របប​ក្រុង​ភ្នំពេញ​ចាត់​ទុក​អង្គការ​ផ្នែក​សិទ្ធិមនុស្ស និង​តស៊ូ​មតិ​ថា ​ជា​ក្រុម​ប្រឆាំង

ដោយ ទីន ហ្សាការីយ៉ា
2019-04-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ថ្លែង​ក្នុង​កិច្ច​ប្រជុំ​​នៅ​ខេត្ត​ព្រះសីហនុ ថ្ងៃ​ទី១៨ ខែ​មីនា ឆ្នាំ២០១៩។
លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ថ្លែង​ក្នុង​កិច្ច​ប្រជុំ​​នៅ​ខេត្ត​ព្រះសីហនុ ថ្ងៃ​ទី១៨ ខែ​មីនា ឆ្នាំ២០១៩។
រូបថត៖ ហ្វេសប៊ុក SamdechKrolahomSarkheng

ថ្នាក់​ដឹកនាំ​លំដាប់​ទី​ពីរ​នៃ​របប​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​អាទិត្យ​ទី២១ មេសា ចោទ​ប្រកាន់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស​ថា ជា​ក្រុម​ប្រឆាំង​នឹង​រដ្ឋាភិបាល​។ សង្គម​ស៊ីវិល​សម្ដែង​ការ​សោក​ស្ដាយ​ចំពោះ​ការ​លើក​ឡើង​​នេះ ហើយ​ថា រឿង​នេះ​នឹង​ប៉ះពាល់​ដល់​សកម្មភាព​ការងារ​របស់​អង្គការ​សង្គម​ស៊ីវិល។

ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ថា អង្គការ​មិន​មែន​រដ្ឋាភិបាល​នៅ​កម្ពុជា​មាន​ចំនួន​​ច្រើន​លើស​លប់ ដែល​បង្ហាញ​ថា កម្ពុជា​មាន​សិទ្ធិ​សេរីភាព​ខាង​អង្គការ​សមាគម។ ក៏​ប៉ុន្តែ​លោក​ថា អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ មាន​ពីរ​ប្រភេទ គឺ​អង្គការ​ផ្នែក​អភិវឌ្ឍន៍ និង​អង្គការ​ប្រឆាំង​នឹង​រដ្ឋាភិបាល។ លោក​បាន​​ចោទ​ដោយ​ត្រង់ៗ តែ​ម្ដង​ថា អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស និង​តស៊ូ​មតិ​ គឺ​ជា​អង្គការ​ប្រឆាំង​នឹង​រដ្ឋាភិបាល៖ «NGOs ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក៏​មាន​ដែរ ព្រោះ NGOs វា​មាន​ពីរ​ផ្នែក។ មួយ​ផ្នែក​ គឺ​ថា NGOs ធ្វើ​កិច្ច​ការងារ​អភិវឌ្ឍ សេដ្ឋកិច្ច សង្គម ប៉ុន្តែ​មួយ​ផ្នែក​ទៀត NGOs ដែល​ធ្វើ​ការ​ទាក់ទង​នឹង​សិទ្ធិ​តវ៉ា សិទ្ធិមនុស្ស។ អា​ហ្នឹង​គេ​ហៅ​ស្អី? គេ​ហៅ​អ្នក​ធ្វើ​ការ​ខាង​តស៊ូ​មតិ»

ប្រសាសន៍​របស់​មេ​ដឹក​នាំ​កំពូល​ផ្នែក​សន្តិ​សុខ​ជាតិ​រូប​នេះ ហាក់​ផ្ទុយ​គ្នា​ទាំង​ស្រុង​នឹង​ប្រសាសន៍​របស់​លោ​ក​កាល​ពី​ពេល​មុន ដែល​បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​បើក​សិទ្ធិ​សេរីភាព​ ព្រម​ទាំង​បញ្ឈប់​ការ​ចោទ​ប្រកាន់ និង​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​អង្គការ​សង្គម​ស៊ីវិល។

អង្គការសង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស​ច្រាន​ចោល​ការ​ថ្លែង​របស់​លោក ស ខេង ដោយ​ពួក​គេ​ចាត់​ទុក​ថា នេះ​ជា​ការ​លាប​ពណ៌​ដែល​គ្មាន​មូលដ្ឋាន។

អ្នក​នាំ​ពាក្យ​សមាគម​ អាដហុក​ (ADHOC) លោក ស៊ឹង សែនករុណា ថ្លែង​ថា មន្ត្រី​គ្រាក់ៗ នៃ​របប​ក្រុង​ភ្នំពេញ​ នៅ​តែ​មាន​ទស្សនៈ​បែប​អវិជ្ជមាន​ ចំពោះ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស និង​ការ​តស៊ូ​មតិ។ លោក​ថា ទស្សនៈ​បែបនេះ​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា ថ្នាក់​ដឹក​នាំ​បច្ចុប្បន្ន​មិន​ទាន់​យល់​ពី​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​ឡើយ​ទេ​។ លោក​បកស្រាយ​ថា អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស និង​តស៊ូ​មតិ​ ធ្វើ​សកម្មភាព ដើម្បី​លើក​ស្ទួយ​វិស័យ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ស្រប​ទៅ​តាម​ច្បាប់​ជាតិ​ និង​អន្តរជាតិ។ លើស​ពី​នេះ​ទៅទៀត លោក​ថា មុន​នឹង​ធ្វើ​សកម្មភាព អង្គការ​សង្គម​ស៊ីវិល សុទ្ធ​តែ​បាន​ចុះ​បញ្ជី​ត្រឹមត្រូវ នៅ​ក្រសួង​មហាផ្ទៃ។ ដូច្នេះ​មិន​គួរ​ណា​ថ្នាក់​ដឹកនាំ​ក្រសួង​ប្រកាន់​ទស្សនៈ​បែប​នេះ​ឡើយ៖ «ការ​ថ្លែង​បែប​នេះ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខ​មាត់​រដ្ឋាភិបាល​ខ្លួន​ឯង ដែល​ធ្វើ​ឱ្យ​អន្តរជាតិ​គេ​កាន់​តែ​សម្លឹង​ឃើញ​ថា កម្ពុជា​ហាក់​ដូច​ជា​មិន​ចង់​ឱ្យ​មាន​អង្គការ​ ដែល​ការពារ​សិទ្ធិមនុស្ស ខណៈ​ដែល​ខ្លួន​កំពុង​តែ​រំលោភ​ទៅលើ​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​​នេះ​​ឯង។ នេះ​ជា​ហេតុ​មួយ​ដែល​ធ្វើ​ឱ្យ​សកម្មភាព​អង្គការ​ សមាគម​ ដែល​ធ្វើ​លើ​វិស័យ​ទាំង​អស់​នេះ មាន​ភាព​ប្រឈម​កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត»

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ បន្ត​ថា ចំនួន​អង្គការ​សង្គម​ស៊ីវិល​ច្រើន​មិន​មែន​មានន័យ​ថា កម្ពុជា​មាន​សិទ្ធិ​សេរីភាព​ខាង​អង្គការ​សមាគម​ពេញលេញ​នោះ​ឡើយ ព្រោះ​សកម្មភាព​របស់​អង្គការ​សង្គម​ស៊ីវិល​តែង​​​ស្ថិត​ក្រោម​ការ​ឃ្លាំមើល និង​រក​ការ​រឹតត្បិត​ពី​សំណាក់​អាជ្ញាធរ​ ជា​ហូរ​ហែ។ លោក​បន្ថែម​ថា នៅ​ពេល​កម្ពុជា​ក្លាយ​ជា​ប្រទេស​គោរព​សិទ្ធិ​មនុស្ស​ត្រឹម​ត្រូវ នោះ​វត្តមាន​របស់​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស​នឹង​លែង​សំខាន់​ដូច​ពេល​បច្ចុប្បន្ន​នេះ​ទៀត​ហើយ។

គិត​ត្រឹម​បំណាច់​ឆ្នាំ២០១៨ អង្គការ-សមាគម​ក្នុង​ស្រុក​ដែល​បាន​ចុះ​បញ្ជី និង​តម្កល់​ឯកសារ​នៅ​ក្រសួង​មហាផ្ទៃ​មាន​ចំនួន​ជាង ៥ពាន់ (.៥២៣) អង្គភាព ខណៈ​អង្គការ​សមាគម​បរទេស ដែល​បាន​ចុះ​អនុស្សរណៈ​នៅ​ក្រសួង​ការ​បរទេស​មាន​ចំនួន ៤១៩អង្គភាព។

ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ (LICADHO) លោក អំ សំអាត កត់​សម្គាល់​ថា ​អង្គការសង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស ប្រជាធិបតេយ្យ ការ​បោះ​ឆ្នោត និង​ការ​តស៊ូ​មតិ តែងតែ​រង​ការ​លាប​ពណ៌ និង​រឹតត្បិត​ពី​រដ្ឋាភិបាល​កម្ពុជា។ លោក​ថា អង្គការ​ទាំង​អស់​នេះ គ្មាន​បំណង​ប្រឆាំង​នឹង​រដ្ឋាភិបាល​ឡើយ​ ផ្ទុយ​ទៅ​វិញ គឺ​ជា​ដៃគូ​របស់​រដ្ឋាភិបាល ​ក្នុង​ការ​លើក​ស្ទួយ​វិស័យ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ទៅ​វិញ​ទេ។ លោក​បារម្ភ​ថា ប្រសាសន៍​របស់​លោក​ ស ខេង នេះ នឹង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ការ​ចុះ​ធ្វើ​សកម្មភាព​របស់​អង្គការ​សង្គម​ស៊ីវិល​នៅ​ពេល​ខាងមុខ៖ «ខ្ញុំ​មាន​ការ​សោក​ស្ពាយ​ដែល​ថ្នាក់​ដឹក​នាំ​របស់​រដ្ឋាភិបាល​គាត់​ប្រើ​ពាក្យ​អ៊ីចឹង ពីព្រោះ​កាល​ណា​ប្រើ​ពាក្យ​អ៊ីចឹង​នាំ​ឱ្យ​ថ្នាក់​ក្រោម​ហ្នឹង​មាន​ការ​យល់​ច្រឡំ ទៅ​ជា​ចាត់​ទុក​អង្គការ​ទាំង​អស់​ហ្នឹង​ជា​អ្នក​ប្រឆាំង​ជាមួយ​រដ្ឋាភិបាល។ អ៊ីចឹង​ថ្ងៃ​ក្រោយ​ទៅ កិច្ច​សហការ​នឹង​អាច​មិន​មាន ហើយ​បើ​មាន​មាន​តិច​តួច ពីព្រោះ​ថ្នាក់​ក្រោម​ ឱ្យ​តែ​ឮ​ថា​ជា​អង្គការ​ប្រឆាំង គាត់​មិន​ហ៊ាន​សហការ​ជាមួយ​ទេ»

អ្នក​ការពារ​សិទ្ធិ​មនុស្ស​រូប​នេះ ស្នើ​ឱ្យ​រដ្ឋាភិបាល​បើក​ចិត្ត​ឱ្យ​ទូលាយ និង​កុំ​ចាត់​ទុក​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស ប្រជាធិបតេយ្យ ការ​បោះឆ្នោត និង​ការ​តស៊ូ​មតិ​ថា ជា​ក្រុម​ប្រឆាំង​ត​ទៅ​ទៀត និង​ត្រូវ​ចាត់​ទុក​អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ ជា​ដៃគូ​អភិវឌ្ឍន៍​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល