គណបក្សនយោបាយចំនួន៧ ក្នុងនោះមាន គណបក្សកាន់អំណាចផង បានចុះបញ្ជីគណបក្ស និងដាក់បញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតអាណត្តិទី៧ ខាងមុខនេះរួចហើយ។ មន្ត្រីសង្គមស៊ីវិល សង្កេតឃើញថា គណបក្សនយោបាយដែលមិនទាន់ចុះបញ្ជី ដោយសារតែគណបក្សទាំងនោះជួបបញ្ហាបច្ចេកទេស និងការរើសអើងផ្នែកនយោបាយ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅ គ.ជ.ប កំពុងសិក្សាលើ បញ្ជីឈ្មោះរបស់គណបក្សនយោបាយ ដែលបានចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតខែកក្កដាខាងមុខ។ មន្ត្រីជាន់ គ.ជ.ប. ស្នើគ្រប់គណបក្សនយោបាយ ដែលមានបំណងចូលរួមការបោះឆ្នោត ឆាប់រួសរាន់បំពេញបែបបទឱ្យទាន់ពេលវេលា តាមការកំណត់របស់ គ.ជ.ប.។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅ គ.ជ.ប. លោក ហង្ស ពុទ្ធា ឱ្យដឹងថា តាមនីតិវិធីនៅពេលគណបក្សនយោបាយបញ្ជីគណបក្ស និងដាក់បញ្ជីបេក្ខជនរបស់ខ្លួន មកគ.ជ.ប រួចហើយ ស្ថាប័នរបស់លោកនឹងពិនិត្យនិងសិក្សា ហើយក្រោយថ្ងៃទី០៨ ខែឧសភា គ.ជ.ប នឹងផ្ដល់ដំណឹងទៅគណបក្សនយោបាយទាំងនោះ។ លោកឱ្យដឹងទៀតថា សម្រាប់ការបោះឆ្នោតជាតិអាណត្តិនេះ គ.ជ.ប បានបង្កើតកម្មវិធីអែប(APP)ថ្មី អាចឱ្យគណបក្សនយោបាយ ពិនិត្យបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោត ដែលជួយមិនឱ្យគណបក្សនយោបាយដាក់បញ្ជីបេក្ខជនឈរឈ្មោះ យកបេក្ខជនផ្ទួនគ្នា ឬជាន់គ្នា ដូចលើកមុនៗទេ។
លោក ហង្ស ពុទ្ធា៖«គ.ជ.ប បានដំឡើងកម្មវិធីមួយជាអែប(APP)ដើម្បីជំនួយដល់គណបក្សនយោបាយក្នុងការជ្រើសរើសបេក្ខជនចេញពីបញ្ជីអ្នកបោះឆ្នោត បានន័យថា បេក្ខជនគាត់ព្រមព្រៀងទៅឈរឈ្មោះឱ្យគណបក្សណាហើយនោះខាងអាយធី(IT)របស់កុំព្យូទ័រមិនអនុញ្ញាតគណបក្សយកឈ្មោះហ្នឹងទៅដាក់ក្នុងបញ្ជីបោះឆ្នោតទៀតទេ»។
ត្រឹមរយៈពេលបីថ្ងៃ នៃរយៈពេលសរុបចំនួន១៥ថ្ងៃ នៃការចុះបញ្ជីគណបក្សនយោបាយ និងការដាក់បញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតខែកក្កដា ខាងមុខ គណបក្សប្រជាជនកម្ពុជា និងគណបក្សនយោបាយចំនួន០៦ ទៀតបានចុះបញ្ជីគណបក្ស និងស្នើដាក់បេក្ខជនទាំងពេញសិទ្ធិ និងបេក្ខជនបម្រុង២៥មណ្ឌលទូទាំងប្រទេសមកគ.ជ.ប រួចហើយ។
គ.ជ.ប ទុករយៈពេល១៥ថ្ងៃឱ្យគណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិខាងមុខ ចុះបញ្ជីគណបក្សនិងដាក់បញ្ជីឈ្មោះបេក្ខជនឈរឈ្មោះចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី០៨ ខែឧសភា។
ទោះយ៉ាងណា គណបក្សភ្លើងទៀន ដែលជាគូប្រកួតប្រជែងជាមួយគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនទាន់បានចុះបញ្ជីគណបក្ស និងដាក់បញ្ជីបេក្ខជនឈរឈ្មោះនៅឡើយទេគិតមកដល់ពេលនេះ។
ទាក់ទងបញ្ហានេះ អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភីរិទ្ធ ឱ្យវិទ្យុវិទ្យុអាស៊ីសេរីដឹងថ្ងៃទី២៦ ខែមេសាថា គណបក្សរបស់លោកនឹងចុះបញ្ជីគណបក្ស និងដាក់បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ឱ្យទាន់ពេលវេលាដែល គ.ជ.ប កំណត់។ លោកថា ពេលនេះគណបក្សភ្លើងទៀនកំពុងសម្រិតសម្រាំងបញ្ជីបេកក្ខជន ដើម្បីជ្រើសរើសបេក្ខជនដែលសមត្ថភាពសម្រាប់ការប្រកួតប្រជែងមួយនេះ។ ទោះបែបនេះក្ដី លោក គីមសួរ ភីរិទ្ធ ឱ្យដឹងទៀតថា សព្វថ្ងៃ គណបក្សរបស់លោក ក៏ជួបបញ្ហានៃការដាក់បញ្ជីបេក្ខជនឈរឈ្មោះនេះដែរ ដូចជាការរើសអើងនយោបាយ ការវាយធ្វើបាបលើសកម្មជនគណបក្សភ្លើងទៀនជាបន្តបន្ទាប់ និងពលរដ្ឋខ្លះហ៊ានគាំទ្រគណបក្សភ្លើងទៀនត្រឹមផ្នែកផ្លូវចិត្ត តែមិនហ៊ានធ្វើសកម្មភាពនយោបាយជាដើម។
លោក គីមសួរ ភីរិទ្ធ៖«សកម្មជនខ្លះជាពិសេសនៅរាជធានីភ្នំពេញក៏រងការវាយប្រហារលើរាងកាយ គំរាមកំហែងផ្នែកផ្លូវចិត្តអីជាហូរហែអ៊ីចឹងមិនមែនជារឿងល្អប្រសើរទេសម្រាប់ការរើសអើងមកគណបក្សដែលគូប្រជែងរបស់ខ្លួន»។
ចំណែកនាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា ហៅកាត់ថា និចហ្វិច (Nicfec) លោក សំ គន្ធាមី សង្កេតឃើញថា គណបក្សមួយចំនួន ដែលមិនទាន់ចុះបញ្ជីឈ្មោះ និងដាក់បញ្ជីបេក្ខជន ព្រោះជួបបញ្ហាបច្ចេកទេស និងការធ្វើទុក្ខបុកម្នេញនយោបបាយ។ លោកបន្តទៀតថា ក្នុងរយៈពេលនេះដែរ សកម្មជនមួយចំនួនរបស់គណបក្សភ្លើងទៀន ត្រូវបានជនមិនស្គាល់មុខលួចវាយធ្វើបាបជាបន្តបន្ទាប់ ដែលនេះជារូបភាពមិនល្អសម្រាប់ការបោះឆ្នោតនាពេលខាងមុខទេ។ លោកយល់ថា បញ្ហានេះនឹងធ្វើឱ្យពលរដ្ឋមានការភ័យខ្លាចក្នុងការចូលរួមសកម្មភាពនយោបាយជាមួយគណបក្សភ្លើងទៀន។
លោក សំ គន្ធាមី៖«ខ្ញុំចង់ឱ្យកុំមានអំពើហិង្សាកើតឡើងទៅលើសកម្មជនគណបក្សនយោបាយទាំងអស់មិនថា បក្សណាទេពីព្រោះដំណាក់កាលនេះគេកំពុងត្រៀមហើយរៀបចំដើម្បីចូលរួមការបោះឆ្នោតកុំឱ្យមានអំពើហិង្សាផ្នែកនយោបាយកើតឡើង»។
ជុំវិញការធ្វើទុក្ខបុកម្នេញ និងការវាយធ្វើបាបលើសកម្មជនគណបក្សភ្លើងទៀននេះដែរ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អំពាវនាវបណ្ដាប្រទេសមហាអំណាច ដាក់កំហិតលើរដ្ឋាភិបាលលោក ហ៊ុន សែន ឱ្យបញ្ចប់ការលួចវាយប្រហារលើសមាជិកបក្សប្រឆាំង និងត្រូវស្វែងរកជនល្មើសមកកាត់ទោសតាមច្បាប់។ អ្នកនាំពាក្យគណបក្សភ្លើងទៀនលោក គីមសួរ ភីរិទ្ធ ស្នើគ្រប់គណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងការបោះឆ្នោត ថ្ងៃទី២៣ ខែកក្កដា ខាងមុខ កុំចាត់ទុកគូប្រកួតប្រជែងសត្រូវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
