"សកម្មភាព​រំលោភ​លទ្ធិ​ប្រជាធិបតេយ្យ​របស់​រដ្ឋាភិបាល​កម្ពុជា​ជា​សកម្មភាព​ឧទ្ទាម"

ដោយ តាំង សារ៉ាដា
2018.02.04
ឡៅ ម៉ុងហៃ ហ៊ុន សែន ៦២២ អ្នក​វិភាគ​ឯករាជ បណ្ឌិត ឡៅ ម៉ុងហៃ (ឆ្វេង) និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។
Photo: RFA

អ្នកឃ្លាំមើល​សង្គម​និយាយ​ថា ការ​រំលោភ​សិទ្ធិមនុស្ស ការ​បំផ្លាញ គោលការណ៍​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ គឺ​ជា​ការ​ក្បត់​ធម្មនុញ្ញ ជា​អំពើ​ក្បត់​ឆន្ទៈ​របស់​ពលរដ្ឋ និង​ក្បត់​កិច្ចសន្យា​រវាង​រដ្ឋ ជាមួយ​ប្រជាពលរដ្ឋ។

រដ្ឋធម្មនុញ្ញ​ដែល​បង្កើត​ឡើង​តាំងពី​ឆ្នាំ​១៩៩៣ ដែល​ជា​ច្បាប់​កំពូល​របស់​ប្រទេស គឺជា​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ ដែល​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​រដ្ឋ​ក្នុង​ការ​គាំពារ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​មនុស្ស ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ ព្រំដែន​នៃ​ការប្រើប្រាស់​អំណាច គោរព​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស។

ប៉ុន្តែ ក្នុង​រយៈពេល​ចុងក្រោយ​នេះ ក្រុម​អ្នក​ឃាំ្ល​មើល​សង្កេត​ឃើញ​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ជិះ​សេះ​លែងដៃ​មិន​ងាក​ក្រោយ ហើយ​បោះពួយ​ប្រើ​អំណាច​ហួសហេតុ​ទាំង​បំពាន ទៅលើ​រដ្ឋធម្មនុញ្ញ និង​ឆន្ទៈ​របស់​ពលរដ្ឋ​ម្ចាស់​ប្រទេស ដូចជា​ករណី​រំលាយ​គណបក្ស​សង្គ្រោះជាតិ ដែល​ជា​សំឡេង​របស់​ពលរដ្ឋ​ជាង ៣​លាន​នាក់។

អ្នកវិភាគ​ឯករាជ្យ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ អះអាង​ថា ប្រសិន​បើ រដ្ឋាភិបាល​រំលោភ​ឆន្ទៈ​របស់​ពលរដ្ឋ​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ ហើយ​ងាក​ចេញពី​គោលការណ៍​នីតិរដ្ឋ និង​គោលការណ៍​ប្រជាធិបតេយ្យ​នោះ រដ្ឋាភិបាល​គឺជា​ក្រុម​ឧទ្ទាម ឬ​ជា​សត្រូវ​នៃ​រដ្ឋធម្មនុញ្ញ ជា​សត្រូវ​នៃ​នីតិរដ្ឋ និង​ជា​សត្រូវ​លទ្ធិប្រជាធិបតេយ្យ៖ «អ្នក​លែង​គោរព​រដ្ឋធម្មនុញ្ញ អ្នក​លែង​គោរព​ច្បាប់​អី​ហ្នឹង គឺ​គេ​ចាត់ទុកថា ក្បត់​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ ហើយ​ធ្វើ​អ៊ីចឹង​គេ​ថា ទៅ​ជា​ឧទ្ទាម»

ប៉ុន្តែ កន្លងមក​ក្រុម​មន្ត្រី​ជាន់ខ្ពស់​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា បាន​ចាប់ផ្ដើម​ប្រើ​ពាក្យ​ឧទ្ទាម​នេះ​សំដៅ​ក្រុម​មន្ត្រី​បក្ស​ប្រឆាំង​ទាំងឡាយ​ណា ដែល​ចូលរួម​គាំទ្រ​ចលនា​សង្គ្រោះជាតិ និង​បាន​ចោទ​ប្រកាន់​ក្រុម​ប្រឆាំង​ទាំងឡាយ​ណា ដែល​ហ៊ាន​ចេញមុខ​តវ៉ា​ដោយ​សន្តិវិធី​ថា ជា​ក្រុម​បដិវត្តន៍​ពណ៌​ថែមទៀត។

ទោះជា​យ៉ាងណាក៏ដោយ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ការចោទប្រកាន់​ទាំងឡាយ​មក​លើ​ក្រុម​មន្ត្រី​បក្ស​សង្គ្រោះជាតិ​ថា ជា​ក្រុម​ឧទ្ទាម និង​ជា​បដិវត្តន៍​ពណ៌​នោះ គឺ​ជា​ការចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន និង​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ។ លោក​បន្ត​ថា ការ​តវ៉ា​ដោយ​សន្តិវិធី ការ​ជួប​ប្រជុំ និង​រិះគន់​អំពី​ភាព​អសកម្ម​របស់​រដ្ឋាភិបាល​កម្ពុជា​ទាំងឡាយ គឺជា​សេរីភាព​ក្នុង​ការ​បញ្ចេញ​របស់​ពលរដ្ឋ៖ «ការចោទប្រកាន់​ហ្នឹង​ត្រូវ លុះត្រាតែ​ការចោទប្រកាន់​ហ្នឹង​មាន​មូលដ្ឋាន​ច្បាប់»

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​នៅ​មិនទាន់​អាច​ផ្ដល់​សេចក្ដី​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​នៅឡើយ​ទេ។

ក្រុម​អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ​និយាយ​ថា ការ​ចោទ​ប្រកាន់ ឬ​ការ​លាប​ពណ៌​គ្នា​ទៅវិញទៅមក ក្នុង​សង្គម​នយោបាយ​ដ៏​អន់ថយ​បែប​ហែកហួរ​គ្នា​នេះ គឺជា​គ្រោះថ្នាក់​ធំ​បំផុត​របស់​ពលរដ្ឋ​ខ្មែរ។

លោក បណ្ឌិត ហេង ស្រ៊ាង ដែល​កំពុង​សិក្សា​ស្រាវជ្រាវ​អំពី​សង្គម និង​នយោបាយ​នៃ​សកល​វិទ្យាល័យ​ហៅវើដ (Harvard) ក្នុង​សហរដ្ឋ​អាមេរិក មាន​ប្រសាសន៍​ថា ការ​ចោទប្រកាន់​គ្នា​អំពី​បញ្ហា​បដិវត្តន៍​ពណ៌ អំពី​បញ្ហា​ឧទ្ទាម ឬ​ការ​រួម​គំនិត​ធ្វើ​បដិវត្តន៍​ទម្លាក់​រដ្ឋាភិបាល​ជាដើម​នោះ គឺជា យុទ្ធសាស្ត្រ​របស់​ក្រុម​អ្នក​មាន​អំណាច​ដើម្បី​បន្លាច ឬ​បំភិតបំភ័យ​ដល់​ក្រុម​អ្នក​មាន​និន្នាការ​ផ្ទុយ​ពី​រដ្ឋាភិបាល​យ៉ាង​មាន​ប្រសិទ្ធភាព៖ «ជា​ល្បិច​នយោបាយ កាលណា​យក​ការចោទប្រកាន់​មក​ធ្វើជា​រឿង​វិច្ឆេទកម្ម ឬ​ចលនា​ផ្ដួល​រំលំ​រដ្ឋាភិបាល។ អាហ្នឹង​ជា​មធ្យោបាយ​មួយ​ក្នុង​ការ​បន្លាច។ អាហ្នឹង​មាន​ប្រសិទ្ធភាព​ណាស់​កន្លងមក។ ហើយ​អាការ​ចោទប្រកាន់​គ្នា​ដោយ​រឿង​នយោបាយ​ក្នុងស្រុក​ខ្មែរ​ហ្នឹង​វា​អត់​ទៅ​រួច​ទេ»

ទស្សនវិទូ​ធំៗ​របស់​អាមេរិក​ជាច្រើន បាន​ឲ្យ​តម្លៃ​លើ​ការដឹកនាំ​តាមរយៈ​ការ​យក​ប្រជាពលរដ្ឋ​ជាធំ បើក​ឱកាស​ឲ្យ​ប្រជាពលរដ្ឋ ជា​អ្នក​សម្រេច​ជោគវាសនា​ប្រទេសជាតិ​ដោយ​ខ្លួនឯង ចំណែក​រដ្ឋាភិបាល​វិញ មានការ​ទទួលខុសត្រូវ​ក្នុង​ការ​ជួយ​សម្រួល​ដល់​សេចក្ដី​ត្រូវការ របស់​ប្រជាពលរដ្ឋ មិនមែន​ដើម្បី​ជិះជាន់​ពលរដ្ឋ​នោះ​ទេ។

ពួកគេ​និយាយ​ថា នៅ​ពេលណា​អវត្តមាន​ច្បាប់ ពេល​នោះ ជន​ផ្ដាច់ការ​នឹង​ងើបឡើង ដូច្នេះ​ជន​ផ្ដាច់ការ​ទាំងឡាយ​ណា​ដែល​រំលោភ​ច្បាប់ ជន​ផ្ដាច់ការ​រូប​នោះ​គឺជា​ក្រុម​ឧទ្ទាម ហើយ​អ្នកដឹកនាំ​ណា​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​មានការ​ភ័យខ្លាច អ្នកដឹកនាំ​រូប​នោះ​ទៅវិញ​ទេ ដែល​កំពុង​ភ័យ ខ្លាច​ប្រជាពលរដ្ឋ​របស់​ខ្លួន។

មិនមែន​តែ​អ្នកវិភាគ​ខ្មែរ​ទេ ដែល​មើល​ឃើញ​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន កំពុង​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា។

នាយករង​របស់​អង្គការ​ឃាំ្លមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី លោក ហ្វីល រ៉ូប៊ើតសិន (Phil Robertson) ចាត់​ទុក​រដ្ឋាភិបាល​កម្ពុជា​ថា ជា​រដ្ឋាភិបាល​ផ្ដាច់ការ ដោយសារ​បាន​រំលោភច្បាប់​ធ្ងន់ធ្ងរ រំលោភ​លើ​គោលការណ៍ នីតិរដ្ឋ និង​រំលោភ​លើ​ភាព​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​គោរព​សិទ្ធិមនុស្ស។

លោក​បន្ត​ថា ច្បាប់​របស់​កម្ពុជា​គ្រាន់តែ​ច្បាប់​អន់ថយ​មួយ​ដែល​តាក់តែង​ឡើង ដោយ​ក្រុម​របស់​លោក ហ៊ុន សែន តាមរយៈ​ការ​ប្រើ​អំពើ​ហិង្សា និង​ការ​ប្រើ​កងកម្លាំង​ប្រដាប់​អាវុធ អម​ដោយ​ប្រព័ន្ធ តុលាការ​អាយ៉ង​ប៉ុណ្ណោះ៖ «ជន​ផ្ដាច់ការ​ដូចជា​លោក ហ៊ុន សែន មិន​យល់​ទេ អំពី​អ្វី​ទៅ​ដែល​ជា សេរីភាព ក្នុង​ការ​បញ្ចេញមតិ អ្វី​ទៅជា​សិទ្ធិមនុស្ស អ្វី​ទៅជា​លទ្ធិ​ប្រជាធិបតេយ្យ ការ​យក​ពលរដ្ឋ​ជាធំ ហើយ​អ្វី​ទៅជា​នីតិរដ្ឋ នោះ​ឡើយ។ ខ្ញុំ​គិត​ថា លោក ហ៊ុន សែន នឹង​មិន​អាច​កែប្រែ​ស្ថាន​ការ ក្នុង​ប្រទេស​កម្ពុជា​នៅ​មុន​ការ បោះឆ្នោត​បាន​នោះ​ឡើយ។ ហើយ​ក្រុម​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​នឹង មិន​អាច​វិលត្រឡប់​ទៅ​ប្រទេស​កម្ពុជា​បាន​នោះ​ឡើយ»

មន្ត្រី​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​រូប​នេះ​អះអាង​ថា ក្រោយ​ពី​គណបក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន បោស​សំអាត​បក្ស​ប្រឆាំង​ចេញ​ពី​កម្ពុជា ដោយ​ភ្ជាប់​ទៅ​នឹង​បញ្ហា​បដិវត្តន៍​ពណ៌​ដែល​គ្មាន​រូបរាង​ទៅ នៅ​ពេល​នេះ កម្ពុជា​គ្មាន​គណបក្សប្រឆាំង​ស្របច្បាប់​ណា​ទៀត​ទេ ក្នុង​ការ​ប្រកួត​ប្រជែង​ការបោះឆ្នោត​ជាមួយ​បក្ស​កាន់​អំណាច។

លោក​បន្ត​ថា ពេល​នេះ​មានតែ​ប្រជា​ពលរដ្ឋ និង​បណ្ដា​ប្រទេស​លោក​សេរី​ប៉ុណ្ណោះ ដែល​អាច​វិនិច្ឆ័យ​បាន ថា​តើ​កម្ពុជា​កំពុង​ដឹកនាំ​បែប​ប្រជាធិបតេយ្យ ឬ​ផ្ដាច់ការនិយម​ដែល​ញាំញី​ទៅ​ដោយ​អំពើពុករលួយ ការរំលោភ​សិទ្ធិមនុស្ស រំលោភ​រដ្ឋធម្មនុញ្ញ រំលោភ​គោល​ការ​នីតិរដ្ឋ និង​រំលោភ​គោលការណ៍​ប្រជាធិបតេយ្យ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។