លោក សម រង្ស៊ី ហៅ​អ្នក​នយោបាយ​៤៤​រូប​ទើប​ស្បថ​​យក​តំណែង​​​ថា​ជា «តំណាងរាស្ត្រ​ក្លែងក្លាយ»

ដោយ មាន ឫទ្ធិ
2017-11-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​អំពី​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា នា​ទីក្រុង​ឡុងប៊ិច (Long Beach) រដ្ឋ​កាលីហ្វ័នីញ៉ា (California) នៃ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។
អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​អំពី​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា នា​ទីក្រុង​ឡុងប៊ិច (Long Beach) រដ្ឋ​កាលីហ្វ័នីញ៉ា (California) នៃ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។
RFA/Chun Chanboth

អតីត​ប្រធាន និង​ជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ហៅ​អ្នក​នយោបាយ ៤៤​រូប ដែល​បាន​នាំ​គ្នា​ចូល​ស្បថ​ក្នុង​ព្រះបរមរាជវាំង កាល​ពី​រសៀល​ថ្ងៃ​ទី​២៨ វិច្ឆិកា ថា ជា «តំណាងរាស្ត្រ​ក្លែងក្លាយ»។

លោក សម រង្ស៊ី ថា អ្នក​ទាំង​នោះ​ទើប​តែ​ទទួល​បាន​តំណែង​ដែល​លោក ហ៊ុន សែន បាន​ប្លន់​ពី​គណបក្ស​សង្គ្រោះ​ជាតិ យក​ទៅ​ចែក​ឲ្យ ខណៈ​ដែល​តាម​ការពិត គណបក្ស​ពួកគេ​មិន​បាន​ទទួល​អាសនៈ​ពី​ប្រជារាស្ត្រ​សូម្បី​តែមួយ​ក៏​គ្មាន​ដែរ ក្នុង​ការ​បោះឆ្នោត​ជាតិ ឆ្នាំ​២០១៣ កន្លង​ទៅ។

​ក្នុង​លិខិត​មួយ​ច្បាប់​របស់​លោក សម រង្ស៊ី ផ្សាយ​ក្នុង​កាសែត​ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា លោក សម រង្ស៊ី ប្រាប់​ទៅ​សហគមន៍​អន្តរជាតិ​ថា មិន​ត្រូវ​ទទួល​ស្គាល់​ការ​ដាក់​ជំនួស​តំណាងរាស្ត្រ​ទាំង​នេះ​ឡើយ។ លោក សម រង្ស៊ី ហៅ​អ្នក​នយោបាយ​ទាំង​នោះ​ថា គ្រាន់​តែ​ជា​ក្រុម​មនុស្ស​ជ្រែក​អំណាច ដូច​តាម​ការ​ត្រួសត្រាយ​របស់​លោក ហ៊ុន សែន តែប៉ុណ្ណោះ។

លោក សម រង្ស៊ី សរសេរ​ថា ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​តែ​មួយ​គត់​ក្នុង​រដ្ឋ​សភា​ជាតិ បាន​រុញច្រាន​ប្រទេស​កម្ពុជា ឲ្យ​ត្រឡប់​មក​រក​ស្ថានភាព​ដូច​នៅ​មុន​ពេល​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ដែល​មាន​គណបក្ស​តែមួយគត់​គ្រប់​គ្រង​ក្រោម​របប​កុម្មុយនិស្ត​ដឹកនាំ​ដោយ​អតីត​សមាជិក​កម្មាភិបាល​ខ្មែរក្រហម។

លោក សម រង្ស៊ី ថា ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ន័យ​ស្មើ​នឹង​ការ​សម្លាប់​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ លោក​សរសេរ​បន្ត​ថា រាល់​ភាគី​ហត្ថលេខី​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ត្រូវ​ចាត់​វិធានការ​ឲ្យ​បាន​ខ្លាំងក្លា ដើម្បី​ធានា​ថា លទ្ធិប្រជាធិបតេយ្យ​​នៅ​កម្ពុជា រស់​រវើក​ឡើង​វិញ។

​លោក សម រង្ស៊ី ក៏​បាន​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ ត្រូវ​តម្រូវ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន លុប​ចោល​សេចក្ដី​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ប្រគល់​តំណែង​ជា​តំណាងរាស្ត្រ​ទាំង ៥៥​អាសនៈ មក​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ។ ជា​ថ្មី​ម្ដង​ទៀត លោក សម រង្ស៊ី បន្ត​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ ឲ្យ​ដាក់​សម្ពាធ​លោក ហ៊ុន សែន ដើម្បី​ធានា​ឲ្យ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​វិល​ត្រឡប់​មក​រក​សភាព​ដូច​ដើម​វិញ។ លោក សម រង្ស៊ី គូស​បញ្ជាក់​ថា មនុស្ស​គ្រប់គ្នា​ដឹង​ថា ក្រោម​ហេតុផល​នយោបាយ សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គ្មាន​រដ្ឋាភិបាល​ខ្មែរ​ណា​អាច​មាន​ជីវិត​រស់រាន​បាន​ដោយ​ពុំ​មាន​ការ​ទទួល​ស្គាល់​ភាព​ស្រប​ច្បាប់​ពី​សំណាក់​សហគមន៍​អន្តរជាតិ ស្របតាម​គោលការណ៍​ប្រជាធិបតេយ្យ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

ចក្រា

ពី ខេមរះភូមិន្ទ

គេហៅថាតំណាងអត់រាស្រ្ត ព្រោះមេបក្សនេះនិងកូនចៅមួយចំនួនមិនត្រឹមតែប្លន់ឆន្ទះរាស្ត្្រទេ​ គឺបានប្លន់ប្រពន្ធកូនចៅខ្លួនឯងទៀតផង

Nov 28, 2017 11:38 PM

គេហទំព័រ​ទាំងមូល