរដ្ឋអាមេរិក​ដើម្បី​ធ្វើ​នយោបាយ​ការទូត​ជាមួយ​មន្ត្រី​អាមេរិក និង​ជួប​សកម្មជន​របស់​ខ្លួន​ក្នុង​ប្រទេស​នេះ។ មន្ត្រី​បក្ស​កាន់អំណាច​ថា ដំណើរ​ទស្សនកិច្ច​នេះ​មាន​ចរិត​ពិសពុល​ចង់​បំផ្លាញ​កម្ពុជា​មិន​ឈប់។

លោក សម រង្ស៊ី មាន​ពេលវេលា​មួយ​ខែ បំពេញបេសកកម្ម​របស់​លោក​ដើម្បី​ជួប​អ្នកមុខអ្នកការ​នៃ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក សមាជិក​ព្រឹទ្ធសភា និង​សមាជិក​រដ្ឋសភា​សំខាន់ៗ​ដែល​កំពុង​ធ្វើ​ច្បាប់​ដាក់​ទណ្ឌកម្ម​មេដឹកនាំ​កម្ពុជា​ដែល​រំលោភសិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ​។ លោក សម រង្ស៊ី អាច​នឹង​ជួប​អ្នកគាំទ្រ​របស់​ខ្លួន​មុន​សិន មុននឹង​ជួប​សមាជិក​ព្រឹទ្ធសភា​និង​រដ្ឋសភា​របស់​អាមេរិក។

អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​លោក អេង ឆៃអ៊ាង ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថ្ងៃទី​២០ ខែសីហា ថា លោក សម រង្ស៊ី បាន​មក​ដល់​ទឹកដី​សហរដ្ឋអាមេរិក​ហើយ​។ លោក អេង ឆៃអ៊ាង ថា លោក សម រង្ស៊ី មិន​ទាន់​កំណត់ពេល​ជាក់លាក់​ជួប​តំណាងរាស្ត្រ សមាជិក​ព្រឹទ្ធសភា និង​មន្ត្រី​ពាក់ព័ន្ធ​ផ្សេងទៀត​នៅឡើយ​ទេ ព្រោះ​ពេលនេះ​សភា​អាមេរិក​កំពុង​សម្រាក។ ទោះ​យ៉ាង​ណា លោក សម រង្ស៊ី គ្រោង​ជួប​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​សកម្មជន​របស់​លោក​នា​ដើមខែ​កញ្ញា​ខាងមុខ​ដើម្បី​រៀបចំ​យុទ្ធសាស្ត្រ ផែនការ​សកម្មភាព​នយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក​ថា ក្រៅ​ពី​នេះ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ ក៏​នឹង​ជួប​អ្នកគាំទ្រ​របស់​លោក​នៅ​តាម​មូលដ្ឋាន​នានា​ក្នុង​សហរដ្ឋអាមេរិក​ផង​ដែរ៖ «យើង​នឹង​មាន​ធ្វើ​សិក្ខាសាលា​មួយ នៅ​សហរដ្ឋអាមេរិក​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​អាមេរិក​ហ្នឹង​ណា​ដើម្បី​និយាយ​គ្នា​ជាមួយ​យុទ្ធសាស្ត្រ​របស់​គណបក្ស​សម្រាប់​បន្ត​ក្នុងឆ្នាំនេះ​និង​ឆ្នាំក្រោយ ហើយនឹង​ពង្រឹងសមត្ថភាព​ថ្នាក់ដឹកនាំ​យើង​នៅ​ប្រទេស»

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ចំអក​ថា ក្រុម​លោក សម រង្ស៊ី​អាច​ត្រឹម​ជួប​សមាជិកសភា​អាមេរិក​ពីរ​បី​នាក់ ជា​លក្ខណៈ​ឯកជន​ឬ​ជំនួប​ក្រៅផ្លូវការ​ប៉ុណ្ណោះ​។ អ្នកនាំពាក្យ​រូប​នេះ​នៅតែ​ចោទ​ប្រកាន់​ថា លោក សម រង្ស៊ី ជា​ឧទ្ទាម​ក្រៅច្បាប់ ដូច្នេះ​បើ​សមាជិកសភា ឬ​មន្ត្រី​អាមេរិក​ជួប​ក្រុម​លោក សម រង្ស៊ី ស្មើនឹង​ក្រុម​ជនឧក្រិដ្ឋ។

ទោះយ៉ាង​ណា​ពេល​អ្នករាយការណ៍​វិទ្យុ​អាស៊ីសេរី​សួរ​លោក​ថា តើ​រដ្ឋាភិបាល​កម្ពុជា​មាន​គម្រោង​ស្នើ​ទៅ​សហរដ្ឋ​អាមេរិក​ឱ្យ​ចាប់ខ្លួន​លោក សម រង្ស៊ី បញ្ជូន​មក​កម្ពុជា​វិញ​ទេ​? លោក​បែរ​ឆ្លើយ​ថា ទុក​ឲ្យ​លោក សម រង្ស៊ី នៅ​ក្រៅ​ប្រទេស​ចុះ ទោះបីជា​លោក​ចោទប្រកាន់​សកម្មភាព​របស់​លោក សម រង្ស៊ី នៅ​ក្រៅ​ស្រុក កំពុង​បំផ្លាញ​កម្ពុជា​ក្ដី៖ «ជា​បុគ្គល​ទទួល​ឧទ្ទាម​ក្រៅច្បាប់​ខ្ញុំ​យល់ថា អត់​ត្រឹមត្រូវ​សមស្រប​ទៅ​នឹង​ប្រទេស​ប្រជាធិបតេយ្យ​ព្រោះ​ក្នុង​ហ្នឹង​ជា​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​មាន​ចរិត​ពិសពុល​ចង់​កម្ពុជា»

ឆ្លើយតប​ការ​លើកឡើង​របស់​លោក សុខ ឥសាន បែប​នេះ លោក អេង ឆៃអ៊ាង ប្រាប់​ថា បើសិន​របប​លោក ហ៊ុន សែន គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នោះ មិនមែន​ប្រទេស​លោក​សេរី និង សហរដ្ឋអាមេរិក​ផង​នោះ ធ្វើ​ច្បាប់​ដាក់ទណ្ឌកម្ម​ក្រុម​លោក ហ៊ុន សែន ជា​បន្តបន្ទាប់​នោះ​ទេ។

គណៈកម្មាធិ​ការ​កិច្ចការបរទេស​រដ្ឋសភា​អាមេរិក កាលពី​ថ្ងៃទី​២៨ កក្កដា បាន​អនុម័ត​សេចក្តី​ព្រាង “ ច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ​កម្ពុជា ឆ្នាំ​២០២១» H.R.4686 ដើម្បី​ដាក់ទណ្ឌកម្ម​ក្រុម​មេដឹកនាំ​នៅ​កម្ពុជា ដោយសារតែ​បាន​រម្លាយ​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។

ទន្ទឹម​គ្នា​នេះ សមាជិក​ព្រឹទ្ធសភា​អាមេរិក​ដ៏​មាន​ឥទ្ធិពល ៣ រូប ផ្សេងទៀត ក៏​កំពុង​ត្រៀម​ដាក់​សេចក្តី​ព្រាង​ច្បាប់​ដាក់ទណ្ឌកម្ម​ស្រដៀង​គ្នា​មួយទៀត គឺ (​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​កម្ពុជា​) ទៅ​ឱ្យ​ព្រឹទ្ធសភា​អាមេរិក​ពិនិត្យ ដើម្បី​ដាក់ទណ្ឌកម្ម​ក្រុម​មេដឹកនាំ​នៅ​កម្ពុជា​ដែរ​។ សមាជិក​ព្រឹទ្ធសភា​ទាំងនេះ បាន​ចេញ​សេចក្ដីថ្លែងការណ៍​កាលពី​ថ្ងៃ​ដើមខែ​សីហា​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ដឹកនាំ​ប្រទេស​តាម​បែប​ឯក​បក្ស​ដែល​រំលោភ​រដ្ឋធម្មនុញ្ញ​កម្ពុជា តាមរយៈ​អំពើពុករលួយ ការ​ហាមឃាត់​សិទ្ធិ​អ្នកនយោបាយ​បក្ស​ប្រឆាំង ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ បង្កើត​ច្បាប់​បែប​គាបសង្កត់ ព្រមទាំង​ការ​បង្ក្រាប​លើ​សេរីភាព​បញ្ចេញមតិ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ជាដើម។

ប្រធាន​អនុ​គណៈកម្មាធិការ​ទំនាក់ទំនង​ការបរទេស​នៃ​ព្រឹទ្ធសភា​អាមេរិក ទទួលបន្ទុក​កិច្ចការ​អាស៊ី​បូព៌ា លោក អ៊ែដ ម៉ារ៍ឃី (Ed Markey) ថ្លែងថា ពលរដ្ឋ​ខ្មែរ​សមតែ​ទទួល​បាន​នូវ​អ្វី​ដែល​ជា​ការ​សន្យា​នៅក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​១៩៩១​។ នោះ​គឺ​លទ្ធិប្រជាធិបតេយ្យ​បែប​តំណាង​ដែល​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​របស់​ពលរដ្ឋ មិនមែន​ជា​ការគ្រប់គ្រង​បែប​ផ្ដាច់ការ​ឯកបក្ស​បែប​នេះ​ឡើយ​។​

អ្នកវិភាគ​នយោបាយ​លោក​បណ្ឌិត សេង សារី យល់​ថា ការ​បំពេញ​បេសកកម្ម​របស់​លោក សម រង្ស៊ី ពេល​នេះ អាច​ទាក់ទង​នឹង​ស្ថានការណ៍​នយោបាយ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ខណៈ​ចិន​កំពុង​ពង្រីក​ឥទ្ធិពល​របស់​នៅ​តំបន់​នេះ​។ លោក​យល់​ថា សហរដ្ឋអាមេរិក​ចាំបាច់​ត្រូវ​ប្រមែប្រមូល និង​ពង្រឹង​អ្នក​ប្រជាធិបតេយ្យ​ក្នុង​តំបន់​នេះ​ឡើងវិញ​។ ចំពោះ​ស្ថានការណ៍​នយោបាយ​កម្ពុជា លោក បណ្ឌិត សេង សារី យល់​ថា វត្តមាន​លោក សម រង្ស៊ី នៅ​លើ​ទឹកដី​អាមេរិក​ពេលនេះ​អាច​ក្រុម​សមាជិកសភា​សហរដ្ឋអាមេរិក​ត្រូវការ​លោក សម រង្ស៊ី ដើម្បី​ធ្វើជា​សាក្សី បន្ថែម ក្នុង​ការ​ជំរុញ​ឲ្យ​ការ​ធ្វើ​ដាក់​ទណ្ឌកម្ម​រដ្ឋាភិបាល លោក ហ៊ុន សែន ឆាប់​ចេញ​ជា​រូបរាង៖ «ប្រហែលជា​វត្តមាន​លោក សម រង្ស៊ី នៅក្នុង​សហរដ្ឋអាមេរិក​គឺជា​ផ្នែក​មួយ​ជា​សាក្សី​ក្នុង​ការជំរុញ​ការ​អនុម័ត​ច្បាប់​ប្រជាធិបតេយ្យ ឬ​ច្បាប់​ទណ្ឌកម្ម​ថ្មី​មក​លើ​កម្ពុជា​ហើយ​ប្រហែល​ការ​អញ្ជើញ​ទៅ​របស់​លោក សម រង្ស៊ី ជា​ការ​អញ្ជើញ​របស់​សមាជិក​សភា​ដែល​ជា​អ្នក​ផ្ដួចផ្ដើម​បង្កើត​ច្បាប់​ប្រឆាំង​រដ្ឋាភិបាល​ដែល​ដឹកនាំ​កម្ពុជា​ចេញពី​គន្លង​ប្រជាធិបតេយ្យ​នោះ​ឯង»

លោក សម រង្ស៊ី គ្រោង​នឹង​ប្រាប់​ផ្ទាល់​មាត់​ទៅ សមាជិកសភា និង​មន្ត្រី​អាមេរិក អំពើ​អំពើ​រំលោភសិទ្ធិ និង​ការ​ធ្វើទុក្ខបុកម្នេញ​លើ​សកម្មជន​នយោបាយ សិទ្ធិមនុស្ស បរិស្ថាន ដីធ្លី និង អ្នកធ្វើ​កិច្ចការ​ព្រំដែន​ដែល​របប​ក្រុងភ្នំពេញ​បាន​ធ្វើទុក្ខបុកម្នេញ និង​ចាប់​ដាក់​ពន្ធនាគារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។