លោក សម រង្ស៊ី៖ លោក ហោ ណាំហុង ត្រូវ​សុំទោស​វិញ្ញាណក្ខន្ធ​និង​គ្រួសារ​ជន​រង​គ្រោះ

ដោយ ទីន ហ្សាការីយ៉ា
2015.11.20
ហោ ណាំហុង សម រង្ស៊ី ៦២០ ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក សម រង្ស៊ី ដែល​បាន​សរសេរ​អំពី​បញ្ហា​របស់​លោក​ជាមួយ​លោក ហោ ណាំហុង នៅ​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
RFA Screenshot

លោក សម រង្ស៊ី បាន​សរសេរ​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​នៅ​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្លើយ​តប​ទៅ​អ្នក​សារព័ត៌មាន​ដែល​សួរ​ថា តើ​លោក​យល់​ព្រម​សុំ​ទោស​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែរ​ទេ ដើម្បី​ឲ្យ​តុលា​ការ​ឈប់​ចោទ​ប្រកាន់​រួប​លោក​ពី​បទ​បរិហារកេរ្តិ៍​នោះ?

លោក សម រង្ស៊ី បាន​ឆ្លើយ​តប​ថា “លោក ហោ ណាំហុង ទេ ដែល​ត្រូវ​សុំទោស​ដួង​វិញ្ញាណក្ខន្ធ និង​ក្រុម​គ្រួសារ​ជនរងគ្រោះ​ដែល​ខ្មែរ​ក្រហម​បាញ់​សម្លាប់ បន្ទាប់​ពី​យក​ចេញ​ពី​គុក​បឹងត្របែក នៅ​ចុង​ទសវត្សរ៍​ទី​៧០ ដោយសារ​តែ​លោក ហោ ណាំហុង បាន​ចូល​ដៃ​ជាមួយ​ខ្មែរក្រហម ហើយ​បាន​មួលបង្កាច់​ជន​ស្លូត​ត្រង់​ដើម្បី​យក​ចិត្ត​ពួក​ខ្មែរក្រហម ជា​ថ្នូរ​យក​រួច​ខ្លួន​ចំពោះ​រូប​លោក ហោ ណាំហុង ហៅ​មិត្ត យ៉ែម និង​ក្រុម​គ្រួសារ​គាត់”

លោក សម រង្ស៊ី ថ្លែង​ដូច្នេះ នៅ​បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ចេញ​ដីកា​បង្គាប់​ឲ្យ​លោក​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​នៅ​ថ្ងៃ​ទី​៤ ខែ​ធ្នូ ខាង​មុខ ជា​ច្រើន​បទ​ចោទ ទាក់ទង​នឹង​សំណុំរឿង​សមាជិក​ព្រឹទ្ធសភា លោក ហុង សុខហួរ អំពី​ការ​បង្ហោះ​ឯកសារ សន្ធិសញ្ញា​សន្តិភាព មិត្តភាព និង​សហប្រតិបត្តិការ​រវាង​កម្ពុជា-​វៀតណាម ឆ្នាំ​១៩៧៩។

​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិនទាន់​សម្រេច​ពី​កាលបរិច្ឆេទ​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា វិញ​នៅ​ឡើយ​នោះ លើក​ឡើង​ទៀត​ថា មាន​ឯកសារ​ផ្ទៃ​ក្នុង​ពី​ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​ប្រទេស​កម្ពុជា ទើប​បញ្ចេញ​ជា​សាធារណៈ មាន​ខ្លឹមសារ​ថា លោក ហោ ណាំហុង បាន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ បន្ទាប់ពី​ខ្មែរ​ក្រហម​ឡើង​កាន់​អំណាច តែ​គាត់​បាន​រួច​ផុត​ពី​ការ​ស្លាប់ ពីព្រោះ​គាត់​ធ្លាប់​បាន​រៀន​សូត្រ​ជាមួយ អៀង សារី។

លោក សម រង្ស៊ី សរសេរ​ទៀត​ថា លោក ហោ ណាំហុង បាន​ក្លាយ​ទៅ​ជា​មេ​ជំរំ (គុក) បឹងត្របែក ហើយ​លោក​និង​ភរិយា បាន​សហការ​ជាមួយ​ខ្មែរ​ក្រហម​ក្នុង​ការ​សម្លាប់​មនុស្ស​ជា​ច្រើន​ដែល​ជាប់​ឃុំឃាំង​នៅ​ទី​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ឃួង ស្រេង ពី​មន្ត្រី​ខណ្ឌ​តូច​តាច​ទៅ​ជា​អភិបាល​ក្រុង​ភ្នំពេញ​ដោយសារ​ស្នាដៃ​បម្រើ​គ្រួសារ​ត្រកូល​ហ៊ុន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។