តុលាការ​កំពូល​នឹង​សម្រេច​លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក ថាច់ សេដ្ឋា នៅ​ចុង​សប្ដាហ៍​ក្រោយ

ដោយ ទីន ហ្សាការីយ៉ា
2023.06.12
តុលាការ​កំពូល​នឹង​សម្រេច​លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក ថាច់ សេដ្ឋា នៅ​ចុង​សប្ដាហ៍​ក្រោយ (រូបឯកសារ) លោក ថាច់ សេដ្ឋា អនុប្រធានគណបក្ស​ភ្លើង​ទៀន នៅ​ឯ​តុលាការ កាល​ណី​ថ្ងៃ​ទី២៨ ខែមេសា ឆ្នាំ២០២៣។
រូបពីពលរដ្ឋ

តុលាការ​កំពូល នឹង​ប្រកាស​សេចក្ដី​សម្រេច​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​គឺ លោក ថាច់ ស៊ីថា នៅ​ថ្ងៃ​ទី១៩ ខែមិថុនា​ខាង​មុខ​នេះ។ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ភ្លើង​ទៀន និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ដូចៗ គ្នា​ថា តុលាការ​កំពូល​គួរ​តែ​ដោះ​លែង​លោក ថាច់ សេដ្ឋា ឱ្យ​មាន​សេរីភាព​ឡើង​វិញ ព្រោះ​បទ​ចោទ​ទៅ​លើ​លោក ថាច់ សេដ្ឋា នេះ ជា​ហេតុផល​នយោបាយ ជាជាង​ហេតុផល​ការ​អនុវត្ត​ច្បាប់។

ប្រធាន​ចៅ​ក្រម​នៃ​ក្រុម​ប្រឹក្សា​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល លោក សឹង បញ្ញាវុឌ្ឍ បើក​សវនាការ​ជំនុំ​ជម្រះ​ក្ដី​លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក ថាច់ សេដ្ឋា អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន ពេញ​មួយ​ព្រឹក​នៅ​ថ្ងៃ​ទី១២ ខែមិថុនា។ សវនាការ​នេះ មាន​អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​គណបក្ស​ភ្លើង​ទៀន​មួយ​ចំនួន​ចូលរួម​តាម​ដាន។ ទោះ​ជា​យ៉ាង​នេះ​ក្ដី អង្គ​ចៅក្រម​មិន​អនុញ្ញាត​ឱ្យ​លោក ថាច់ សេដ្ឋា បាន​និយាយ​អ្វី​នោះ​ឡើយ ដោយ​ចៅក្រម​បាន​ចោទ​សួរ​តែ​មេធាវី​ការពារ​ក្ដី​លោក​តែ​ប៉ុណ្ណោះ គឺ​លោក ជូង ជូងី។ ដោយឡែក នៅ​ខាង​មុខ​តុលាការ​កំពូល​វិញ មាន​សកម្មជន​គណបក្ស​ភ្លើង​ទៀន​ជាង ១០នាក់ បាន​ទៅ​លើក​ទឹក​ចិត្ត​ដល់​លោក ថាច់ សេដ្ឋា ផង​ដែរ។

ប្រពន្ធ​លោក ថាច់ ស៊ីថា គឺ​លោកស្រី ថាច់ សុខបូរ៉ានី ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា សុខភាព​ប្ដី​របស់​លោកស្រី​កាន់​តែ​មាន​សភាព​ទ្រុឌទ្រោម​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ពី​ព្រោះ​លោក ថាច់ សេដ្ឋា មាន​ជំងឺ​ប្រចាំ​កាយ​ដូចជា​ជំងឺ​លើស​ឈាម លើស​ជាតិ​ស្ករ លើស​ជាតិ​អាស៊ីដ និង​ជំងឺ​បេះដូង​ខ្សោយ​ជា​ដើម។ ដោយសារ​តែ​បញ្ហា​ទាំង​នេះ លោក​ស្រី​សំណូមពរ​ឱ្យ​តុលាការ​ដោះ​លែង​ប្ដី​លោក​ស្រី ឱ្យ​មាន​សេរីភាព​វិញ ពី​ព្រោះ​ប្ដី​របស់​លោក​ស្រី​មិន​បាន​ប្រព្រឹត្តិ​ខុស​ច្បាប់ ដូច​ការ​ចោទ​ប្រកាន់​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ឡើយ។

លោកស្រី ថាច់ សុខបូរ៉ានី៖ «សំណូមពរ​ឱ្យ​តុលាការ​អាណិត​គាត់ ហើយ​អាណិត​ក្មេងៗ ឱ្យ​គាត់​បាន​មក​មើល​ថែ​សុខភាព​ខ្លួន​គាត់​ផង បាន​មើល​ក្មេងៗ នៅ​ផ្ទះ ដោយសារ​អី​ក្មេងៗ នឹក​រលឹក​គាត់ ក្នុង​គ្រួសារ។ តែ​អត់​ពី​គាត់​ទៅ ពិបាក។ ក្មេងៗ សួរ​រក​រហូត»

បើ​ទោះបីជា​ជើង​របស់​លោក ថាច់ សេដ្ឋា​ហើម ដែល​អាច​បណ្ដាល​មក​ពី​ការ​លើស​ជាតិ​អាស៊ីត​ក្ដី ប៉ុន្តែ​លោក​នៅ​តែ​បង្ហាញ​ទឹក​មុខ​ស្វាហាប់ និង​ស្មារតី​រឹងមាំ​នៅ​ក្នុង​តុលាការ​ដដែល។

អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃទី១៦ មករា ដោយ​ចោទ​ប្រកាន់​ពី​បទ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញ​ដូរ​បាន ឬ​ចេញ​សែក​អត់​លុយ​ចំនួន​ប្រាំ​សន្លឹក។ បន្ថែម​ពី​លើ​នេះ​កាល​ពី​ថ្ងៃទី២៨ ខែមេសា សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទ​ប្រកាន់​លោក ថាច់ សេដ្ឋា នូវ​បទ​ល្មើស​ថ្មី​ពីរ​ទៀត គឺ​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​បទ​ញុះញង់​ឱ្យ​មាន​ការ​រើសអើង ជុំវិញ​ការ​បំពេញ​ទស្សន​កិច្ច​របស់​លោក​ទៅ​កាន់​ប្រទេស​ជប៉ុន កាល​ពី​ចុង​ឆ្នាំ២០២២។ ផ្ទុយ​ពី​ការ​ចោទ​ប្រកាន់​នេះ អ្នក​វិភាគ​នយោបាយ​លើក​ឡើង​ថា ការ​ឃុំ​ខ្លួន​លោក ថាច់ សេដ្ឋា ធ្វើ​ឡើង​ដោយសារ​តែ​របប​លោក ហ៊ុន សែន រើសអើង​និន្នាការ​នយោបាយ និង​មិន​មែន​ជា​ការ​អនុវត្ត​ច្បាប់​អ្វី​នោះ​ឡើយ។

អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន លោក រ៉ុង ឈុន ដែល​បាន​ចូល​រួម​តាម​ដាន​សវនាការ​នេះ​ដែរ លើក​ឡើង​ថា លោក ថាច់ សេដ្ឋា មិន​បាន​ប្រព្រឹត្តិ​កំហុស​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​នោះ​ឡើយ ពី​ព្រោះ​ពាក្យ​សំដី​របស់​លោក ថាច់ សេដ្ឋា ដែល​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ក្នុង​ពេល​ធ្វើ​ទស្សនៈ​កិច្ច​នៅ​ប្រទេស​ជប៉ុន​នោះ គ្រាន់​តែ​ជា​ការ​រំលឹក​ប្រវត្តិសាស្ត្រ​ខ្មែរ​កម្ពុជា​ក្រោម​តែ​ប៉ុណ្ណោះ។ លោក​បន្ថែម​ថា សកម្មភាព​លោក ថាច់ សេដ្ឋា ក៏​មិន​បាន​បញ្ជាក់​ពី​សកម្មភាព​ញុះញង់​ណា​មួយ​ឡើយ ពី​ព្រោះ​តាំង​ពី​លោក​មក​ដល់​កម្ពុជា​វិញ លោក​មិន​បាន​កៀរគរ​ប្រជាពលរដ្ឋ​ដែល​នាំ​ឱ្យ​មាន​ការ​រើស​អើង ឬ​បង្ក​អសន្តិសុខ​សង្គម​ណា​មួយ​ឡើយ។

លោក រ៉ុង ឈុន៖ «ករណី​លោក ថាច់ សេដ្ឋា ត្រូវ​តែ​ផ្ដល់​សេរីភាព​ជូន​គាត់ ពី​សំណាក់​តុលាការ មិន​ត្រូវ​បន្ត​ការ​ឃុំខ្លួន​របស់​គាត់ បន្ត​ទៀត​នោះ​ទេ ហើយ​បើ​យើង​មាន​ការ​ដោះលែង យើង​បើក​លំហ​សេរីភាព លំហ​សិទ្ធិ​នយោបាយ និង​ទទួល​បាន​ការ​គាំទ្រ​ពី​អន្តរជាតិ ក៏​ដូចជា​ជាតិ ហើយ​នឹង​ទទួល​បាន​រក្សា​នូវ​ការងារ​ជូន​កម្មករ កម្មការិនី»

ជុំវិញ​រៀង​នេះ​ដែរ មន្ត្រី​ផ្នែក​ច្បាប់​នៃ​អង្គការ​សង់ត្រាល់ លោក វ៉ន ចាន់ឡូត លើក​ឡើង​ថា តុលាការ​បាន​ចោទ​ប្រកាន់​លោក ថាច់ សេដ្ឋា និង​បង្កើត​បទ​ចោទ​ថ្មីៗ​ជា​បន្តបន្ទាប់​ដូច្នេះ មិន​បាន​ឆ្លុះបញ្ចាំង​ពី​ការ​អនុវត្ត​ច្បាប់​អ្វី​នោះ​ឡើយ។ លោក​បន្ថែម​ថា ការ​បន្ត​ឃុំ​ខ្លួន​លោក ថាច់ សេដ្ឋា មិន​ត្រឹម​តែ​បង្ហាញ ពី​ការ​រំលោភ​សិទ្ធិមនុស្ស​តែ​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​នាំ​ឱ្យ​គេ​មើល​ឃើញ​ថា​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​កាន់​តែ​អាក្រក់​ផង​ដែរ។

លោក វ៉ន ចាន់ឡូត៖ «បើ​យើង​និយាយ​នីតិ​វិធី​ច្បាប់ ការ​សម្រេច​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​គេ​ត្រូវ​ពិចារណា​ល្អិតល្អន់​ណាស់ ព្រោះ​អា​ហ្នឹង​វា​ពាក់ព័ន្ធ​ទៅ​នឹង​សេរីភាព។ លោក ថាច់ សេដ្ឋា ថ្វី​ត្បិត​តែ​ត្រូវ​បាន​ចោទ​ប្រកាន់​មែន ក៏​ប៉ុន្តែ​គាត់​អត់​ទាន់​ក្លាយ​ជា​អ្នក​ទោស​ទេ ហើយ​ប្រទេស​នានា នៅ​លើ​សកល​លោក គឺ​គេ​កម្រ​នឹង​យក​ជន​ដែល​ត្រូវ​ចោទ​ហ្នឹង​ទៅ​ដាក់​ពន្ធនាគារ​ណាស់។ ខ្ញុំ​ឧទាហរណ៍​ករណី​ថ្មីៗ មន្ត្រី​នៃ​ក្រសួង​កសិកម្ម​ខ្មែរ ដែល​សហរដ្ឋ​អាមេរិក​ចោទ​ប្រកាន់​ពី​បទ​ជួញ​ដូរ​សត្វ​ស្វា។ គេ​អត់​មាន​យក​ទៅ​ឃុំ​ខ្លួន​យូរ​ទេ ហើយ​ឥឡូវ​គេ​ដោះ​លែង​ឱ្យ​នៅ​ខាង​ក្រៅ​ឃុំ ក៏​ប៉ុន្តែ​គេ​មាន​យន្តការ​ក្នុង​ការ​តាមដាន»

ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា ត្រូវ​បាន​គេ​មើល​ឃើញ​ថា ក្លាយ​ជា​ឧបករណ៍​នយោបាយ​របស់​លោក ហ៊ុន សែន ផ្ដាច់មុខ ហើយ​នៅ​មុន​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ក្នុង​ខែកក្កដា​ខាង​មុខ​នេះ ព្រោះ​អ្នក​ទោស​នយោបាយ​មួយ​ចំនួន តែងតែ​ទទួល​បាន​ការ​លើកលែង​ទោស និង​ទទួល​បាន​តួនាទី​ធំៗ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ក៏​មាន ឱ្យ​តែ​ពួកគេ​សុំទោស​លោក ហ៊ុន សែន។ ជុំវិញ​បណ្ដឹង​លោក ថាច់ សេដ្ឋា សុំ​នៅ​ក្រៅ​ឃុំ​វិញ តុលាការ​កំពូល​នឹង​ប្រកាស​សេចក្ដី​សម្រេច​នៅ​ថ្ងៃ​ទី១៩ ខែមិថុនា ខាង​មុខ ក៏​ប៉ុន្តែ​ការ​សម្រេច​ណា​មួយ​របស់​តុលាការ​កំពូល​នោះ គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ ថា​តើ​តុលាការ​កំពូល​នឹង​ឱ្យ​លោក ថាច់ សេដ្ឋា បាន​នៅ​ក្រៅ​ឃុំ ឬ​យ៉ាង​ណា​នោះ ក្នុង​ពេល​លោក ថាច់ ស៊ីថា មិន​បាន​ធ្វើ​លិខិត​សុំទោស ឬ​ធ្វើ​លិខិត​សុំ​ចុះចូល​ជាមួយ​គណបក្ស​កាន់​អំណាច​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
អ្នក​តាមដាន​នយោបាយ​ថា អាមេរិក​ដាក់​ទណ្ឌកម្ម លោក លី យ៉ុងផាត់ ជា​ការ​កាត់​ផ្ដាច់​សរសៃ​ឈាម​សេដ្ឋកិច្ច​របស់​បក្ស​កាន់​អំណាច
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។