តុលាការ​កំពូល គ្រោង​បើក​សវនាការ​លើ​បណ្ដឹង​សាទុក្ខ​របស់​សកម្មជន​បក្ស​ប្រឆាំង លោក គង់ ម៉ាស់ ដើម​ខែ​ក្រោយ

ដោយ សេក បណ្ឌិត
2020-06-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក គង់ ម៉ាស់ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មុន និង​ក្រោយ​ពេល​ជាប់​ឃុំ​ឃាំង។
លោក គង់ ម៉ាស់ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មុន និង​ក្រោយ​ពេល​ជាប់​ឃុំ​ឃាំង។
រូប៖ លោកស្រី កុល សាត ភរិយា​លោក គង់ ម៉ាស់

តុលាការ​កំពូល​​​ កំណត់​ថ្ងៃ​សវនាការ​លើ​បណ្ដឹង​សាទុក្ខ​របស់​សកម្មជន​​បក្ស​ប្រឆាំង​ លោក​ គង់​ ម៉ាស់​​​នៅ​​ថ្ងៃ​ទី៨ ខែ​កក្កដា​ ខាង​មុខ​។​ មេធាវី​ការពារ​ក្ដី និង​ប្រពន្ធ​លោក គង់ ម៉ាស់ ​​​រំពឹង​ថា​ តុលាការ​ជាន់ខ្ពស់​​មួយ​​នេះ​​នឹង​ទម្លាក់​ចោទ​ការ​ចោទប្រកាន់ និង​ដោះ​លែង​លោក គង់ ម៉ាស់ ឲ្យ​​មាន​​សេរីភាព​ឡើង​វិញ ខណៈ​ដែល​​លោក​កំពុង​​ជាប់​​ពន្ធនាគារ​​ ជិត​​ដល់​​ការ​​កំណត់​​រយៈ​ពេល ១៨ខែ​ តាម​ការ​ផ្ដន្ទាទោស​​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ​ពាក់ព័ន្ធ​នឹង​បង្ហោះ​សារ​រិះគន់​រដ្ឋាភិបាល លើហ្វេសប៊ុក (Facebook)។

មេធាវី​ការពារ​ក្តី​​ឱ្យ​​លោក​ គង់​ ម៉ាស់​ គឺ​លោក​ សំ​ សុខ​គង់​ ឱ្យ​​អាស៊ី​សេរី​​ដឹង​​នៅ​ថ្ងៃ​ទី២៣ មិថុនា​​ថា ការ​កំណត់​ថ្ងៃ​សវនាការ​លើ​បណ្ដឹង​សាទុក្ខ​នៅ​ថ្ងៃ​ទី៨ ខែកក្កដា ខាងមុខនេះ គឺ​នៅ​មាន​ភាព​យឺតយ៉ាវ និង​ប៉ះពាល់​ដល់​ប្រយោជន៍​កូន​ក្តី​របស់​លោក​មួយ​ចំនួន ពីព្រោះ ​ រហូត​ដល់​ថ្ងៃ​នេះ លោក គង់ ម៉ាស់ ត្រូវ​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស (ម១) ជិត​ ១៧ខែ​ហើយ​ ដូច្នេះ​នៅ​សល់​ជាង​១​ខែ​ទៀត​ប៉ុណ្ណោះ ដែល​លោក គង់ ម៉ាស់ ​ដល់​ថ្ងៃ​ត្រូវ​ដោះ​លែង ឲ្យ​មាន​សេរីភាព​ឡើង​វិញ។ លោក​ មេធាវី បន្ត​ថា​ តាមច្បាប់​ តុលាការ​ត្រូវ​តែ​ជំនុំជម្រះ​ក្តី​ឲ្យ​បាន​មុន​កូន​ក្តី​របស់​លោក​ អនុវត្ត​ទោស​ចប់​សប់​គ្រប់។ ទោះ​ជា​យ៉ាង​ណា លោក​សង្ឃឹម​ថា​ តុលាការ​កំពូល​នឹង​ទម្លាក់​ការ​ចោទប្រកាន់​​លើ​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ ព្រោះ​ការ​ចោទ​ប្រកាន់​កន្លង​មក គ្មាន​មូលដ្ឋាន​ផ្លូវ​ច្បាប់​គ្រប់​គ្រាន់​នោះ​ទេ៖ «ទាក់ទង​ទៅ​នឹង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​​ហ្នឹង គឺ​នៅ​ពេល​ដែល​មិន​មាន​បណ្ដឹង​សារទុក្ខ​ខាង​អគ្គ​ព្រះរាជ​អាជ្ញា​ទេ​ ហើយ​វា​ជា​បណ្ដឹង​សារទុក្ខ​របស់​ជនជាប់ចោទ​ លោក​ គង់​ ម៉ាស់​ គឺ​នៅ​ពេល​ដែល​ដល់​ថ្ងៃកំណត់​ ឬ​ដល់​ថ្ងៃ​ដែល​លោក​ គង់​ ម៉ាស់​ បាន​បំរើ​ទោស​ចប់​សព្វ​គ្រប់​តាម​សាលក្រម​ដែល​បាន​សម្រេច​ផ្ដន្ទាទោស​នៅ​ក្នុង​តុលាការ​ជាន់​ទាប​ហ្នឹង​ គឺ​ដល់​ពេល​ដែល​កំណត់​ គឺ​ត្រូវ​តែ​ដោះលែង​កូន​ក្ដី​ខ្ញុំ​ឲ្យ​មាន​សេរីភាព»

លោក គង់ ម៉ាស់ បាន​ដាក់​បណ្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​តាំង​ពី​ថ្ងៃ​ទី១០ ខែ​មេសា បន្ទាប់​ពី​លោក​មិន​ពេញ ចំពោះ​សេចក្ដី​សម្រេច​របស់​សាលាឧទ្ធរណ៍ និង​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​ផ្ដន្ទាទោស​ឲ្យ​លោក​ជាប់​ពន្ធនាគារ ១ឆ្នាំ ៦ខែ​​ក្រោម​​ការ​ចោទ​ប្រកាន់​​ពី​​បទ​ប្រមាថ​​ និង​ញុះញង់​​ឲ្យ​​មាន​ការ​រើសអើង​​តាម​​បញ្ញត្តិ​​មាត្រា​​ ៤៩៦ និង​មាត្រា ៥០២ នៃ​​ក្រ​ម​ព្រហ្មទណ្ឌ។

នគរបាល​រាជធានី​ភ្នំពេញ បាន​ចាប់ខ្លួន លោក គង់ ម៉ាស់ ជា​សមាជិក​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ស្វាយរៀង កាលពី​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៩ តាម​បណ្ដឹង​របស់​អគ្គស្នងការ​នគរបាល​ជាតិ លោក នេ​ត សាវឿន បន្ទាប់ពី​លោក​បាន​សរសេរ​សារ​បង្ហោះ​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​ម្រាមដៃ​ស្អាត​មុន​ការបោះឆ្នោត ឆ្នាំ​២០១៨ និង​សារ​រិះគន់​អំពី​ភាព​អសកម្ម​មួយ​ចំនួន​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន។

ភរិយា​របស់​លោក គ​ង់ ​ម៉ាស់ ​លោកស្រី​ កុល ​សាត ​សង្ឃឹមថា ​តុលាការ​កំពូល​​នឹង​ទម្លាក់​ការ​ចោទ​ប្រកាន់​ប្រឆាំង​ប្តី​លោក​ស្រី ​ហើយ​រំពឹង​ថា ប្តី​លោក​ស្រី នឹង​ត្រូវ​ដោះលែង​ពី​ពន្ធនាគារ​ នៅ​ពេល​ដល់​ថ្ងៃកំណត់​ដែល​លោក​បាន​អនុវត្ត​ទោស​ចប់​ នៅ​ចុង​ខែ​ក្រោយ។ លោកស្រី​ថា ប្តី​លោក​ស្រី​​ មិន​មាន​កំហុស​ឡើយ​ ដោយ​គ្រាន់​តែ​បញ្ចេញមតិ​នោះ​ទេ។ លោកស្រី​រៀបរាប់​ថា ការ​លំបាក​​របស់​លោកស្រី​ក៏​មិន​ខុស​ពី​ស្ត្រី​ខ្មែរ​មួយ​ចំនួន​ដែល​ប្តី​របស់​ពួក​គេ​កំពុង​ត្រូវ​ឃុំខ្លួន​ទាំង​អយុត្តិធម៌​ព្រោះតែ​រឿង​នយោបាយ​នោះ​ទេ។

ប្រធាន​ផ្នែក​ស៊ើប​អង្កេត​ សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុ​ក លោក​ នី សុខា​ យល់ថា​ ការ​អូស​បន្លាយ​ពេល​របស់​តុលាការ​កំពូល​ក្នុង​ការ​ជំនុំជម្រះ​ក្តី​ លោក គង់ ម៉ាស់​ គឺ​ប៉ះពាល់​ដល់​សិទ្ធិ​ទទួល​បាន​យុត្តិធម៌​របស់​អ្នក​ជាប់​ឃុំ។ លោក​ពន្យល់​ថា ព្រោះ​តែ​ជន​ជាប់ចោទ​រូប​នេះ មិន​ពេញ​ចិត្ត​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ជាន់​ទាប​ទើប​លោក​ប្តឹង​ជំទាស់​ទៅ​តុលាការ​កំពូល ប៉ុន្តែ​បែរ​ជា​យឺតយ៉ាវ​ក្នុង​ការ​ជំនុំជម្រះ​ទៅវិញ៖ «រឿង​នេះ​ថា​វា​មាន​ទាក់ទង​ទៅ​កត្តា​នយោបាយ​ច្រើន​ជាង​ច្បាប់​ ដូច្នេះ​សម្រាប់​ខ្ញុំ​ដែល​ជា​អ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស​ ហើយ​ដែល​យើង​មាន​បទពិសោធន៍​នៅ​ក្នុង​ការ​ដែល​តុលាការ​ឃុំខ្លួន​ទៅដល់​អ្នក​ទាំង​ឡាយ​ណា​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​កត្តា​នយោបាយ​ ឬ​សកម្មជន​ផ្សេងៗ ហ្នឹង គឺ​ឃើញ​ភាគ​ច្រើន​ តុលាការ​មិន​ងាយ​នៅ​ក្នុង​ការ​ទម្លាក់​ចោល​ ឬ​ក៏​សម្រេច​អី​ដែល​វា​ខុស​ពី​ការ​សម្រេច​របស់​តុលាការ​សាលា​ដំបូង​ទេ»

អង្គការ​ជាតិ​​ និង​​អន្តរជាតិ​ ធ្លាប់​​ចេញ​សេចក្ដីថ្លែងការណ៍​​ជា​​បន្ត​បន្ទាប់​ ទាមទារ​​ឱ្យ​​អាជ្ញាធរ​​កម្ពុជា​ ដោះលែង​​លោក​ គង់​ ម៉ាស់ ​ដោយ​​ឥត​​លក្ខខណ្ឌ​ ដោយ​សារ​​ចាត់​ទុក​ថា​ លោក​ គង់​ ម៉ាស់​ គ្មាន​​កំហុស​​អ្វី​​ឡើយ​ តាម​​កា​រ​បញ្ចេញមតិ​​នៅ​​លើ​​បណ្ដាញ​​សង្គម​​ដោយ​​សន្តិវិធី៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល