លោក សម រង្ស៊ី ព្រមានអំពីគ្រោះថ្នាក់ នៃអំពើហិង្សា និងអស្ថេរភាពសង្គម បើការបោះឆ្នោតគ្មានបក្សប្រឆាំងចូលរួម
2018.04.14
ប្រធានចលនាសង្គ្រោះជាតិលោក សម រង្ស៊ី ព្រមានរបបលោក ហ៊ុន សែន អំពីគ្រោះថ្នាក់ នៃអំពើហិង្សា និងអស្ថេរភាពសង្គម ប្រសិនបើនៅតែផាត់គណបក្សសង្គ្រោះជាតិ ចេញពីការប្រកួតក្នុងការបោះឆ្នោតជាតិខាងមុខនេះ។ អ្នកវិភាគឯករាជ្យ ក៏បានព្រមានអំពីហានិភ័យ ដែលអាចកើតមានជាយថាហេតុនេះដែរ បើនៅតែគ្មានដំណោះស្រាយនយោបាយឆាប់ៗ។
លោក សម រង្ស៊ី មើលឃើញ នូវភាពកាន់តែធ្លាក់ចុះដុនដាបខ្លាំង នៃស្ថានការណ៍រំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជានាពេលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន បែបនេះ ដែលបណ្តាលឲ្យមានការផ្ទុះឡើងតវ៉ារបស់មហាជន។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅឯក្លិបអ្នកសារព័ត៌មានបរទេស នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅថ្ងៃទី១៣ ខែមេសា លោក សម រង្ស៊ី បញ្ជាក់ថា លោកតែងតែអំពាវនាវឲ្យអ្នកគាំទ្រគណបក្សប្រឆាំង រក្សាការអត់ធ្មត់ និងតស៊ូដោយអហិង្សា រង់ចាំបង្ហាញឆន្ទៈពិតប្រាកដតាមរយៈសន្លឹកឆ្នោត នៅក្នុងការបោះឆ្នោតមួយ ដែលសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយមានការចូលរួមពីបក្សប្រឆាំង។ ប៉ុន្តែ លោកមិនសង្ឃឹមថា លោកនឹងអាចហាមឃាត់ប្រជាពលរដ្ឋ មិនឲ្យក្រោកតវ៉ាបានទេ ប្រសិនបើលោក ហ៊ុន សែន នៅតែបណ្តែតបណ្តោយឲ្យស្ថានការណ៍អាក្រក់នេះ នៅតែកើតមាន និងមានៈរៀបចំការបោះឆ្នោត ដោយគ្មានគណបក្សសង្គ្រោះជាតិ ចូលរួមនោះ៖ «ប្រសិនបើលោក ហ៊ុន សែន មិនអនុញ្ញាតឲ្យគណបក្សប្រឆាំង ចូលរួមប្រកួតក្នុងការបោះឆ្នោតជាតិខាងមុខនេះទេ តើឲ្យខ្ញុំធ្វើយ៉ាងម៉េច ទើបអាចបញ្ចុះបញ្ចូលពលរដ្ឋរបស់ខ្ញុំ ឲ្យពួកគាត់នៅបន្តការអត់ធ្មត់ ឲ្យពួកគាត់នៅបន្តទ្រាំមិនប្រើអំពើហិង្សាតទៅទៀតបាននោះ? តើឲ្យពួកយើងរង់ចាំអ្វីទៀត រង់ចាំដល់ណាទៀត? យើងបានបន្តរង់ចាំរាល់អាណត្តិ។ យើងកើនសំឡេងគាំទ្រជានិច្ច។ ឥឡូវយើងកាន់តែខិតជិត ទៅរកការឈ្នះឆ្នោត ដើម្បីគ្រប់គ្រងប្រទេសទៅហើយ ស្រាប់តែលោក ហ៊ុន សែន ប្រាប់ថា នឹងគ្មានបក្សប្រឆាំងចូលរួមការបោះឆ្នោតទៀតទេ។ ដូច្នេះ យើងមិនអាចស្មានទុកបានទេថា នឹងមានអ្វីកើតឡើងនោះ។ វាអាចផ្ទុះទៅជាអំពើហិង្សា»។
ការព្រមានរបស់លោក សម រង្ស៊ី នៅពេលនេះ គឺស្របពេលដែលរដ្ឋមន្រ្តីការបរទេសជប៉ុន ជួបលោក ហ៊ុន សែន កាលពីសប្តាហ៍មុន និងបញ្ជាក់ជំហរ អំពីការព្រួយបារម្ភ របស់រដ្ឋាភិបាលជប៉ុន ជុំវិញស្ថានការណ៍ប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេសការបោះឆ្នោតជាតិខាងមុខ ដែលអាចគ្មានវត្តមានគណបក្សប្រឆាំង។ ប្រទេសជប៉ុន ចង់ឃើញអ្នកនយោបាយនៃបក្សធំៗ ទាំងពីរ ងាកមករកតុចរចា ដើម្បីបញ្ចប់វិបត្តិនយយោបាយបច្ចុប្បន្នឲ្យបានឆាប់ និងរៀបចំការបោះឆ្នោតមួយឲ្យមានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលមានការចូលរួមពីគ្រប់ភាគី។ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងនេះ ត្រូវបានលោក ហ៊ុន សែន ទាត់ចោល និងអះអាងថា មិនត្រូវការគណបក្សសង្គ្រោះជាតិចូលរួមក្នុងការបោះឆ្នោតខាងមុខនេះទេ។
លោក សម រង្ស៊ី លើកឡើងបន្ថែមថា សុខសន្តិភាព និងស្ថេរភាពសង្គម អាចកើតមានទៅបាន ទាល់តែមានប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោតមួយ ស្របតាមឆន្ទៈពិតប្រាកដរបស់ពលរដ្ឋម្ចាស់ឆ្នោត។ អ្នកវិភាគជាច្រើន ក៏បានព្យាករណ៍ថា នឹងមានការក្រោកតវ៉ា ដែលនាំឲ្យមានបញ្ហាអស្តិសុខសង្គមនេះដែរ ប្រសិនបើនៅតែគ្មានដំណោះស្រាយនយោបាយឆាប់ៗ នោះទេ។
ដំណើរទស្សនកិច្ចទៅប្រទេសជប៉ុនលើកនេះ លោក សម រង្ស៊ី រួមនឹងតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិបីរូបផ្សេងទៀត បានជួបសន្ទនាគ្នាជាមួយសមាជិកសភា និងព្រឹទ្ធសភាជប៉ុនទាំងពីខាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង ដើម្បីអំពាវសុំឲ្យជួយអន្តរាគមន៍ រកដំណោះស្រាយវិបត្តិនយោបាយខ្មែរ។
ទោះបីជាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអះអាងថា ដំណើរការបោះឆ្នោតជាតិ នាខែកក្កដាខាងមុខ នឹងនៅតែប្រព្រឹត្តទៅដូចការគ្រោងទុក ទោះគ្មានគណបក្សសង្គ្រោះជាតិចូលរួម លោក សម រង្ស៊ី នឹងអំពាវឲ្យពលរដ្ឋធ្វើពហិការ កុំនាំគ្នាទៅបោះឆ្នោត។ លោកថែមទាំងព្រមានថា ការបោះឆ្នោត ដែលគ្មានគណបក្សសង្គ្រោះជាតិ នឹងគ្មានភាពប្រជាធិបតេយ្យទេ។ លោកបន្តថា បើមានការអំពាវនាវ ឲ្យពលរដ្ឋធ្វើពហិការ នោះចំនួនអ្នកបោះឆ្នោត នឹងថយចុះជាគំហុក ដែលរឹតតែធ្វើឲ្យរដ្ឋាភិបាល ក្រោយការបោះឆ្នោត គ្មានភាពស្របច្បាប់។ ទោះជាយ៉ាងនេះ លោក សម រង្ស៊ី នៅតែសង្ឃឹមថា ប្រទេសជប៉ុន នឹងអាចជួយរកដំណោះស្រាយ ដើម្បីបញ្ចប់វិបត្តិនយោបាយ នៅកម្ពុជាបាន៕