សកម្មជន​បក្ស​ប្រឆាំង​នៅ​តំបន់​ខ្មែរ​ក្រហម​ផ្ដាច់​ខ្លួន​ខេត្ត​ប៉ៃលិន​ត្រៀម​ទៅ​ទទួល​លោក​លោក​ សម រង្ស៊ី វិល​ចូល​ស្រុក​ដោយ​មិន​ខ្លាច​អាជ្ញាធរ​គំរាម​ចាប់​ខ្លួន

ដោយ សេក បណ្ឌិត
2019.01.29
2 អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្រមូល​ផ្ដុំ​គ្នា​នៅ​វត្ត​ចាស់ ក្នុង​សង្កាត់​ជ្រោយចង្វារ។
Photo: RFA

សកម្មជន​គណបក្ស​ប្រឆាំង​នៅ​តំបន់​អតីត​ខ្មែរ​ក្រហម​ផ្ដាច់​ខ្លួន​ ក្នុង​ខេត្ត​ប៉ៃលិន​​ បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ ដើម្បី​ទៅ​អម​ដំណើរ​​ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​ក្នុង​ពេល​ឆាប់ៗ​ នេះ។ សកម្មជន​អះអាង​ថា​ បើ​ទោះ​បី​ជា​ថ្មី​ៗ​ក្រសួង​ការពារ​ជាតិ​របប​លោក​ ហ៊ុន សែន​បាន​ចេញ​សេចក្ដី​ប្រកាស​គំរាម​បង្ក្រាប​ពលរដ្ឋ​ដែល​គាំ​មេ​បក្ស​ប្រឆាំង​វិល​ចូល​ស្រុក​វិញ​ក៏​ដោយ​​​ ក៏​ពួកគាត់​មិន​ខ្លាច​ដែរ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ តំបន់​ខ្មែរ​ក្រហម​ផ្ដាច់​ខ្លួន​​នៅ​ខេត្ត​ប៉ៃលិន​ អ្នក​ស្រី វ៉ែន តារា ថ្លែង​ប្រាប់​អាស៊ី​សេរី​នៅ​ព្រឹក​ថ្ងៃ​ទី​២៨​ មករា​ថា​ អ្នក​ស្រី​និង​សកម្មជន​គណបក្ស​ជា​ច្រើន​នាក់​ផ្សេង​ទៀត​ បាន​​​ត្រៀម​បង្វេច​ខោអាវ​រួច​ជា​ស្រេច​ហើយ​ ដើម្បី​ទៅ​ទទួល​លោក​ សម រង្ស៊ី វិល​ចូល​ស្រុក​វិញ។ អ្នក​ស្រី​អះអាង​ទៀត​ថា ពួកគាត់​រង់ចាំ​​តែ​សញ្ញា​ពី​ខាង​ក្រៅ​ប្រទេស​ប្រាប់​ទីតាំង​ច្បាស់​លាស់ ដែល​ប្រធាន​ស្ដី​ទី​គណបក្ស​ចូល​មក​កម្ពុជា ទោះ​បី​ចូល​តាម​ច្រក​ណា​ក៏​ពួកគាត់​ទៅ​ទទួល​ឲ្យ​ដល់​គោល​ដៅ​ដែរ ហើយ​មិន​ខ្លាច​ការ​គំរាមកំហែង​របស់​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​នោះ​ទេ ព្រោះ​ពួកគាត់​យល់​ថា មាន​តែ​លោក សម រង្ស៊ី ទេ ដែល​អាច​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឲ្យ​រស់​ឡើង​វិញ​បាន៖ «ខ្ញុំ​កាត់​ចិត្ត​ថា ជីវិត​មួយ​ដូច​តែ​គ្នា​មិន​ដែល​ពី​ណា​អាយុ ៨០​ពីរ​ដង​ទេ កាល​មុន​តស៊ូ​គេ​ឲ្យ​ទៅ​វ៉ៃ​គ្នា​ផង ហើយ​នាំ​គ្នា​ទៅ​អត់​មាន​ប្រាក់​ខែ​ផង​សម័យ​ខ្មែរ​ក្រហម​ នៅ​តែ​ទៅ។ មក​ដល់​សម័យ​នេះ​យើង​តស៊ូ​ពាក្យ​សំដី ដើម្បី​ទាមទារ យើង​មិន​បាន​ទៅ​បាញ់​គ្នា​ឯណា ហើយ​ប្រទេស​ជិត​ខាង​គេ​នៅ​ទទួល​ស្គាល់​យើង ពេល​យើង​នៅ​មាន​ដី​បន្តិច​បន្តួច​ទេ តែ​ដី​យើង​គេ​យក​អស់​ហើយ គឺ​គេ​ធ្វើ​បាប​យើង​ហើយ។ ដូច្នេះ​សុំ​ឲ្យ​ជន​រួម​ជាតិ​យើង​ទាំង​អស់​ក្រោក​សង្គ្រោះ​ជាតិ​ឲ្យ​ទាន់​ពេល»

ចំណែក​អនុប្រធាន​គណបក្ស សង្គ្រោះ​ជាតិ ខេត្ត​ប៉ៃលិន លោក ឃឹម ប៉ុន អះអាង​ថា លោក​ក៏​ត្រៀម​ទៅ​ទទួល​ប្រធាន​ស្ដីទី​គណបក្ស សង្គ្រោះ​ជាតិ ដែរ ព្រោះ​ចង់​ចូល​រួម​ស្ដារ​កេរ្តិ៍ឈ្មោះ​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​ឲ្យ​បាន​ប្រសើរ​ឡើង​វិញ៖ «ខ្ញុំ​មិន​ខ្លាច​ទេ​ខ្ញុំ​គិត​ថា ប្រជាធិបតេយ្យ​នៅ​កម្ពុជា គឺ​ស្មើ​នឹង​ជីវិត​របស់​ពលរដ្ឋ​ខ្មែរ ហើយ​ស្មើនឹង​អនាគត​​របស់​កម្ពុជា​ដែរ។ បើ​សិន​ជា​ប្រទេស​មិន​មាន​ប្រជាធិបតេយ្យ​ ខ្ញុំ​គិត​ថា​ ប្រទេស​ខ្មែរ​វា​អាច​ប្រឈម​នឹង​រលាយ​បាត់​ទឹក​ដី។ ដូច្នេះ​ហើយ​បាន​ចាំ​បាច់​ត្រូវ​រួបរួម​ជា​មួយ​អ្នក​ប្រជាធិបតេយ្យ​ដោយ​អហិង្សា»

កាល​ថ្ងៃ​ទី​២៦ មករា ក្រសួងការពារជាតិ​បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ប្រឆាំង​ការ​អំពាវនាវ​របស់ លោក សម រង្ស៊ី និង​ព្រមាន​បង្ក្រាប​ពលរដ្ឋ​ណា ដែល​គាំទ្រ​ការ​អំពាវនាវ​របស់ លោក សម រង្ស៊ី ដោយ​យក​លេស​ថា ដើម្បី​ថែរក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម និង​សន្តិភាព​ជូន​កម្ពុជា។ រីឯ​មេ​ដឹក​នាំ​របប​ឯក​បក្ស​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២៤ មករា ក៏​បាន​ប្រកាស​ថា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ទទួល​ដីកា​ពី​តុលាការ​កំពូល​ឱ្យ​ចាប់ខ្លួន​ប្រធាន​ស្ដីទី​បក្ស​ប្រឆាំង​រួច​ហើយ និង​ដាក់​បញ្ជា​បន្ថែម​ឲ្យ​កងទ័ព​វាយ​កម្ទេច​ជន​ក្បត់​ជាតិ ប៉ុនប៉ង​បង្កើត​បដិវត្តន៍​ពណ៌ ដែល​មេ​ដឹក​នាំ​របប​ឯក​បក្ស​រូប​នេះ សំដៅ​ដល់​លោក សម រង្ស៊ី។

ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី បាន​ប្រកាស​​ជា​ថ្មី ក្នុង​ហ្វេសប៊ុក​របស់​លោក កាល​ពី​យប់​ថ្ងៃ​ទី​២៧​ មករា​ថា​ លោក​នឹង​វិល​ទៅ​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឲ្យ​ទាល់​តែ​បាន​នៅ​ក្នុង​ឆ្នាំ​២០១៩​ នេះ ព្រោះ​​នេះ​ជា​ឱកាស​ចុង​ក្រោយ​របស់​លោក។ ដូច្នេះ លោក​មិន​បណ្ដោយ​ឲ្យ​ឱកាស​ដ៏​ល្អ​នេះ​កន្លង​ផុត​ដោយ​គ្មាន​ប្រយោជន៍​នោះ​ទេ៖ «មិន​មែន​ពាក់កណ្ដាល​នគរ​ទេ​បងប្អូន​ គឺ​ជាង​ពាក់​កណ្ដាល​នគរ​ឆ្ងាយ​ណាស់​រង​ចាំ​យ៉ាង​អន្ទះសា​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ជា​វិជ្ជមាន​ ដោយសន្តិវិធី​តាម​បែប​បទ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ហើយ​ការ​ផ្លាស់​ប្ដូរ​នឹង​មក​ដល់​ក្នុង​ឆ្នាំ​២០១៩​នេះ​។ខ្ញុំ​មាន​ការ​ប្ដេជ្ញា​ចិត្ត​គឺ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ឲ្យ​ទាល់​តែ​បាន​ក្នុង​ឆ្នាំ​នេះ»

ប៉ុន្តែ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​របប​ក្រុង​ភ្នំពេញ​ លោក ស ខេង នៅ​តែ​យល់​ថា ការ​ប្រកាស​នេះ ជា​ល្បិចកល​នយោបាយ​របស់​លោក សម រង្ស៊ី ដែល​ធ្លាប់​ធ្វើ​កាល​ពី​ពេល​កន្លងទៅ ដើម្បី​កុំ​ឲ្យ​អ្នក​គាំទ្រ​អស់​សង្ឃឹម។

ចំណែក​អ្នក​វិភាគ​បញ្ហា​សង្គម និង​នយោបាយ លោក គឹម សុខ យល់​ថា ទោះ​បី​ជា​លោក សម រង្ស៊ី ប្រកាស​ហើយ បែរ​ជា​មិន​វិល​ចូល​កម្ពុជា​វិញ​ក្ដី ក៏​នយោបាយ​របស់​លោក សម រង្ស៊ី មិន​អស់​ផ្លូវ​ដើរ ដូច​ការ​លើកឡើង​របស់​លោក ស ខេង នោះ​ទេ ពីព្រោះ​កម្លាំង​នយោបាយ​របស់​បក្ស​ប្រឆាំង​បច្ចុប្បន្ន គឺ​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ លោក សម រង្ស៊ី និង​លោក កឹម សុខា។ លោក គឹម សុខ បន្ថែម​ទៀត​ថា លោក ស ខេង ហាក់​ទទួលស្គាល់​ឥទ្ធិពល​របស់​លោក សម រង្ស៊ី វិល​ចូល​ប្រទេស​វិញ ដែល​អាច​ជា​ចរន្ត​មួយ បង្ក​ឱ្យ​ការ​រង្គោះរង្គើ​ការ​កាន់​អំណាច​របស់​លោក ហ៊ុន សែន៖ «បើ​សិន​ជា​គាត់​មិន​ចូល វា​អាច​ធ្វើ​ឱ្យ​ស្ថានការណ៍​នយោបាយ ស្ថិត​នៅ​ក្នុង​ស្ថានភាព​ស្ងប់ស្ងាត់ ការ​ដែល​លោក ហ៊ុន សែន មាន​ប្រៀប​គ្រប់គ្រង​ប្រទេស​កម្ពុជា។ ក៏​ប៉ុន្តែ​បើ​គាត់​ចូល​នោះ ស្ថានការណ៍​វា​នឹង​ប្រែប្រួល។ បើ​គាត់​ចូល ប្រជារាស្ត្រ​ជា​ម្ចាស់​អំណាច​នឹង​ចូលរួម​ជា​មួយ​គាត់ ក្នុង​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ខុសច្បាប់​របស់​លោក ហ៊ុន សែន នោះ​ធ្វើ​ឱ្យ​មាន​ការ​ប្រែប្រួល​ដំណើរ​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​អាច​ផ្លាស់​ប្ដូរ​លឿន ឬ​ក៏​ឆាប់​ជាង​ការ​រំពឹង​ទុក ក្នុង​ករណី​ដែល​លោក សម រង្ស៊ី មិន​ចូល»

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ប៉ៃលិន​ អ្នក​ស្រី វ៉ែន តារា​ អះអាង​ថា ពួកគាត់​នៅ​តំបន់​ខ្មែរ​ក្រហម​ផ្ដាច់​ខ្លួន​ជំរុញ​ឲ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​ឲ្យ​បាន​ឆាប់​កាន់​តែ​ល្អ ព្រោះ​របប​ដឹក​នាំ​បច្ចុប្បន្ន​ ធ្វើ​ទុក្ខ​បុក​ម្នេញ​មក​លើ​ពលរដ្ឋ​ ជា​ពិសេស​កសិករ​ក្រីក្រ​លំបាក​វេទនា ដោយ​ជំពាក់​​ប្រាក់​ធនាគារ​គ្រប់​ទីកន្លែង ព្រោះ​គ្មាន​ទីផ្សារ​លក់​កសិករ​ រីឯ​អាជ្ញាធរ​វិញ​ធ្វើ​មិន​ដឹង​មិន​ឮ ដោយ​​បាន​ឃុបឃិត​ជា​មួយ​ក្រុម​មហាសេដ្ឋី​គំរាមកំហែង​មក​លើ​ពលរដ្ឋ​ខ្លួនឯង​ ដូច​ជា​ករណី​ការ​បាញ់​បង្ក្រាប​មក​លើ​ពលរដ្ឋ​រង​គ្រោះ​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ បណ្ដាល​ឲ្យ​ពលរដ្ឋ​រង​របួស​ចំនួន ២នាក់ និង​ចាប់ខ្លួន​​មនុស្ស​ជា​ច្រើន​នាក់​ផ្សេង​ទៀត។ អ្នក​ស្រី​បន្ត​ថា បញ្ហា​ទាំង​នេះ​ហើយ ដែល​ជំរុញ​ទឹក​ចិត្ត​អ្នក​ស្រី​ និង​គាំទ្រ​គណបក្ស​ប្រឆាំង​ក្នុង​ខេត្ត​នេះ​ឲ្យ​ចូល​រួម​ស្ដារ​ប្រជាធិបតេយ្យ​ជា​មួយ​លោក សម រង្ស៊ី ដោយ​មិន​ខ្លាច​ស្លាប់​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។