លោក សម រង្ស៊ី ព្រមាន​អ្នក​វិនិយោគ​ចិន​ឲ្យ​ឈប់​ព្រហើន ប្រយ័ត្ន​ប្រឈម​ការ​ផ្ទុះ​កំហឹង​របស់​ពលរដ្ឋ​ខ្មែរ​ម្ចាស់​ស្រុក

ដោយ ទីន ហ្សាការីយ៉ា
2019.02.12
សម រង្ស៊ី ៦២២ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្នាក់ការ​កណ្ដាល​គណបក្ស រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA

លោក សម រង្ស៊ី ព្រមាន​អ្នក​វិនិយោគ​ចិន​ឲ្យ​ឈប់​ព្រហើន ប្រយ័ត្ន​ប្រឈម​ការ​ផ្ទុះ​កំហឹង​ពី​ពលរដ្ឋ​ខ្មែរ​ម្ចាស់​ស្រុក។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​ឆ្លើយ​តប​ថា ទង្វើ​របស់​លោក សម រង្ស៊ី នេះ​ជា​ការ​បំភិតបំភ័យ​វិនិយោគិន​បរទេស ដែល​ជា​ឧបាយកល​ទុច្ចរិត​ចង់​បំផ្លិចបំផ្លាញ​ផល​ប្រយោជន៍​ជាតិ។

លោក សម រង្ស៊ី សរសេរ​នៅ​លើ​ហ្វេសប៊ុក​ថ្ងៃ​ទី១១ កុម្ភៈ ចោទ​ប្រកាន់​ថា អ្នក​វិនិយោគ​ចិន បាន​ឃុបឃិត​ជា​មួយ​អាជ្ញាធរ និង​មន្ត្រី​ពុករលួយ រឹបអូស​ដីធ្លី​ពី​ពលរដ្ឋ​ខ្មែរ និង​បាន​បើក​បន​ល្បែង​ស៊ីសង (កាស៊ីណូ) ព្រោងព្រាត ហើយ​ថែម​ទាំង​មាន​ក្រុម​ចោរ ម៉ាហ្វីយ៉ា (Mafia) នៅ​លើ​ទឹក​ដី​កម្ពុជា។

ប្រធាន​ស្ដីទី​គណបក្ស​ សង្គ្រោះ​ជាតិ ​រូប​នេះ​ប្រាប់​ទៅ​ឈ្មួញ​ជនជាតិ​ចិន​ទាំង​នោះ​ថា ពួកគេ​ត្រូវ​ប្រគល់​ដីធ្លី​ឲ្យ​ពលរដ្ឋ​ខ្មែរ​វិញ ត្រូវ​បិទ​បន​ល្បែង ហើយ​ក្រុម​ចោរ ម៉ាហ្វីយ៉ា ត្រូវ​ចាក​ចេញ​ពី​កម្ពុជា។

អ្នក​វិភាគ​នយោបាយ លោក គឹម សុខ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស អះអាង​ថា លោក​សង្កេត​ឃើញ​រូបភាព​ជន​ជាតិ​ចិន​មក​កម្ពុជា​នៅ​ពេល​នេះ មិន​មែន​ជា​ការ​វិនិយោគ​ទេ។ លោក​យល់​ថា អាច​មាន​ការ​ព្រមព្រៀង​សម្ងាត់​មួយ​រវាង​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន ជាមួយ​ប្រទេស​កុម្មុយនិស្ត​ចិន ព្រោះ​លោក គឹម សុខ សង្កេត​ឃើញ​ថា កន្លងមក​របប​ក្រុង​ភ្នំពេញ​​​តែង​ចេញ​មុខការ​ពារ​ក្រុមហ៊ុន ឬ​អ្នក​វិនិយោគ​ចិន ទាំង​នោះ នៅ​ពេល​ពួក​គេ​ធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​ពលរដ្ឋ​ខ្មែរ៖ «លោក ហ៊ុន​ សែន នឹង​មាន​កុងត្រា ដែល​មិន​ស្មោះត្រង់​នឹង​ជនជាតិ​ឯង​ប្រទេស​ជាតិ​ឯង​ក្នុង​លក្ខណ្ឌ​ណា​មួយ ហើយ​តាម​ក្រុមហ៊ុន​ចិន​តាម​រយៈ​មាន​ឈ្មោះ​ថា ប្រទេស​ចិន​ហ្នឹង​ ហើយ​លោក ហ៊ុន សែន នឹង​ដូរ​មក​វិញ​នូវ​លុយ​ជាក់​ស្ដែង​លុយ​សុទ្ធ ដែល​ត្រូវ​ការ​ជា​បន្ទាន់​ ដើម្បី​សង្គ្រោះ​អំណាច​របស់​គាត់»

ប៉ុន្តែ អ្នកនាំពាក្យគណបក្ស ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ការពារ​ការ​វិនិយោគ​របស់​ជន​ជាតិ​ចិន​នៅ​កម្ពុជា។ អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​សរសេរ​នៅ​ប្រព័ន្ធ​តេឡេក្រាម​ថ្ងៃ​ទី១១ កុម្ភៈ​ថា ការ​ដែល​លោក សម រង្ស៊ី ចោទ​ប្រកាន់​លើ​អ្នក​វិយោគ​ចិន​បែប​នេះ  គឺ​ជា​បំភិតបំភ័យ​វិនិយោគ​បរទេស ដែល​លោក​ចោទ​ប្រកាន់​ថា ជា​ឧបាយកល​ទុច្ចរិត​ចង់​បំផ្លិចបំផ្លាញ​ផល​ប្រយោជន៍​ជាតិ និង​ប្រជាជន​កម្ពុជា។

អគ្គលេខាធិការ​វេទិកា​ការ​អភិវឌ្ឍ​ពាណិជ្ជកម្ម​គ័ងទង លោក ជ័ង ស្យុងមីង បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​ពាណិជ្ជកម្ម​គ័ងទង​អន្តរជាតិ​កាល​ពី​ចុង​ឆ្នាំ២០១៨ ថា បច្ចុប្បន្ន​នេះ ពលរដ្ឋ​ចិន​នៅ​លើ​ទឹក​ដី​កម្ពុជា មាន​ប្រមាណ ១លាន​នាក់ ដែល​ក្នុង​នោះ​មាន​ទាំង​អ្នក​វិនិយោគ និង​អ្នក​មក​ធ្វើ​ការ​នៅ​កម្ពុជា​ដែរ។ លោក​បញ្ជាក់​ថា ជនជាតិ​ចិន​មក​នៅ​កម្ពុជា​ច្រើន​នេះ អាច​បញ្ជាក់​ថា ទំនាក់ទំនង​រវាង​ប្រទេស​ចិន និង​កម្ពុជា មាន​ភាព​ស្និទ្ធស្នាល ហើយ​កម្ពុជា​ជា​ប្រទេស​រួសរាយ​រាក់ទាក់។

នៅ​ក្នុង​ជំនួប​រវាង​លោក ហ៊ុន សែន និង​ឧប​នាយករដ្ឋមន្ត្រី​ចិន​លោក ហាន ជឹង ( Han Zheng) និង​ជា​សមាជិក​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន កាល​ពី​ចុង​ឆ្នាំ២០១៨ ដែរ​នោះ លោក ហ៊ុន សែន ស្នើសុំ​ឲ្យ​អ្នក​វិនិយោគ​ចិន​ចូល​កម្ពុជា កាន់​តែ​ច្រើន​ថែម​ទៀត។ លោក ហ៊ុន សែន លើក​ឡើង​ថា ទំហំ​ពាណិជ្ជកម្ម​ចិន បី​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់ គឺ​ទំហំ​ទឹក​ប្រាក់​ប្រមាណ ៩០០លាន​ដុល្លារ កាល​ពី​ឆ្នាំ២០១៦ កើន​ដល់ ២,៨ ប៊ីលាន​ដុល្លារ​នៅ​ឆ្នាំ២០១៨។

ដោយ​ឡែក​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ម្នាក់​នៅ​ខេត្ត​ព្រះសីហនុ លោក ហ៊ី រ៉ា ដែល​ម្ដាយ​របស់​លោក​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ដោយ​រង​ការ​ចោទ​ប្រកាន់​ពី​ក្រុម​ឈ្មួយ​ដីធ្លី​មាន​ងារ​ជា​ឧកញ៉ា ឲ្យ​អាស៊ី​សេរី​ដឹង​ថា ចាប់​តាំង​ពី​ជនជាតិ​ចិន​សម្រុក​មក​រក​ស៊ី​នៅ​ខេត្ត​ព្រះសីហនុ ធ្វើ​ឲ្យ​ពលរដ្ឋ​ក្រីក្រ​ដូច​លោក ជួប​ទុក្ខ​លំបាក និង​រង​គ្រោះ​ដោយ​បញ្ហា​ដីធ្លី។ លោក​បន្ត​ថា នៅ​ពេល​ដី​ក្នុង​ខេត្ត​នេះ​ឡើង​ថ្លៃ អ្នក​មាន​អំណាច​ខ្លះ ដែល​គ្មាន​ដីធ្លី​នៅ​ខេត្ត​នេះ បាន​មក​រំលោភ​បំពាន​ពលរដ្ឋ​ហើយ​យក​ទៅ​​លក់ ឬ​ជួល ឲ្យ​ឈ្មួញ​ចិន៖ «តាំង​ពី​ជនជាតិ​មក​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​យើង​ហ្នឹង ធ្វើ​ឲ្យ​មាន​សន្ទុះ​ឡើង​ថ្លៃ​ខ្លាំង​ទៅ​ជា​អ្នក​ដែល​គ្មាន​ដី​នៅ​កន្លែង​ហ្នឹង មាន​សិទ្ធិ​មក​ធ្វើ​ប័ណ្ណ​ធ្វើ​ប្លង់​ជា​របស់​ខ្លួន ហើយ​ប្រជា​ពលរដ្ឋ​នៅ​កន្លែង​ហ្នឹង​ក្លាយ​ជា​អ្នក​អនាធិបតេយ្យ​ទៅ​វិញ»

លោក សម រង្ស៊ី ព្រមាន​អ្នក​វិនិយោគ​ជន​ជាតិ​ចិន​ថា ពួក​គេ​ត្រូវ​ដឹង​ថា ស្ថានការណ៍​នយោបាយ នៅ​ប្រទេស​កម្ពុជា នឹង​កាន់​តែ​តានតឹង​ឡើងៗ ចាប់​ពី​ពេល​នេះ​ត​ទៅ​ដោយ​សារ​តែ​ពលរដ្ឋ​ខ្មែរ មាន​បំណង​ចង់​ប្តូរ​របប ហ៊ុន សែន ចេញ។ លោក សម រង្សី បន្ត​ថា ការ​វិនិយោគ​របស់​ជន​ជាតិ ចិន​កន្លង​មក​បាន​បង្ក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្លាយ​ជា​អ្នក​រង​គ្រោះ និង​មាន​ការ​ក្ដៅ​ក្រហាយ ចំពោះ​ជន​ជាតិ​ចិន ដូច្នេះ ជន​ជាតិ​ចិន​ត្រូវ​ឈប់​បំពាន​មក​លើ​ជន​ជាតិ​ខ្មែរ ហើយ​ត្រូវ​ចេះ​សម្ដែង​ការ​គោរព​ខ្លះ ចំពោះ​ជនជាតិ​ខ្មែរ ដែល​ជា​ម្ចាស់​ស្រុក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។