ពលរដ្ឋ​រស់​នៅ​អគារ​ប៊ូឌីង​ចាប់​ផ្ដើម​រើ​អីវ៉ាន់​ចេញ​ពី​អគារ

ដោយ ប្រាជ្ញ ចេវ
2017.06.06
​អគារ​ប៊ូឌីង រើ​អីវ៉ាន់ ២០១៧ ៨៥៥ ពលរដ្ឋ​រស់​នៅ​អគារ​ប៊ូឌីង រើ​អីវ៉ាន់​ចេញ​ពី​អគារ​នៅ​ថ្ងៃទី០៦ ខែ​មិថុនា ឆ្នាំ​២០១៧។ RFA/Brach Chev
RFA/Brach Chev
1

សកម្មភាព​ពលរដ្ឋ​រស់​នៅ​អគារ​ប៊ូឌីង រុះរើ​អីវ៉ាន់​ចេញ​ពី​លំនៅ។

2

សកម្មភាព​ពលរដ្ឋ​រស់​នៅ​អគារ​ប៊ូឌីង រុះរើ​អីវ៉ាន់​ចេញ​ពី​លំនៅ។

3

សកម្មភាព​ពលរដ្ឋ​រស់​នៅ​អគារ​ប៊ូឌីង រុះរើ​អីវ៉ាន់​ចេញ​ពី​លំនៅ។

4

សកម្មភាព​ពលរដ្ឋ​រស់​នៅ​អគារ​ប៊ូឌីង រុះរើ​អីវ៉ាន់​ចេញ​ពី​លំនៅ។

5

សកម្មភាព​ពលរដ្ឋ​រស់​នៅ​អគារ​ប៊ូឌីង រុះរើ​អីវ៉ាន់​ចេញ​ពី​លំនៅ។

6

សកម្មភាព​ពលរដ្ឋ​រស់​នៅ​អគារ​ប៊ូឌីង រុះរើ​អីវ៉ាន់​ចេញ​ពី​លំនៅ។

7

សកម្មភាព​ពលរដ្ឋ​រស់​នៅ​អគារ​ប៊ូឌីង រុះរើ​អីវ៉ាន់​ចេញ​ពី​លំនៅ។

ពលរដ្ឋ​រស់​នៅ​អគារ​ប៊ូឌីង​ដែល​យល់ព្រម​លក់​បន្ទប់​របស់​ខ្លួន ចាប់​ផ្ដើម​រើ​អីវ៉ាន់​របស់​ខ្លួន​ចេញ​ពី​អគារ​ជា​បណ្ដើរៗ​ហើយ។ ថ្ងៃ​ទី​៦ ខែ​មិថុនា នេះ​ជា​ថ្ងៃ​ដំបូង​នៃ​ការ​ចាប់​ផ្ដើម​ចាកចេញ​ពី​អគារ​វ័យ​ចំណាស់​មួយ​នេះ ចំពោះ​អ្នក​យល់​ព្រម​លក់​បន្ទប់​របស់​ខ្លួន​ក្នុង​តម្លៃ ១.៤០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។ ដោយ​ឡែក​ក៏​នៅ​តែ​មាន​ពលរដ្ឋ​មួយ​ចំនួន​ទៀត​ដែល​មាន​ផ្ទៃក្រឡា​បន្ទប់​តូច និង​អ្នក​រស់​នៅ​ជាន់​ផ្ទាល់​ដី​មិន​ទាន់​យល់ព្រម​ចាកចេញ​នៅ​ឡើយ ព្រោះ​ពួកគេ​ទាមទារ​តម្លៃ​ខ្ពស់​ជាង​តម្លៃ​ដែល​រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ កំណត់​ជូន។

​ដូច​ការ​ព្រមព្រៀង​គ្នា​រវាង​ពលរដ្ឋ​រស់​នៅ​អគារ​ប៊ូឌីង ដែល​យល់​ព្រម​លក់​បន្ទប់ និង​រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​កំណត់​យក​ថ្ងៃ​ទី​៦ ខែ​មិថុនា ជា​ថ្ងៃ​រើ​អីវ៉ាន់​ចេញ​ពី​អគារ។ ក្រុម​ពលរដ្ឋ​ភាគ​ច្រើន​ជា​អ្នក​រស់​នៅ​ជាន់​លើ​នាំ​គ្នា​ដឹក​សម្ភារៈ និង​កន្ទេល​ខ្នើយ​មុង​ចេញ​ពី​អគារ​ប៊ូឌីង​ទៅ​ទីកន្លែង​ថ្មី​របស់​ពួកគេ។

ពលរដ្ឋ​រស់​នៅ​អគារ​ប៊ូឌីង​តាំង​អំឡុង​ឆ្នាំ​១៩៨៩ លោកស្រី ផន ស៊ីវិន ដែល​កំពុង​រើ​អីវ៉ាន់​ដើម្បី​ចាកចេញ​ឲ្យ​ដឹង​ថា លុយ​ដែល​បាន​ពី​ការ​លក់​បន្ទប់​លោកស្រី​អាច​ទៅ​ទិញ​ផ្ទះ​មួយ​កន្លែង​ក្នុង​ក្រុង​ភ្នំពេញ ដែល​ឆ្ងាយ​ពី​ទីប្រជុំជន​បន្តិច។ ស្ត្រី​រូប​នេះ​យល់​ថា ទោះ​ជម្រក​ចាស់​នេះ​មាន​អនុស្សាវរីយ៍​យ៉ាង​ណា​ក្ដី ក៏​លោកស្រី​ត្រូវ​សម្រេច​ចាកចេញ​ដែរ ដើម្បី​តម្រូវការ​នៃ​ការ​អភិវឌ្ឍ៖ «តាម​ចិត្ត​អ៊ំ ការ​ចាប់​យក​ជម្រក​ថ្មី​មិន​ដូច​ជម្រក​ចាស់​ទេ ប៉ុន្តែ​រដ្ឋាភិបាល​គេ​សុំ​ទិញ​អគារ​នេះ ​យើង​ត្រូវ​ចេញ ព្រោះ​ទិញ​នេះ​ក៏​មិន​បង្ខិតបង្ខំ​យើង​ដែរ»

​ក្រោយ​ពី​មាន​ការ​ជួប​ប្រជុំ​គ្នា​ជា​ញឹកញាប់​រវាង​ភាគី​ពលរដ្ឋ​រស់​នៅ​អគារ​ជិត ៥០០​គ្រួសារ និង​រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា ពលរដ្ឋ​ជាង ៩៤​ភាគរយ នៃ​ពលរដ្ឋ​ទាំង​អស់ យល់ព្រម​លក់​បន្ទប់​របស់​ខ្លួន ក្នុង​តម្លៃ ១.៤០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ឲ្យ​ទៅ​ក្រុម​របស់​ជប៉ុន ក្រោម​ការ​សម្របសម្រួល​របស់​លោក។  ប៉ុន្តែ​ក៏​មាន​ពលរដ្ឋ​ជាង ២០​គ្រួសារ​ទៀត មិន​ទាន់​សម្រេចចិត្ត​លក់​បន្ទប់​របស់​ខ្លួន​នៅ​ឡើយ​ទេ។

ពលរដ្ឋ​រស់​នៅ​អគារ​ប៊ូឌីង​ម្នាក់ ដែល​មិន​ទាន់​យល់ព្រម​លក់​បន្ទប់ លោកស្រី ហេង ភារុណ ដែល​មិន​ទាន់​យល់​ព្រម​លក់​បន្ទប់ ប្រាប់​អាស៊ីសេរី​ថា លោកស្រី​ចង់​បាន​ដី​មួយ​កន្លែង​ក្នុង​ក្រុង​ភ្នំពេញ ដែល​មាន​ទំហំ​ប្រហាក់ប្រហែល​ផ្ទៃក្រឡា​បន្ទប់​របស់​លោកស្រី ទើប​លោកស្រី​យល់ព្រម​ចាកចេញ។

លោកស្រី​នៅ​តែ​ស្នើ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ដែនដី និង​ក្រុមហ៊ុន​ជប៉ុន យោគយល់​ដល់​លោកស្រី​ដែល​ជា​ម្ចាស់​បន្ទប់​ផ្ទាល់​ដី និង​ផ្ទៃក្រឡា​បន្ទប់​តូច ដូច្នេះ​បើ​លក់​ក្នុង​តម្លៃ​ក្រសួង​ផ្ដល់​ឲ្យ​លោកស្រី​មិន​អាច​ទិញ​ផ្ទះ​រស់នៅ​បាន​ទេ៖ «ឥឡូវ​សុំ​ឲ្យ​រាជរដ្ឋាភិបាល និង​លោក ជា សុផារ៉ា លោក​ជួយ​មក ខ្ញុំ​អត់​ចង់​បាន​អី​ទេ ចង់​បាន​តែ​ដី​មួយ​កន្លែង​ទេ»

អគារ​ប៊ូឌីង ត្រូវ​បាន​សាងសង់​ឡើង​តាំង​ពី​ទសវត្សរ៍​ទី​៦០ ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម។  បច្ចុប្បន្ន​អគារ​នេះ​មាន​ពលរដ្ឋ​ជិត ៥០០​គ្រួសារ​រស់​នៅ ក្នុង​នោះ​មាន​ទាំង​ក្រុម​គ្រួសារ​អ្នក​សិល្បៈ មន្ត្រី​រាជការ គ្រូបង្រៀន​មួយ​ចំនួន​ផង។ ក្រុមហ៊ុន​ជប៉ុន ឈ្មោះ អារ៉ាកាវ៉ា (Arakawa) មាន​បំណង​អភិវឌ្ឍ​អគារ​នេះ​ដោយ​សាងសង់​អគារ​ថ្មី​កម្ពស់ ២១​ជាន់​នៅ​លើ​ទីតាំង​ដដែល​ក្នុង​រយៈពេល ៤​ឆ្នាំ ក្នុង​ទំហំ​ទឹកប្រាក់ ៨០​លាន​ដុល្លារ​សហរដ្ឋអាមេរិក។

​អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​អ្នក​នាំពាក្យ ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក សេង ឡូត ដែល​កាន់​សំណុំ​រឿង​នេះ និង​តំណាង​ក្រុមហ៊ុន​អារ៉ាកាវ៉ា បាន​ទេ នៅ​ថ្ងៃ​ទី​៦ ខែ​មិថុនា ឆ្នាំ​២០១៧។

​រី​ឯ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា បាន​បង្ហោះ​សំណើ​របស់​ខ្លួន​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម លោក ចម ប្រសិទ្ធ តាម​ហេ្វសប៊ុក (Facebook) ដោយ​ស្នើ​សុំ​ឲ្យ​លោក សម ប្រសិទ្ធ ជួយ​សម្រួល​ដក​ប្រាក់​ធានា​ក្នុង​ការ​ត​ភ្ជាប់​បណ្ដាញ​ទឹក​ស្អាត​លើក​ដំបូង ជូន​ពលរដ្ឋ​រស់​នៅ​អគារ​ប៊ូឌីង ដែល​យល់ព្រម​លក់​បន្ទប់​របស់​ខ្លួន។

រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ទុក​រយៈពេល​មួយ​ខែ​ឲ្យ​ពលរដ្ឋ​ដែល​យល់ព្រម​លក់​បន្ទប់​ដើម្បី​រើ​អីវ៉ាន់​ចេញ​ពី​អគារ​ចាប់​ពី​ថ្ងៃ​ទី​៦ ខែ​មិថុនា ត​ទៅ។ លោក​ក៏​ត្រៀម​នំ​បញ្ចុក​ជាង​ពីរ​តោន​ជប់​លៀង​ជូន​ពលរដ្ឋ​នៅ​ប៊ូឌីង ក្នុង​អំឡុង​ពេល​រើ​អីវ៉ាន់​ចេញ។ របៀប​ផ្ដល់​ថវិកា​ជួន​ពលរដ្ឋ នឹង​ធ្វើ​ឡើង​តាម​រយៈ​ធនាគារ​នៅ​ពេល​ពលរដ្ឋ​ចាកចេញ​មិន​មែន​ជា​ការ​ប្រគល់​សាច់ប្រាក់​សុទ្ធ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។