គណបក្ស​មួយ​ចំនួន​មិន​ចេញ​ឃោសនា​ហែ​បក្ស​ដោយ​សារ​ខ្វះខាត​ថវិកា

ដោយ មួង ណារ៉េត
2018-07-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​គណបក្ស​ខ្មែរ​ឈប់​ក្រ លោក ក្រវ៉ាញ ដារ៉ន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី១៩ ខែ​កក្កដា ឆ្នាំ​២០១៣។
ប្រធាន​គណបក្ស​ខ្មែរ​ឈប់​ក្រ លោក ក្រវ៉ាញ ដារ៉ន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី១៩ ខែ​កក្កដា ឆ្នាំ​២០១៣។
Photo: RFA

គណបក្ស​នយោបាយ​ខ្លះ នៅ​មិនទាន់​បាន​ចេញ​ធ្វើ​យុទ្ធនា​ការឃោសនា​ហែ​បក្ស​ទ្រង់ទ្រាយ​ធំ​នៅឡើយ​ទេ ដោយសារ​ខ្វះខាត​ថវិកា​ហែ​បក្ស។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បង្ហាញ​ថា គិត​ត្រឹម​ថ្ងៃ​ទី​៣ នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត មាន​គណបក្ស​ជាង​១០ បាន​ហែ​ក្បួន​ឃោសនា​ទ្រង់ទ្រាយ​ធំ។

ក្នុងចំណោម​គណបក្ស​ទាំង​២០ មាន​គណបក្ស​ខ្លះ នៅ​មិនទាន់​បាន​ចេញ​ឃោសនា​ហែ​បក្ស​ទ្រង់ទ្រាយ​ធំ ឬ​ប្រកាស​ថា​នឹង​មិន​ធ្វើការ​ហែ​បក្ស​ឃោសនា​ទ្រង់ទ្រាយ​ធំ​ទេ ដោយសារ​កត្តា​ផ្សេងៗ ពិសេស​គឺ​ខ្វះខាត​ថវិកា ក្នុង​ការ​ឃោសនា។

អគ្គលេខាធិការ​គណបក្ស​ពន្លឺ​ខ្មែរ លោក ឈឹម ច័ន្ទរិទ្ធី ឲ្យ​ដឹង​ថា គណបក្ស​នេះ ឈរ​ឈ្មោះ​១៣​មណ្ឌល ប៉ុន្តែ​គ្មាន​លទ្ធភាព​ចេញ​ឃោសនា​ទ្រង់ទ្រាយ​ធំ​ទាំង​១៣​មណ្ឌល​ទេ ដោយសារ​ខ្វះខាត​លទ្ធភាព​ផ្នែក​ហិរញ្ញវត្ថុ។ «»

ឯ​គណបក្ស​ខ្មែរ​សាធារណរដ្ឋ របស់​កូនប្រុស​លោក​សេនាប្រមុខ លន់ នល់ គឺ លោក លន់ រិទ្ធិ វិញ បាន​ដាក់​បេក្ខភាព​ឈរ​ឈ្មោះ​ចំនួន​១០​មណ្ឌល។ អគ្គលេខាធិការ​រង​គណ​បក្ស​នេះ គឺ លោក ញ៉ែម អេន ប្រាប់​អាស៊ីសេរី​ថា គិត​ត្រឹម​ថ្ងៃ​ទី​៣ នៃ​យុទ្ធនា​ការឃោសនា​ហែ​បក្ស លោក មិនទាន់​បាន​ដឹង​ថា គណបក្ស​ខ្មែរ​សាធារណរដ្ឋ មាន​គម្រោង​ហែ​បក្ស ឬ អត់​ទេ ដោយ​ចាំ​មើល​ការសម្រេច​របស់ លោក លន់ រិទ្ធិ ជា​ប្រធាន​បក្ស​សិន។ តែ​យ៉ាងណា លោក ញ៉ែម អេន ឲ្យ​ដឹង​ថា ប្រហែលជា​មិន​មាន​ការ​ហែ​បក្ស​ទ្រង់ទ្រាយ​ធំ​សម្រាប់​គណបក្ស​ខ្មែរ​សាធារណរដ្ឋ​ទេ ដោយសារ​ខ្សត់ខ្សោយ​ផ្នែក​ធនធាន ដោយ​លោក​ជ្រើស​យក​ជម្រើស​ឃោសនា​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ផ្ទាល់ខ្លួន​វិញ។ «»

គណបក្ស​មិនសូវ​ល្បីឈ្មោះ​មួយទៀត គឺ​គណបក្ស​ខ្មែរ​ឈប់​ក្រ នៅ​អាណត្តិ​នេះ បាន​ដាក់​បេក្ខភាព​ឈរ​ឈ្មោះ ចំនួន​២៥​មណ្ឌល​នៅ​ទូទាំង​ប្រទេស។ អគ្គលេខាធិការ​គណបក្ស​ខ្មែរ​ឈប់​ក្រ គឺ លោក ស៊ិន វណ្ណារិទ្ធិ បញ្ជាក់​ថា គណបក្ស​នេះ ជ្រើស​យក​វិធី​ចុះ​ចែក​ខិត្តប័ណ្ណ​តាម​រោងចក្រ និង​ផ្សារ ជំនួស​ឲ្យ​ការ​ហែ​បក្ស​ទ្រង់ទ្រាយ​ធំ ព្រោះ​គណបក្ស​ខ្មែរ​ឈប់​ក្រ ខ្វះខាត​ថវិកា​ចំណាយ​លើ​ការ​ហែ​បក្ស ខ្លាច​ស្ទះ​ចរាចរណ៍​ប៉ះពាល់​ដល់​អ្នក​ធ្វើ​ដំណើរ និង​ដើម្បី​កុំ​ឲ្យ​គេ​ចោទ​ថា គណបក្ស​ខ្មែរ​ឈប់​ក្រ​ហែ​ក្បួន​ចង់​បំបាក់​គណបក្ស​ផ្សេងទៀត។ «»

ដំណើរការ​បោះឆ្នោត​ប្រកបដោយ​ភាព​ចម្រូងចម្រាស​នៅ​អាណត្តិ​ទី​៦​នេះ មាន​គណបក្ស​ចំនួន ២០​បាន​ចូលរួម​ប្រកួតប្រជែង ដោយ​អវត្តមាន​គណបក្សប្រឆាំង​ដោយសារ​របប​ក្រុង​ភ្នំពេញ ហាមឃាត់​មិន​អនុញ្ញាត​ឲ្យ​ចូលរួម។ ក្រៅ​ពី​នេះ មាន​គណបក្ស​ចំនួន​៥ បាន​ប្រកាស​ពហិការ​មិន​ចូលរួម​ការ​បោះឆ្នោត។

តាម​គ..ប មាន​គណបក្ស​នយោបាយ​ចំនួន​១១ ក្នុងចំណោម​គណបក្ស​ចំនួន ២០ បាន​ចាប់ផ្ដើម​យុទ្ធនាការ​រក​សំឡេងឆ្នោត​តាំងពី​ថ្ងៃ​ដំបូង​មក។ គណបក្ស​ទាំងនោះ មាន​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ គណបក្ស​យុវជន​កម្ពុជា និង​គណបក្ស​ធម្មាធិបតេយ្យ។ ក្នុង​ចំណោម​គណបក្ស​ទាំង​១១​នោះ គណបក្ស​កាន់អំណាច​បាន​ហែ​ក្បួន​ឃោសនា​ទ្រង់ទ្រាយ​ធំ​ជាងគេ​ទូទាំង​ប្រទេស និង​បាន​ប្រើប្រាស់​ធនធាន​របស់​រដ្ឋ ដូចជា​រថយន្ត​ជាដើម មក​បិទ​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា បម្រើ​ឲ្យ​ការឃោសនាបោះឆ្នោត។ ការឃោសនា​ហែ​បក្ស​ទ្រង់ទ្រាយ​ធំ​របស់​គណបក្ស​កាន់អំណាច​ទៀតសោត ត្រូវ​ពលរដ្ឋ​អ្នកលេង​ហ្វេសប៊ុក​អះអាង​ថា មិន​សូវ​មាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​រស់នៅ ឬ​រកស៊ី នៅ​តាម​ដង​ផ្លូវ​ហែ​ក្បួន​ទេ ខណៈ​អ្នក​ដែល​ចូលរួម​ជាច្រើន ឲ្យ​ដឹង​ថា ពួកគាត់​ត្រូវ​បាន​អាជ្ញាធរ​ប្រធាន​ស្ថាប័នរដ្ឋ បង្ខំ​ឲ្យ​ទៅ​ហែ​បក្ស​កាន់អំណាច ឬ​ស៊ីឈ្នួល​ហែ​បក្ស​ជា​ថ្នូរ​នឹង​ថវិកា ២​ម៉ឺន​រៀល ឬ​៣​ម៉ឺន​រៀល ជាដើម។ «»

ដោយឡែក​សម្រាប់​គណបក្ស​រាជានិយម ដែល​ធ្លាប់​ទទួល​បាន​សំឡេង​គាំទ្រ​ពី​ពលរដ្ឋ ហើយ​ត្រូវ​បាន​បំបែក​ជា​ពីរ​គណបក្ស គឺ​គណបក្ស​ហ៊្វុនស៊ិនប៉ិច របស់​សម្ដេច​ក្រុមព្រះ នរោត្តម រណឬទ្ធិ និង គណបក្ស​ខ្មែរ​រួបរួម​ជាតិ របស់​លោក ញឹក ប៊ុនឆៃ សុទ្ធតែ​បាន​ចេញ​ឃោសនា​ទ្រង់ទ្រាយ​ធំ​ដូចគ្នា នៅ​ភ្នំពេញ កាលពី​ថ្ងៃ​ដំបូង​នៃ​យុទ្ធនា​ការឃោសនា គឺ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដឹកនាំ​ហែ​បក្ស ដោយ​អនុប្រធាន គឺ​លោក យូ ហុកគ្រី។ លោក​អះអាង​ថា មាន​អ្នកចូលរួម​ប្រហែល​២​ពាន់​នាក់ និង គណបក្ស​ខ្មែរ​រូប​រួម​ជាតិ ដឹកនាំ​ការ​ហែ​ក្បួន​ឃោសនា ដោយ​ប្រធាន​បក្ស​ទើប​ចេញ​ពី​ពន្ធនាគារ គឺ លោក ញឹក ប៊ុនឆៃ អះអាង​មាន​អ្នកចូលរួម​ប្រហែល ៦០០​នាក់។

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន របស់​ក្រុម​បណ្ឌិត ជា​អតីត​ប្រធាន​អង្គការ​ក្រៅ​រដ្ឋាភិបាល បាន​សម្រេច​ជ្រើស​យក​ការ​ហែ​បក្ស​ស្វែងរក​សំឡេង​គាំទ្រ​ចេញពី​បណ្ដា​ខេត្ត​វិញ ខុស​ពី​គណបក្ស​នានា។

គណបក្ស​អំណាច​ខ្មែរ ជា​គណបក្ស​មួយ​ក្នុងចំណោម​គណបក្ស​៥ ពហិការ​ការបោះឆ្នោត​ឆ្នាំ​២០១៨​នេះ ដោយសារ​យល់ថា ការបោះឆ្នោត​លើក​នេះ​មិន​ត្រឹមត្រូវ។ លោក​ឲ្យ​ដឹង​ថា គណបក្ស​នេះ នៅតែ​ធ្វើ​សកម្មភាព​ចុះ​ជួប​អ្នកគាំទ្រ​ធម្មតា ក្នុង​រដូវ​ការឃោសនា​ហែ​បក្ស។ អ្នកនាំពាក្យ​គណបក្ស​អំណាច​ខ្មែរ លោក យិន ឈឿន ឲ្យ​ដឹង​ថា ក្នុង​ពេល​ចុះ​ជួប​អ្នកគាំទ្រ នៃ​យុទ្ធនា​ការឃោសនា​ហែ​បក្ស អ្នកគាំទ្រ គណបក្ស​អំណាច​ខ្មែរ នៅតែ​គាំទ្រ​ជំហរ​របស់​បក្ស ដែល​មិន​ចូលរួម​ប្រថាប់ត្រា​ឲ្យ​ការ​បោះឆ្នោត​ក្លែងក្លាយ ដែល​រៀបចំ​ដោយ​របប​ក្រុងភ្នំពេញ។ «»

រីឯ​គណបក្ស​សង្គ្រោះជាតិ ដែល​ត្រូវ​បាន​តុលាការ​របប​ក្រុងភ្នំពេញ​រំលាយ​ចោល​វិញ សមាជិក និង​អ្នកគាំទ្រ​ខ្លះ បាន​នាំ​គ្នា​ធ្វើ​យុទ្ធនាការ​ម្រាមដៃ​ស្អាត តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ខណៈ​ស្ថាបនិក​បក្ស​ប្រឆាំង លោក សម រង្ស៊ី ប្រកាស​ឲ្យ​ចែកចាយ​ខិត្តប័ណ្ណ​កុំ​ទៅ​បោះឆ្នោត តាម​ហ្វេសប៊ុក។ ចំណែក​ឯ លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដាំ​ពី​ពន្ធនាគារ​ត្រពាំង​ផ្លុង ឲ្យ​សមាជិក​បក្ស អ្នក​គាំទ្រ​អត់ធ្មត់ ទុក​លទ្ធភាព​ឲ្យ​សហគមន៍​អន្តរជាតិ ធ្វើការ​លើ​ទង្វើ​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​របស់​របប​ក្រុងភ្នំពេញ។

អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ​ម្នាក់ លោក គង់ ម៉ាស់ សរសេរ​នៅ​លើ​ហ្វេសប៊ុកថា មិន​ចាំបាច់​ចំណាយ​លុយ ចំណាយ​សាំង ចំណាយ​កម្លាំង មិន​ហុយ​ដី មិន​ត្រូវ​កម្តៅ​ថ្ងៃ ក្នុង​ការ​ឃោសនា​អី​ទេ ដេក​ផ្ទះ​ក៏​ឈ្នះ​ដែរ។

ឯ​ពលរដ្ឋ​ខ្មែរ​រស់នៅ​ក្រៅ​ប្រទេស និង​ពលករ​ធ្វើការ​ក្រៅ​ប្រទេស​មួយ​ចំនួន ក៏បាន​ចូលរួម​អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​ទៅ​ចូលរួម​ការបោះឆ្នោត​ដែរ ខណៈ​មន្ត្រី​ទូត នៃ​របប​លោក ហ៊ុន សែន ដូចជា ឯកអគ្គរាជទូត​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង លោក ឡុង ឌីម៉ង់ អះអាង​ថា នឹង​ជិះ​យន្តហោះ មក​ស្រុក​ខ្មែរ​ដើម្បី​ចូលរួម​ការបោះឆ្នោត។

អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក ហង្ស ពុទ្ធា ថា រយៈពេល​៣​ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត គ..ប មិន​ទាន់​ទទួល​បាន​ដំណឹង​ពី​ភាព​មិន​ប្រក្រតី​ណាមួយ ពី​ការ​ហែ​ក្បួន​ឃោសនា​ទេ។ អ្នកនាំពាក្យ​គ..ប​រូប​នេះ វាយ​តម្លៃ​ថា ការឃោសនាបោះឆ្នោត​លើក​នេះ ជា​ការ​ឃោសនា​មាន​សណ្ដាប់ធ្នាប់​ល្អ។ ជុំវិញ​ភាព​ខ្វះខាត​ថវិកា ក្នុង​ការ​ឃោសនា​ហែ​ក្បួន​របស់​គណបក្ស​នយោបាយ​មួយ​ចំនួន គ..ប ថា នឹង​មិន​មានលទ្ធភាព​បន្ថែម​ណាមួយ​សម្រាប់​ជួយ​ជំរុញ​ទេ ដោយសារ​ច្បាប់​តម្រូវ​ឲ្យ​គ..ប អនុញ្ញាត​ឲ្យ​ធ្វើ​យុទ្ធនាការ​ឃោសនា ២១​ថ្ងៃ ប៉ុណ្ណោះ។ «»

បើ​ទោះ​ជា​គណបក្ស​នយោបាយ​ខ្លះ អះអាង​ថា គ្មាន​ថវិកា​ហែ​ក្បួន​ទ្រង់ទ្រាយ​ធំ​ឃោសនា​ពី​គោល​នយោបាយ ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ក្ដី តំណាង​គណបក្ស​ទាំងនោះ សុទ្ធតែ​សង្ឃឹមថា ពួកគេ អាច​នឹង​ឈ្នះ​បាន​អាសនៈ​ក្នុង​រដ្ឋសភា និង​អាច​ឈ្នះ​តំណែង​នាយករដ្ឋមន្ត្រី របស់​លោក ហ៊ុន សែន ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

Join CNRP is the best weapon technology

Am so sorry to heard that words...and so pity to all those small political parties who just created in a few months,but like what i said for along-long time ago.Before u guy become a politician,u have to know what's a politic means?u have to need more good human resources inside and outside,enough fund raising support or financial support how last longer u can running?not death on the 1st round something like that and how u can lead this pple and country if u are so failure?,and before u want to run as a pm...u have to create your political party for years first from the bottom down to the rooftop to represent your pple and party with be stronger and be smart political strategies to attract more pple and supporters.Here's showed of your weakness and failure and how can u become a pm?,this season election is only for pm is not funny for u who just run for local election...it's ridiculous bro...u have to know and make a balancing between good and bad...weak and strong...or u can join with other party that u trust can defeat the dictatorship regime.

Jul 10, 2018 01:45 PM

គេហទំព័រ​ទាំងមូល