សកម្មជន​បក្ស​ប្រឆាំង​នៅ​​ស្វាយរៀង​ត្អូញត្អែរ​ថា មាន​ការ​រឹតត្បិត​សេរីភាព​ពួកគាត់​កាន់តែ​ខ្លាំង

ដោយ សេក បណ្ឌិត
2019.04.29
មេឃុំ សង្គ្រោះជាតិ ស្វាយរៀង ២០១៧ ៦២២ មេឃុំ​មក​ពី​គណបក្ស​សង្គ្រោះជាតិ ខែត្រ​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០១៧។
Photo provided

សកម្មជន​គណបក្សប្រឆាំង​នៅ​ខេត្ត​ស្វាយរៀង​ត្អូញត្អែរ​ថា អាជ្ញាធរ​មូលដ្ឋាន​គណបក្ស​កាន់អំណាច​ក្នុង​ខេត្ត​នេះ កំពុង​តាមដាន​រឹតត្បិត​សិទ្ធិ សេរីភាព​ការ​ជួប​គ្នា​របស់​ពួកគាត់​កាន់តែ​ខ្លាំង និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ប្រស្រ័យ​ទាក់ទង​គ្នា​នៅ​ក្នុង​សង្គម។ ការរិះគន់​នេះ បន្ទាប់ពី​សមត្ថកិច្ច​នៅ​ស្រុក​រមាសហែក ហាមឃាត់​ពួកគាត់​ដែល​មាន​គ្នា​៤​នាក់ មិន​ឱ្យ​ចែក​លិខិត​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ការ​កូន​កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ មេសា។

ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ខេត្ត​ស្វាយរៀង លោក ញាណ ប៊ុនធឿន ប្រាប់​អាស៊ីសេរី​នៅ​រសៀល​ថ្ងៃទី​២៨ មេសា​ថា សិទ្ធិ​សេរីភាព​របស់​ពួកគាត់​កាន់តែ​រួញ​តូច ព្រោះ​គ្រាន់តែ​លោក​ដើរ​ចែក​សំបុត្រ​អញ្ជើញ​ការ​កូន​ក៏​សមត្ថកិច្ច​ហាមឃាត់​ដែរ។

លោក​បន្ត​ថា កាលពី​ព្រឹក​ថ្ងៃ​ទី២៨ មេសា លោក​បាន​ដើរ​ចែក​សំបុត្រ​ការ​កូន​នៅផ្ទះ​សកម្មជន​គណបក្ស​ប្រឆាំង ៤​នាក់ នៅ​ឃុំ​កំពង់ត្រាច ស្រុក​រមាសហែក ក្រោយមក​ស្រាប់តែ​ប៉ូលិស​២​នាក់​និង​មេភូមិ​ប្រម៉ាត់៥ បាន​ទៅ​ហាមឃាត់​ម្ចាស់ផ្ទះ​ដែល​លោក​ទៅ​ចែក​សំបុត្រ​ឱ្យ​នោះ មិន​ឱ្យ​ជួបជុំ​ពួកគាត់​ឡើយ៖ «ប្រហែល​គេ​សំគាល់​មក​លើ​ខ្ញុំ ព្រោះ​ខ្ញុំ​ជា​សមាជិក​គណៈកម្មការ​ប្រតិបត្តិ​ខេត្ត​មួយ​រូប​ដែរ ហើយ​ពេល​ខ្ញុំ​ចុះទៅ​អញ្ជើញ​ភ្ញៀវ ហើយ​គេ​សង្ស័យ​ថា​ខ្ញុំ​ចុះទៅ​ជួប​ជាមួយ​សមាជិក​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​គេ​មិន​ចង់​ឱ្យ​ជួបជុំគ្នា ព្រោះ​ជា​មុខសញ្ញា​ដែល​គេ​កំពុង​តាមដាន។ ខ្ញុំ​ដូចជា​ហួសហេតុ​ពេក​ប្រជាពលរដ្ឋ​ធម្មតា​សោះ ដោយ​គ្រាន់តែ​ជួបជុំគ្នា​ទៅ​អញ្ជើញ​ការ​កូន​សោះ​មាន​តាមដាន​ឃ្លាំមើល​ដែរ»

ឆ្លើយតប​នឹង​បញ្ហា​នេះ​មេភូមិ​ប្រម៉ាត់​៥ លោក ម៉ី សាន មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី​ថា មូលហេតុ​ដែល​ទៅ​ហាម​ដោយសារ​ព្រួយបារម្ភ​ខ្លាច​ពួកគេ​ប្រមូល​គ្នា​ធ្វើបាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​លោក ហ៊ុន សែន ព្រោះ​អ្នក​ដែល​ជួបជុំគ្នា​នោះ​ជា​មន្ត្រី​បក្ស​ប្រឆាំង ហើយ​មាន​គ្នា​ជាច្រើន​នាក់៖ «គាត់​មិន​ធ្វើ​អី​ទេ​ដោយសារ​គាត់​ផ្ដុំ​គ្នា​ច្រើន តែ​គាត់​មិន​មាន​ខុស​អី​ទេ គ្រាន់តែ​ថា​ថ្នាក់លើ​គេ​បញ្ជា​មក រួមមាន​ពី​ខាង​ឃុំ ប៉ូលិស​និង​ពី​ខាង​ស្រុក ហើយ​ខ្ញុំ​គ្រាន់តែ​ប្រាប់​គាត់​ថា​កុំ​ឱ្យ​នៅ​ផ្ដុំ​គ្នា»

មេដឹកនាំ​របប​ក្រុងភ្នំពេញ​លោក ហ៊ុន សែន ប្រកាស​កាល​ពី​ដើម​ឆ្នាំ​២០១៩ ថា របប​លោក​នឹង​បន្ត​តាម​កម្ទេច​គណបក្សប្រឆាំង​ដោយ​មិន​ទុក​ឱ្យ​មានជីវិត​ទេ ប្រសិនបើ​អន្តរជាតិ​ដាក់​គំនាប​សេដ្ឋកិច្ច​លើ​កម្ពុជា​នោះ។

ប្រធាន​គ្រប់គ្រង​ការិយាល័យ​អង្កេត​របស់​អង្គការ​លីកាដូ​(Licadho) លោក អំ សំអាត ចាត់​ទុក​បញ្ហា​នេះ​ថា ជា​ការ​គំរាមកំហែង​បំភិតបំភ័យ​និង​បិទ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ដែល​មាន​និន្នាការ​គាំទ្រ​គណបក្ស​ប្រឆាំង​ដោយ​ខុសច្បាប់ ដែល​ផ្ទុយ​ពី​គោលការណ៍​ប្រទេស​ប្រជាធិបតេយ្យ និង​កតិកា​អន្តរជាតិ​ដែល​ពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិ​ជួបជុំ​ទាក់ទង​គ្នា​នៅ​សង្គម​បាន​ដោយ​សេរី៖ «ហើយ​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ចែង​អំពី​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ចូលរួម​លើ​កិច្ច​នយោបាយ ហើយ​បើសិនជា​យើង​បារម្ភ​ហើយ​ធ្វើការ​ហាមឃាត់​គ្រាន់តែ​ជួបជុំគ្នា​ដើរ​ចែក​សំបុត្រ​ការ​មិន​បានទេ តើ​អា​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​វា​បាត់​ទៅ​ណា​?​។​អា ហ្នឹងហើយ​ធ្វើ​ឱ្យ​គេ​រិះគន់​ថា សេរីភាព​នៅ​ក្នុង​ការ​ជួបជុំ ការ​ប្រមូលផ្ដុំ ការ​បញ្ចេញមតិ​របស់​ពល​រដ្ឋ​ហ្នឹង​វា​ធ្លាក់​ចុះ​ធ្ងន់ធ្ងរ»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ត​ថា មួយរយៈ​ចុងក្រោយ​នេះ​អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន​តាមដាន​សកម្មភាព និង​រឹតត្បិត​សិទ្ធិ​សេរី​របស់​សកម្មជន​គណបក្ស​ប្រឆាំង​ជា​បន្តបន្ទាប់ ជាពិសេស​ចាប់​តាំង​ពី​អ្នកគាំទ្រ​គណបក្ស​មួយ​នេះ​ធ្វើបាតុកម្ម​ភ្លើង​ទៀន​នៅ​ប្រទេស​កូរ៉េ កាលពី​ថ្ងៃ​ទី​២០ មេសា មក គឺ​អាជ្ញាធរ​ហាក់​មានការ​រឹតត្បិត​ដល់​ពួកគេ​កាន់តែ​ខ្លាំង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
អ្នក​តាមដាន​នយោបាយ​ថា អាមេរិក​ដាក់​ទណ្ឌកម្ម លោក លី យ៉ុងផាត់ ជា​ការ​កាត់​ផ្ដាច់​សរសៃ​ឈាម​សេដ្ឋកិច្ច​របស់​បក្ស​កាន់​អំណាច
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។