សារសំខាន់​នៃ​ការ​បង្កើត​រចនាសម្ព័ន្ធ​គណៈរដ្ឋមន្ត្រី​ស្រមោល

ដោយ ឡេង ម៉ាលី
2014-07-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ផ្ដល់​បទសម្ភាសន៍​នៅ​ខាង​មុខ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា ២០១៤។
តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ផ្ដល់​បទសម្ភាសន៍​នៅ​ខាង​មុខ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា ២០១៤។
RFA/Sek Bandith

គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​មាន​បំណង​បង្កើត​រចនា​សម្ព័ន្ធ​ស្រមោល ដើម្បី​ត្រួត​ពិនិត្យ​សកម្មភាព​រដ្ឋាភិបាល បើ​ទោះ​ជា​គណបក្ស​ប្រជាជន​កម្ពុជា មិន​យល់​ស្រប​ក៏​ដោយ។ នៅ​ក្នុង​អាណត្តិ​នេះ គណបក្ស​សង្គ្រោះ​ជាតិ​ប៉ុនប៉ង​បង្កើត​រចនាសម្ព័ន្ធ​គណៈរដ្ឋមន្ត្រី​ស្រមោល​មួយ ដែល​ទទួល​បន្ទុក​លើ​ការ​តាម​ដាន​ការ​អនុវត្ត​សកម្មភាព​រដ្ឋាភិបាល​ចំនួន ១១​ក្រសួង។

បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ថ្លែង​ថា តាម​ពិត​រចនាសម្ព័ន្ធ​ស្រមោល​ដែល​ត្រួត​ពិនិត្យ​សកម្មភាព​តាម​ដាន​ការ​អនុវត្ត​សកម្មភាព​រដ្ឋាភិបាល​នេះ​ មាន​នៅ​ក្នុង​គណបក្ស​ប្រឆាំង​យូរ​មក​ហើយ គឺ​នៅ​ក្នុង​គណបក្ស សម រង្ស៊ី។ លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ ក៏​មាន​ដូច្នេះ​ដែរ គ្រាន់​តែ​ចាត់​ឱ្យ​មាន​អ្នក​នាំ​ពាក្យ​ម្នាក់៖ «អ្នក​ដែល​គ្រប់គ្រង តាមដាន​ស្ថាប័ន​នីមួយៗ គាត់​ជា​អ្នក​នាំ​ពាក្យ​ក៏​បាន ដើម្បី​ពន្យល់​ជា​សាធារណៈ​ថា តើ​ក្រសួង​នេះ​បាន​ធ្វើ​អី​ខុស ហើយ​គួរ​ធ្វើ​បែប​ម៉េច​ត្រឹមត្រូវ​ជាង។ ជា​ផល​ប្រយោជន៍​ទៅ​វិញ​ទេ»។

លោក​បញ្ជាក់​ថា កន្លង​ទៅ​នេះ ការ​អនុវត្ត​នៅ​ប្រទេស​កម្ពុជា មិន​បាន​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​តាម​បែបបទ​នៃ​លទ្ធិប្រជាធិបតេយ្យ​សភា​និយម​ទេ។ ជា​រឿយៗ គណបក្ស​កាន់​អំណាច​តែងតែ​រិះគន់​ថា គណបក្ស​ប្រឆាំង​ថា រិះគន់​គ្មាន​លក្ខណៈ​ស្ថាបនា ហើយ​ការ​ចោទ​ប្រកាន់​រដ្ឋាភិបាល​គ្មាន​ការ​ពិត៖ «ដូច្នេះ​បាន​ជា​គេ​បង្កើត​ឱ្យ​មាន​ស្ថាប័ន​ស្រមោល​នេះ គឺ​តំណាង​រាស្ត្រ​ទទួល​ខុស​ត្រូវ​ទទួល​បន្ទុក​តាម​ដាន​ការងារ​ក្រសួង​នីមួយៗ របស់​រដ្ឋាភិបាល ហើយ​គេ​មាន​អ្នក​ជំនាញ​ជួយ​ស្រាវជ្រាវ​គោលការណ៍​នៃ​ការ​អនុវត្ត​​លើ​វិស័យ​ទាំង​នោះ»។

លោក​គូស​បញ្ជាក់​ថា ក្រុម​តំណាង​រាស្ត្រ​ក្រៅ​រដ្ឋាភិបាល​នេះ គឺ​គាត់​ទទួល​ខុសត្រូវ​ចុះ​ស្រាវជ្រាវ​រក​ភស្តុតាង​នៃ​ក្រសួង​រដ្ឋាភិបាល ដែល​ប្រព្រឹត្ត​មិន​ត្រឹមត្រូវ​ ដើម្បី​យក​មក​ចោទ​សួរ រិះគន់ ឬ​ក៏​លើក​ឡើង​ក្នុង​ការ​សួរ​ដេញដោល​នៅ​សភា ឬ​ការ​សាក​សួរ​តាម​រយៈ​លិខិត ដូច​មាន​ចែង​ក្នុង​មាត្រា ៩៦ នៃ​រដ្ឋធម្មនុញ្ញ។

ទោះ​ជា​ដូច្នេះ​ក្ដី លោក សុន ឆ័យ មាន​ប្រសាសន៍​ថា បញ្ហា​បង្កើត​រដ្ឋាភិបាល​ស្រមោល​នេះ មិន​មែន​ជា​បញ្ហា​ថ្មី​ទេ។ លោក​ថា ប្រសិន​បើ​រដ្ឋាភិបាល​មិន​ចង់​ឱ្យ​មាន​ឈ្មោះ​ជា​រដ្ឋាភិបាល​ស្រមោល​ទេ អាច​ហៅ​ជា​ឈ្មោះ​ផ្សេង​ក៏​បាន៖ «យើង​ហៅ​វា​ក្រុម​គណៈកម្មការ​ជំនាញ​របស់​គណបក្ស។ យើង​បាន​អនុវត្ត​ហើយ តាំង​ពី​គណបក្ស សម រង្ស៊ី មក​ម្ល៉េះ។ យើង​បង្កើត​ក្រុម​ជំនាញ គឺ​ធ្វើ​ការ​សិក្សា​តាម​ដាន​ការងារ ហើយ​រៀបចំ​គោល​នយោបាយ​របស់​គណបក្ស។ ធ្វើ​ដូច​គ្នា​អ៊ីចឹង។ គ្រាន់​តែ​ថា ជា​ការងារ​មួយ​គួរ​ទទួល​បាន​ថវិកា​ផ្ដល់​ឱ្យ​ដោយ​រដ្ឋសភា ដើម្បី​ឱ្យ​ក្រុម​តំណាងរាស្ត្រ​ហ្នឹង អាច​ជួល​អ្នក​បច្ចេកទេស អ្នក​ឯកទេស ដើម្បី​ជួយ​ធ្វើ​ការ​ស្រាវជ្រាវ»។

លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​បន្ត​ធ្វើ ទោះ​ជា​រដ្ឋាភិបាល​មិន​ព្រម​ក៏​ដោយ។ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ ចង់​ក្រុម​ការងារ​ទាំង​នេះ មាន​ថវិកា​ជា​មធ្យោបាយ​សម្រាប់​ធ្វើ​ការងារ​ឱ្យ​មាន​ប្រសិទ្ធភាព ព្រោះ​ថា ពេល​នេះ​ជា​លើក​ទី​មួយ​ហើយ ដែល​សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​តំណាង​រាស្ត្រ​រដ្ឋាភិបាល​ចំនួន​ច្រើន ហើយ​ក៏​ជា​ឱកាស​មួយ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​រៀបចំ​ខ្លួន​ជា​ស្រេច ដោយ​មិន​ត្រូវ​រង់ចាំ​រហូត​ដល់​ពេល​ឈ្នះ​ឆ្នោត ទើប​ចាប់​អង្គុយ​គិត​រក​អ្នក​ជំនាញ​ចូល​កាន់​ក្រសួង​ទេ៖ «ជា​កាតព្វកិច្ច គណបក្ស​ធំ​ប៉ុន​ហ្នឹង​ត្រូវ​រៀបចំ​ខ្លួន ទាំង​សមត្ថភាព​សមាជិក​គណបក្ស​ខ្លួន​ឱ្យ​បាន​យល់​ដឹង​អំពី​ការ​គ្រប់គ្រង​ប្រទេស ឱ្យ​យល់​ដឹង​ពី​នយោបាយ ទាំង​បច្ចេកទេស។ ត្រៀម​ខ្លួន នៅ​ពេល​ណា​យើង​ឈ្នះ យើង​អាច​ទៅ​ដឹក​នាំ​ប្រទេស​មាន​ប្រសិទ្ធភាព។ ទោះ​បី​ជា​មិន​ត្រូវ​ការ ក៏​យើង​ត្រូវ​តែ​រៀបចំ​ខ្លួន​ដែរ»

លោក សុន ឆ័យ គូស​បញ្ជាក់​ថា រដ្ឋាភិបាល​ស្រមោល ឬ​ក្រុម​ការងារ​ជំនាញ​នេះ គណបក្ស​សង្គ្រោះ​ជាតិ បង្កើត​សម្រាប់​តែ ១១ ក្រសួង​ទេ ដោយ​មិន​ចាំបាច់​ស្មើ​នឹង​ក្រសួង​ជាង ២០ របស់​រដ្ឋាភិបាល​កាន់​អំណាច​ទេ ព្រោះ​ថា ក្រសួង​ណា​ដែល​ទាក់ទង​គ្នា​អាច​បញ្ចូល​គ្នា​បាន៖ «ដូច​ជា​ក្រសួង​កសិកម្ម​ពី​ដើម​មិញ ក្រសួង​ធនធាន​ទឹក​ហ្នឹង វា​នៅ​ក្នុង​ជា​នាយកដ្ឋាន​មួយ​ទេ​តើ នៅ​ក្នុង​ក្រសួង​កសិកម្ម។ គេ​មិន​ដែល​ធ្វើ​កសិកម្ម​ហើយ​រត់​ទៅ​ក្រសួង​មួយ​ផ្សេង ធ្វើ​ប្រព័ន្ធ​ធារាសាស្ត្រ​នោះ​ទេ។ ត្រូវ​តែ​ស្ថិត​នៅ​វិស័យ​កសិកម្ម​ជា​មួយ​គ្នា​ដូច​ធ្លាប់​មាន​ពី​ដើម។ ដូច្នេះ​យើង​បន្ថយ​ចំនួន​ក្រសួង»។

លោក សុន ឆ័យ មាន​ប្រសាសន៍​ថា បញ្ហា​នេះ​ត្រូវ​បាន​គណបក្ស​សង្គ្រោះ​ជាតិ លើក​ទៅ​ពិភាក្សា​នៅ​ក្នុង​កិច្ច​ចរចា កាល​ពី​ថ្ងៃ​ទី​២២ កក្កដា។ ក៏​ប៉ុន្តែ លោក​បញ្ជាក់​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា បញ្ហា​នេះ​មិន​គួរ​ប្រញាប់​ពេក​ទេ។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​បញ្ជាក់​ដែរ​ថា បញ្ហា​បង្កើត​រដ្ឋាភិបាល ឬ​រចនាសម្ព័ន្ធ​សម្រាប់​បក្ស​ប្រឆាំង​នេះ មិន​មែន​ជា​បញ្ហា​អាទិភាព​ទេ៖ «អត់​មាន​ជា​អាទិភាព​ទេ។ យើង​សុំ​ទុក​មួយ​អន្លើ មួយ​អន្លើ​ខ្ពស់​ឆ្ងាយ អត់​មាន​យក​មក​ធ្វើ​ជា​ធំ​ដំ​អី​ទេ»

អ្នក​ច្បាប់​មួយ​ចំនួន​ពន្យល់​ថា ការ​បង្កើត​រចនាសម្ព័ន្ធ​បែប​នេះ គឺ​យន្តការ​សភា​មួយ ដែល​ត្រូវ​បាន​អនុវត្ត​នៅ​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​នៅ​អឺរ៉ុប និង​ប្រទេស​ក្នុង​អាស៊ាន​មួយ​ចំនួន។

ប្រធាន​ផ្នែក​ស៊ើបអង្កេត​សិទ្ធិ​មនុស្ស​និង​ច្បាប់ នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក នី ចរិយា មាន​ប្រសាសន៍​ពន្យល់​ថា រដ្ឋាភិបាល​ស្រមោល​នៅ​ប្រទេស​ដទៃ គឺ​ជា​រចនា​សម្ព័ន្ធ​មួយ​របស់​គណបក្ស​ប្រឆាំង ដែល​មិន​នៅ​ក្នុង​រដ្ឋាភិបាល​ដើម្បី​ឱ្យ​គណបក្ស​នៅ​ក្រៅ​រដ្ឋាភិបាល​មាន​លទ្ធភាព​ក្នុង​ការ​តាម​ដាន​សកម្ម​របស់​គណបក្ស​កាន់​អំណាច ជា​ពិសេស​ភ្នែក​នីតិ​ប្រតិបត្តិ​នៅ​ក្នុង​ស្ថាប័ន​នីមួយៗ។

លោក​ពន្យល់​ថា តាម​ការ​អនុវត្ត​បែប​នេះ គេ​ត្រូវ​ផ្ដល់​ឱ្យ​មាន​ថវិកា​រដ្ឋបាល​ត្រឹមត្រូវ ប៉ុន្តែ​ក្រុម​បក្ស​ប្រឆាំង​ដែល​រៀបចំ​ចំនួន​ក្រុម​តាម​ដាន​​នោះ​មិន​មាន​ចំនួន​មន្ត្រី​ច្រើន​ដូច​ស្ថាប័ន​នីតិ​ប្រតិបត្តិ​ទេ៖​ «ឧទាហរណ៍​ថា នៅ​ក្រសួង​ការពារ​ជាតិ គេ​មាន​ម្នាក់​ពីរ​សម្រាប់​តាមដាន​មើល​ការ​អនុវត្ត​​របស់​ក្រសួង​ការពារ​ជាតិ​ទៅ។ ក៏​ប៉ុន្តែ ដូច​ក្រសួង​ការពារ​ជាតិ​អ៊ីចឹង​គេ​មាន​ព្រំដែន​ដែរ​ក្នុង​ការ​ធ្វើ​កិច្ចការ។ រដ្ឋាភិបាល​ស្រមោល​ហ្នឹង គឺ​មិន​លូកលាន់​ទាក់ទង​ទៅ​នឹង​រឿង​កិច្ចការ​សម្ងាត់​របស់​យោធា​ទេ គឺ​ទាក់ទង​ទៅ​នឹង​រឿង​រដ្ឋបាល។ ឧទាហរណ៍​ដូច​ជា រឿង​យោធា​ធ្វើ​ខុស​ទៅ​យក​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ជា​ដើម។ អា​ហ្នឹង​គឺ​គេ​ធ្វើ​នៅ​ក្នុង​កម្រិត​ហ្នឹង»

ទាក់ទង​នឹង​ការ​បង្កើត​រដ្ឋាភិបាល​ស្រមោល​នេះ​ដែរ អ្នក​វិភាគ​ឯករាជ្យ បណ្ឌិត ឡៅ ម៉ុងហៃ ថ្លែង​ថា នៅ​ពេល​នេះ គឺ​ជា​ឱកាស​មួយ​ដែល​ត្រូវ​គិតគូរ​អំពី​ការ​កសាង​យន្តការ ឬ​ហៅ​ថា នីតិវិធី​ឱ្យ​មាន​ដំណើរ​ការ​ស្រួល​តាម​បែប​ផែន​រដ្ឋ​សភា​នៅ​ក្នុង​ប្រជាធិបតេយ្យ​របប​សភា។ លោក​ថា ជា​ការ​ល្អ​ដែល​ត្រូវ​គិតគូរ​ឱ្យ​មាន​រដ្ឋាភិបាល​ស្រមោល​របស់​គណបក្ស​ប្រឆាំង ដូច​មាន​នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន។

លោក​ថា រដ្ឋាភិបាល​ស្រមោល​នេះ​ជា​រចនា​សម្ព័ន្ធ​ជជែក​ដេញដោល​ក្នុង​សភា​មួយ​ដែល​មាន​ប្រវត្តិ​ពី​ចក្រភព​អង់គ្លេស៖ «សភា​គេ គេ​រៀបចំ​ទាំង​ព្រឹទ្ធសភា​ដែរ គឺ​គេ​អង្គុយ​ទល់​មុខ​គ្នា ដែល​ប្រធាន​រដ្ឋសភា​នៅ​កណ្ដាល ហើយ​ខាង​ឆ្វេង និង​ខាង​ស្ដាំ​មាន​បង់​ពីរ​ជួរ​សង្ខាង​ហ្នឹង សម្រាប់​ម្ខាង​ខាង​ស្ដាំ​ប្រធាន​ហ្នឹង គឺ​កៅអី​បង់​សម្រាប់​រដ្ឋាភិបាល ហើយ​គណបក្ស​ប្រឆាំង​នៅ​បង់​ម្ខាង​ទៀត ទល់​មុខ​គ្នា ប្រឈម​ដាក់​គ្នា។ អ៊ីចឹង​បាន​ពាក្យ​អង់គ្លេស យើង​បក​វា​ខុស។ Opposition មាន​ន័យ​ថា ទល់​មុខ​គ្នា។ យើង​បក​ថា ប្រឆាំង​ទៅ»

ចំពោះ​ហេតុផល​ថា ប្រទេស​កម្ពុជា​អនុវត្ត​តាម​ប្រព័ន្ធ​បារាំង មិន​អាច​អនុវត្ត​បែប​នេះ​ទៅ​បាន លោក នី ចរិយា ចាត់​ទុក​ថា គ្រាន់​តែ​ជា​ការ​ដោះ​សារ​ប៉ុណ្ណោះ៖ «ឱ្យ​តែ​អី​បន្តិច​ប្រព័ន្ធ​បារាំង អី​បន្តិច​អង់គ្លេស អី​បន្តិច​អាមេរិកាំង​អ៊ីចឹង​ទៅ។ ខ្ញុំ​យល់​ថា តើ​យើង​មាន​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​កសាង​ប្រទេស​មួយ​ឱ្យ​មាន​លក្ខណៈ​ត្រឹមត្រូវ​ទេ មាន​លក្ខណៈ​តម្លាភាព​ទេ? បើ​យើង​មាន ជួន​កាល​យើង​អាច​បង្កើត​យន្តការ​ខ្លួន​ឯង​ក៏​បាន​ដែរ ឱ្យ​តែ​យន្តការ​នោះ​កើត​ឡើង ដើម្បី​ផល​ប្រយោជន៍​ប្រជាជន ដើម្បី​ការពារ​ប្រជាជន។ នៅ​ស្រុក​បារាំង​គេ​អនុវត្ត​​ច្បាប់​ដូច​តែ​យើង​ដែរ ប៉ុន្តែ​កន្លែង​ណា​ដែល​ល្អ​មិន​ចាប់​តំណាង​រាស្ត្រ យើង​យក​មក​ចាប់​កើត។ កន្លែង​ណា​គេ​មិន​បិទ​ទីលាន​ប្រជាធិបតេយ្យ គេ​យក​មក​បិទ​កើត។ អា​ហ្នឹង​អនុវត្ត​​តាម​គោលការណ៍​អី? បារាំង​គេ​ធ្វើ​អ៊ីចឹង​ដែរ ឬ​យ៉ាង​ម៉េច?»

លោក នី ចរិយា មាន​ប្រសាសន៍​ថា មិន​ត្រូវ​ពឹង​ផ្អែក​លើ​ប្រព័ន្ធ​ច្បាប់​ប្រទេស​ណា​មួយ​ទេ។ ប្រការ​សំខាន់ គឺ​ការ​រក​យន្តការ​ណា​មួយ​ដែល​ត្រួត​ពិនិត្យ​គ្នា​បាន​ល្អ​សម្រាប់​ប្រទេស។ ជា​ច្រើន​សុទ្ធ​តែ​មាន​យន្តការ​សភា​បែប​រដ្ឋាភិបាល​ស្រមោល​នេះ៖ «ឥឡូវ​បើ​ថា យើង​មិន​បង្កើត​រដ្ឋាភិបាល​ស្រមោល​នៅ​ក្នុង​ការិយាល័យ​ស្ថាប័ន​ជាតិ​ទេ យើង​អាច​ឱ្យ​គណបក្ស​ប្រឆាំង​ហ្នឹង​គេ​មាន​តួនាទី​ត្រួត​ពិនិត្យ​ទៅ​លើ​ស្ថាប័ន​ហ្នឹង​ទៅ។ គេ​មាន​ការិយាល័យ​រៀងៗ ខ្លួន ប៉ុន្តែ​គេ​អាច​មាន​សិទ្ធិ​ក្នុង​ការ​ទៅ​ទទួល​យក​ព័ត៌មាន​ណា ដែល​មិន​មែន​ជា​ព័ត៌មាន​ត្រូវ​ហាម​ឃាត់។ ឧទាហរណ៍​ដូច​ជា រឿង​សម្បទាន​សេដ្ឋកិច្ច​អី​ហ្នឹង មិន​មែន​ជា​ព័ត៌មាន​ដែល​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​ប្រទេស​ជាតិ​ទេ។ បើ​សិន​ជា​យើង​ចេះ​តែ​យក​ប្រទេស​នេះ​មក​សម្អាង​ដើម្បី​បិទ​បាំង​នូវ​អំពើ​អាក្រក់​នោះ ខ្ញុំ​គិត​ថា រឿង​ហ្នឹង​វា​មិន​អាច​រីក​ចម្រើន​ទៅ​មុខ​បាន​ទេ»

កាល​ពី​ឆ្នាំ​២០០៤ សមាជិក​គណបក្ស សម រង្ស៊ី មួយ​រូប គឺ​លោក ជាម ចន្នី ត្រូវ​បាន​រដ្ឋាភិបាល​ចាប់​ខ្លួន​កាត់​ទោស​ដាក់​ពន្ធនាគារ​ ព្រោះ​តែ​គណបក្ស សម រង្ស៊ី បង្កើត​គណៈកម្មការ​ស្រមោល​ដូច​គ្នា​មួយ ដែល​ទទួល​បន្ទុក​ខាង​ក្រសួង​ការពារ​ជាតិ និង​សន្តិសុខ​សាធារណៈ។

លោក ឡៅ ម៉ុងហៃ បញ្ជាក់​ថា រដ្ឋាភិបាល​ស្រមោល​នេះ គ្រាន់​តែ​គោលនយោបាយ​ប៉ុណ្ណោះ មិន​មាន​អំណាច​អ្វី​ជាក់​ស្ដែង​ទេ។ លោក​ថា ការ​ធ្វើ​កន្លង​ទៅ គឺ​ជា​ការ​ធ្វើ​ហួស​គោលនយោបាយ​នេះ ដោយ​បង្កើត​ឱ្យ​មាន​រចនា​សម្ព័ន្ធ​មាន​ឋានន្តរសក្ដិ​នានា។

លោក សុន ឆ័យ ថ្លែង​ថា រដ្ឋាភិបាល​គួរ​តែ​ពិនិត្យ​ពិច័យ​ឱ្យ​បាន​ច្បាស់​អំពី​រចនា​សម្ព័ន្ធ​នេះ ប្រសិន​បើ​រដ្ឋាភិបាល​បារម្ភ​ខ្លាច​មាន​រដ្ឋាភិបាល​ស្រមោល​សម្រាប់​ផ្ដួល​រំលំ​រដ្ឋាភិបាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (5)
Share

អ្នក​អាន​អនាមិក

The English in some of these comments are really bad. It's a challenge trying to decipher what they're trying to say. Argh!

Jul 30, 2014 12:45 AM

Kim

ពី Baden-Württemberg

គណៈរដ្ឋមន្ត្រីស្រមោលគឺជាវត្ថុចាំបាច់មួយ។ ដូចខ្ញុំបានចោទសួរពីមុនច្រើនដងមកហើយ។ ឥឡូវខ្ញុំហាក់យល់ថាថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិក៏យកចិត្តទុកដាក់ក្នុងរឿងនេះដែរ។ ពិតជាត្រឹមត្រូវ។ វាជារឿងធម្មតាទេដែលពួកអាយ៉ងរបស់យួនជំទាស់នឹងបំណងនេះ។ នេះក៏មិនគួរឱ្យចំឡែកទេ។ យួនមិនចង់ឃើញខ្មែរម្ចាស់ការលើខ្លួនឯងឡើយ។ តែបើគណបក្សសង្គ្រោះជាតិបោះបង់កម្រោងដ៏មានតម្លៃនេះចោលវិញ ខញ្ុំយល់ថាជាការឆោតល្ងង់ខ្លាំងណាស់.

Jul 29, 2014 01:23 PM

អ្នក​អាន​អនាមិក

Mr.Ny Chakriya we have to take some advise,rule,law or anything from other country to create a good thing for our country not follow them against our country.Nobody perfect,but western country they have real democracy,freedom,better life we have to follow them maybe better than our rule.Where are you coming from ?Have you been in Europe,U.S.A or China ?

Jul 29, 2014 11:18 AM

khmer

ពី quebec

i think the great idea i live in canada they do that i mean the oppposition affait

Jul 29, 2014 10:39 AM

sokharoath

I think that is the game for funrising of this party or looking self promotion of sun chhay

Jul 29, 2014 07:58 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល