"របប​ក្រុងភ្នំពេញ និង​បក្ស​ប្រឆាំង​គួរ​ចរចា​គ្នា​ទើប​អាច​បញ្ចៀស​ព្រឹត្តិការណ៍​បង្ហូរ​ឈាម​ខ្មែរ"

ដោយ មួង ណារ៉េត
2019-01-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
(ពីឆ្វេង) លោក កឹម សុខា និងលោក សម រង្ស៊ី កាល​ពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៣ លោក ហ៊ុន សែន និងភរិយា លោកស្រី ប៊ុន រ៉ានី កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មុថិនា ឆ្នាំ​២០១៣។
(ពីឆ្វេង) លោក កឹម សុខា និងលោក សម រង្ស៊ី កាល​ពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៣ លោក ហ៊ុន សែន និងភរិយា លោកស្រី ប៊ុន រ៉ានី កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មុថិនា ឆ្នាំ​២០១៣។
RFA

អ្នកវិភាគ​នយោបាយ ផ្ដល់​យោបល់​ឱ្យ​ភាគី​របប​ក្រុងភ្នំពេញ និង​គណបក្ស​សង្គ្រោះជាតិ រិះរក​វិធី​សម្របសម្រួល និង​សម្បទាន​ឱ្យ​គ្នា ដើម្បី​បញ្ចៀស​ការ​បង្ហូរ​ឈាម ឬ​ការ​ប៉ះ​ទង្គិច​គ្នា រវាង​ខ្មែរ និង​ខ្មែរ នៅ​ឆ្នាំ​២០១៩។ ការ​លើកឡើង​នេះ បន្ទាប់ពី​មេ​យោធា​របប​ក្រុងភ្នំពេញ ប្រកាស​កម្ទេច លោក សម រង្ស៊ី បើ​ហ៊ាន​ចូល​ស្រុក នៅ​ខណៈ​ដែល​គណបក្សប្រឆាំង ប្ដេជ្ញា​កៀរគរ​អ្នក​គាំទ្រ​ជូន​ដំណើរ​លោក សម រង្ស៊ី ចូល​ស្រុក​ឱ្យ​ទាល់តែ​បាន នៅ​ឆ្នាំ​២០១៩។

ប្រធាន​ក្រុម​អ្នកវិភាគ​វ័យក្មេង កញ្ញា លី ស្រីស្រស់ យល់​ថា ក្នុង​ស្ថានភាព​សព្វថ្ងៃ​នេះ បើ​មេដឹកនាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ចូល​ស្រុក​ពិតមែន ជា​ប្រការ​គ្រោះថ្នាក់​ខ្លាំង និង​ប្រឈម​វិធានការ​ផ្សេងៗ ពី​របប​ក្រុងភ្នំពេញ។ ប៉ុន្តែ បើ​លោក សម រង្ស៊ី មាន​យុទ្ធសាស្ត្រ​ល្អ ហ៊ាន​ប្រថុយ​ចូល​ប្រទេស​កម្ពុជា ដោយ​គ្មាន​ឧបសគ្គ​រារាំង ជា​រឿង​ជោគជ័យ​បំផុត សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន៖ «លើកទឹកចិត្ត​ថា បើ​សិន​លោក សម រង្ស៊ី មក​បាន​ខ្ញុំ ក៏​ត្រេកអរ​ដែរ ពីព្រោះ​ក្នុង​ស្ថានភាព​បែបនេះ។ ប៉ុន្តែ​ត្រូវតែ​ធ្វើ​ឱ្យ​ប្រាកដ​នៅ​លើ​យុទ្ធសាស្ត្រ​របស់​ខ្លួន​ពាក់ព័ន្ធ​ទៅ​នឹង​ការ​វិល​ត្រលប់​មក​កម្ពុជា។ ធ្វើ​យ៉ាងណា ឱ្យ​មាន​ការចរចា ឬក៏​ការ​ស្រុះស្រួល​គ្នា​ទៅ កុំ​ឱ្យ​មានការ​ឃុំខ្លួន ឬក៏​ការ​ឃុំខ្លួន​អ្វី​ជាដើម ព្រោះ​ការ​ធ្វើ​បែបនេះ វា​អាច​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា កាន់តែ​ដុនដាប ជាពិសេស​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា»

ទោះ មេដឹកនាំ​របប​ឯក​បក្ស​ក្រុងភ្នំពេញ លោក ហ៊ុន សែន ធ្លាប់​បញ្ជា​ច្រើនដង ឱ្យ​មន្ត្រី​ក្រោម​ឱវាទ ឈប់​ឆ្លងឆ្លើយ ជាមួយ​គណបក្សប្រឆាំង ប៉ុន្តែ ប៉ុន្មាន​ថ្ងៃនេះ មេ​យោធា ជាច្រើន បាន​ប្រើប្រាស់​ប្រព័ន្ធ​ឃោសនា​ស្និត​របប​ក្រុងភ្នំពេញ ឆ្លើយតប​នឹង​ការ​អំពាវនាវ​របស់ លោក សម រង្ស៊ី និង​ប្ដេជ្ញា​ថា កម្ទេច លោក សម រង្ស៊ី បើ​ហ៊ាន​វិល​ត្រលប់​មក​កម្ពុជា។

រដ្ឋមន្ត្រី​ក្រសួងការពារ​ជាតិ លោក ទៀ បាញ់ នៅ​ថ្ងៃ​ទី​៣០ មករា ក៏​ត្រូវ​បាន​ប្រព័ន្ធ​ឃោសនា​ដដែល ចុះផ្សាយ​ថា មិន​អនុញ្ញាត​ឱ្យ លោក សម រង្ស៊ី បាន​ស្រែក​ដូរ មិន​ដូរ​នៅ​កម្ពុជា​ដាច់ខាត។ លោក ទៀ បាញ់ ហៅ​សកម្មភាព​លោក សម រង្ស៊ី វិល​ចូល​កម្ពុជា ជា​ការ​បង្ក​អសន្តិសុខ។

មុន​ពេល​មាន​ប្រតិកម្ម​ពី​មេ​យោធា លោក សម រង្ស៊ី បាន​អំពាវនាវ​ជាថ្មី កុំ​ឱ្យ​កងកម្លាំង​ប្រដាប់អាវុធ​ស្ដាប់​បញ្ជា​ជន​ផ្ដាច់ការ ដែល​អះអាង​ថា ជា លោក ហ៊ុន សែន។ លោក ទៀ បាញ់ ថា លោក​អន់ចិត្ត ព្រោះ​មាន​អ្នក​ខ្លះ នៅ​តែ​ជឿ​សំដី លោក សម រង្ស៊ី។

អ្នកវិភាគ​នយោបាយ បណ្ឌិត ឡៅ ម៉ុងហៃ សរសេរ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក នៅ​ថ្ងៃ​ទី​៣០ មករា ថា បើ លោក សម រង្ស៊ី ត្រឡប់​មក​ខ្មែរ​លើក​នេះ​មែន អាច​មាន​វាសនា​ខុស​ពី លើក​មុន គឺ លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ ដូច​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ។ លោក សម រង្ស៊ី អាច​ត្រូវ​គេ​វាយ​បែក​ក្បាល ដូច មេដឹកនាំ​ជាន់ខ្ពស់​មួយ​រួម ក្នុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ គឺ លោក ខៀវ សំផន កាល​ឆ្នាំ​១៩៩១។ លោក សម រង្ស៊ី អាច​ត្រូវ​បាន​សម្លាប់ ដូច សមាជិក​ព្រឹទ្ធសភា ប្រទេស​ហ្វីលីពីន ឈ្មោះ អាគីណូ (Aquino) ដែល​ប្រឆាំង​ប្រធានាធិបតី​ផ្ដាច់ការ ឈ្មោះ ម៉ារកុស (Marcos) ត្រូវ​គេ​បាញ់សម្លាប់ ពេល​ចុះ​ពី​យន្តហោះ ត្រឡប់​ចូល​ប្រទេស​វិញ នៅ​ឆ្នាំ​១៩៨៣។ បណ្ឌិត ឡៅ ម៉ុងហៃ ថា លោក សម រង្ស៊ី ធ្លាប់​រង​ការប៉ុនប៉ង​សម្លាប់​ម្ដង កាលពី​ថ្ងៃ​៣០ ខែ​មីនា ឆ្នាំ១៩៩៧ ក្នុង​ព្រឹត្តិការណ៍​គប់​គ្រាប់បែកដៃ មុខ​មន្ទីរ​រដ្ឋសភា​ចាស់ និង​ជា​ទិសដៅ​សម្រាប់​កម្ចាត់​កម្ទេច នៅ​ពេល​ថ្មីៗ​នេះ។

ទោះ​ដឹង​ស្ថានភាព​បែបនេះ​ក្ដី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី ប្រកាស​ថា នឹង​ដាក់​ជីវិត​ជា​ទុន ដើម្បី​វិល​ទៅ​សង្គ្រោះ​ប្រទេស​កម្ពុជា​វិញ នៅ​ឆ្នាំ​២០១៩។ ចំណែក​អនុប្រធាន​គណបក្សប្រឆាំង លោក អេង ឆៃអ៊ាង ប្រកាស​ប្ដូរផ្ដាច់​ដូរ​គ្នា ថាបើ​នរណា មិន​ហ៊ាន​ចូល​ទៅ​កម្ពុជា ជាមួយ លោក សម រង្ស៊ី នៅ​ឱ្យ​ស្ងៀម ទុក​ឱ្យ​អ្នក​ដែល​ហ៊ាន​ចូល​តតាំង៖ «អ្នកណា​ខ្លាច​នៅ​ម្ដុំ អត់​បញ្ហា​ខ្ញុំ​ប្រាប់​ថា អ្នក​ដែល​ខ្លាច​សូម​កុំ​មាត់ កុំ​បំភ័យ​គ្នាឯង។ ខ្ញុំ​ណែនាំ​ហើយ ទុក​ឱ្យ​អ្នក​ហ៊ាន​ធ្វើ​។ បាទ​! អាហ្នឹង គឺ​អ៊ីចឹង​ហើយ ខ្ញុំ​ចាប់ផ្ដើម​រៀបចំ​មេដឹកនាំ​ខេត្ត ដែល​ដាច់ខាត មេដឹកនាំ​ស្រុក ដែល​ដាច់ខាត មេដឹកនាំ​ឃុំ ដែល​ដាច់ខាត ចងក្រង។ អ៊ីចឹង សូម​ឱ្យ​បងប្អូន​នៅ​ទីនេះ (​រដ្ឋ​កាលីហ្វ័រញ៉ា) ចូលរួម​សហការ​ធ្វើ​សកម្មភាព​បន្ត​ទៀត។ ចរន្ត​វា​ចេញ​ហើយ បងប្អូន​។ អ្នក​ក្នុងស្រុក ថា តោះ​ត្រៀម​ខ្លួន​ទទួល សម រង្ស៊ី​។ យើង​អ្នក​ក្រៅ​ស្រុក តោះ​ត្រៀមខ្លួន​អម​ដំណើរ សម រង្ស៊ី ទៅ​ស្រុក​ខ្មែរ»

បើ​ទោះ អ្នកវិភាគ​លើកទឹកចិត្ត​ឱ្យ លោក សម រង្ស៊ី វិល​ចូល​កម្ពុជា​វិញ​មែន ប៉ុន្តែ​មិន​ចង់​ឃើញ​បាតុភាព​ប៉ះទង្គិច រវាង​ពលរដ្ឋ និង​កងកម្លាំង​យោធា​ទេ។ កញ្ញា លី ស្រីស្រស់ ថា កូនសោ ដោះស្រាយ​វិបត្តិ​នយោបាយ​ពេលនេះ ស្ថិត​ក្នុង​ដៃ មេដឹកនាំ​របប​ក្រុងភ្នំពេញ ព្រោះ​ដើមចម​នៃ​វិបត្តិ​នេះ បណ្ដាលមកពី​របប​ក្រុងភ្នំពេញ កម្ទេច​លទ្ធិប្រជាធិបតេយ្យ។ តែ​យ៉ាងណា អ្នកវិភាគ​រូប​នេះ យល់ថា ប្រសិនបើ​លោក ហ៊ុន សែន មិន​តម្កល់​ប្រយោជន៍​ជាតិ​ជាធំ ហើយ​ស្រវា​អំណាច​ទុក​ឱ្យ​កូន ត​ជំនាន់ នឹង​ជៀស​មិន​ផុត ពី​ការ​ប៉ះទង្គិច​គ្នា​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល