មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចអះអាងថា គណៈរដ្ឋមន្ត្រីថ្មីរបស់គណបក្សនេះដែលកើតក្រោយការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា គឺមានការផ្លាស់ប្ដូរសមាជិកមួយចំនួនចេញដោយជំនួសមកវិញនូវមន្ត្រីក្មេងៗ។ ទោះជាយ៉ាងណា អ្នកឃ្លាំមើលស្ថានការណ៍នយោបាយ ថា បើទោះជាគណបក្សប្រជាជនកម្ពុជា ប្ដូរសមាជិកគណៈរដ្ឋមន្ត្រីថ្មីក្ដី តែមនុស្សទាំងនោះ គឺនៅតែជាកូនៗរបស់មន្ត្រីចាស់ដដែល។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ឱ្យវិទ្យុអាស៊ីសេរីដឹងថា ប្រសិនបើគណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោតក្រោយថ្ងៃទី២៣ ខែកក្កដា ដូចការគ្រោងទុក គណៈរដ្ឋមន្ត្រីថ្មីរបស់គណបក្សប្រជាជនកម្ពុជានឹងកើតឡើង ដោយមានឈាមថ្មីនឹងឡើងមកជំនួសតំណែងឈាមចាស់។ លោក សុខ ឥសាន អះអាងថា មន្ត្រីវ័យក្មេងមកជំនួសមន្ត្រីចាស់ៗទាំងនោះគឺស្ថិតក្នុងសម្រេចចិត្តរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ទោះយ៉ាងណា លោក សុខ ឥសាន មិនទាន់អាចបញ្ជាក់ថា រដ្ឋមន្ត្រីរូបណាខ្លះនឹងត្រូវបានលោក ហ៊ុន សែន ដាក់ឱ្យចូលនិវត្តន៍ ហើយរដ្ឋមន្ត្រីវ័យក្មេងណាខ្លះនឹងក្លាយជាសមាជិកគណៈរដ្ឋមន្ត្រីថ្មីនៅឡើយទេ។ អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ ក៏មិនទាន់អាចបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត នឹងឡើងធ្វើនាយករដ្ឋមន្ត្រី ជំនួសឪពុករបស់ខ្លួននៅពេលណានោះដែរ។
លោក សុខ ឥសាន៖«បើសម្ដេចនាយករដ្ឋមន្ត្រី ប្រធានគណបក្សលោកមានប្រសាសន៍ថា មានសមាសភាពថ្មី គឺថ្មីហើយឈាមថ្មីប្ដូរឈាមចាស់អ្នកមុន ដូច្នេះលោកសង្ស័យនៅមានអ្នកចាស់អីទៀត អេ ចាំមើលទាំងអស់គ្នាទៅ មិនយូរ ប៉ុន្មានឯណា នៅក្រោយការបោះឆ្នោតយ៉ាងយូរ ៦០ថ្ងៃ យើងឃើញហើយ ឱ្យខ្ញុំថា ម៉េចត្រូវព្រោះខ្ញុំមិនមែនអ្នកទាយឯណា?។»)
លោក សុខ ឥសាន អះអាងថា ក្រោយពេលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការរួចហើយ រដ្ឋសភា នឹងចាប់ផ្ដើមបើកប្រជុំលើកដំបូងរបស់ខ្លួនមិនឱ្យលើសរយៈ៦០ថ្ងៃក្រោយការប្រកាសលទ្ធផលឆ្នោតនេះទេ។ លោកបន្តទៀតថា នៅពេលរដ្ឋសភា ជ្រើសតាំងប្រធាន អនុប្រធាន និងប្រធានគណៈកម្មការទាំង១០រួចហើយ គណបក្សដែលឈ្នះឆ្នោតនឹងបញ្ជូនឈ្មោះបេក្ខជននាយករដ្ឋមន្ត្រី ទៅព្រះមហាក្សត្រ ហើយនៅពេលព្រះមហាក្សត្រទទួលស្គាល់ឥស្សរជន រូបនេះនាយករដ្ឋមន្ត្រី គណៈរដ្ឋមន្ត្រីថ្មីនឹងត្រូវដាក់ជូនរដ្ឋសភា បោះឆ្នោតផ្ដល់ សេចក្ដីទុកចិត្ត។
ទាក់ទងរឿងនេះដែរ ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា យល់ថា ការផ្ដល់ឱកាសឱ្យក្មេងជំនាន់ក្រោយបានបម្រើការងារជាសមាជិកគណៈរដ្ឋមន្ត្រីគឺជារឿងល្អ ប៉ុន្តែលោកព្រួយបារម្ភថា រដ្ឋមន្ត្រីថ្មីៗទាំងនោះនៅតែបំពេញការងារ តាមបង្គាប់បញ្ជាពីក្រុមមនុស្សចាស់ដដែល។ លោកបន្តទៀតថា ប្រសិនបើ រដ្ឋមន្ត្រីថ្មីទាំងនោះជាកូនៗរបស់អតីតរដ្ឋមន្ត្រីចាស់ៗ ក៏នឹងធ្វើឱ្យកើតមានជាទំនាស់ផលប្រយោជន៍ និងធ្វើឱ្យមានអំណាចប្រមូលផ្ដុំ ដូចសព្វនេះដដែល។
លោក រស់ សុដ្ឋា៖«យុវជនឡើងមកហើយ យុវជនជាកូនឪពុកម្ដាយកាន់ការងារធំហ្នឹង អ្វីៗនៅក្នុងការទ្រទ្រង់តួនាទីភារកិច្ចរបស់ឪពុកម្ដាយ កម្រណាស់យើងកម្រឃើញកូនណាទៅប្រឆាំងឪ អ៊ីចឹងហើយគេហៅថា ទស្សនៈគំនិតអំណាចប្រមូលផ្ដុំ សែស្រឡាយមកអ៊ីចឹងទៅប៉ះពាល់សសរស្ដម្ភប្រជាធិបតេយ្យ ធ្វើឱ្យហ្នឹងមិនរឹងមាំ»។
លោក ហ៊ុន សែន ធ្លាប់អះអាងថា លោកបានត្រៀមគណៈរដ្ឋមន្ត្រីថ្មីរួចហើយ ដែលមានរដ្ឋមន្ត្រីជាក្មេងជំនាន់ក្រោយអាយុក្រោម ៦០ឆ្នាំ។ ទន្ទឹមនឹងប្រកាសសមាសភាពគណៈរដ្ឋមន្ត្រីថ្មីនេះ លោក ហ៊ុន សែន ធ្លាប់ត្អូញត្អែរជាញឹកញាប់ថា សមាជិកគណៈរដ្ឋមន្ត្រីរបស់លោកមួយចំនួនអសកម្ម ឬយឺតយ៉ាវ ក្នុងការបំពេញការងារ ហើយរដ្ឋមន្ត្រីខ្លះទៀតបញ្ជូនឯកសារការងារ មកលោក គឺមិនបានពិនិត្យអក្ខរាវិរុទ្ធ និងមិនបានចុះថ្ងៃខែច្បាស់លាស់ជាដើម។
អ្នកវិភាគនយោបាយ លោក គឹម សុខ លើកឡើងថា ក្រោយការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា លោក ហ៊ុន សែន មានជម្រើសពីរ ក្នុងការបង្កើតគណៈរដ្ឋមន្ត្រីថ្មី គឺលោកបញ្ជូនឈ្មោះលោក ហ៊ុន ម៉ាណែត ឱ្យធ្វើជានាយករដ្ឋមន្ត្រីថ្មី។ ចំណែកជម្រើសមួយទៀតគឺ លោក ហ៊ុន សែន គ្រប់គ្រងគណៈរដ្ឋមន្ត្រីមួយរយៈពេលសិន ទើបលោក ប្រគល់តួនាទីនាយករដ្ឋមន្ត្រី ទៅលោក ហ៊ុន ម៉ាណែត។ លោកបន្តទៀតថា ឈាមថ្មីរបស់គណបក្សប្រជាជនកម្ពុជា ដែលនឹងក្លាយជាសមាជិកគណៈរដ្ឋមន្ត្រី មិនមែនមនុស្សមកពីណា ក្រៅពីក្រុមមនុស្សលោក ហ៊ុន ម៉ាណែត ហើយអ្នកទាំងនោះគឺកូនៗរបស់រដ្ឋមន្ត្រី នៃរដ្ឋាភិបាល លោក ហ៊ុន សែន សព្វថ្ងៃនេះឯង។
លោក គឹម សុខ៖«ឈាមថ្មី មារយាទចាស់មារយាទបំផ្លាញជាតិ មារយាទលក់ជាតិ មារយាទធ្វើទុក្ខបុកម្នេញប្រជាពលរដ្ឋមារយាទហិង្សា មារយាទផ្ដាច់ការ សុទ្ធតែគំរូអាក្រក់ទាំងអស់ដែលចម្លងពីឈាមចាស់ៗហ្នឹងមារយាទកុម្មុយនិស្តតែម្ដង ដូច្នេះអត់នាំផលចម្រើនទៅដល់ប្រទេសជាតិ និងប្រជាពលរដ្ឋទេ»។
នៅពេលលោក ហ៊ុន សែន តែងតាំងកូនប្រុសច្បងរបស់ខ្លួនគឺលោក ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីបន្តវេនពីលោក ប្រមុខរដ្ឋាភិបាលរូបនេះ ក៏បានតែងតាំងកូនៗរបស់រដ្ឋមន្ត្រីមួយចំនួនធ្វើជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការនៅតាមក្រសួងស្ថាប័នដែលឪពុករបស់អ្នកទាំងនោះធ្វើជារដ្ឋមន្ត្រី។ ក្នុងនោះរួមមាន៖ កូនប្រុសបង្កើតរបស់លោក ជា សុផារ៉ា គឺលោក ផារ៉ា មង្គល ឱ្យធ្វើជារដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។ រដ្ឋមន្ត្រីរ៉ែ និងថាមពល លោក ស៊ុយ សែម មានកូនប្រុសឈ្មោះ ស៊ុយ ឌីម៉ង់ គឺជារដ្ឋលេខាធិការក្រសួងនោះដែរ។ ទន្ទឹមគ្នានេះ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ក៏មានកូនប្រុស ២នាក់របស់លោកឈ្មោះ យ៉ិនទៀង ពុទ្ធិរិទ្ធ និងយ៉ិនទៀង ពុទ្ធិរ៉ា ជាឧបការីនៃអង្គភាពមួយនេះ ដែលមានឋានៈស្មើរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ។ ចំណែកក្រសួង ស្ថាប័នជាតិផ្សេងទៀតក៏មានការអនុវត្តដូចៗគ្នានេះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។