ស្ថានភាព​រស់​នៅ​របស់​មេ​ឃុំ ស៊ាង ចែត និង​គ្រួសារ​ក្រោយ​ពេល​ចេញ​ពី​ពន្ធនាគារ

ដោយ​ សូត សុខប្រាថ្នា
2017-01-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មេ​ឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម មក​ពី​គណបក្ស សម រង្ស៊ី លោក ស៊ាង ចែត ផ្តល់​បទសម្ភាសន៍​​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Saut Sokprathna
មេ​ឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម មក​ពី​គណបក្ស សម រង្ស៊ី លោក ស៊ាង ចែត ផ្តល់​បទសម្ភាសន៍​​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Saut Sokprathna
RFA/Saut Sokprathna

រយៈពេល​ជិត ១​ខែ​មក​ហើយ ដែល​មេ​ឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម មក​ពី​គណបក្ស​ប្រឆាំង ​ត្រូវ​បាន​ព្រះមហាក្សត្រ​ព្រះរាជទាន​ការ​លើក​លែង​ទោស និង​បាន​រស់​នៅ​មាន​សេរីភាព​ឡើង​វិញ។

ក្រោយ​ពេល​ព្រះមហាក្សត្រ ព្រះរាជទាន​ការ​លើកលែង​ទោស​ដល់​ខ្លួន កាល​ពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០១៦ រួច​មក លោក ស៊ាង ចែត មិន​បាន​បង្អែបង្អង់​យូរ​ឡើយ ដោយ​គ្រាន់តែ​ទទួល​បាន​មុខ​តំណែង​វិញ​ភ្លាម លោក​ខិតខំ​ជួយ​សម្រាល​ការងារ​នៅ​ក្នុង​ឃុំ​ជូន​ពលរដ្ឋ​របស់​ខ្លួន​បាន​មួយ​ចំនួន។

លោក ស៊ាង ចែត បាន​បំពេញ​ការងារ​របស់​ខ្លួន​បាន​ដូច​កាល​ពី​មុន​វិញ ក្រោយ​ពី​លោក​បាន​ចេញ​ពី​ពន្ធនាគារ។ ការងារ​សំខាន់​ដែល​លោក​ត្រូវ​ធ្វើ​ចំពោះ​មុខ​នោះ គឺ​ការ​ផ្ដល់​សេវា​សាធារណៈ​ជូន​ពលរដ្ឋ ដូចជា​ធ្វើ​សំបុត្រ​បញ្ជាក់​កំណើត លក់ ឬ​ទិញ​ដី ធ្វើ​ឯកសារ​យក​ប្រាក់​ពី​ធនាគារ ប្រឹក្សា​យោបល់​ដល់​ពលរដ្ឋ ដឹកនាំ​កម្លាំង​ជួសជុល​ផ្លូវ​នៅ​ក្នុង​ឃុំ​ដែល​រង​ការ​ខូចខាត​កន្លង​ទៅ​ជាដើម។

ក្រៅ​ពី​ការងារ​របស់​ឃុំ​ហើយ លោក ស៊ាង ចែត ក៏​បាន​បំពេញ​តួនាទី​ជា​មេ​គ្រួសារ​ដ៏​ល្អ​របស់​ខ្លួន​ទៀត​ផង។ ការងារ​ក្នុង​គ្រួសារ​ដែល​សេសសល់​ពី​ថ្ងៃ​សម្រាក រួម​មាន​ជួយ​ការងារ​ក្នុង​ផ្ទះ មើល​ថែ​កូនៗ និង​ឪពុក​ម្ដាយ​ចាស់​ជរា ផ្ដល់​ជា​គំនិត​ដល់​កូនៗ ក្នុង​ការ​រក​ស៊ី ឬ​ទៅ​មើល​ចម្ការ​ជាដើម។ ប៉ុន្តែ​ថ្ងៃ​សម្រាក​ខ្លះ លោក​នៅ​តែ​រវល់​នឹង​ការងារ​ផ្តល់​សេវា​ជូន​ពលរដ្ឋ​ដដែល។

​និយាយ​ដោយ​ទឹក​មុខ​ស្រស់បស់ លោក ស៊ាង ចែត មាន​ប្រសាសន៍​ថា លោក​ត្រេកអរ​ដែល​បាន​វិល​ត្រឡប់​មក​ជួបជុំ​ប្រពន្ធ​កូន និង​ឪពុក​ម្តាយ​ចាស់​ជរា​នៅ​ស្រុក​កំណើត​វិញ។ លើស​ពី​នេះ លោក​កាន់​តែ​រីករាយ ព្រោះ​បាន​ជួប​ប្រជាពលរដ្ឋ និង​ជួយ​បម្រើ​ការងារ​ជូន​ពួកគាត់៖ «ពេល​ខ្ញុំ​ចេញពី​ថ្ងៃ​ទី​៨ រហូត​ដល់​ថ្ងៃ​ទី​១២ នេះ អភិបាល​ស្រុក​ប្រកាស​ឱ្យ​ខ្ញុំ​ចូល​កាន់​តំណែង​ជា​មេ​ឃុំ​វិញ​នេះ។ អ៊ីចឹង​ខ្ញុំ​សប្បាយ​ចិត្ត​បម្រើ​ប្រជាពលរដ្ឋ»

លោក ស៊ាង ចែត ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នាំ​ខ្លួន​ដើម្បី​សាកសួរ​ជុំវិញ​រឿង​ទឹក​ប្រាក់ ២​លាន​រៀល ឬ​ស្មើ​ប្រមាណ ៥០០​ដុល្លារ​សហរដ្ឋអាមេរិក បម្រុង​នឹង​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​អ្នក​នាង ខុម ចាន់តារាទី ហៅ​ស្រីមុំ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា។ នៅ​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៦ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​បញ្ជូន​លោក ស៊ាង ចែត ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស ពាក់ព័ន្ធ​នឹង​បទ​ចោទ​សូក​ប៉ាន់​សាក្សី​តាម​មាត្រា ៥៤៨ នៃ​ក្រម​ព្រហ្មទណ្ឌ។

ក្រោយ​មក តុលាការ​បាន​ផ្ដន្ទាទោស​លោក​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន ៥​ឆ្នាំ។ តុលាការ​បាន​ចេញ​សាលក្រម​ផ្ដន្ទាទោស​មេ​ឃុំ​រូប​នេះ មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង លោក ស៊ាង ចែត ក៏​ត្រូវ​បាន​ព្រះមហាក្សត្រ​ព្រះរាជទាន​ការ​លើកលែង​ទោស​កាល​ពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ។

​លោក ស៊ាង ចែត មាន​អាយុ​ជាង ៤០​ឆ្នាំ និង​មាន​កូន​ប្រុស​ចំនួន ៥​នាក់ ព្រមទាំង​មាន​ឪពុក​ម្ដាយ​ចាស់​ជរា​នៅ​ក្នុង​បន្ទុក​ផង។ មេ​ឃុំ​រូប​នេះ គឺ​ជា​មនុស្ស​មាន​ប្រជាប្រិយភាព​ម្នាក់​នៅ​ក្នុង​ឃុំ និង​ជា​គ្រួសារ​មួយ​មាន​ជីវភាព​មធ្យម ហើយ​គាត់​បាន​ប្រឡូក​ក្នុង​វិស័យ​នយោបាយ​តាំង​ពី​ឆ្នាំ​១៩៩៤ ជាមួយ​គណបក្ស​ជាតិ​ខ្មែរ​របស់​លោក សម រង្ស៊ី។ នៅ​ឆ្នាំ​២០០៧ លោក​បាន​ជាប់​ជា​ជំទប់​ទី​២ ឃុំ​ស្រក និង​នៅ​ឆ្នាំ​២០១២ លោក​បាន​ជាប់​ជា​មេ​ឃុំ​មក​ពី​គណបក្ស សម រង្ស៊ី តែម្ដង។

​ថ្វី​ត្បិត​តែ​ជា​គ្រួសារ​ដែល​មាន​ជីវភាព​សមរម្យ​ក្នុង​ភូមិ​ក៏ដោយ​ចុះ ប៉ុន្តែ​ក្នុង​រយៈពេល​លោក​ជាប់​គុក​ជាង ៧​ខែ ដោយ​រឿង​ក្តី​អយុត្តិធម៌​នោះ គ្រួសារ​លោក​ត្រូវ​ប្រឈម​បញ្ហា​ផ្សេងៗ ក្នុង​ជីវភាព​រស់​នៅ។ បញ្ហា​ទាំង​នោះ រួម​មាន​ការ​ចំណាយ​ច្រើន ប៉ុន្តែ​មិន​មាន​ចំណូល​ដូច​កាល​ពី​មុន។ ប្រាក់​ខែ​ជា​មេ​ឃុំ ត្រូវ​បាន​គេ​កាត់​ផ្ដាច់​កូន​ប្រុស​ម្នាក់​សម្រេច​បោះ​បង់​ចោល​ការ​សិក្សា និង​ត្រូវ​រក​ប្រាក់​ដោះ​បំណុល​គេ​ជាដើម៖ «បញ្ហា​បន្ត​របស់​ខ្ញុំ ដូច​ខ្ញុំ​បាន​ជម្រាប​ជូន​ខាង​ដើម​ថា ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​បាន​បម្រើ​ប្រជាពលរដ្ឋ និង​បាន​មក​នៅ​ផ្ទះ​ជួបជុំ​ប្រពន្ធ​កូន ហើយ​និង​បាន​ណែនាំ​កូន​ឱ្យ​រក​ស៊ី​អីៗ»

​ប្រពន្ធ​លោក ស៊ាង ចែត គឺ​អ្នកស្រី ស្រេង សុខឃឿន មាន​ប្រសាសន៍​ថា នៅ​ពេល​តុលាការ​ចេញ​សាលក្រម​ផ្ដន្ទាទោស​ប្ដី​គាត់​ឱ្យ​ជាប់​គុក ៥​ឆ្នាំ គឺ​អ្នកស្រី​អស់​សង្ឃឹម​តែម្ដង។ អ្នកស្រី​ថា គ្រា​ដែល​មិន​មាន​វត្តមាន​ប្ដី​នៅ​ជាមួយ អ្នកស្រី​ត្រូវ​ដើរ​តួនាទី​ជា​ប្ដី​ផង និង​ប្រពន្ធ​ផង ហើយ​សម្រាន្ត​មិន​សូវ​លក់​ឡើយ ពីព្រោះ​ចេះ​តែ​បារម្ភ​ពី​សុខភាព​ប្ដី និង​អនាគត​ក្រុម​គ្រួសារ។ ប៉ុន្តែ​ក្ដី​សោកសៅ​ទាំង​ឡាយ​ប្រែ​ជា​ប្រសើរ​ឡើង​វិញ បន្ទាប់​ពី​ព្រះមហាក្សត្រ​បាន​ព្រះរាជទាន​ការ​លើក​លែង​ទោស​ប្ដី​អ្នកស្រី ឱ្យ​មាន​សេរីភាព​មុន​ថ្ងៃ​កំណត់៖ «ធ្វើ​អី គឺ​មាន​តែ​កូន​ហ្នឹង វា​ដើរ​រក​ស៊ី​ទៅ​បាន​ដោះ (ដោះ​បំណុល) គេ បើ​ដំឡូង​ដាំ​បាន​តិចតួច ហើយ​របរ​វា​ថោក​ទៀត ហើយ​ដឹង​សង​គេ​រួច​មិន​រួច។ ឥឡូវ​បាន​កក់ក្ដៅ បាន​ប្ដី​មក​ជិត មិន​ដូច​ពី​មុន​ប្ដី​នៅ​ក្នុង​ពន្ធនាគារ»

​ការ​លើកលែង​ទោស​ដល់​លោក ស៊ាង ចែត គឺ​មិន​ត្រឹមតែ​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​ក្រុម​គ្រួសារ​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ប្រជាពលរដ្ឋ​នៅ​ឃុំ​ស្រក ភាគ​ច្រើន ព្រមទាំង​មិត្តភ័ក្ដិ​រួម​ការងារ​ជាមួយ​លោក​ផង ក៏​សម្ដែង​ក្ដី​ត្រេកអរ​ចំពោះ​ការ​ដោះលែង​មេ​ឃុំ រូប​នេះ​ដែរ។

​ពលរដ្ឋ​នៅ​ភូមិ​ស្រក មួយ​រូប លោក វ័រ សុខវ័ន្ត ឱ្យ​ដឹង​ថា គ្រា​ដែល​មេ​ឃុំ របស់​ពួកគាត់​ជាប់​ឃុំ​អ្នក​ស្រុក​ភាគ​ច្រើន​មិន​សប្បាយ​ចិត្ត​ឡើយ ដោយ​ចេះ​តែ​នឹក​រលឹក​ដល់​លោក ស៊ាង ចែត ជាប់​ជានិច្ច។ ពលរដ្ឋ​រូប​នេះ​បន្ត​ថា គ្រាន់តែ​ដឹង​ថា ព្រះមហាក្សត្រ​លើកលែងទោស​ដល់​មេ​ឃុំ​របស់​ខ្លួន​ហើយ អ្នក​ភូមិ​នាំ​គ្នា​រៃអង្គាស​ប្រាក់ រៀបចំ​ពិធី​ជប់លៀង​ទទួល​ស្វាគមន៍​លោក​មេ​ឃុំ​ទៀត​ផង៖ «រៃ​អង្គាស​មក​ទិញ​បាន​គោ​ពីរ ជ្រូក​មួយ​ដើម្បី​ស្វាគមន៍​គាត់​ដល់​ពេល​គាត់​ចេញ។ ដល់​ពេល​គាត់​មក​ដល់​អ៊ីចឹង​គាត់​ធ្វើ​សំបុត្រ​ស្នាម​អី​គឺ​ទាន់​ចិត្ត​យើង​តែម្ដង»

​ក្រៅ​ពី​ជួយ​បម្រើ​សេវា​រដ្ឋបាល​ក្នុង​ឃុំ​ជូន​ពលរដ្ឋ​ហើយ​នោះ ពលរដ្ឋ​ដដែល​បញ្ជាក់​ថា មេ​ឃុំ​របស់​ខ្លួន​តែង​យកចិត្តទុកដាក់​ជួយ​ដល់​ពលរដ្ឋ​ក្រីក្រ តាម​លទ្ធភាព​ដែល​ខ្លួន​មាន ដូចជា​ជួយ​ជា​សម្ភារៈ ឬ​ប្រាក់​ខ្លះ ដល់​គ្រួសារ​អ្នក​ស្រុក​ដែល​មាន​សមាជិក​ស្លាប់ ឬ​ទី​ទាល់ក្រ​ទៀត​ផង។

សមាជិក​ក្រុមប្រឹក្សា​ឃុំ​ស្រក មួយ​រូប​មក​ពី​គណបក្ស សម រង្ស៊ី លោក តេន ឃឿន រៀបរាប់​ថា ក្រោយ​ពេល​មេ​ឃុំ​ត្រូវ​បាន​គេ​ចាប់ និង​ឃុំ​ខ្លួន​ជា​ច្រើន​ខែ​នោះ ការងារ​នៅ​ក្នុង​ឃុំ​មិន​សូវ​រលូន​ប៉ុន្មាន​ទេ។ លោក​ថា ក្រោយ​ពេល​​មេ​ឃុំ​ចេញ​ពី​ពន្ធនាគារ​វិញ គឺ​កាន់​តែ​ធ្វើ​ឱ្យ​ពួកគាត់​កក់ក្ដៅ​ក្នុង​ការ​បំពេញ​ការងារ៖ «នៅ​ក្នុង​នេះ ខ្ញុំ​លំបាក​ដែរ តាំង​ពី​គាត់​ចេញ​ទៅ! គឺ​មាន​ការ​លំបាក​នៅ​ក្នុង​ក្ដីក្ដាំ​ប្រជាពលរដ្ឋ​ដែល​គាត់​ទាស់​គំនិត​គ្នា ខ្ញុំ​ទៅ​ដោះ (ដោះស្រាយ) គឺ​មិន​ដូច​គាត់​នៅ​ទេ»

ក្នុង​វិថី​នយោបាយ​របស់​លោក ស៊ាង ចែត ជាមួយ​បក្ស​ប្រឆាំង​ជាង ២០​ឆ្នាំ​មក​នេះ គឺ​ធ្លាប់​មាន​ការ​គំរាមកំហែង ការ​ប្រមាថ​ដល់​អាយុ​ជីវិត និង​ចុង​ក្រោយ​គឺ​ជាប់​ពន្ធនាគារ​ជាង ៧​ខែ។

ទោះបី​ជា​មាន​បញ្ហា​ប្រឈម​ក្នុង​ជីវិត​នយោបាយ​របស់​ខ្លួន​យ៉ាង​នេះ​ក្ដី ប៉ុន្តែ​ក្រុម​គ្រួសារ​លោក ស៊ាង ចែត និង​លោក ស៊ាង ចែត ផ្ទាល់ នៅ​តែ​បន្ត​ដំណើរ​លើ​ផ្លូវ​នយោបាយ​របស់​ខ្លួន​ជាមួយ​គណបក្ស​ប្រឆាំង​ដដែល ដរាបណា​ប្រជាពលរដ្ឋ​នៅ​តែ​គាំទ្រ​ខ្លួន។

លោក ស៊ាង ចែត ចង់​ឱ្យ​គណបក្ស​ធំៗ ទាំង​ពីរ គិតគូរ​ប្រយោជន៍​ប្រទេស​ជាតិ​ជា​ធំ និង​បញ្ឈប់​ការ​ឈ្លោះ​គ្នា ព្រមទាំង​ស្នើ​ឱ្យ​ដោះលែង​អ្នក​ទោស​នយោបាយ ពិសេស​មន្ត្រី​សមាគម​អាដហុក (ADHOC) បួន​រូប និង​មន្ត្រី គ.ជ.ប មួយ​រូប​ឱ្យ​មាន​សេរីភាព​ឡើង​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល