អ្នក​ស្វាយរៀង​បារម្ភ​រឿង​អាជ្ញាធរ​បង្ខំ​ឲ្យ​ស្បថ​ថា​បោះឆ្នោះ​ឲ្យ​បក្ស​ប្រជាជន​បើ​ទទួល​អំណោយ

ដោយ អាស៊ីសេរី
2017.09.30
បោះឆ្នោត​ក្រុម​ប្រឹក្សា បាវិត ២០១៧ ១៤៤០ ពលរដ្ឋ​ឈរ​តម្រង់​ជួរ​ចូល​ទៅ​បោះឆ្នោត​នៅ​ការិយាល័យ​សាលា​បឋម​សិក្សា​បាវិត​កណ្ដាល ក្រុង​បាវិត ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧ ឆ្នាំ​២០១៧។
Photo: RFA

ពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ឃុំ​អង្គតាសួ ស្រុក​ស្វាយជ្រុំ ខែត្រ​ស្វាយរៀង ភ័យ​ព្រួយ​រឿង​អាជ្ញាធរ​មូលដ្ឋាន ដើរ​សួរនាំ​ពលរដ្ឋ​ថា បោះឆ្នោត​ឲ្យ​គណបក្ស​ណា នឹង​បង្ខំ​ឲ្យ​ពលរដ្ឋ​ស្បថ​ថា នឹង​ត្រូវ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ប្រសិន​បាន​ទទួល​អំណោយ​ពី​បក្ស​កាន់អំណាច។

ពលរដ្ឋ​រស់នៅ​ឃុំ​អង្គតាសូ ស្រុក​ស្វាយជ្រុំ ខែត្រ​ស្វាយរៀង ឲ្យ​ដឹង​នៅ​ថ្ងៃទី៣០ កញ្ញា ថា អាជ្ញាធរ​ភូមិ​បាន​ដើរ​ស្រង់​ឈ្មោះ និង​សួរនាំ​ពលរដ្ឋ​ថា បោះឆ្នោត​ឲ្យ​គណបក្ស​ណា កាលពី​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់​អាណត្តិ​ទី​៤ និង​គ្រោង​បោះឆ្នោត​ឲ្យ​គណបក្ស​ណា នៅ​ពេល​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ខាងមុខ។ លើស​ពី​នេះ អាជ្ញាធរ​បាន​បង្ខំ​ពលរដ្ឋ​មួយ​ចំនួន​ដែល​ធ្លាប់​ទទួល​អំណោយ​ពី​បក្ស​កាន់អំណាច ត្រូវតែ​ស្បថ​ថា នឹង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា។

ពលរដ្ឋ​រស់នៅ​ភូមិ​បឹងក្រាល ឃុំ​អង្គតាសួ ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព ឲ្យ​ដឹងថា អនុភូមិ​បឹងក្រាល លោក អុយ ស៊ីថា និង​អាជ្ញាធរ​ភូមិ​មួយ​ចំនួន​ទៀត បាន​ដើរ​ស្រង់​ឈ្មោះ​ពលរដ្ឋ និង​សួរនាំ​ពលរដ្ឋ​ថា បោះឆ្នោត​ឲ្យ​គណបក្ស​ណា​កាល​ពី​ពេល​ថ្មីៗ​នេះ។ បញ្ហា​នេះ​អ្នកភូមិ​មាន​មន្ទិល និង​បារម្ភ​ពី​សុវត្ថិភាព និង​រឿង​ផ្ទាល់ខ្លួន ប្រសិនបើ​ពួកគាត់​ឆ្លើយ​មិន​ត្រូវ​គណបក្ស​ណាមួយ​ដែល​គេ​ចង់បាន។ លោក​ថា អ្នកភូមិ​ខ្លះ​ព្រម​ស្បថ​ទាំង​បង្ខំចិត្ត ព្រោះ​បារម្ភ​ពី​សន្តិសុខ​ផ្ទាល់ខ្លួន ម្យ៉ាង​ពួកគាត់​ធ្លាប់​ទទួល​អំណោយ​ពី​បក្ស​ប្រជាជន​ផង៖ «យើង​យក​អំណោយ​របស់​គេ ហើយ​បោះឆ្នោត​ឲ្យ​អ្នក​ផ្សេង​អ៊ីចឹង​ទៅ វា​បាត់​សន្លឹកឆ្នោត​ច្រើន​អ៊ីចឹង​ទៅ គេ​ឲ្យ​ពលរដ្ឋ​ស្បថ។ គេ​មក​តាមដាន​ពី​ចំនួន​ពលរដ្ឋ​ហ្នឹង»

បុរស​ដដែល​សង្ស័យ​ថា មូលហេតុ​ដែល​អាជ្ញាធរ​ចុះ​ស្រង់​ស្ថិតិ​នេះ ព្រោះ​កន្លង​ទៅ​គណបក្ស​ប្រជាជន​ធ្លាប់​ចែក​អំណោយ​ជូន​ពលរដ្ឋ​នៅ​តំបន់​នោះ ដែល​រំពឹង​ថា ពលរដ្ឋ​នឹង​បោះឆ្នោត​ឲ្យ​គណបក្ស​របស់​ខ្លួន តែ​ផ្ទុយទៅវិញ ពលរដ្ឋ​ភាគច្រើន​ដែល​បាន​ទទួល​អំណោយ​មិន​ដឹង​ថា អំណោយ​របស់​បក្ស​ប្រជាជន​កម្ពុជា ក្នុង​គោលបំណង​អ្វី​នោះ​ទេ ហើយ​ពួកគាត់​ស្មាន​ថា អំណោយ​នោះ​ជា​សប្បុរសធម៌៖ «ពលរដ្ឋ​មួយ​ចំនួន​គាត់​ភ័យ​ដែរ​ថា ប្រហែល ប៉ុល ពត ទី​២​ចូល​ទៀតហើយ។ ឥឡូវ​គាត់​ភ័យ​ពលរដ្ឋ​គាត់​ថា មក​សួរនាំ និង​មក​គាប់​សង្កត់​គាត់​យ៉ាងហ្នឹង ពុំ​មែន​លទ្ធិប្រជាធិបតេយ្យ​ទេ»

អាស៊ីសេរី​មិន​អាច​រក​ប្រភព​ទាក់ទង អនុភូមិ​បឹង​ក្រាល លោក អុយ ស៊ីថា ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ​បានទេ​នៅ​ថ្ងៃ​ទី៣០ កញ្ញា។

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ៅ វិបុល ឲ្យ​ដឹង​ថា មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​បាន​ទទួល​ពាក្យ​បណ្ដឹង​រឿង​នេះ​ហើយ នឹង​គ្រោង​ដាក់ពាក្យ​បណ្ដឹង​រឿង​នេះ​ទៅ​គ..ប នៅ​ពេល​ឆាប់ៗ​នេះ​ប្រសិនបើ​បក្ស​សង្គ្រោះ​ជាតិ​រក​ឃើញ​ថា ពលរដ្ឋ​ត្រូវ​គេ​រំលោភ​សិទ្ធិ​រក្សា​ការ​សំងាត់។ លោក​ចាត់​ទុក​បញ្ហា​នេះ ជា​ទម្រង់​គំរាមកំហែង​សិទ្ធិ​ពលរដ្ឋ​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ ដែល​នាំ​ឲ្យ​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ​រឹតតែ​អាក្រក់​ទៅៗ។ លោក​បារម្ភ​ថា ទង្វើ​នេះ​ពលរដ្ឋ​រងគ្រោះ​នឹង​ប្រឈម​បញ្ហា​ផ្សេងៗ នៅ​គ្រា​ដែល​គាត់​ឆ្លើយ​មិន​ត្រូវ​គណបក្ស​ណាមួយ​ដែល​គេ​ចង់បាន​៖ «ដោះស្រាយ​បញ្ហា​នេះ បោះឆ្នោត​ឲ្យ​មាន​យុត្តិធម៌​ទាំងអស់​គ្នា ធ្វើ​អី​កុំ​ឲ្យ​ដើរ​បំភិតបំភ័យ គំរាមកំហែង​ពលរដ្ឋ មិនមែន​ជា​ការ​ល្អ​ទេ សង្គម​ប្រជាធិបតេយ្យ​ចង់បាន​យុត្តិធម៌​ទាំងអស់​គ្នា បោះឆ្នោត​ឲ្យ​ស្មើភាព​គ្នា​អ្នក​ចាញ់​ដឹង​ចាញ់ អ្នកឈ្នះ​ដឹង​ឈ្នះ មិនមែន​ដើរ​គំរាមកំហែង​ពលរដ្ឋ​ពី​ពេលនេះ​ទៅ»

មន្ត្រី​អង្កេត​ជាន់ខ្ពស់​នៃ​អង្គការ​ខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស យល់ថា ប្រសិន​បើ​អាជ្ញាធរ​សួរនាំ​ពលរដ្ឋ​បោះឆ្នោត​ឲ្យ​បក្ស​ណា និង​បង្ខំ​ឲ្យ​ពលរដ្ឋ​ស្បថ គឺ​ជា​ទង្វើ​គំរាមកំហែង​ស្មារតី​ពលរដ្ឋ និង​សិទ្ធិ​រក្សា​ការសម្ងាត់ បង្ក​ការភ័យខ្លាច​ដល់​ពលរដ្ឋ​ផ្ទុយ​ពី​ក្រប​ខណ្ឌ​ច្បាប់។ លោក​ស្នើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​គួរ​តែ​បញ្ឈប់​សកម្មភាព​ទាំងនេះ ព្រោះ​ទង្វើ​នេះ​គឺជា​ករណី​បំបាក់​ស្មារតី​ពលរដ្ឋ និង​ជា​ទង្វើ​ខុសឆ្គង​ធ្ងន់ធ្ងរ។ លោក​ពន្យល់​ថា ពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិ ចូលរួម​បោះឆ្នោត និង​ជ្រើសរើស​តំណាង ដែល​ខ្លួន​ពេញចិត្ត មិន​បង្ខិតបង្ខំ​បានទេ​៖ «វា​ចូល​ករណី​គំរាមកំហែង​ផ្នែក​ស្មារតី ពលរដ្ឋ​គ្រប់រូប​ក្នុង​ច្បាប់​មាន​ចែង​សិទ្ធិ​សេរីភាព​ជ្រើសរើស​តំណាង និង​ជ្រើសរើស​នូវ អ្នក​ដែល​ខ្លួន​ពេញចិត្ត និង​ស្រឡាញ់​អ៊ីចឹង​មិន​អាច អ្នក​ណាមួយ​បង្ខំ​ថា អ្នកឯង​ត្រូវ​បោះឆ្នោត​អ្នកនេះ និង​អ្នកនោះ​អត់​បានទេ ព្រោះ​នេះ​វា​ខុស​ហើយ»

រដ្ឋធម្មនុញ្ញ​មាត្រា​៣៤ ចែងថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​មាន​សិទ្ធិ​បោះឆ្នោត និង​អាច​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត។ ចំណែក​មាត្រា​៣៥ ចែងថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​មាន​សិទ្ធិ​ចូលរួម​យ៉ាងសកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេសជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។