លោក ហ៊ុន សែន គ្រោង​កែ​រដ្ឋធម្មនុញ្ញ​ដើម្បី​ឲ្យ​លោក​តែងតាំង​រដ្ឋលេខាធិការ​បាន

ដោយ មាន ឫទ្ធិ
2017.12.25
ហ៊ុន សែន សភា ៨៥៥ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​កិច្ច​ប្រជុំ​សភា​សម្រេច​លុយ​ចោល​តួនាទី​ប្រធាន​ក្រុម​ភាគ​តិច ភាគ​ច្រើន នៅ​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៧។
RFA

លោក​នាយក​រដ្ឋមន្ត្រី បង្ហើប​ថា រដ្ឋាភិបាល​របស់​លោក គ្រោង​នឹង​ស្នើសុំ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដែល​ជា​ច្បាប់​កំពូល​របស់​ប្រទេស នា​ពេល​ឆាប់ៗ​ខាងមុខនេះ ដើម្បី​ឲ្យ​លោក​អាច​តែងតាំង​មន្ត្រី​ត្រឹម​ថ្នាក់​រដ្ឋលេខាធិការ​បាន​ដោយ​ផ្ទាល់ ដោយ​មិន​ចាំ​បាច់​ឆ្លងកាត់​ការ​អនុម័ត​ពី​រដ្ឋសភា​ជាមុន​នោះ​ទេ។

កាសែត​ខ្មែរ​ថាមស៍ ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​លោក ហ៊ុន សែន រាយការណ៍​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥ ខែធ្នូ ថា លោក ហ៊ុន សែន បាន​ថ្លែង​ឲ្យ​ដឹង​អំពី​គម្រោង​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ នៅ​ក្នុង​សម័យប្រជុំ​គណៈរដ្ឋមន្ត្រី​ពេញអង្គ​របស់​លោក កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​នេះ។ ក្នុង​សម័យ​ប្រជុំ​គណៈរដ្ឋមន្ត្រី​នោះ លោក ហ៊ុន សែន ថ្លែង​ថា ការ​ធ្វើ​វិសោធនកម្ម​លើ​មាត្រា​មួយ​ចំនួន​ក្នុង​រដ្ឋធម្មនុញ្ញ នឹង​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​លោក អាច​តែងតាំង​មន្ត្រី​ឋានៈ​រដ្ឋលេខាធិការ​តាមរយៈ​ព្រះរាជក្រឹត្យ ដោយ​ផ្ទាល់។ លោក​បន្ត​ថា ការ​បើក​ផ្លូវ​ឲ្យ​មានការ​តែងតាំង​ដោយ​ផ្ទាល់​នេះ នឹង​ធ្វើ​ឲ្យ​ការតែងតាំង​មន្ត្រី​មាន​ឋានៈ​ជា​រដ្ឋលេខាធិការ មាន​ភាព​ងាយស្រួល​ប្រសើរ​ជាង​មុន ដើម្បី​ឲ្យ​មន្ត្រី​របស់​លោក​អាច​បំពេញ​មុខតំណែង​ទំនេរ​នានា​នា​ពេល​អនាគត។

យ៉ាងណាក៏ដោយ លោក ហ៊ុន សែន មិនបាន​បញ្ជាក់​ពី​ពេលវេលា​ជាក់លាក់​នៃ​ការ​ស្នើ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ​ទេ ដោយ​លោក​គ្រាន់តែ​បង្ហើប​ថា នឹង​ធ្វើ​នា​ពេល​ឆាប់ៗ​នេះ។

រដ្ឋាភិបាល​លោក ហ៊ុន សែន តែង​ទទួលរង​នូវ​ការរិះគន់​ពី​ស្ទើរ​គ្រប់​មជ្ឈដ្ឋាន ថា​បង្កើត​ឲ្យ​មាន​នូវ​វប្បធម៌ «អតិផរណា​មុខតំណែង» សម្រាប់​ក្រុម​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​បម្រើ​ការងារ តាម​ក្រសួង ឬ ស្ថាប័នរដ្ឋ​នានា និង​ជួរ​កងទ័ព ដែល​សុទ្ធ​តែ​ជា​មុខតំណែង​មិន​ចាំ​បាច់ ផ្ទុយទៅវិញ វា​បាន​បង្កើត​ឲ្យ​មាន​នូវ​ការចាយវាយ​ខ្ជះខ្ជាយ​ថវិកាជាតិ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។