ស្ថានការណ៍នៅតាមព្រំដែនខ្មែរ-ថៃស្ងប់ស្ងាត់
2013.04.17
ស្របពេលភាគីទាំងពីរគឺកម្ពុជា-ថៃ កំពុងប្រើប្រាស់វេទិកានៃសវនាការបកស្រាយផ្ទាល់មាត់ ស្ដីពីតំបន់ជម្លោះប្រាសាទព្រះវិហារ នៅទីក្រុងឡាអេ ដ៏ស្វិតស្វាញនោះ ពលរដ្ឋ និងមន្ត្រីយោធាកម្ពុជា នៅជាប់ព្រំដែនអះអាងថា ស្ថានការណ៍នៅតាមខ្សែបន្ទាត់ខណ្ឌសីមា រវាងកម្ពុជា-ថៃ មានសភាពស្ងប់ស្ងាត់ជាធម្មតា និងបន្តទាក់ទងគ្នាដូចមុនថ្ងៃ១៥ កក្កដា ឆ្នាំ២០០៨។
មន្ត្រីយោធាឈរជើងនៅច្រកព្រៃជប់ ក្បែរទំនប់ក៥ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលថ្លែងសុំមិនបញ្ចេញឈ្មោះ ឲ្យដឹងនៅថ្ងៃទី១៧ មេសា ថា ទាំងកម្ពុជា និងថៃ នៅពេលនេះបានបង្កើនការប្រុងប្រយ័ត្នការពារអធិបតេយ្យភាពរៀងៗខ្លួនជាងមុន នៅតាមខ្សែបន្ទាត់ព្រំដែន។
លោកបន្តថា ក៏ប៉ុន្តែពលរដ្ឋនៃប្រទេសទាំងពីរនៅតែបន្តការចេញចូល និងធ្វើអាជីវកម្មជាធម្មតានៅឡើយ៖ «ស្ដាប់ទូរទស្សន៍ទៅចេះតែត្រៀមៗទៅ ខ្លាចតែយើងយ៉ាងណាៗបានអង្ករបានអីទៅស៊ី ហើយមនុស្សម្នាក់ៗត្រូវតែត្រៀម ខ្លាចនៅតាមជាយដែនវាមិនដឹងថ្ងៃណា នៅព្រៃវាមិនដឹងដែរ»។
លោក ញាណ សារុំ ពលរដ្ឋនៅច្រកអូស្មាច់ ខេត្តឧត្ដរមានជ័យ ឲ្យដឹងថា ពលរដ្ឋកម្ពុជា ត្រៀមរួចជាស្រេចដើម្បីជម្លៀសចេញ ក្នុងករណីការផ្ទុះអាវុធកើតឡើងដោយចៃដន្យណាមួយនោះ៖ «ដឹងថា យ៉ាងម៉េចដែរបង! ប៉ុន្តែចេញចូល ខ្ញុំទៅចេះតែទៅបាន ទៅលេងវត្តគេមួយភ្លែតអ៊ីចឹងទៅត្រឡប់មកវិញ។ គេមកមួយភ្លែតអីអ៊ីចឹងទៅ បែកគ្នាទៅ ប៉ុន្តែកម្លាំងនៅតែត្រៀម ជួរមុខអត់មានប្រហែសទេ ព្រោះថាបទបញ្ជា»។
ទោះជាបែបណា ទាំងយោធាម្ពុជា និងយោធាថៃ បានបង្កើនការប្រុងប្រយ័ត្នខ្ពស់ជាងមុន នៅតាមខ្សែបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ។ ការបន្តរឹតបន្តឹងផ្នែកយោធានៅតាមខ្សែបន្ទាត់ព្រំដែននេះ គឺដើម្បីពង្រឹងផ្នែកសន្តិសុខ ដែលអាចប្រឈមមុខដោយសព្វាវុធណាមួយនៅចំពេលតុលាការយុត្តិធម៌អន្តរជាតិ កំពុងដំណើរការសវនាការស្ដីពីពីប្រាសាទព្រះវិហារ។
នៅថ្ងៃទី១៧ ខែមេសា នេះដែរ អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី លោក ហង្ស សាវយុត ក៏បានធ្វើដំណើរពិនិត្យស្ថានភាពនៅតាមព្រំដែនខ្លះ ក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក ហង្ស សាវយុត តាមការសាកសួររបស់អ្នកស្រី ម៉ៅ សុធានី៖
មេបញ្ជាការជាន់ខ្ពស់របស់ខ្មែរបញ្ជាក់បន្ថែម
មេបញ្ជាការជាន់ខ្ពស់របស់ខ្មែរដែលកំពុងប្រចាំការនៅតំបន់ប្រាសាទព្រះវិហារ អះអាងថា ស្ថានការណ៍តាមព្រំដែនកម្ពុជា-ថៃ នៅមានសភាពធម្មតានៅឡើយ បើទោះបីភាគីខ្មែរ និងថៃ កំពុងឡើងបកស្រាយផ្ទាល់មាត់អំពីករណីក្ដីប្រាសាទព្រះវិហារ នៅឯតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ក៏ដោយ។
មន្ត្រីយោធាខ្មែរក៏បានឲ្យដឹងផងដែរថា ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីនេះ ប្រាសាទព្រះវិហារបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនថែមទៀត។
សូមស្ដាប់បទសម្ភាសន៍តាមទូរស័ព្ទរវាងលោក តាំង សារ៉ាដា និងលោកឧត្តមសេនីយ៍ ស្រី ឌឹក ដែលមានសេចក្ដីដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។