អ្នកនាំពាក្យ​បក្ស​កាន់អំណាច​ថា លោក សម រង្ស៊ី គ្មាន​លទ្ធភាព​ចាប់​លោក ហ៊ុន សែន ទេ

ដោយ សុ ជីវី
2019-02-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍ នា​ទី​ស្នាក់​ការ​កណ្ដាល គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី៣០ ខែ​កក្កដា ឆ្នាំ​២០១៨។
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍ នា​ទី​ស្នាក់​ការ​កណ្ដាល គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី៣០ ខែ​កក្កដា ឆ្នាំ​២០១៨។
AFP

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​អះអាង ថា សមត្ថកិច្ច​នឹង​ចាប់ខ្លួន​លោក សម រង្ស៊ី ពេល មក ដល់​ព្រលាន​យន្តហោះ​ភ្លាម ទាំង​ដែល​អ្នក​គាំទ្រ​របស់​លោក​មិនទាន់​ទាំង​បាន​ឃើញ​មុខ​ផង ដូច្នេះ​លោក សម រង្ស៊ី គ្មាន​លទ្ធភាព​ណាមួយ​នឹង​អាច​ចាប់ខ្លួន​លោក ហ៊ុន សែន នោះ​ទេ។ ប៉ុន្តែ​អ្នកវិភាគ​នយោបាយ​យល់ថា នេះ​ល្បិច​របស់​របប​ក្រុងភ្នំពេញ​ដែល​ខ្លាច​វត្តមាន​លោក សម រង្ស៊ី ប៉ុណ្ណោះ។អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន សរសេរ​នៅ​លើ​ប្រព័ន្ធ​តេឡេក្រាម​របស់​ខ្លួន នៅ​ថ្ងៃទី៧ ខែ​កុម្ភៈ ថា ពេល​នេះ​សមត្ថកិច្ច​គ្រប់​ច្រក​បាន​ត្រៀមលក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ព្រមទាំង​មាន​សាលក្រម​ចាប់ខ្លួន​របស់​តុលាការ​រួចហើយ ដើម្បី​ចាប់ខ្លួន​លោក សម រង្ស៊ី។ លោក​បន្ត​ថា ការ​ចូល​ស្រុក​របស់​លោក សម រង្ស៊ី គឺ​ចូល​មក​ដើម្បី​ឱ្យ​លោក ហ៊ុន សែន ចាប់​ខ្លួន ដូច្នេះ​គ្មាន​ទេ​ដែល​លោក សម រង្សី ចូល​មក​ស្រុក​ខ្មែរ​ចាប់​លោក ហ៊ុន សែន។

អ្នក​នាំពាក្យ​រូប​នេះ​ថា ផែនការ​នៃ​ការ​ចាប់ខ្លួន​នេះ​គឺ​ធ្វើ​ឡើង​យ៉ាង​សម្ងាត់ ដែល​លោក​អះអាង​ថា សូម្បី​អ្នកគាំទ្រ​ដែល​នៅ​រង់ចាំ​ទទួល​លោក សម រង្សី នៅ​ខាងក្រៅ​កន្លែង​ចុះចត​យន្តហោះ​ក៏ មិន​បាន​ដឹង​រឿង​ចាប់​ដែរ។

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក (Facebook) កាលពី​ថ្ងៃ​ទី​៣ កុម្ភៈ ថា ថ្ងៃ​ដែល​លោក​វិល​ចូល​ស្រុក​វិញ​នៅ​ឆ្នាំ​២០១៩​នេះ លោក​នឹង​ដឹកនាំ​ពលរដ្ឋ​ខ្មែរ​ទៅ​ចាប់ខ្លួន​លោក ហ៊ុន សែន ពី​បទ​ក្បត់ជាតិ។ លោក សម រង្ស៊ី ថែម​ទាំង​ផ្ញើ​សារ​អំពាវនាវ​កសិករ​ឱ្យ​ងើបឡើង​ដូរ​របប​លោក ហ៊ុន សែន ចេញ​ដើម្បី​ដោះ​បំណុល។

លោក សម រង្ស៊ី មិន​ទាន់​បញ្ជាក់​ថ្ងៃ​ពិតប្រាកដ​នៃ​ការ​ធ្វើ​មាតុភូមិនិវត្តន៍​របស់​លោក​នៅឡើយ​ទេ។ ប៉ុន្តែ​កាលពី​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ កន្លង​ទៅ លោក សម រង្ស៊ី ថ្លែង​បង្ហើប​ឱ្យ​ដឹង​ពី​ការ​វិល​ត្រឡប់ របស់​លោក​ថា លោក​អាច​វិល​ចូល​ស្រុក​វិញ​ក្នុង​ស្ថានភាព​មួយ​ជា​ពេល​ដែល​សហគមន៍​អន្តរ​ដាក់​ទណ្ឌកម្ម​លើ​របប​លោក ហ៊ុន សែន។ លោក​បន្ត​ថា លោក​និង​ពលរដ្ឋ​ខ្មែរ​រាប់​សិប​ម៉ឺន​នាក់​នឹង ទៅ​ចាប់ខ្លួន​លោក ហ៊ុន សែន៖ «យើង​ជួប​ការ​លំបាក​យើង​រងគ្រោះ​ដោយសារ ហ៊ុន សែន យើង​រង់ចាំ​ទណ្ឌកម្ម​ហ្នឹង​មកដល់​បងប្អូន​ទាល់​ប្រជារាស្ត្រ​ក្ដៅ​ក្រហាយ​ថា ហ៊ុន សែន អ្នក​នាំ​បញ្ហា​អ្នក​នាំ​គ្រោះថ្នាក់ អ៊ីចឹង​ត្រូវតែ​ដូរ​ហ៊ុន សែន ចេញ​ពេល​មក​ដល់ សម រង្ស៊ី មក​ដល់​ទៅ​ទទួល​សម រង្ស៊ី ទៅ​ចាប់​ហ៊ុន សែន ទាំងអស់​គ្នា»

ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី បែបនេះ​ខណៈ​កសិករ​មួយ​ចំនួន សំដែង​ការ​តវ៉ា​ដោយសារ តម្លៃ​ស្រូវ​ពួកគេ​ធ្លាក់​ចុះ​ខ្លាំង និង​ពិបាក​រក​ទីផ្សារ​ក្រោយពី​សហភាព​អឺរ៉ុប​បាន​យកពន្ធ​អង្ករ​របស់​កម្ពុជា​នាំ​ចេញទៅ​លក់​នៅ​ទីផ្សារ​អឺរ៉ុប។ ចំណែក​វិបត្តិ​ដីធ្លី​ក៏​កំពុង​បង្ក​ជម្លោះ និង​ការ​តវ៉ា ស្ទើរ​រាល់ថ្ងៃ ជាពិសេស​នៅ​តំបន់​ដី​ឡើងថ្លៃ​។ នៅ​ពេល​នេះ​ដែរ​សហភាព​អឺរ៉ុប​កំពុង​ដំណើរការ​នីតិវិធី​លើ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចេញពី​កម្ពុជា​បន្ថែម​ទៀត។

អ្នកវិភាគ​បញ្ហា​សង្គម និង​នយោបាយ លោក គឹម សុខ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​យល់​ថា ការ​ព្រមាន​ចាប់ខ្លួន​លោក សម រង្ស៊ី ជា​ដដែល​ពី​របប​ក្រុងភ្នំពេញ​នេះ ព្រោះ​ពួកគេ ខ្លាច​វត្តមាន​លោក សម រង្ស៊ី។ លោក​បន្ត​ថា​ក្នុង​ស្ថានភាព​សព្វថ្ងៃ​នេះ​ពលរដ្ឋ​កំពុង​ពុះ​កញ្ជ្រោល ចង់​ផ្លាស់ប្ដូរ​របប​លោក ហ៊ុន សែន ដូច្នេះ​លោក​យល់ថា បើ​លោក សម រង្ស៊ី អាច​វិល​ចូល​ស្រុក​ក្នុង​អំឡុង​ខែ​កុម្ភៈ នេះ ឬ​ខែ​មីនា ខាងមុខ​គឺ​រឹតតែ​ល្អ៖ «អ្វី​ដែល​គាត់ (លោក ហ៊ុន សែន) បារម្ភ​គឺ​វត្តមាន​លោក សម រង្ស៊ី ចូល​ទៅ​ក្នុង​ប្រទេស​ហ្នឹង»

ប៉ុន្តែ​លោក គឹម សុខ ក៏​ជំរុញ​ឱ្យ​លោក សម រង្ស៊ី មាន​ផែនការ​ច្បាស់លាស់​ដើម្បី​ធានា​ថា ទោះ​លោក សម រង្ស៊ី ត្រូវ​ចាប់ខ្លួន ឬ មន្ត្រី​សំខាន់ៗ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ចាប់ខ្លួន ក៏​គណបក្សប្រឆាំង​នៅ​តែ​មាន​សកម្មភាព​ខ្លាំង​ក្លា​ដដែល។ លោក​បន្ត​ថា បើ​លោក សម រង្ស៊ី មាន​ផែនការ​ច្បាស់លាស់​ពលរដ្ឋ​កម្ពុជា​នឹង​ងើបឡើង​តវ៉ា​តាម​បែប​ប្រជាធិបតេយ្យ ដូច​ការ ទាមទារ​របស់​ពលរដ្ឋ​នៅ​ប្រទេស​វេណេហ្ស៊ុយអេឡា (Venezuela) ប្រឆាំង​របប​លោក នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) អ៊ីចឹង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

tmil Hun Sen fears pple around him will send to RIP

There is not only the opposition party can't arrest tmil Hun Sen,but the rest of all CCP's members can't do anything or arrest tmil Hun Sen at all.Who's the hell gonna dare to standoff?no body...there is only one thing than can arrest him is ICC+superpowers,and international community can lead him to RIP"trust us".

Feb 12, 2019 03:02 PM

តាសាន

ពី LA

ជាការពិតគេអាចចាប់សមរង្សីដោយមិនអោយអ្នកគាំទ្រដឹងថាចាប់នៅទីណាពិតប្រាកដជាអញ្ចឹងមែន។ គេអាចបញ្ជាយន្តហោះអោយចតនៅចំណតបន្ទាយទាហានម្ខាងលានយន្តហោះពោធិចិនតុងក៏បានឬក៏ទៅចុះនៅតាមខេត្តណាមួយ ពេលនោះក្រុមទាហាននឹងចាំចាប់សមរង្សីជាស្រេច។ មិននឹកស្មានថាអ្នកវិភាគស្រុកខ្មែរពិតជាល្ងង់ដល់ថ្នាក់ហ្នឹង វាមិនអាចទៅរួចជាដាត់ខាតចង់ប្តូរហ៊ុនសែនដោយគ្រាន់ត្រឡប់ចូលស្រុកវិញនោះ គ្មានខ្មែរណាចង់អោយគេបាញ់ងាប់ចោលគ្រួសារដោយទៅគាំទ្រជនកំសាកសមរង្សីទេ។ ចំណែកសមរង្សីគ្រាន់តែដើរប្រមូលលុយបោកពួកខ្មែរក្រៅស្រុកដ៏ល្ងង់មួយក្តាប់តូចប៉ុណ្ណោះ។ សមរង្សីជាមនុស្សកំសាកផុតលេខ គាត់បានតែស្រែកឡូឡាដោយពីក្រៅស្រុកតែប៉ុណ្ណឹង

Feb 08, 2019 08:40 AM

គេហទំព័រ​ទាំងមូល