តុលាការ​ខេត្ត​សៀម​រាប​ចោទ​ប្រកាន់​ចៅសង្កាត់​វ័យ​ក្មេង​គណបក្ស​សង្គ្រោះ​ជាតិ​ពី​បទ​រួម​គំនិត​ក្បត់

ដោយ វ៉ែន សុមេធ
2019-10-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ជិន សុខង៉េង ដែល​ត្រូវ​ឡើង​​កាន់​តំណែង​ជា​ចៅសង្កាត់​សាលាកំរើក ក្នុង​ខេត្ត​សៀមរាប ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA
លោក ជិន សុខង៉េង ដែល​ត្រូវ​ឡើង​​កាន់​តំណែង​ជា​ចៅសង្កាត់​សាលាកំរើក ក្នុង​ខេត្ត​សៀមរាប ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA
RFA

តុលាការ​របប​ក្រុង​ភ្នំពេញ​សម្រេច​ចោទ​ប្រកាន់​អតីត​ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​​ខេត្ត​សៀម​រាប លោក ជិន សុខង៉េង ពី​បទ​រួ​ម​គំនិត​ក្បត់ និង​បាន​ប្រកាស​តាម​ចាប់​ខ្លួន​យុវជន​រូប​នេះ។

អយ្យការ​អម​តុលាការ​ខេត្ត​សៀមរាប​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី១៤ តុលា​ថា លោក ជិន សុខង៉េង បាន​ទៅ​ជួប​ជាមួយ​លោក សម រង្ស៊ី នៅ​ប្រទេស​ម៉ាឡេស៊ី កាល​ពី​អំឡុង​ខែ​សីហា ដើម្បី​ទទួល​ផែន​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា។ ស្ថាប័ន​អយ្យការ​ខេត្ត​សៀម​រាប​បញ្ជាក់​ទៀត​ថា អ្នក​ដែល​ពាក់​ព័ន្ធ​នឹង​គម្រោង​របស់​លោក សម រង្ស៊ី នេះ នឹង​ត្រូវ​ប្រឈម​ការ​ចោទ​ប្រកាន់ និង​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ពី ៥ ដល់ ១០ឆ្នាំ។ ចំណែក​ចៅក្រម​ស៊ើបសួរ​តុលាការ​​ខេត្ត​សៀម​រាប បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​សមត្ថកិច្ច​តាម​ចាប់​ខ្លួន​លោក ជិន សុខ​ង៉េង ដើម្បី​យក​មក​អនុវត្ត​នីតិវិធី​តាម​ផ្លូវ​ច្បាប់។

ទោះ​ជា​យ៉ាង​ណា ចៅ​សង្កាត់​សាលា​កម្រើក​ក្រុង​សៀម​រាប ជាប់​ឆ្នោត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក ជិន សុខង៉េង ប្រាប់​អាស៊ី​សេរី​ថា លោក​បាន​ទៅដល់​កន្លែង​មាន​សុវត្ថិភាព​ហើយ ដើម្បី​គេច​ចេញ​ពី​ការ​តាម​យាយី​នេះ។ លោក​ចាត់​ទុក​ចំណាត់​ការ​របស់​តុលាការ​ខេត្ត​សៀម​រាប​នេះ​ថា ​ជា​រឿង​អយុត្តិធម៌ និង​ជា​ការ​រំលោភ​ច្បាប់៖ «មក​ចោទ​ពួក​យើង​រួម​គំនិត​ក្បត់​ជាតិ យើង​មិន​អាច​ទទួល​យក​បាន​ទេ ភាព​អយុត្តិធម៌​ទាំងអស់​នេះ។ បើ​យើង​ក្បត់ជាតិ ហេតុអ្វី​បាន​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ពាក់​កណ្ដាល​នគរ ហើយ​ជា​ពិសេស​នៅ​សង្កាត់​សាលា​កំរើក ធ្វើ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឈ្នះ​លើ​ការ​បោះ​ឆ្នោត​យ៉ាង​សន្ធឹក​សន្ធាប់ អ៊ីចឹង​មានន័យ​ថា ប្រជា​ពលរដ្ឋ​ដែល​បោះ​ឆ្នោត​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​គាត់​ក្បត់​ជាតិ​ដែរ។ នេះ​ហើយ​ជា​រឿង​មួយ​ដែល​លាប​ពណ៌​ ធ្វើ​ឱ្យ​អ្នក​នយោបាយ​ឈឺ​ចាប់ ប៉ុន្តែ​ពួក​យើង​នៅ​តែ​បន្ត​តស៊ូ​រឿង​ទាំងអស់​នេះ​បន្ត​ទៅ​ទៀត។ យើង​ជឿ​ជាក់​ថា នៅ​ពេល​ឆាប់ៗ នេះ​នឹង​មាន​ដំណោះ​ស្រាយ​នយោបាយ​មួយ​សម​រម្យ​សម្រាប់​ពលរដ្ឋ​ខ្មែរ»

លោក ជិន សុខ​ង៉េង គឺ​ជា​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទី​ពីរ​ហើយ នៅ​ក្នុង​ខេត្ត​សៀម​រាប ដែល​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ និង​ចេញ​ដីកា​តាម​ចាប់​ខ្លួន ដោយ​ចោទ​ប្រកាន់​ពី​បទ​រួម​គំនិត​ក្បត់។ កាល​ពី​សប្ដាហ៍​មុន​ តុលាការ​បាន​ចោទប្រកាន់ និង​តាម​រក​ចាប់​ខ្លួន​អនុប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​ពួក លោក ឈុន វាន ដោយ​ចោទ​ប្រកាន់​ពី​បទល្មើស​ដូច​គ្នា​នេះ។

គិត​ត្រឹម​ថ្ងៃ​ទី១៥ តុលា អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​បាន​ចាប់​ឃុំ​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៤៦នាក់​ហើយ និង​មាន​ម្នាក់​ត្រូវ​បាន​ដោះ​លែង​វិញ ក្រោយ​​សារភាព​តាម​ការ​​ចង់​បាន​របស់​អាជ្ញាធរ។ ដោយ​ឡែក ចំនួន​សកម្ម​ជន​បក្ស​ប្រឆាំង​ដែល​អាជ្ញាធរ​កោះហៅ និង​ចេញ​ដីកា​តាម​ចាប់​ខ្លួន បាន​កើន​ឡើង​ដល់ ១៨៣នាក់ គិត​ត្រឹម​រយៈ​ពេល​ដូច​គ្នា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល