ក្រសួង​ព័ត៌មាន​ឲ្យ​ម្ចាស់​វិទ្យុ​ដែល​ក្រសួង​បញ្ឈប់​ធ្វើ​អាជីវកម្ម​មក​តវ៉ា​បើ​ខ្លួន​មិន​ខុស​ច្បាប់

ដោយ អ៊ុង សេរីវុទ្ធ
2017.08.24
អ៊ុក គឹមសេង ២០១៦ ៨៥៥ អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន លោក អ៊ុក គឹមសេង ថ្លែង​ក្នុង​កិច្ច​ប្រជុំ​រវាង​មន្ត្រី​ក្រសួង​ព័ត៌មាន ជាមួយ​តំណាង​ស្ថាប័ន​សារព័ត៌មាន​ស្ដីពី​ការ​ប្រើ​គោរមងារ​សម្ដេច នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៦។
RFA

មន្ត្រី​ក្រសួង​ព័ត៌មាន​ប្រាប់​ដល់​ម្ចាស់​ស្ថានីយ​វិទ្យុ​ទាំងអស់ ដែល​រង​ការ​បញ្ឈប់​ធ្វើ​អាជីវកម្ម​ដោយ​សារ​ការ​ចាក់​ផ្សាយ​កម្មវិធី​បន្ត​ពី​វិទ្យុ​អាស៊ីសេរី និង​វីអេអូ (VOA) មក​តវ៉ា​ជាមួយ​ក្រសួង​នេះ បើ​សិន​ពួកគេ​គិត​ថា ខ្លួន​ត្រឹមត្រូវ​តាម​ច្បាប់ និង​មាន​ហេតុផល​​សម្រាប់​តវ៉ា។

រហូត​មក​ដល់​ពេល​នេះ ស្ថានីយ​វិទ្យុ​អេហ្វអឹម (FM) ជិត​១០​ហើយ ត្រូវ​បាន​ក្រសួង​ព័ត៌មាន​ប្រកាស​ដក​ហូត​អាជ្ញាប័ណ្ណ​ទាំងស្រុង ខណៈ​វិទ្យុ​ខ្លះ​ទៀត ត្រូវ​បាន​ហាម​មិន​ឲ្យ​​ផ្សាយ​បន្ត​ព័ត៌មាន​ពី​វិទ្យុ​អាស៊ីសេរី និង​វីអេអូ។

អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន លោក អ៊ុក គឹមសេង ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី២៤ សីហា ថា ​ម្ចាស់​ស្ថានីយ​វិទ្យុ​ណាដែល​ត្រូវ​ក្រសួង​ដក​ហូត​អាជ្ញាប័ណ្ណ​ទាំងស្រុង ពួកគេ​អាច​មក​ជួប​តវ៉ា​ជាមួយ​ក្រសួង​បាន បើ​ពួកគេ​មិន​ពេញចិត្ត​ចំពោះ​ចំណាត់ការរ​បស់​ក្រសួង​នៅ​ពេល​​នេះ៖ «បើ​​គាត់(ម្ចាស់​វិទ្យុ​ដែល​ត្រូវ​បាន​ដក​អាជ្ញាប័ណ្ណ) ​ត្រូវ​ៗ មក​ជួប​ចេញ​មុខ​ក្រសួង​​ព័ត៌មាន យក​ឯកសារ​ទាំង​និយាយ​ជាមួយ​ក្រសួង​ព័ត៌មាន»

លោក​បន្ត​ថា ស្ថានីយ​វិទ្យុ​ដែល​រង​ការ​បិទ​ទ្វារ​ទាំង​ស្រុង​នោះ បាន​រំលោភ​ប្រកាស​អនុញ្ញាត និង​កិច្ចសន្យា​ធ្វើ​អាជីវកម្ម​ដែល​តម្កល់​ទុក​នៅ​ក្រសួង​ព័ត៌មាន។

ប៉ុន្តែ​ភាគ​ច្រើន​នៃ​វិទ្យុ​ទាំង​នោះ សុទ្ធ​សឹង​តែ​ជា​វិទ្យុ​ដែល​ទទួល​ចាក់​ផ្សាយ​បន្ត​ពី​វិទ្យុ​អាស៊ីសេរី វីអូអេ វិទ្យុ​សំឡេង​ដើម្បី​ប្រជាធិបតេយ្យ វីអូឌី (VOD) និង​គោល​នយោបាយ​របស់​គណបក្ស​ប្រឆាំង​ជាដើម។

វិទ្យុ​ដែល​ត្រូវ​បាន​បិទ​ទ្វារ រួមមាន​វិទ្យុ​មហានគរ FM 93.5 វិទ្យុ​សំឡេង​ជាយដែន វិទ្យុ​សារិកា វិទ្យុ​អង្គររដ្ឋា ខេត្ត​សៀមរាម FM ៩៥.៥ វិទ្យុ​ស្ទឹងសែន កំពង់ធំ FM ៨៨.៥ និង​វិទ្យុ​កំពង់ចាម FM ៩៩.៧០។ ចំណែក​វិទ្យុ​នៅ​ខេត្ត​បាត់ដំបង និង​បន្ទាយមានជ័យ ចំនួន៣ គឺ​វិទ្យុ​​ស្ទឹង​ខៀវ FM ៩៨.៧៥ និង​FM៨៨.៣០ និង​វិទ្យុ​ឃ្លាំងមឿង FM ៩០.២៥ ត្រូវ​បាន​ក្រសួង​ហាម​លែង​ឲ្យ​ចាក់​កម្មវិធី​ផ្សាយ​របស់​អាស៊ីសេរី និង​វីអេអូ​បន្ត​ទៀត។

ឆ្លើយតប​នឹង​ប​បញ្ជា​របស់​ក្រសួង​ព័ត៌មាន​នៅ​ពេល​នេះ ម្ចាស់​វិទ្យុ​អង្គររដ្ឋា ខេត្ត​សៀមរាម អ្នកស្រី ស៊ាន សុយ៉ានី អះអាង​ថា ការ​បិទ​ស្ថានីយ​វិទ្យុ​របស់​អ្នកស្រី ដោយសារ​វិទ្យុ​នេះ ​ទទួល​ចាក់​ផ្សាយ​បន្ត​កម្មវិធី​របស់​អាស៊ីសេរី។ អ្នកស្រី​ថា គាត់​នឹង​ឡើង​តវ៉ា​ដល់​ក្រសួង ព្រោះ​អ្នកស្រី​មិន​ដែល​រំលោភ​ប្រកាស​អនុញ្ញាត និង​កិច្ចសន្យា​ធ្វើ​អាជីវកម្ម​ដែល​តម្កល់​ទុក​នៅ​ក្រសួង​ព័ត៌មាន​ទេ។ អ្នកស្រី​អះអាង​ថា វិទ្យុ​អង្គររដ្ឋា ​ទទួល​បាន​ការ​អនុញ្ញាត​ត្រឹមត្រូវ ក្នុង​ការ​ចាក់​ផ្សាយ​បន្ត​ព័ត៌មាន​ពី​វិទ្យុ​បរទេស​៖ «ខ្ញុំ​បាន​សុំ​គាត់ (ក្រសួង​ព័ត៌មាន) ដើម្បី​ផ្សាយ​បន្ត​ពី​អាស៊ីសេរី និង​វីអូអេ ដោយ​លាយលក្ខណ៍​អក្សរ​ក្នុង​កម្មវត្ថុ ហើយ​គាត់​ក៏​ព្រម​តាម​ហ្នឹង​ដែរ»

មក​ទល់​ពេល​នេះ វិទ្យុ​ក្នុង​ស្រុក​ដែល​បន្ត​ការផ្សាយ​ព័ត៌មាន​ពី​វិទ្យុ​អាស៊ីសេរី និង​វីអេអូ រួម​មាន ​វិទ្យុ​សំបុកឃ្មុំ FM ១០៥ និង​វិទ្យុ​ស្ត្រី FM ១០២ និង​FM៩០​ជាដើម។ ម្ចាស់​ស្ថានីយ​វិទ្យុ​ស្ត្រី FM ១០២ អ្នកស្រី ជា ស៊ុនដាណែត អះអាងថា វិទ្យុ​អ្នកស្រី​នឹង​ចាក់​ផ្សាយ​បន្ត​ព័ត៌មាន​ពី​វិទ្យុ​បរទេស​ទាំង​ពីរ​នេះ​កន្លះៗ​ម៉ោង តាម​កិច្ច​ព្រៀមព្រៀង​ជាមួយ​ក្រសួង​ព័ត៌មាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។