មន្ត្រី​បក្ស​សំបុក​ឃ្មុំ​នៅ​ពោធិ៍សាត់​រៀបចំ​ពាក្យ​ប្ដឹង​ករណី​ជន​អនាមិក​បំផ្លាញ​សាក​សញ្ញា​បក្ស

ដោយ ជិន ជេដ្ឋា
2016-09-30
Share
ផែនទី​ខេត្ត​ពោធិ៍សាត់ ៨៥៥ ផែនទី​ខេត្ត​ពោធិ៍សាត់
Photo: RFA

មន្ត្រី​គណបក្ស​សំបុក​ឃ្មុំ​សង្គម​សង្គម​ប្រជាធិបតេយ្យ ខេត្ត​ពោធិ៍សាត់ កំពុង​រៀបចំ​ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​ជន​អនាមិក​ដែល​បំផ្លាញ​ស្លាក​សញ្ញា​គណបក្ស​មួយ​ផ្ទាំង កាល​ពី​យប់​ថ្ងៃ​ទី​២៩ ខែ​កញ្ញា។ ករណី​បំផ្លាញ​ស្លាក​សញ្ញា​គណបក្ស​នេះ ត្រូវ​បាន​មន្ត្រី​បក្ស​សំបុក​ឃ្មុំ សង្ស័យ​ថា ជា​ទង្វើ​របស់​សកម្មជន​គណបក្ស​កាន់​អំណាច ដោយ​ឃើញ​បក្ស​សំបុក​ឃ្មុំ មាន​ប្រជាប្រិយភាព។

ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​ខេត្ត​របស់​គណបក្ស​សំបុក​ឃ្មុំ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣០ កញ្ញា ថា ពាក្យ​បណ្ដឹង​ដែល​ដាក់​ចូល​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ឈើតុំ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ស្រុក​ក្រគរ គឺ​ឲ្យ​ជួយ​វែក​រក​មុខ​ជន​ល្មើស​មក​ផ្ដន្ទាទោស។ ជន​ល្មើស​អាច​ប្រើ​ចម្ពាម​គ្រាប់​ដែក​បាញ់​ទម្លុះ​ស្លាក​ទំហំ ១​ម៉ែត្រ គុណ​នឹង ១​ម៉ែត្រ​ដែល​លើក​ទើប​បាន​បី​ថ្ងៃ នៅ​គល់​ស្ពាន ១២០ ក្នុង​ភូមិ​ចានចាស់ ឃុំ​ឈើតុំ។

ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​លោក ប៉ែន ប៊ុនធឿន មាន​ប្រសាសន៍​ថា គណបក្ស​សំបុក​ឃ្មុំ មាន​ប្រជាប្រិយភាព​ខ្លាំង​នៅ​ឃុំ​ឈើតុំ ទើប​មាន​ការ​ឈ្នានីស​រូប​លោក និង​បំផ្លាញ​ស្លាក​សញ្ញា​គណបក្ស។ លោក​ជា​អតីត​សកម្មជន​គណបក្ស​ហ៊្វុនស៊ិនប៉ិច មាន​ប្រជាប្រិយភាព​ម្នាក់​នៅ​ស្រុក​ក្រគរ ហើយ​ថ្មីៗ​នេះ​មាន​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​បបួល​លោក​ឲ្យ​ចុះចូល៖ «បាទ! មួយ​គ្រាប់​ត្រូវ​រយៈ​ប្រហែល ៣​ថ្នាំង​ដៃ ហើយ​មួយ​គ្រាប់​ទៀត​ប្រហែល​ពីរ​ថ្នាំង​ដៃ បាញ់​ហ្នឹង​ប្រហែល​គ្រាប់​បាដាង​ធ្លាក់​នៅ​ក្នុង​ហ្នឹង ព្រោះ​ខ្ញុំ​អង្រន់​ទៅ​ឮ​សូរ​ឃ្លឹកៗ។ ការ​បំផ្លាញ​ស្លាក​នេះ ខ្ញុំ​ព្រួយ​បារម្ភ​ដែរ (សុវត្ថិភាព​ផ្ទាល់​ខ្លួន) ព្រោះ​មាន​ខាង​គណបក្ស​នយោបាយ​ច្រើន​ដែរ​តេ (ទូរស័ព្ទ) មក​ឲ្យ​ផ្ដាច់​ខ្លួន​ទៅ​ខាង​គេ ប៉ុន្តែ​ខ្ញុំ​ថា ខ្ញុំ​អត់​មាន​សមត្ថភាព ខ្ញុំ​មើល​ឃើញ​ទៅ​ល្អ​ខ្ញុំ​នៅ​ខាង​ល្អ​ហ្នឹង​ហើយ ទោះ​បី​អស់​ជីវិត​ខ្ញុំ​ក៏​នៅ​បម្រើ​ដែរ»

លោក​បញ្ជាក់​ថា នៅ​ទាំង​ខេត្ត​ពោធិ៍សាត់ មាន​ស្លាក​សញ្ញា គណបក្ស​ចំនួន ២៦​ផ្ទាំង ក្នុង​នោះ​លើក​បាន ១៩​ផ្ទាំង ត្រូវ​គេ​បំផ្លាញ ១​ផ្ទាំង ប៉ុន្តែ​លោក​នឹង​លើក​ចំនួន ៧​ផ្ទាំង​ទៀត​នៅ​ក្រោយ​បុណ្យ​ភ្ជុំបិណ្ឌ។

ឆ្លើយ​តប​បញ្ហា​នេះ មេ​ឃុំ​ឈើតុំ លោក ប៉ាក់ ផន បញ្ជាក់​ថា ស្លាក​សញ្ញា​គណបក្ស​សំបុក​ឃ្មុំ​ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​បំផ្លាញ​នោះ និង​ស្លាក​ដែល​បាន​លើក​ក្នុង​ឃុំ​ឈើតុំ មួយ​ចំនួន​ទៀត​កាល​ពី​ពេល​ថ្មីៗ​នេះ គឺ​ម្ចាស់​ស្លាក​មិន​បាន​ជូន​ដំណឹង​ដល់​អាជ្ញាធរ​ឡើយ។ លោក​ថា រយៈ​ពេល​ប្រាំ​អាណត្តិ​មក​ហើយ​ក្នុង​ឃុំ​របស់​លោក​ពុំ​ដែល​មាន​បញ្ហា​រឿង​បំផ្លាញ​ស្លាក​គណបក្ស​នោះ​ទេ ហើយ​ក្នុង​នាម​ជា​អាជ្ញាធរ​តែងតែ​ជួយ​មើល​ថែ និង​ការពារ​គ្រប់​ស្លាក​គណបក្ស​នយោបាយ​ឲ្យ​តែ​មាន​ការ​ជូន​ដំណឹង​ត្រឹមត្រូវ៖ «ខ្ញុំ​បាន​ប្រកាស​ជា​សាធារណៈ​ហើយ! ឲ្យ​សមត្ថកិច្ច​ក៏​ដូច​ជា​អាជ្ញាធរ​ភូមិ​ឃុំ ជួយ​ការពារ​សុវត្ថិភាព តែ​បើ​ករណី​ខ្លះ​គាត់​អត់​ដឹង​ឧទាហរណ៍​ថា គណបក្ស​នយោបាយ​ខ្លះ​អត់​បាន​ជូន​ដំណឹង​ទេ ស្រាប់​ទៅ​ដល់​ដាក់​វា​ប៉ះពាល់ ឬ​ម្ចាស់​ដី​គេ​មិន​ទទួល​ដឹង​ឮ​អី អា​ហ្នឹង​អត់​ទទួល​ខុសត្រូវ​ទេ។ តំណាង​គណបក្ស​សំបុកឃ្មុំ​មក​សុំ​ខ្ញុំ​លើក​ផ្លាក​តែ​មួយ​ទេ គឺ​នៅ​ផ្ទះ ប៉ិល ពេជ្រ ភូមិ​កណ្ដាល ក្រៅ​ពី​នេះ​គេ​អត់​មាន​សុំ​ដាក់​នៅ​កន្លែង​ណា​ទៀត​ទេ តែ​សប្ដាហ៍​មុន​ខ្ញុំ​អត់​នៅ​ស្រាប់​តែ​មាន​ឃើញ​ផ្លាក​ហ្នឹង​ពីរ​បី​កន្លែង»

ទោះ​បី​ជា​យ៉ាង​ណា​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ខេត្ត​ពោធិ៍សាត់ លោក ប៉ែន ប៊ុនឌឿន អំពាវនាវ​ឲ្យ​អ្នក​នយោបាយ​ទាំង​ថ្នាក់​ជាតិ និង​សកម្មជន​ថ្នាក់​មូលដ្ឋាន​ទាំង​អស់​ត្រូវ​ប្រកួត​ប្រជែង​នយោបាយ​គ្នា​ដោយ​ភាព​ស្អាតស្អំ កុំ​បំផ្លាញ​ស្លាក​សញ្ញា​គណបក្ស​ដទៃ ដែល​លោក​យល់​ថា ​ជា​រូប​ភាព​គំរាមកំហែង និង​រើសអើង​គណបក្ស​នយោបាយ​ធ្ងន់ធ្ងរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល