លោក សុខ ឥសាន ហៅ​អ្នក​រិះគន់​ក្រុម​ប្រឹក្សា​ពិគ្រោះ​យោបល់​ថា​ជា​ក្រុម​ប្រឆាំង និង​អគតិ

ជី វិតា
2018-09-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ទៅ​កាន់​​ក្រុម​អ្នក​សារព័ត៌មាន ​នៅខាង​មុខ​​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​​ពី​​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៦។
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ទៅ​កាន់​​ក្រុម​អ្នក​សារព័ត៌មាន ​នៅខាង​មុខ​​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​​ពី​​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៦។
Photo: RFA

អ្នកនាំពាក្យ​បក្ស​កាន់អំណាច ចាត់​ទុក​អ្នកមាន​មតិ​រិះគន់​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ​យោបល់ ថា ជា​ក្រុម​អ្នកប្រឆាំង ដែល​ចាំតែ​ថា ហើយ​ទោះជា​រដ្ឋាភិបាល​ធ្វើ​អ្វី​ក៏​មិន​ត្រូវចិត្ត​ពួកគេ​ដែរ។ របប​ក្រុង​ភ្នំពេញ​ទើបតែ​បង្កើត​ស្ថាប័ន​មួយ​ឈ្មោះ “ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់” ដោយ​មាន​ការចូលរួម​ពី​គណបក្ស​នយោបាយ​ចំនួន ១៥ ដែល​បាន​ចូលរួម​ការបោះឆ្នោត​បែប​បង្គ្រប់​កិច្ច កាល​ពី​ពេល​កន្លងទៅ។

មន្ត្រី​ជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​បក្ស​កាន់អំណាច លោក សុខ ឥសាន តិះដៀល​អ្នក​មាន​មតិ​រិះគន់​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ថា ជា​ក្រុម​ជន​អគតិ ដែល​ចាំតែ​រិះគន់ ដោយ​មិន​គិត​ពី​ប្រសិទ្ធភាព​ការងារ​របស់​ស្ថាប័ន​ថ្មី​នេះ​ឡើយ។

លោក​សរសេរ​ក្នុង​បណ្ដាញ​សង្គម​តេឡេក្រាម (Telegram) នៅ​ថ្ងៃទី៩ កញ្ញា ថា ការ​បង្កើត​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​នេះ ជា​នយោបាយ​បង្រួម​បង្រួម​ជាតិ និង​ឯកភាព​ជាតិ​រឹងមាំ ព្រមទាំង​ជា​ការ​បើកឱកាស​ឱ្យ​គណបក្ស​ដែល​គ្មាន​អាសនៈ​ក្នុង​សភា អាច​ចូលរួម​ផ្ដល់​យោបល់​លើ​កម្មវិធី​នយោបាយ ការ​បង្កើត​ច្បាប់​បម្រើ​សង្គម និង​ឃ្លាំមើល​ការ​ផ្ដល់​សេវា​សាធារណៈ​ជូន​ពលរដ្ឋ​ឱ្យ​បាន​លទ្ធផល​ល្អ។ លោក​បន្ថែម​ថា នេះ​ជា​ការ​បង្កើន​ប្រសិទ្ធភាព​ការងារ ក្នុង​ការ​កសាង និង​អភិវឌ្ឍ​ជាតិ​ជាតិ​រួមគ្នា។

ទោះជា​យ៉ាងណា លោក សុខ ឥសាន មិន​អាច​បិទមាត់​សាធារណជន​មិន​ឱ្យ​និយាយ​រិះគន់​ស្ថាប័ន​ថ្មី​នេះ​បាន​ឡើយ ដ្បិត​សមាសភាព​នៅ​ក្នុង​នោះ សុទ្ធ​សឹង​ជា​អ្នកនយោបាយ​ដែល​ពលរដ្ឋ​ភាគច្រើន​មិន​គាំទ្រ ប៉ុន្តែ​បែរជា​ទទួល​បាន​ឋានៈ​ខ្ពង់ខ្ពស់ និង​បើក​ប្រាក់ខែ​រដ្ឋ តាម​ការសម្រេច​របស់​លោក ហ៊ុន សែន ទៅវិញ។

ប្រធាន​អង្គការ​សម្ពន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ ថ្លែង​ថា ការរិះគន់​ទាំងឡាយ​របស់​សាធារណជន​អំពី​ស្ថាប័ន​ថ្មី​នេះ គឺជា​សេរីភាព​នៃ​ការ​បញ្ចេញមតិ​របស់​ពលរដ្ឋ ហើយ​ម្យ៉ាងវិញទៀត កញ្ចប់​ថវិកាជាតិ​ដែល​ប្រើប្រាស់​ដើម្បី​បើកប្រាក់​ខែ​ឱ្យ​សមាជិក​ស្ថាប័ន​នេះ ជា​លុយ​ដែល​បាន​មកពី​ការ​កាត់​ពន្ធ​ពី​ប្រជាពលរដ្ឋ ដូច្នេះ​ពលរដ្ឋ​ត្រូវតែ​មាន​សិទ្ធ​រិះគន់។ លោក​ថា ការរិះគន់​នេះ​ផ្តើម​ចេញ​ពី​ការ​មិន​ទុកចិត្ត​លើ​សមត្ថភាព និង​បទពិសោធន៍​របស់​ក្រុម​អ្នកនយោបាយ​ទាំងនោះ ដែល​ឋានៈ​ជា​មន្ត្រី​ជាន់ខ្ពស់​របស់​ពួកគេ​បាន​មក​ដោយសារ​ការសម្រេច​ចិត្ត​ផ្នែក​នយោបាយ មិនមែន​ដោយសារ​ការ​គាំទ្រ​ពី​ពលរដ្ឋ​ឡើយ៖ «រឿង​ដែល​គេ​យកចិត្តទុកដាក់​ហ្នឹង ដោយសារតែ​តំណែង​ស្មើនឹង​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ហើយ​បែរជា​មើល​លើ​បទពិសោធន៍​ការងារ និង​សមត្ថភាព​វិញ សាធារណជន​អត់​ទាន់​មាន​ជំនឿ​លើ​សមាជិក​ឧត្ដមក្រុមប្រឹក្សា​ហ្នឹង​ទេ។ អ្នក​រិះគន់​ជា​អ្នក​បង់ពន្ធ​ប្រាក់​បៀរ​វត្ស និង​ពន្ធ​សព្វបែបយ៉ាង ដើម្បី​ឱ្យ​លុយ​របស់​ពួកគេ​ក្លាយទៅជា​ថវិកាជាតិ។ គេ​ចង់​ឱ្យ​មាន​ការប្រើប្រាស់​ថវិកា​ហ្នឹង​ចំ​គោលដៅ អ៊ីចឹង​វា​ជា​រឿង​ផ្ដេសផ្ដាស​មួយ​ដែរ ដែល​វាយ​ប្រហារ​អ្នក​រិះគន់​រឿង​ហ្នឹង ទៅជា​ក្រុម​អគតិ ក្រុម​ប្រឆាំង​និយម។ ខ្ញុំ​មិន​យល់ឃើញ​បែប​ហ្នឹង​ទេ​។ អ្វី​ដែល​ជា​ការ​រិះគន់ គឺជា​កញ្ចក់​មួយ​សម្រាប់​ត្រួសត្រាយ​ផ្លូវ ហើយ​អ្វី​ដែល​គេ​ចង់បាន​នោះ គឺ​គេ​ចង់ឱ្យ​មាន​ការ​បំពេញ​ការងារ​មួយ​ឱ្យ​មាន​ប្រសិទ្ធភាព​ជាង​នេះ»

អ្នកឃ្លាំមើល​បញ្ហា​សង្គម​រូប​នេះ នៅតែ​ជឿជាក់​ថា គ្មាន​ការចាំបាច់​ណាមួយ​ដែល​ត្រូវ​បង្កើត​ស្ថាប័ន​នេះ​ឡើយ។ លោក​ថា​ប្រសិនបើ​រដ្ឋាភិបាល​ពិត​ជា​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​ទទួលយក​អនុសាសន៍​ពី​ខាងក្រៅ​យក​ទៅ​អនុវត្ត ឬ​កែទម្រង់​របៀប​ដឹកនាំ​របស់​ខ្លួន​មែន​នោះ រដ្ឋាភិបាល​អាច​ពិនិត្យមើល​ទៅលើ​អនុសាសន៍​ទាំងឡាយ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្លាប់​បាន​ស្នើ​ឡើង ព្រោះ​អនុសាសន៍​ទាំងនោះ​សុទ្ធតែ​ឆ្លង​ការ​ការសិក្សា​ស្រាវជ្រាវ និង​វាយតម្លៃ​ត្រឹមត្រូវ។

ក្រោយពេល​ក្រសោប​យក​អាសនៈ​សភា​ទាំង ១២៥ មកកាន់​កាប់​តែម្នាក់​ឯង និង​បង្កើត​របប​ថ្មី​ឯក​បក្ស​រួចមក របប​លោក ហ៊ុន សែន បាន​បង្កើត​ស្ថាប័ន​មួយ​ឈ្មោះ “​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់” ជា​ផ្លូវការ។ សមាសភាព​នៃ​ស្ថាប័ន​នេះ គឺ​យក​ចេញ​មកពី​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​ដែល​ចូលរួម​ក្នុង​ការ​បោះឆ្នោត​បែប​បង្គ្រប់​កិច្ច កាលពី​ចុងខែ​កក្កដា​កន្លងទៅ។ មក​ទល់​នឹង​ពេលនេះ មាន​គណបក្ស​ចំនួន ១៥ បាន​ចូលរួម​ក្នុង​ស្ថាប័ន​នេះ ដោយ​ថ្នាក់ដឹកនាំ​គណបក្ស​ទាំងនោះ​ទទួល​បាន​ឋានៈ​ជា​ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ទៀត​ផង។

ការ​បង្កើត​ស្ថាប័ន​នេះ បាន​រង​នូវ​ការរិះគន់​ជាច្រើន​ពី​សាធារណជន និង​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ថា​ជា​រឿង​ខ្ជះខ្ជាយ​ថវិកាជាតិ​ដោយ​ឥតប្រយោជន៍។ មាន​មតិ​ខ្លះ​ទៀត​លើកឡើង​ថា ពួកគេ​សោកស្ដាយ​លុយ​ដែល​ពួកគេ​ត្រូវ​បង់​ជូន​រដ្ឋ តាមរយៈ​ការ​កាត់​ពន្ធ​ពី​ប្រាក់ខែ​ជា​រៀងរាល់​ខែ ដែល​ញើស​ឈាម​របស់​ពួកគេ​បែរជា​ត្រូវ​យក​ទៅ​ចំណាយ​ទៅលើ​អ្នកនយោបាយ​ដែល​ពួកគេ​មិនបាន​បោះឆ្នោត​គាំទ្រ​ទៅវិញ។

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល សរសេរ​បញ្ចេញមតិ​នៅ​លើ​ហ្វេសប៊ុក​ថា លោក «ចាប់ផ្ដើម​មាន​អារម្មណ៍​ថា ស្ដាយ​លុយ​ដែល​លោក​បាន​បង់ពន្ធ​ជូន​រដ្ឋ។ ជាពិសេស​សម្រាប់​ចំណាយ​ទៅលើ​ប្រាក់ខែ និង​ប្រាក់​ឧបត្ថម្ភ​សម្រាប់​សមាជិក​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ដែល​មាន​ទេសរដ្ឋមន្ត្រី ១៥​រូប និង​រដ្ឋមន្ត្រី​១៥​រូប។ លោក ព្រាប កុល បន្ត​ថា ប្រសិនបើ​លោក​មាន​សិទ្ធិ​ក្នុង​ការ​សម្រេច​ថា ចំណែក​លុយ​បង់ពន្ធ​របស់​លោក​គួរ​ប្រើ​ក្នុង​ខ្ទង់​អ្វី​នោះ លោក​ចង់​ផ្ដល់​លុយ​នេះ​ទៅជា​ប្រាក់ខែ​ដល់​គ្រូបង្រៀន ឬ​គ្រូពេទ្យ​វិញ។ នាយក​អង្គការ​តម្លាភាព​កម្ពុជា លោក​ព្រាប កុល បញ្ជក់​ថា មកដល់ពេលនេះ លោក​បាន​បង់ពន្ធ​ជូន​រដ្ឋ​អស់​ជាង ១០​ម៉ឺន​ដុល្លារ ចេញពី​កម្លាំង​ញើស​ឈាម​ផ្ទាល់​របស់​លោក​ហើយ និង​ច្រើន​ម៉ឺន​ដុល្លារ​ទៀត​តាមរយៈ​ការទិញ​សម្ភារៈ អាហារ និង​ផលិតផល ដែល​លោក​បាន​ប្រើប្រាស់។

រីឯ​មន្ត្រីរាជការ​ម្នាក់​នៅ​ខេត្ត​តាកែវ លោក គៀត សុគន្ធ ថ្លែង​ថា លោក​ជឿ​ថា ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​នេះ នឹង​មិន​អាច​បំពេញ​ការងារ​បាន​ដោយមាន​ប្រសិទ្ធភាព​ឡើយ ដោយសារ​ស្ថាប័ន​នេះ​ស្ថិត​ក្រោម​អំណាច​គណបក្ស​ប្រជាជន​កម្ពុជា។ សំខាន់​ជាង​នេះ លោក​ថា លោក​ស្ដាយ​ប្រាក់ខែ​ដែល​ត្រូវ​រដ្ឋ​កាត់​ពន្ធ​ជា​រៀងរាល់​ខែ ដែល​លុយ​នោះ​នឹង​ត្រូវ​គេ​យក​ទៅ​បើក​ឱ្យ​ក្រុម​អ្នក​នយោបាយ​ដែល​រូបលោក និង​ពលរដ្ឋ​ដទៃ​ទៀត​មិនបាន​គាំទ្រ នៅ​ក្នុង​ស្ថាប័ន​ថ្មី​នេះ៖ «ខ្ញុំ​មានការ​សោកស្ដាយ​មែនទែន ក្នុងនាម​ជា​ប្រជាពលរដ្ឋ​ម្នាក់​បង់ពន្ធ​ជូន​រដ្ឋ​ជា​រៀងរាល់​ខែ ហើយ​បែរជា​រដ្ឋាភិបាល​យក​អ្វី​ដែល​ពួក​ខ្ញុំ​បង់ពន្ធ​នេះ យក​ទៅ​បើកប្រាក់​បៀរ​វត្ស​ឱ្យ​ឧត្ដមក្រុមប្រឹក្សា​ជាតិ ដែល​ពួក​ខ្ញុំ​មិន​ទុកចិត្ត ហើយ​ពួក​ខ្ញុំ​ក៏​មិនបាន​បោះឆ្នោត​ឱ្យ​ដែរ។ អ្វី​ដែល​រដ្ឋាភិបាល​ធ្វើ​នេះ ខ្ញុំ​គិត​ថា វា​មិន​មាន​ផល​ចំណេញ​នោះ​ទេ»

អ្វី​ដែល​ធ្វើ​ឱ្យ​មន្ត្រី​រាជការ​រូប​នេះ គ្មាន​ជំនឿ​លើ​ស្ថាប័ន​ថ្មី​នេះ គឺ​ដោយសារ​គណបក្ស​ទាំងឡាយ​ដែល​ចូលរួម​ក្នុង​ស្ថាប័ន​នេះ គ្មាន​អាសនៈ​សភា​ឡើយ ដូច្នេះ​ពួកគេ​នឹង​គ្មាន​ឥទ្ធិពល​អ្វី​ទៅលើ​ការ​សម្រេច​ចិត្ត​របស់​របប​ក្រុងភ្នំពេញ​ឡើយ​។ លោក​ជឿជាក់​ថា សូម្បីតែ​អាសនៈ​សភាតំណាងរាស្ត្រ ៥៥​កៅអី និង​អាសនៈ​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​ជាង ៥​ពាន់​អាសនៈ របស់​គណបក្ស​សង្គ្រោះ​ជាតិ ក៏​គណបក្ស​កាន់អំណាច​ហ៊ាន​រំលាយ​ចោល​ដែរ ដូច្នេះ​របប លោក ហ៊ុន សែន គ្មាន​អ្វី​ត្រូវ​ខ្វល់​នឹង​គណបក្ស​ដែល​គ្មាន​អាសនៈ​ទាំង​នេះ​ឡើយ។ លោក​យល់​ថា ការ​បង្កើត​ស្ថាប័ន​ថ្មី​នេះ​គ្រាន់តែ​ជា​រូបភាព​នៃ​ការ​បំភ័ន្ត​ភ្នែក​មតិ​ជាតិ និង​អន្តរជាតិ​ថា របប​ដឹកនាំ​ថ្មី​គិតគូរ​ពី​រឿង​ឯកភាព​ជាតិ ដែល​តាម​ការពិត នេះ​ជា​ផលប្រយោជន៍​នយោបាយ​របស់​គណបក្ស​កាន់​អំណាច​ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

បើត្រូវខ្វៃ អាសត្វសេកមួយនេះត្រូវខ្វៃទាំងរោម។

Sep 10, 2018 04:42 PM

GW.Bush

ពី Ha Noi

Oh boy! oh boy! mr. sok eisan, do you have any children and/or grandchildren? my advice to you is to purchasing a land/house in China/Russia and esp. opening checking/saving accounts in those countries

Sep 09, 2018 10:41 PM

គេហទំព័រ​ទាំងមូល