មេ​បក្ស​ប្រឆាំង​អំពាវនាវ​ឲ្យ​ម្ចាស់​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​​ក្រុង​ប៉ារីស​ប្រតិកម្ម​នឹង​លោក ហ៊ុន សែន

ដោយ សេក បណ្ឌិត និង ម៉ៅ សុធានី
2016.07.28
កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ៦២០ ពលរដ្ឋ ព្រះសង្ឃ សង្គម​ស៊ីវិល​ប្រមាណ ១ពាន់​នាក់ ហែ​ក្បួន​អបអរសាទរ​ខួប​លើក​ទី​២៣ កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី ២៣ តុលា ២០១៤។
RFA/Rann Samnang

គណបក្ស​ប្រឆាំង​នៅ​តែ​បន្ត​ចោទ​ប្រកាន់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​ជាង ៣០​ឆ្នាំ​មក​ហើយ​នោះ​ថា មិន​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១។

​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា អំពាវនាវ​ឲ្យ​ប្រទេស​ជា​ម្ចាស់​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ស្ដីពី​កម្ពុជា នោះ​ត្រូវ​តែ​មាន​ប្រតិកម្ម​ចំពោះ​ការ​ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ដឹកនាំ​ប្រទេស​ឲ្យ​ឃ្លាត​ចាក​ឆ្ងាយ​ពី​កន្លង​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស និង​បញ្ហា​ដទៃ​ទៀត​ដូច​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​នោះ៖ «ហើយ​មិន​មែន​គ្រាន់តែ​សិទ្ធិ​នៃ​ប្រទេស​ជា​ម្ចាស់​ហត្ថលេខី​ទាំង​អស់​នោះ​ទេ គឺ​ជា​កាតព្វកិច្ច​ក្នុង​ការ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា វិល មក​រក​ផ្លូវ​ប្រជាធិបតេយ្យ​វិញ ព្រោះ​យើង​បាន​ចុះ​ហត្ថលេខា​ជាមួយ​គ្នា​រួច​ហើយ​កាល​ពី​ថ្ងៃ​២៣ តុលា ១៩៩១»

​អាស៊ីសេរី​ មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ចំពោះ​ការ​ចោទ​ប្រកាន់​បាន​នៅ​ឡើយ​ពី​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា កាល​ពី​ថ្ងៃ​២៨ ខែ​កក្កដា។

​ស្ថាប័ន​អន្តរជាតិ​ដែល​ឃ្លាំមើល​អំពី​បញ្ហា​ប្រទេស​កម្ពុជា អះអាង​ដែរ​ថា នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​រំលោភបំពាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ហើយ​ប្រទេស​ដែល​ជា​ម្ចាស់​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ត្រូវ​នាំគ្នា​ទាមទារ​ឲ្យ​លោក ហ៊ុន សែន ទទួល​ខុស​ត្រូវ​ចំពោះ​ការ​រំលោភ​បំពាន​នេះ។

​អតីត​អ្នក​កាសែត​វ៉ាស៊ីនតុន ប៉ុស្តិ៍ (Washington Post) និង​ជា​ម្ចាស់​សៀវភៅ​ដែល​មាន​ចំណងជើង​ថា ពេល​សង្គ្រាម​បញ្ចប់​ទៅ អ្នកស្រី អេលីហ្សាប៊ែត បេកឃើរ (Elizabeth Becker) ថ្លែង​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​រំលោភ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​ជា​យន្តការ​អន្តរជាតិ​ដ៏​ធំ​មួយ​ក្នុង​ការ​តម្រូវ​ឲ្យ​កម្ពុជា គោរព​សិទ្ធិមនុស្ស គោលការណ៍​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ។

អ្នកស្រី ពុង ឈីវកេក ជំរុញ​ឲ្យ​អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ល្អ​ជាង​នេះ

ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) អ្នកស្រី​វេជ្ជបណ្ឌិត ពុង ឈីវកេក ក្នុង​ឱកាស​ទទួល​បាន​ពានរង្វាន់​កិត្តិយស​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស បាន​ល្អ​ប្រសើរ​ជាង​នេះ។ អ្នកស្រី​សម្ដែង​ការ​សោកស្ដាយ ដែល​រហូត​មក​ដល់​បច្ចុប្បន្ន កិច្ចព្រមព្រៀង​សន្តិភាព​នេះ​នៅ​មិន​ទាន់​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​នៅ​ឡើយ។

​អ្នកស្រី ពុង ឈីវកេក គឺ​ជា​ឥស្សរជន​មួយ​រូប​ដែល​បាន​ខ្នះខ្នែង និង​ជំរុញ​ឲ្យ​មាន​ជំនួប​រវាង​លោក ហ៊ុន សែន និង​សម្តេច​ព្រះ​នរោត្តម សីហនុ ដើម្បី​ឈាន​ដល់​ការ​បង្កើត​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

អ្នកស្រី​អះអាង​ថា ភាគី​ពាក់ព័ន្ធ​អន្តរជាតិ ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង បាន​ផ្ដល់​ជំនួយ​គ្រប់​បែប​យ៉ាង​ដល់​កម្ពុជា ជា​បន្តបន្ទាប់ ដូច​នេះ​ភាគី​កម្ពុជា មាន​តួនាទី​សំខាន់​ណាស់ ដើម្បី​អនុវត្ត​គោលការណ៍​ដែល​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឲ្យ​មាន​ប្រសិទ្ធភាព៖ «ជា​ការ​ពិត​ហើយ ខ្ញុំ​មាន​ការ​សោកស្ដាយ​ដែរ ដោយសារ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស តាំង​ពី​៩១ រហូត​ដល់​ឥឡូវ យើង​មិន​ទាន់​បាន​គោរព​ឲ្យ​បាន​ត្រឹមត្រូវ។ ខ្ញុំ​ចង់​ឲ្យ​យក​កិច្ច​ព្រមព្រៀង​នេះ​មក​អនុវត្ត​ឲ្យ​បាន​ល្អ​ជាង​នេះ ដើម្បី​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​យើង។ អ្នក​ដែល​បាន​ចុះ​ហត្ថលេខា​គេ​ថា ជួយ​យើង ឥឡូវ​គេ​ជួយ​ហើយ គេ​ជួយ​អភិវឌ្ឍ​ប្រទេស គេ​ផ្ដល់​ជំនួយ​ដល់​កម្ពុជា ចាប់​ពី​ឆ្នាំ​១៩៩៣​មក។ ប៉ុន្តែ​ធំ​បំផុត ខ្ញុំ​ជឿ​ជាក់​ថា ខ្មែរ​ត្រូវ​ជួយ​ខ្មែរ​ក្នុង​ការ​អនុវត្ត​ច្បាប់ លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស គឺ​នៅ​លើ​ដៃ​ប្រទេស​កម្ពុជា​យើង...»

​រដ្ឋាភិបាល​ប្រទេស​បារាំង ផ្ដល់​ពានរង្វាន់​កិត្តិយស​ដល់​អ្នកស្រី ពុង ឈីវកេក ចំពោះ​ការ​លះបង់​របស់​អ្នកស្រី​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​សន្តិភាព សេរីភាព និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

ប្រទេស​បារាំង គឺ​ជា​ប្រទេស​ហត្ថលេខី​មួយ​ក្នុង​ចំណោម​ប្រទេស​ចំនួន​១៩ រួម​មាន​វៀតណាម ឡាវ ថៃ សហរដ្ឋអាមេរិក អូស្ត្រាលី អង់គ្លេស កាណាដា ជាដើម ដែល​ជំរុញ​ឲ្យ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស កាលពី​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ​១៩៩១។ ក្រុម​ប្រទេស​ទាំង​នេះ​សន្យា​ថា នឹង​ជួយ​ជ្រោមជ្រែង​ដំណើរ​ការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា តាម​រយៈ​ការ​បោះឆ្នោត ការ​បង្កើត​រដ្ឋធម្មនុញ្ញ ការ​គោរព​អធិបតេយ្យភាព បូរណភាព​ទឹក​ដី ការ​គោរព​សិទ្ធិមនុស្ស និង​បញ្ហា​ជា​ច្រើន​ទៀត។

​តួអង្គ​សំខាន់​ក្នុង​កិច្ច​ព្រមព្រៀង​នេះ​រួមមាន ភាគី​រដ្ឋ​កម្ពុជា នៃ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ដែល​តំណាង​ដោយ​លោក ហ៊ុន សែន  ភាគី​លោក សឺន សាន ប្រធាន​គណបក្ស​សេរីនិយម​ព្រះពុទ្ធ​សាសនា ភាគី​សម្ដេច​ព្រះ នរោត្ដម សីហនុ និង​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ តំណាង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​លោក ខៀវ សំផន ភាគី​ខ្មែរក្រហម។ ភាគី​ទាំង​នេះ​បាន​ចុះ​កិច្ចព្រមព្រៀង​បញ្ចប់​សង្គ្រាម​ស៊ីវិល​ក្រោម​ការ​រៀបចំ​របស់​អង្គការ​សហប្រជាជាតិ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។