តុលាការកំពូលតម្កល់សំណុំរឿងលោក ថាច់ សេដ្ឋា ឱ្យជាប់ពន្ធនាគារដដែល
2023.12.22
គ្រួសារខកចិត្តចំពោះតុលាការកំពូលតម្កល់សំណុំរឿងអនុប្រធានគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា ឱ្យជាប់ពន្ធនាគារដដែល នៅថ្ងៃទី២២ ខែធ្នូ។ ពួកគេចាត់ទុកការសម្រេចនេះថា ជារឿងអយុត្តិធម៌ ហើយនៅតែទទូចដល់តុលាការដោះលែងលោក ថាច់ សេដ្ឋា ឱ្យមានសេរីភាពវិញ។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូលលោក និល ណុន បានបដិសេធលើបណ្តឹងសាទុក្ខស្នើសុំដោះលែងអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា នៅថ្ងៃទី២២ ខែធ្នូ ពាក់ព័ន្ធសំណុំរឿងទី១ ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ឬការចេញសែកអត់ប្រាក់។
ការប្រកាសសាលដីកានេះគឺធ្វើឡើងនៅមុខលោក ថាច់ សេដ្ឋា និងមេធាវី ព្រមទាំងចូលរួមឃ្លាំមើលពីមន្ត្រីស្ថានទូតសភាពអឺរ៉ុប មន្ត្រីឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា និងមន្ត្រីអង្គការសិទ្ធិមនុស្សលីកាដូ ខណៈនៅខាងមុខតុលាការកំពូលវិញមានអ្នកគាំទ្រប្រមាណ ១០នាក់មិនពេញនឹងការសម្រេចនេះ។ ពួកគាត់ចាត់ទុកថា ទង្វើរបស់តុលាការ គឺជាការធ្វើឡើងមិនត្រឹមត្រូវ និងជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។
មេធាវីការពារក្ដីឱ្យលោក ថាច់ សេដ្ឋា គឺលោក សឺន ជុំជួន ប្រាប់វិទ្យុអាស៊ីសេរីថា លោកសោកស្ដាយចំពោះការសម្រេចរបស់តុលាការកំពូលដែលបានតម្កល់សំណុំរឿងរបស់កូនក្ដីលោកនេះ។ លោកបញ្ជាក់ថា សវនាការកន្លងមកមេធាវីបង្ហាញស្ថានភាពជំងឺជនជាប់ចោទ ជាពិសេសលើកឡើងពីអង្គច្បាប់អមដោយភស្តុតាងគ្រប់គ្រាន់ដែលតុលាការគួរតែយកជាមូលដ្ឋានក្នុងការអនុញ្ញាតឱ្យកូនក្ដីរបស់លោកបាននៅក្រៅឃុំ។ លោកចាត់ទុកការសម្រេចរបស់តុលាការនេះថា នឹងធ្វើឱ្យកូនក្ដីរបស់លោកជួបការលំបាកកាន់តែខ្លាំងទាំងសុខភាព ជីវភាពគ្រួសារ និងការអនុវត្តសិទ្ធិនយោបាយជាដើម។
លោក សឺន ជុំជួន៖ «បើយើងសិក្សាទៅ គាត់មិនបានប្រព្រឹត្តដូចការចោទរបស់ដើមបណ្តឹងទេ នេះជារឿងមួយ យើងផ្អែកតាមសែកជាភស្តុតាងផង បើយើងសិក្សាឱ្យបានដល់ទៅ ខ្ញុំគិតថា រឿងនេះជារឿងមួយដែលពលរដ្ឋអាចពិចារណាឃើញ ថារឿងនេះអយុត្តិធម៌សម្រាប់គាត់ឬយ៉ាងណា ពលរដ្ឋអាចថ្លឹងថ្លែងឃើញលើចំណុចនេះ»។
ចំណែកប្រពន្ធរបស់លោក ថាច់ សេដ្ឋា គឺលោកស្រី ថាច់ សុខបូរ៉ានី ខកចិត្តយ៉ាងខ្លាំង ពីព្រោះថាតុលាការកំពូលសម្រេចមិនឯករាជ្យដែលយកសេរីភាពមនុស្សស្លូតត្រង់ទៅឡូកឡំជាមួយរឿងនយោបាយ ដោយធ្វើបាបគ្រួសារលោកស្រីឱ្យរស់នៅរងទុក្ខលំបាក និងព្រាត់គ្នា។ លោកស្រីព្រួយបារម្ភអំពីស្ថានភាពជំងឺបេះដូងរបស់លោក ថាច់ សេដ្ឋា ជាខ្លាំងថា អាចប្រឈមគ្រោះថ្នាក់ដល់អាយុជីវិត បើមិនបានព្យាបាលពីគ្រូពេទ្យជំនាញឱ្យទាន់ពេលនោះទេ។ លោកស្រី សុខបូរ៉ានី អំពាវនាវដល់រដ្ឋាភិបាលបន្ធូរបន្ថយបរិយាកាសនយោបាយ ហើយដោះលែងប្តី និងអ្នកជាប់ឃុំមនសិការឱ្យមានសេរីភាព។
លោកស្រី ថាច់ សុខបូរ៉ានី៖ «ប្តីរបស់ខ្ញុំរៀបរាប់យ៉ាងមិចក៏ដោយថាសុខភាពគាត់មិនល្អក៏ដោយ ដើម្បីចេញមកពិនិត្យសុខភាព ដោយសារពេទ្យឱ្យគាត់៦ខែចេញមកពិនិត្យសុខភាពម្តង ក៏តុលាការមិនដោះលែងគាត់ដែរ ដោះលែងពួកគាត់ទៅពួកគាត់អត់មានកំហុសអ្វីទេ ពួកគាត់សុទ្ធតែស្នេហាជាតិ ខ្មែរគ្នាឯងទាំងអស់ទេ ឈាមជ័រតែមួយទេ សូមដោះលែងពួកគាត់ឱ្យមកធ្វើរួមគ្នាវិញមក»។
លោក ថាច់ សេដ្ឋា វ័យ៧០ឆ្នាំ មានដើមកំណើតខ្មែរក្រោម ហើយលោកជាប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម និងជាអនុប្រធានគណបក្សភ្លើងទៀន។ លោកត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួន កាលពីថ្ងៃទី១៦ ខែមករា។ កាលពីខែកញ្ញា តុលាការក្រុងភ្នំពេញបានផ្ដន្ទាទោសលោកឱ្យជាប់ពន្ធនាគាររយៈពេល ១៨ខែ ក្នុងសំណុំរឿងទី១ទាក់ទងការចេញសែកស្អុយ ឬសែកអត់ប្រាក់។ បន្ថែមពីលើនេះមួយខែបន្ទាប់មកតុលាការដដែលបានផ្ដន្ទាទោស លោក ថាច់ សេដ្ឋា ដាក់ពន្ធនាគារបីឆ្នាំថែមទៀតក្នុងសំណុំរឿងថ្មីពីរផ្សេងគ្នា គឺពីបទ«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងញុះញង់ឱ្យមានការរើសអើងពូជសាសន៍» ទាក់ទងលោកនិយាយពីប្រវត្តិគណបក្សប្រជាជនកម្ពុជា ស្តូបមិត្តភាពកម្ពុជាវៀតណាម និងប្រវត្តិ៧មករានៅក្នុងវេទិកាជាមួយអ្នកគាំទ្រនៅក្រៅប្រទេសកាលខែមករា ឆ្នាំ២០២៣។
វិទ្យុអាស៊ីសេរីមិនទាក់ទងអ្នកនាំពាក្យតុលាការកំពូលអ្នកស្រី ម៉ៅ ធីតា ដើម្បីសាកសួរបន្ថែមបានទេនៅថ្ងៃទី២២ ខែធ្នូ។
ជុំវិញរឿងនេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា សោកស្តាយចំពោះការសម្រេចរបស់តុលាការគ្រាប់ជាន់ថ្នាក់ បន្តចោទប្រកាន់ និងឃុំខ្លួនលោក ថាច់ សេដ្ឋា ជាបន្តបន្ទាប់ ពីព្រោះករណីក្តីក្តាំលើមេដឹកនាំបក្សប្រឆាំងរូបនេះជារឿងនយោបាយច្រើនជាការអនុវត្តច្បាប់ដែលកម្ពុជាកំពុងតែប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីធ្វើទុក្ខបុកម្នេញអ្នកនយោបាយមាននិន្នាការផ្ទុយរដ្ឋាភិបាល។ លោក នី សុខា បារម្ភថាបញ្ហានេះនឹងធ្វើឱ្យស្ថានភាពនយោបាយកាន់តែអាប់អួរ ហើយសហគមន៍អន្តរជាតិដាក់សម្ពាធបន្ថែមទៀត។
លោក នី សុខា៖ «ស្ថានភាពនៃប្រទេសកម្ពុជាយើងនៅតែបន្តឱ្យគេមើលឃើញថា ស្ថានភាពនយោបាយនៅតែជាបរិយាកាសមួយមិនមានលក្ខណៈធូរស្រាល ដោយយើងមិនបានខិតខំក្នុងការសម្របសម្រួលដោះស្រាយជម្លោះខាងផ្លូវនយោបាយនេះឱ្យបានស្រួលបួលទេ ហើយយើងនៅតែបន្តចាប់ទោសអូសដំណើរលើអ្នកនយោបាយដាក់ពន្ធនាគារជាដើមនេះ ជាការព្រួយបារម្ភរបស់យើងទៅថ្ងៃអនាគត»។
អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិមើលឃើញថា ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត នៅតែគំរាមកំហែងលើសកម្មជនបក្សប្រឆាំង សកម្មជនបរិស្ថាន ចាប់ខ្លួនអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ដាក់ពន្ធនាគារឥតស្រាកស្រាន្តដែលការណ៍នេះលោក ហ៊ុន ម៉ាណែត ដឹកនាំប្រទេសមិនខុសពីឪពុករបស់លោក គឺយកប្រព័ន្ធតុលាការធ្វើជាអាវុធដើម្បីកម្ចាត់សំឡេងប្រឆាំង។ ពួកគេទទូចឲ្យរដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត បញ្ឈប់ការធ្វើទុក្ខបុកម្នេញគ្រប់ទម្រង់ជាបន្ទាន់ និងអំពាវនាវឲ្យដោះលែងសកម្មជននយោបាយដោយឥតលក្ខខណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។