លោក សម រង្ស៊ី ចាត់​ទុក​ការ​ចរចា​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ថា​ជា​រឿង​ឥត​ប្រយោជន៍

ដោយ យ៉ង ចាន់តារា
2015.10.14
សម រង្ស៊ី សម្ដេច​ក្រុមព្រះ នរោត្ដម រណឫទ្ធិ ៦២០ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (ឆ្វេង) និង​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច សម្ដេច​ក្រុមព្រះ នរោត្ដម រណឫទ្ធិ។
Photo: RFA

ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង Tablet

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​បដិសេធ​នូវ​ការ​លើក​ឡើង​ថា លោក​គ្រោង​នឹង​ជួប​ចរចា​ជាមួយ​មេ​ដឹក​នាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​ប្រទេស​បារាំង។ លោក សម រង្ស៊ី បាន​សរសេរ​នៅ​ក្នុង​គណនេយ្យ​ហ្វេសប៊ុក (facebook) ផ្លូវ​ការ​របស់​លោក​នៅ​រសៀល​ថ្ងៃ​ទី​១៤ តុលា ថា​គណបក្ស​សង្គ្រោះ​ជាតិ មិន​មាន​ចេតនា​ណា​មួយ​ក្នុង​ការ​ចរចា​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច នោះ​ឡើយ។ លោក សម រង្ស៊ី ចាត់​ទុក​ការ​ចរចា​ជាមួយ​គណបក្ស​រាជា​និយម​មួយ​នេះ ថា​ជា​រឿង​ឥត​ប្រយោជន៍។

ការ​លើក​ឡើង​របស់ លោក សម រង្ស៊ី នៅ​ពេល​នេះ មាន​លក្ខណៈ​ផ្ទុយ​ទៅ​នឹង​អ្វី​ដែល​រូប​លោក និង​លោក កឹម សុខា ធ្លាប់​បាន​អះអាង​កាល​ពី​ថ្ងៃ​ទី​២ តុលា ដែល​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ធ្វើ​ជា​គណបក្ស​ស្នូល​សម្រាប់​ការ​បង្រួប​បង្រួម​ជាមួយ​គណបក្ស​ដទៃ ឬ​អ្នក​ប្រជាធិបតេយ្យ​និយម ដើម្បី​ឲ្យ​មាន​ការ​ឯកភាព​ជាតិ។

ក្រៅ​ពី​នេះ វា​ក៏​ខុស​ពី​សម្ដី​របស់​មន្ត្រី​ជាន់​ខ្ពស់ និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រឆាំង លោក យ៉ែម បុញ្ញឫទ្ធិ ដែរ។ លោក យ៉ែម បុញ្ញឫទ្ធិ បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​១១ តុលា ថា គណបក្ស​សង្គ្រោះ​ជាតិ មាន​គោលការណ៍​បង្រួប​បង្រួម​ជាមួយ​គណបក្ស​អ្នក​ប្រជាធិបតេយ្យ និង​អ្នក​រាជា​និយម ដើម្បី​ឲ្យ​មាន​ការ​ឯកភាព​ជាតិ ស្រប​ទៅ​តាម​ព្រះរាជ​តម្រិះ​របស់​អតីត​ព្រះ​មហាក្សត្រ សម្ដេច​ព្រះ​នរោត្តម សីហនុ ហើយ​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច គឺ​ជា​គណបក្ស​ដែល​គណបក្ស​សង្គ្រោះ​ជាតិ អាច​នឹង​បង្រួប​បង្រួម​ជាមួយ។

ជុំវិញ​ការ​លើក​ឡើង​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បាន​បកស្រាយ​ថា ការ​ថ្លែង​របស់ លោក សម រង្ស៊ី នៅ​ពេល​នេះ មិន​មែន​សំដៅ​ដល់​ការ​ឈប់​ចរចា ឬ​បង្រួប​បង្រួម​កម្លាំង​គណបក្ស​នយោបាយ​ទាំង​ពីរ​នោះ​ទេ ប៉ុន្តែ​វា​ជា​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​កាន់​ប្រទេស​បារាំង ដើម្បី​ជួប​សកម្មជន​របស់​បក្ស មិន​មែន​ជា​ជំនួប​រវាង​មេ​បក្ស​ទាំង​ពីរ​នោះ​ទេ។ លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់​បន្ថែម​ថា គណបក្ស​របស់​លោក​នៅ​តែ​មាន​គោល​បំណង​បង្រួប​បង្រួម​កម្លាំង​នយោបាយ​គ្រប់​និន្នាការ៖ «យើង​គិត​ថា​ជា​គោលការណ៍​ក្នុង​ការ​បង្រួប​បង្រួម លុះត្រា​តែ​យើង​អនុវត្ត​ជា​គោលការណ៍​កំណត់​ជា​គោលដៅ​មួយ​ពិត​ប្រាកដ។ បន្ទាប់​មក​ទៀត គឺ​យុទ្ធវិធី និង​យុទ្ធសាស្ត្រ​នៅ​ក្នុង​ការ​ជជែក​គ្នា។ សំខាន់​បំផុត គឺ​គណបក្ស​សង្គ្រោះ​ជាតិ មាន​គោល​ជំហរ​មួយ​ហៅ​ថា ជា​គោល​នយោបាយ​ដើម្បី​ធ្វើ​កំណែ​ទម្រង់​ដឹក​នាំ​ប្រទេស​របៀប​ណា ហើយ​ថា​តើ​មាន​ការ​ឯកភាព​គ្នា​ទៅ​លើ​គោល​នយោបាយ​ទាំងអស់​នោះ»

វិទ្យុ​អាស៊ីសេរី បាន​ព្យាយាម​សុំ​ការ​ឆ្លើយ​តប​ពី​ខាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែរ ប៉ុន្តែ លោក ទុំ សម្បុរ ដែល​ជា​មន្ត្រី​ស្និទ្ធ​នឹង​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ នៅ​ថ្ងៃ​ទី​១៤ តុលា មិន​បាន​ផ្តល់​ចម្លើយ​ណា​មួយ​នោះ​ទេ ដោយ​លោក​បញ្ជាក់​ថា នេះ​ជា​កិច្ចការ​របស់​ថ្នាក់​ដឹក​នាំ​បក្ស។

លោក អ៊ូ វីរៈ នាយក​វេទិកា​អនាគត យល់​ឃើញ​ថា គណបក្ស​ទាំង​ពីរ​នឹង​ទទួល​បាន​ផល​ប្រយោជន៍​ច្រើន បើ​សិន​ជា​ពួក​គេ​ជជែក​គ្នា​អំពី​ការ​បង្រួប​បង្រួម ហើយ​បើ​សិន​ជា​អាច​ចង​សម្ព័ន្ធ​គ្នា​បាន​គណបក្ស​រួម​ថ្មី នឹង​អាច​ដាក់​សម្ពាធ​ទៅ​លើ​រដ្ឋាភិបាល ក្នុង​ការ​សម្រេច​ជោគ​វាសនា​របស់​ជាតិ។ យ៉ាង​នេះ​ក្តី លោក អ៊ូ វីរៈ ហាក់​មិន​មាន​ជំនឿ​ទៅ​លើ​មេ​បក្ស​ទាំង​ពីរ ថា​អាច​នឹង​ចង​សម្ព័ន្ធ​គ្នា​បាន​នោះ​ឡើយ ពីព្រោះ​ពួក​គេ​សុទ្ធតែ​ជា​មេ​ដឹក​នាំ​ដែល​មាន​ចរិត​អំនួត៖ «ខ្ញុំ​ថា​បើ​រួបរួម​គ្នា​ក្នុង​ន័យ​ដែល​មាន​គោល​នយោបាយ​ច្បាស់លាស់ ទស្សន​វិស័យ​ដូច​គ្នា ហើយ​និង​បទបញ្ជា​ផ្ទៃ​ក្នុង និង​រចនាសម្ព័ន្ធ​ជា​របៀប​ប្រជាធិបតេយ្យ ចងក្រង​វិន័យ​ផ្ទៃ​ក្នុង​បក្ស។ នេះ​មើល​ទៅ​គួរ​តែ​រួបរួម​គ្នា ប៉ុន្តែ​បើ​រួបរួម​ដើម្បី​ចែក​អំណាច​គ្នា ចែក​តំណែង​គ្នា​ក្នុង​បក្ស វា​ជា​រូបមន្ត​នៃ​ការ​ប្រេះស្រាំ​ទៅ​វិញ​ទេ»

ចំណែក លោក អ៊ូ រិទ្ធី ស្ថាបនិក​ក្រុម​យុវជន​កាហ្វេ​នយោបាយ​វិញ យល់​ឃើញ​ថា គណបក្ស​ទាំង​ពីរ​គួរ​តែ​ជជែក​គ្នា​អំពី​ការ​បង្រួប​បង្រួម ដើម្បី​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត ប៉ុន្តែ​លោក​បាន​សង្កត់​ធ្ងន់​ទៅ​លើ​សមាសភាព​របស់​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ថា​អាច​នឹង​ធ្វើ​ឲ្យ​សមាជិក​មួយ​ចំនួន​របស់​គណបក្ស​សង្គ្រោះ​ជាតិ មិន​ពេញ​ចិត្ត៖ «នយោបាយ​ឥឡូវ​វា​ចែក​ជា​ពីរ​ហើយ គឺ​គណបក្ស​ប្រជាជន និង​គណបក្ស​សង្គ្រោះ​ជាតិ។ វា​ចែក​សឹង​តែ​ពាក់​កណ្ដាលៗ​ម្នាក់។ គណបក្ស​ហ៊្វុនស៊ិនប៉ិច មួយ​ដែល​នៅ​មិន​ច្បាស់។ ការ​ឈរ​ជើង​នេះ គឺ​មិន​ច្បាស់លាស់ ហើយ​ប្រជាជន​គាត់​ដឹង​ថា តើ​ប្រឆាំង ឬ​ក៏​ស្រប។ អ៊ីចឹង​ជំហរ​បែប​ហ្នឹង ពិបាក​ចូល​គ្នា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​កាល​ណា​ចូល​គ្នា​ទៅ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ការ​អាក់​អន់​ចិត្ត ជា​ជាង​ការ​ចំណេញ»

កាល​ពី​ឆ្នាំ​២០០៣ លោក សម រង្ស៊ី ដែល​កាល​ណោះ​ជា​ប្រធាន​គណបក្ស សម រង្ស៊ី បាន​រួបរួម​គ្នា​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច របស់​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ បង្កើត​ជា​សម្ព័ន្ធភាព​អ្នក​ប្រជាធិបតេយ្យ តែ​នៅ​ទីបំផុត សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ បាន​បោះ​បង់ លោក សម រង្ស៊ី ហើយ​ទៅ​ចាប់​ដៃ​ជាមួយ លោក ហ៊ុន សែន បង្កើត​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា វិញ។ បរិបទ​នយោបាយ​នៅ​ពេល​នេះ គេ​នៅ​រង់ចាំ​មើល​ទៀត​ថា តើ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច អាច​បង្រួម​បង្រួម​គ្នា​ដើម្បី​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៨ ខាង​មុខ​ឬ​យ៉ាង​ណា?

សូម​ស្ដាប់​បទសម្ភាសន៍​បន្ថែម​រវាង លោក ជុន ច័ន្ទបុត្រ ជាមួយ​នឹង លោក សម រង្ស៊ី ដែល​បដិសេធ​អំពី​គម្រោង​ជួប​ជាមួយ​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ប៉ូលិស​ថៃ​ស៊ើបអង្កេត​ឃើញ​ថា ករណី​ធ្វើឃាត​លើ​លោក លិម គិមយ៉ា មាន​ការ​រៀបចំ​ជា​ប្រព័ន្ធ ដោយ​មាន​មេខ្លោង​នៅ​កម្ពុជា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។