អ្នកនាំពាក្យ​គណបក្ស ប្រជាជន​កម្ពុជា និង​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ និង​កូរ៉េ មាន​ទស្សនៈ​ផ្ទុយ​គ្នា​អំពី​ព្រឹត្តិការណ៍​សមាជ និង​បាតុកម្ម​នៅ​កូរ៉េ

ដោយ ជុន ច័ន្ទបុត្រ
2019-04-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍ នា​ទី​ស្នាក់​ការ​កណ្ដាល គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី៣០ ខែ​កក្កដា ឆ្នាំ​២០១៨។
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍ នា​ទី​ស្នាក់​ការ​កណ្ដាល គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី៣០ ខែ​កក្កដា ឆ្នាំ​២០១៨។
AFP

ភ្លាមៗ បន្ទាប់​ពី​សមាជ​​អ្នក​ប្រជាធិបតេយ្យ និង​បាតុកម្ម​ភ្លើង​ទៀន នៅ​ទីក្រុង​ក្វាងជូ ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​បញ្ចប់​នៅ​ថ្ងៃ​អាទិត្យ ទី២១ មេសា អ្នកនាំពាក្យ​គណបក្ស ប្រជាជន​កម្ពុជា ចាត់​ទុក​ព្រឹត្តិការណ៍​ថា ជា​រឿង​ឥត​ប្រយោជន៍។ ក៏​ប៉ុន្តែ​ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ សម្រាប់​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ និង​កូរ៉េ​វិញ ចាត់​ទុក​ព្រឹត្តិការណ៍​ថា ជា​និមិត្តរូប​ដ៏​សំខាន់​មួយ​តំណាង​ឱ្យ​មាន​ការ​តស៊ូ និង​ការ​ផ្លាស់​ប្ដូរ​នៅ​កម្ពុជា។

លោក សុខ ឥសាន បាន​សរសេរ​នៅ​ក្នុង​ប្រព័ន្ធ​តេឡេក្រាម​កាល​ពី​ថ្ងៃ​ទី២១ មេសា​ថា ការ​ធ្វើ​បាតុកម្ម កាល​ពី​ថ្ងៃ​ទី២០ មេសា ដោយ​ចោទ​ជា​សំណួរ​ថា តើ​ការ​ស្រែក​ទាមទារ​ពី​ចម្ងាយ​ឲ្យ​អ្នក​កំពុង​កាន់​តំណែង​ចុះ​ចេញ​ពី​អំណាច​នោះ បាន​ការ​ស្អី​ទៅ? គឺ​បាន​តែ​ស្រែក​ពី​ចម្ងាយ​ស្ងួត​បំពង់​ក​ឥត​ប្រយោជន៍។

លោក សុខ ឥសាន ស្នើសុំ​ឲ្យ​ក្រុម​អ្នក​ធ្វើ​បាតុកម្ម​ទាំង​អស់​ឲ្យ​ចូល​ក្នុង​ប្រទេស។ លោក​បញ្ជាក់​ថា បើ​ចង់​ទម្លាក់​អ្នក​កំពុង​កាន់​អំណាច មាន​តែ​នាំ​គ្នា​ចូល​ទៅ​ក្នុង​ប្រទេស ហើយ​ធ្វើ​សកម្មភាព​ទម្លាក់​ទៅ នោះ​នឹង​ដឹង​លទ្ធផល​ជាក់​ស្ដែង​ហើយ។ មិន​បាច់​ធ្វើ​សកម្មភាព​ធ្វើ​បាតុកម្ម​ស្រែក​ពី​កន្លែង​ឆ្ងាយ​រាប់​ពាន់​គីឡូ​ម៉ែត្រ​នោះ​ទេ គ្មាន​បាន​ការ​អ្វី​ទេ។

លោក សុខ ឥសាន បាន​ឆ្លើយ​តប​បែប​នេះ​ភ្លាមៗ ក្រោយ​ពី​អ្នក​ប្រជាធិបតេយ្យ មក​ពី​ប្រទេស​នានា ជុំវិញ​ពិភព​លោក បាន​ធ្វើ​សមាជ​អ្នក​ប្រជាធិបតេយ្យ និង​មហា​បាតុកម្ម​ភ្លើង​ទៀន នៅ​ទីក្រុង​ក្វាងជូ ប្រទេស​កូរ៉េ​ខាង​ត្បូង​រយៈ​ពេល ៣ថ្ងៃ ហើយ​បាន​បញ្ចប់​នៅ​ថ្ងៃ​អាទិត្យ ទី២១ មេសា។

អង្គ​សមាជ​នោះ បាន​ចេញ​សេចក្ដី​សម្រេច​រួម​គ្នា​មួយ ទាមទារ​ឱ្យ​មាន​ការ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ជា​បន្ទាន់​ឡើង​វិញ ក្រោយ​ពី​ត្រូវ​បាន​បំផ្លាញ​ចោល​ដោយ​របប​ក្រុង​ភ្នំពេញ។

អ្នក​វិភាគ​ដែល​ចូលរួម និង​សង្កេតការណ៍​វាយ​តម្លៃ​ថា ទាំង​សមាជ និង​មហា​បាតុកម្ម​ភ្លើង​ទៀន គឺ​ជា​ជោគជ័យ​សម្រាប់​អ្នក​ប្រជាធិបតេយ្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល