លោក សម រង្ស៊ី បដិសេធ​សារ​សំឡេង​ និង​ចាត់​ទុក​ថា​ ជា​​ចេតនា​​បំបែក​​បំបាក់​​របស់​​របប​​ក្រុង​ភ្នំពេញ

ដោយ ទីន ហ្សាការីយ៉ា
2019-03-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្នាក់ការ​កណ្ដាល​គណបក្ស រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៥។
អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្នាក់ការ​កណ្ដាល​គណបក្ស រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ បដិសេធ សារ​សំឡេង​របស់​លោក ដែល​គេ​ធ្វើ​ឱ្យ​ដូច​ជា​ការ​ឆ្លើយឆ្លង​គ្នា​តាម​បណ្ដាញ​សង្គម រវាង​លោក និង​លោក ឡុង រី ដែល​ថា លោក​ចង់​ឱ្យ​លោក កឹម សុខា បន្ត​ជាប់ឃុំ​តទៅទៀត ដើម្បី​យក​គណបក្ស​សង្គ្រោះជាតិ​មក​គ្រប់គ្រង​នោះ គឺជា​ការ​ប្រឌិត និង​កាត់ត​សំឡេង​របស់​លោក ក្នុង​ចេតនា​នយោបាយ ចង់​បំបែកបំបាក់​រវាង​លោក និង​លោក កឹម សុខា តែប៉ុណ្ណោះ។

លោក សម រង្ស៊ី ចោទ​ក្រុម​លោក ហ៊ុន សែន កាត់ត​សំឡេង​របស់​លោក ដើម្បី​ប្រឌិត​រឿង​នេះ​ឡើង ដើម្បី​បំភ័ន្ត​សាធារណមតិ និង​ដើម្បី​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បែកបាក់​គ្នា​។ ក៏ប៉ុន្តែ​ជា​បែបនេះ​ក្ដី លោក សម រង្ស៊ី ថ្លែង​កាលពី​ថ្ងៃ​ទី​១៣ មីនា ដោយ​សម្ដែង​ការ​ជឿជាក់​ថា សម្ពន្ធភាព​រវាង​លោក និង លោក កឹម សុខា មិន​ងាយ​បែក​គ្នា​ឡើយ៖ «នេះ​គេ​កាត់​ត គេ​យក​សំឡេង​យើង ដែល​យើង​និយាយ​នៅ​ក្នុង​រឿង​អី​ផ្សេង ពេល​វេលា​ផ្សេង អ្នក​នយោបាយ​តែងតែ​ធ្វើ​សន្ទរកថា​ជា​ច្រើន​កន្លែង ហើយ​គេ​យក​ពាក្យ​យើង​មួយៗ គេ​យក​ទៅ​ភ្ជាប់ ហើយ​ភ្ជាប់​រួច​វា​ទៅ​ជា​ខ្លឹមសារ​អី​ផ្សេង»។

ស្ដាប់​បទសម្ភាសន៍លម្អិត​របស់​លោក ជុន ច័ន្ទបុត្រ រវាង​​លោក សម រង្ស៊ី និង​លោក ឡុង រី ស្ដីពីសារ​សំឡេង​នេះ​ដូចតទៅ

សារ​សំឡេង​ជិត​កន្លះ​នាទី​ដែល លោក សម រង្ស៊ី អះអាង​ថា គេ​ប្រឌិត​ឡើង ហាក់​ដូច​លោក​បាន​ឆ្លងឆ្លើយ​គ្នា​ជាមួយ​លោក ឡុង រី នោះ ត្រូវ​គេ​ចែកចាយ​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក ពិសេស ក្រុម​គាំទ្រ​លោក កឹម សុខា រួម​ទាំង​មេធាវី​លោក កឹម សុខា ពីរ​រូប​ផង បាន​យក​ទៅ​ផុស​ចែកចាយ​ភ្លាមៗ បន្ត​ពី​មួយ​ទៅ​មួយ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ លោក ឡុង រី បញ្ជាក់​ថា នេះ ជា​ចេតនា​នយោបាយ​អាក្រក់​មួយ ដែល​ក្រុម​គណបក្ស​កាន់អំណាច​ចង់​បង្ខូច​កេរ្តិ៍ឈ្មោះ លោក សម រង្ស៊ី និង​ចង់​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ បែកបាក់​គ្នា នៅ​គ្រា​លោក កឹម សុខា ដែល​ត្រូវ​របប​លោក ហ៊ុន សែន ចាប់​ឃុំឃាំង​នៅ​ក្នុង​ផ្ទះ​នេះ។

លោក សម រង្ស៊ី អះអាង​ថា នេះ មិនមែន​ជា​លើក​ទី​១​ទេ ដែល​របប​លោក ហ៊ុន សែន កាត់ត​សំឡេង​របស់​លោក​នេះ ដើម្បី​ប្រឌិត​រឿង​មិន​ពិត​នេះ។ លោក​បញ្ជាក់​ថា កាលពីមុន​របប​នេះ ធ្លាប់​បាន​កាត់​សំឡេង​របស់​លោក ចោទ​សម្ដេច​ព្រះ​នរោត្តម សីហនុ ក្បត់ជាតិ​ដែរ ប៉ុន្តែ​សម្ដេច ព្រះ​នរោត្តម សីហនុ មិន​ជឿ​លើ​ការ​កាត់ត​សំឡេង​របស់​លោក​នេះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល