ក្រសួងការបរទេសតៃវ៉ាន់ថ្កោលទោសចំពោះរដ្ឋាភិបាលថ្មីរបស់លោក ហ៊ុន ម៉ាណែត ដែលនៅតែបន្តអនុវត្តគោលនយោបាយចិនតែមួយ។
ប្រតិកម្មរបស់រដ្ឋាភិបាលតៃវ៉ាន់នេះ ធ្វើឡើងក្រោយពីលោកនាយរដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា តៃវ៉ាន់ (Taiwan) ស៊ិនហ្យែង (Xinjiang) និងហុងកុង (Hong Kong) គឺជារឿងកិច្ចការផ្ទៃក្នុងរបស់ចិន ក្នុងជំនួបជាមួយប្រធានគណបក្សកុម្មុយនិស្ដចិនទទួលបន្ទុកកិច្ចការអន្តរជាតិ លោក លូ ហ្យៀនចាវ (Liu Jianchao) កាលពីថ្ងៃអាទិត្យទី ៣ ខែកញ្ញា កន្លងមកនេះ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសតៃវ៉ាន់ កាលពីថ្ងៃទី៦ ខែកញ្ញា ថា តៃវ៉ាន់ ប្រឆាំងជាដាច់ខាត ចំពោះទង្វើរបស់ក្រុងប៉េកាំង ដែលឆ្លៀតយកឱកាសក្នុងជំនួបជាមួយមេដឹកនាំបរទេស ដែលមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសឥណ្ឌូណេស៊ី ដើម្បីបញ្ជាក់ជំហរគោលនយោបាយចិនតែមួយរបស់ខ្លួន និងទាមទារជាឯកតោភាគី ថា តៃវ៉ាន់ជាទឹកដីរបស់ចិន។
សេចក្តីថ្លែងការណ៍បន្តថា តៃវ៉ាន់ ជាប្រទេសអធិបតេយ្យនិងឯករាជ្យ មិនស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលចិនឡើយ ហើយដែលនេះជាការពិត មិនអាចប្រកែកបានឡើយ។ អាស្រ័យហេតុនេះ រដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលតៃវ៉ាន់ គួរផ្តោតលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម សំរាប់ផលប្រយោជន៍គ្នាទៅវិញទៅមក ដើម្បីពង្រីកទំនាក់ទំនងទ្វេភាគី និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។
សេចក្តីថ្លែងការណ៍បន្តទៀតថា រដ្ឋាភិបាលតៃវ៉ាន់សង្ឃឹមថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងបោះបង់ចោលនូវគោលនយោបាយមនោគមវិជ្ជាហួសសម័យ ហើយងាកមកគោរពអធិបតេយ្យរបស់តៃវ៉ាន់ ដោយប្រកាន់យកអាកប្បកិរិយាជាក់ស្តែង បើកចំហ និងទទួលយកការពិត។
វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីសុំការឆ្លើយបំភ្លឺជុំវិញរឿងនេះបានទេ កាលពីថ្ងៃទី៨ ខែកញ្ញា។
បន្ថែមពីនេះ រដ្ឋាភិបាលតៃវ៉ាន់ នឹងមិនចុះចាញ់ជាដាច់ខាត ពីសម្ពាធរបស់រដ្ឋាភិបាលចិនទេ។ តៃវ៉ាន់ នៅតែលើកតម្កើងតម្លៃសេរីភាព និងលទ្ធិប្រជាធិបតេយ្យ ហើយសហការយ៉ាងសកម្មជាមួយបណ្តាប្រទេសប្រជាធិបតេយ្យ ដើម្បីប្រឆាំងការពង្រីកអំណាចផ្ដាច់ការរបស់ចិន ព្រមទាំងចូលរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។