មន្ត្រី​បក្ស​ប្រឆាំង​ខេត្ត​ប៉ៃលិន​ចូល​ប្រកាស​ទ្រព្យ​សម្បត្តិ​រួច​បាន​ប្រហែល​៨៥​ភាគរយ

ដោយ តាំង សារ៉ាដា
2017-12-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​២៧ មេសា ឆ្នាំ​២០១៦
អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​២៧ មេសា ឆ្នាំ​២០១៦
Photo: RFA

សមាជិក​ក្រុមប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ប៉ៃលិន ចាប់ពី​ថ្នាក់​ឃុំ​រហូតដល់​ថ្នាក់​ខេត្ត គិត​ត្រឹម​ថ្ងៃ​ទី​២៤ ខែ​ធ្នូ មាន​ប្រហែល​៨៥% ហើយ​ដែល​បាន​ប្រកាស​ទ្រព្យសម្បត្តិ​នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ខេត្ត​ប៉ៃលិន លោក ឃឹម ប៉ុន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤ ធ្នូ ថា មន្ត្រី​ក្រុមប្រឹក្សា​គណបក្ស​សង្គ្រោះជាតិ​ខេត្ត​នេះ ដែល​បាន​ចូល​ប្រកាស​ទ្រព្យសម្បត្តិ​មាន​ចំនួន ២៥​នាក់​ក្នុង​ចំណោម​សមាជិក​ក្រុមប្រឹក្សា​សរុប​២៩​នាក់។ លោក​បន្ត​ថា នៅ​សល់​តែ​សមាជិក​ចំនួន ៤​នាក់​ប៉ុណ្ណោះ​ដែល​មិនទាន់​ប្រកាស​ទ្រព្យសម្បត្តិ ក្នុង​នោះ​សមាជិក ២​នាក់​កំពុង​រត់គេច​ខ្លួន ហើយ​២​នាក់​ទៀត​នឹង​ប្រកាស​ទ្រព្យសម្បត្តិ​យ៉ាង​យូរ​ត្រឹម​ថ្ងៃ​ទី​៣០ ធ្នូ។

កាលពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ចេញ​លិខិត​ជូនដំណឹង​តម្រូវ​ឲ្យ​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ ទាំងអស់​ដែល​ត្រូវ​បញ្ឈប់​ពីមុខ​តំណែង ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ជូន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្នុង​រយៈពេល ៣០​ថ្ងៃជា​កំហិត។

ក្រោយមក គឺ​នៅ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ លោក ហ៊ុន សែន បាន​ព្រមាន​ចាប់ខ្លួន​មន្ត្រី​គណបក្សប្រឆាំង ដែល​មិន​ព្រម​ទៅ​ប្រកាស​ទ្រព្យសម្បត្តិ​តាម​បញ្ជា​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ពីព្រោះ​ពួកគេ​មិនទាន់​បញ្ចប់​កាតព្វកិច្ច​នៅឡើយ​ទេ។ លោក​អះអាង​ថា រាល់​មន្ត្រី​គណបក្សប្រឆាំង​ណា​ក៏ ដោយ​ពេល​ចូលកាន់​តំណែង​ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ ហើយ​ពេល​បញ្ចប់​តំណែង​ក៏​ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ​វិញ​ដែរ។

ប៉ុន្តែ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ទទូច​ឲ្យ អង្គការ​ប្រឆាំង​អំពើពុករលួយ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ស្មើភាព​គ្នា​គ្រប់​គណបក្ស​នយោបាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល