លោក សម រង្ស៊ី ថា លោក​នាំ​ពលករ​ជាង ២លាន​នាក់​ពី​ប្រទេស​ថៃ កូរ៉េ​ខាង​ត្បូង ប្រទេស​ជប៉ុន និង​ប្រទេស​ម៉ាឡេស៊ី​ទៅ​ផ្ទះ​ជាមួយ​លោក​វិញ

ដោយ សុជីវី
2019.08.19
សម រង្ស៊ី ២០១៩ លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ
Screenshot

លោក សម រង្ស៊ី ថា លោក​នឹង​នាំ​ពលករ​ជាង ២លាន​នាក់ ដែល​កំពុង​ធ្វើ​ការ​នៅ​ប្រទេសថៃ កូរ៉េ​ខាង​ត្បូង ប្រទេស​ជប៉ុន និង​ប្រទេស​ម៉ាឡេស៊ី​ទៅ​ផ្ទះ​ជាមួយ​លោក​វិញ ដើម្បី​យក​ប្រទេស​កម្ពុជា​ពី​មេ​ដឹក​នាំ​ផ្ដាច់ការ ហ៊ុន សែន។ ដូច​គ្នា​នេះ​ដែរ​ តំណាង​ពលករ​នៅ​ប្រទេស ថៃ និង​ជប៉ុន អះអាង​ថា ពេល​នេះ​ក្រុម​ពលករ​កំពុង​រៀបចំ​ផែនការ​ត្រៀម​ខ្លួន​ទៅ​ប្រទេស​កម្ពុជា ជាមួយ​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី៩ វិច្ឆិកា​ខាង​មុខ។

ថ្លែង​ពី​ប្រទេស​អូស្ត្រាលី​ក្នុង​ពេល​ជួប​អ្នក​គាំទ្រ​របស់​ខ្លួន​ថ្ងៃ​ទី១៩ ខែ​សីហា លោក សម រង្ស៊ី ស្នើ​ទៅ​អ្នក​គាំទ្រ​លោក​ជា​ពិសេស​ពលករ​ជាង​ពីរ​លាន​នាក់​ត្រៀម​ខ្លួន​ទៅ​ផ្ទះ​ជាមួយ​លោក ដើម្បី​រំដោះ​ប្រទេស​កម្ពុជា។ លោក​ចោទ​ប្រកាន់​ថា លោក ហ៊ុន សែន ដឹកនាំ​ប្រទេស​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​​បាត់​បង់​ឯករាជ្យ៖ «ខ្ញុំ​នឹង​នាំ​ពលករ​ខ្មែរ​នៅ​ថៃ​ពីរ​លាន​នាក់​បង​ប្អូន នៅ​ម៉ាឡេស៊ី នៅ​កូរ៉េ នៅ​ជប៉ុន​ដែល​ពួក​គាត់​បង្ខំចិត្ត​ទៅ​ស៊ី​ឈ្នួល​ធ្វើ​ការងារ​ស្រុក​គេ ទៅ​ផ្ទះ​យើង​វិញ​ទាំង​អស់​គ្នា ទៅ​យក​ផ្ទះ​យើង ទៅ​យក​ដីធ្លី​យើង​វិញ ទៅ​យក​ប្រទេស​យើង​វិញ​កុំ​ឲ្យ ហ៊ុន សែន ប្លន់»

មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ អះអាង​ថា ក្រៅ​ពី​ខ្មែរ​ក្រៅ​ស្រុក កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​ក្នុង​ស្រុក​ឯ​ណោះ​វិញ ក៏​កំពុង​រង់ចាំ​ឱកាស​ងើប​ឈរ​ជាមួយ​លោក។ លោក សម រង្ស៊ី​ ថែម​ទាំង​បង្ហាញ​សារ​នយោបាយ​មុត​ស្រួច អំពាវនាវ​ជា​ថ្មី​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ​ កុំ​បាញ់​សម្លាប់​ពលរដ្ឋ​ខ្លួន​ឯង ប៉ុន្តែ​ត្រូវ​បែរ​ចុង​កាណុង​កាំ​ភ្លើង​សំដៅ​លោក ហ៊ុន សែន វិញ៖ «កូន​ទាហាន​ទាំង​អស់​ហ្នឹង​ថា ចាំតែ សម រង្ស៊ី មក​ហើយ ដើម្បី​បោស​សំអាត​ពួក​ជន​ក្បត់ អំពាវនាវ​កង​កម្លាំង​ប្រដាប់​អាវុធ​កូន​ក្មួយ​បង​ប្អូន​ពេល​វេលា​មក​ដល់​ហើយ កុំ​ស្ដាប់​បញ្ជា​ជន​ផ្ដាច់ការ​ជន​ក្បត់​ជាតិ​កុំ​ទៅ​សម្លាប់​ប្រជា​រាស្ត្រ​តាម​បញ្ជា​ជន​ផ្ដាច់​ការ​ជន​ក្បត់​ជាតិ ឈរ​ខាង​ប្រជា​រាស្ត្រ ការពារ​ប្រជា​រាស្ត្រ​វិញ»

ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​ថៃ  និង​ជា​អ្នក​ធ្វើ​ការងារ​ជា​មួយ​ពលករ​ចំណាក​ស្រុក​ប្រទេស​នេះ លោក លី រតនរស្មី ឲ្យ​ដឹង​ថា សព្វថ្ងៃ​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ​មាន​ជាង ២លាន​នាក់ ក្នុង​នោះ​មាន​ទាំង​ពលករ​ស្រប​ច្បាប់ និង​ពលករ​គ្មាន​ប័ណ្ណ​ការងារ ឬ​ពលករ​មិន​ស្រប​ច្បាប់។ ប៉ុន្តែ ​ក្រសួង​ការងារ​ឲ្យ​ដឹង​ថា មាន​ពលករ​ខ្មែរ ១លាន ៦ម៉ឺន​នាក់ កំពុង​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ថៃ។

លោក លី រតនរស្មី ប្រាប់​អាស៊ី​សេរី​ថា ក្រោយ​ពេល​លោក សម រង្ស៊ី ប្រកាស​ថ្ងៃ​នៃ​ការ​វិល​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ លោក និង​តំណាង​ពលករ​ផ្សេង​ទៀត​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​អម​ដំណើរ​លោក សម រង្ស៊ី និង​អ្នក​ប្រជាធិបតេយ្យ​ផ្សេង​ទៀត​ចូល​ប្រទេស​កម្ពុជា​វិញ។ លោក​ឲ្យ​ដឹង​ថា​ ទៀត​ថា ក្រុម​ការងារ​របស់​លោក​កំពុង​រៀបចំ​ជា​ក្រុមៗ ដើម្បី​ពង្រឹង​កម្លាំង​នៅ​តាម​មូលដ្ឋាន៖ «ពួក​គាត់​កំពុង​តែ​ត្រៀម​លក្ខណៈ​រួច​ជា​ស្រេច​ហើយ គាត់​មាន​សន្ទុះ​កាន់​តែ​ខ្លាំង​នៅ​ពេល​បាន​ដឹង​ពី​ថ្ងៃ​កំណត់​ពី​ថ្ងៃ​វិល​ចូល​ប្រទេស​វិញ​របស់​លោក​ប្រធាន​ស្ដីទី សម រង្ស៊ី»

ប្រធាន​ចលនា​យុវជន​សង្គ្រោះ​ជាតិ ​នៅ​ប្រទេស​ជប៉ុន​ លោក ហៃ វណ្ណា ឲ្យ​ដឹង​ថា ក្រុម​យុវជន និង​ពលករ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន ក៏​ត្រៀម​ខ្លួន​ទៅ​ប្រទេស​កម្ពុជា​វិញ​ជាមួយ​លោក សម រង្ស៊ី ដែរ ។ លោក​បញ្ជាក់​ថា ខ្មែរ​នៅ​ប្រទេស​ជប៉ុន ជា​ពិសេស ក្រុម​ពលករ​មិន​រា​ថយ​ក្នុង​ការ​អម​ដំណើរ​នេះ​ទេ៖ «ពួក​គាត់​ត្រៀម​ខ្លួន ដើម្បី​វិល​ទៅ​ប្រទេស​កំណើត​របស់​គាត់​វិញ​ជា​មួយ​លោក​ប្រធាន​ស្ដីទី សម រង្ស៊ី គណៈ​ប្រតិភូ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ និង​ដើម្បី​ជួយ​ស្រោច​ស្រង​សេដ្ឋ​កិច្ច​ដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​តាម​រយៈ​កុំ​ឲ្យ​សហភាព​អឺរ៉ុប​កាត់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធEBA ក៏​ដូច​ជា​ប្រព័ន្ធ​អនុគ្រោះ GSP របស់​សហរដ្ឋ​អាមេរិក»

ក្រុម​យុវជន និង​ក្រុម​ពលករ​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្រៅ​ប្រទេស​ប្ដេជ្ញា​ថា នឹង​រួម​ដំណើរ​ជាមួយ លោក សម រង្ស៊ី និង​ក្រុម​អ្នក​ប្រជាធិបតេយ្យ ចូល​ប្រទេស​កម្ពុជា​វិញ​ថ្ងៃទី៩វិច្ឆិកាខាងមុខនេះ។ ចំណែក​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ស្រុក​ក៏​តែងតែ​បង្ហាញ​សារ​គាំទ្រ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ចាំ​ទទួល​លោក សម រង្ស៊ី ដែរ។ តំណាង​យុវជន​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​ថៃ និង​ប្រទេស ជប៉ុន​លើក​ឡើង​ថា ក្រុម​យុវជន និង​ពលករ​ចង់​បាន​ការ​ផ្លាស់​ប្ដូរ ដូច្នេះ​ពួក​គេ មិន​ខ្លាចរអា​នឹង​ព្រមាន​នានា ពី​ក្រុម​សមត្ថកិច្ច ឬ​សំដី​ព្រមាន​របស់ ហ៊ុន សែន ដែល​ថា នឹង ​ចាប់ខ្លួន និង​តាម​ធ្វើ​ទុក្ខបុកម្នេញ អ្នក​រួម​ដំណើរ​ជាមួយ​នឹង​ក្បួន​វិល​ចូល​ស្រុក​វិញ​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។