តុលាការ​ខេត្ត​ត្បូងឃ្មុំ​បដិសេធ​សំណើសុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន ៨នាក់

ដោយ ខែ សុណង
2021-02-24
Share
តុលាការ​ខេត្ត​ត្បូងឃ្មុំ​បដិសេធ​សំណើសុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន ៨នាក់ សមាជិក​គ្រួសារ និង​អ្នក​គាំទ្រ​ នាំ​គ្នា​ទៅ​លើក​ទឹក​ចិត្ត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​សកម្មជន​ដីធ្លី ដែល​នគរបាល​នាំ​ទៅ​សាលាដំបូង​ខេត្ត​ត្បូង​ឃ្មុំ នៅ​ព្រឹក​​ថ្ងៃ​ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។
រូប៖ ពលរដ្ឋ

សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ បាន​ផ្លាស់​ប្ដូរ​កម្មវិធី​ពី​សវនាការ​ជំនុំ​ជម្រះ​ទៅ​ជា​សវនាការ​លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​វិញ ពាក់ព័ន្ធ​នឹង​សំណុំរឿង​របស់​សកម្មជន​នយោបាយ និង​សកម្មជន​ដីធ្លីសរុប៨ នាក់ កាល​ពី​ថ្ងៃ​ទី២៤ កុម្ភៈ។ ក្រុម​មេធាវី​លើក​ឡើង​ថា សវនាការ​នេះ​មាន​ភាព​អយុត្តិធម៌​សម្រាប់​ជន​ជាប់​ចោទ ដោយសារ​អាជ្ញាធរ​បាន​ដាក់​ខ្នោះ​ដៃ​ពួក​គេ​នៅ​ក្នុង​បន្ទប់​សវនាការ។

សាលា​ដំបូង​ខេត្ត​ត្បូងឃ្មុំ​សម្រេច​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​បក្ស​ប្រឆាំង និង​សកម្មជន​ដីធ្លី​សរុប ៨នាក់ ក្រោយ​បញ្ចប់​សវនាការ​នៅ​ថ្ងៃ​ទី២៤ កុម្ភៈ។ ក៏​ប៉ុន្តែ​សវនាការ​មុន​អង្គ​សេចក្ដី​នេះ ប្រព្រឹត្តទៅ​ដោយ​មាន​ការរិះគន់​ខ្លាំង​ពី​មេធាវី និង​មន្ត្រី​សិទ្ធិ​មនុស្ស ពីព្រោះ​តុលាការ​សាកសួរ​ជន​ជាប់​ចោទ​ដោយ​មិនព្រម​​ដោះ​ខ្នោះ​ដៃ​ពួក​គេ​ឡើយ។

មេធាវី​ការពារ​ក្ដី​ឱ្យ​សកម្មជន​គណបក្ស​ប្រឆាំង​លោក សំ សុគង់ ប្រាប់​អាស៊ី​សេរី​ក្រោយ​ពេល​ចេញ​ពី​សវនាការ​ថា ការ​ដាក់​ខ្នោះ​ដៃ​លើ​កូន​ក្ដី គឺ​ជា​រឿង​អយុត្តិធម៌​មិន​អាច​ទទួល​យក​បាន​ឡើយ។ លោក សំ សុគង់ បាន​ស្នើ​សុំ​ដល់​អង្គ​ជំនុំជម្រះ​ឱ្យ​ដោះ​ខ្នោះ​ដៃ​របស់​ជន​ជាប់​ចោទ​ចេញ​ដែរ ប៉ុន្តែ​ចៅក្រម​ធ្វើ​មិន​ដឹង​មិន​ឮ ហើយ​បន្ត​សួរ​ដេញដោល​រហូត​ដល់​ចប់​សវនាការ។ បន្ថែម​ពី​នេះ កូន​ក្ដី​របស់​លោក​បាន​ព្យាយាម​បក​ស្រាយ នៅ​ចំពោះ​មុខ​អង្គ​ជំនុំជម្រះ​ថា ពួក​គេ​មាន​សុខភាព​ទ្រុឌទ្រោម និង​មាន​ជីវភាព​ខ្វះខាត​ក្នុង​គ្រួសារ ហើយ​សុំ​ឱ្យ​តុលាការ​ដោះ​លែង​នៅ​ក្រៅ​ឃុំ​ ប៉ុន្តែ​ត្រូវ​បាន​តុលាការ​បដិសេធ៖ «សវនាការ​ថ្ងៃ​នេះ​មិន​អាច​ទទួល​យក​បាន​ទេ​ ហើយ​ជា​ចុង​ក្រោយ​គឺ អ្នក​ស្រី​ចៅក្រម បាន​សម្រេច​មិន​ព្រម​ដោះលែង​កូន​ក្ដី​ទាំង​អស់ ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះ​អាសន្ន​ទេ ដោយ​សំអាង​ហេតុ​ថា នៅ​ក្នុង​រឿង​នេះ​មាន​តម្រុយ​ពិរុទ្ធភាព​ ហើយ​ជន​ជាប់​ចោទ​ផ្សេងៗ ទៀត បាន​គេច​ខ្លួន​ហើយ​ហ្នឹង ដើម្បី​ធានា​ឱ្យ​ជន​ជាប់​ចោទ​ទាំង​អស់​ហ្នឹង​បង្ហាញ​ខ្លួន ឬ​ក៏​បង្ហាញ​មុខ​នៅ​ពេល​សវនាការ​លើក​ក្រោយ។ ប៉ុន្តែ​ក្រុង​មេធាវី​យល់​ថា ល័ក្ខណ៍​ទាំង​អស់​នេះ​មិន​មាន​ការ​ចាំបាច់​ទេ»

ក្រុម​មេធាវី​ការពារ​ក្ដី ទាម​ទារ​ឱ្យ​សមត្ថកិច្ច​បញ្ឈប់​ការ​ដាក់​ខ្នោះ​ដៃ​កូន​ក្ដី​របស់​ពួក​គាត់ នៅ​ក្នុង​បន្ទប់​សវនាការ​នា​ពេល​ក្រោយ​ទៀត ព្រោះ​នេះ​ជា​ការ​រំលោភ​សិទ្ធិ​ជន​ជាប់​ចោទ​ធ្ងន់ធ្ងរ។

អាស៊ី​សេរី​មិន​អាច​ទាក់​ទង​អ្នក​នាំ​ពាក្យ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​ លោក ថេង ជាង ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២៤ ខែកុម្ភៈ ដោយ​សារ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល។

សំណុំ​រឿង​នេះ​មាន​ជន​ជាប់​ចោទ​សរុប ១៤នាក់ ក្នុង​នោះ ៨នាក់ កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ត​ត្បូងឃ្មុំ និង ៦នាក់​ទៀត កំពុង​រត់​គេច​ខ្លួន។ ក្នុងចំណោម​អ្នកជាប់ឃុំ ទាំង ៨នាក់ មាន​​ ៦ នាក់ ជា​សកម្មជន​បក្ស​ប្រឆាំង មាន​ជាអាទិ៍ លោក ស៊ូ យាន លោក ម៉ក់ សំអាន និង​លោកស្រី ខន ទន។ ចំណែក​ពីរ​នាក់​ទៀត ពួក​គេ​ជា​តំណាង​សហគមន៍​កសិករ និង​សកម្មជន​ដីធ្លី រួម​មាន លោក ផុន សុផល និង​លោក សែម ចំណាន។ តុលាការ​ចោទ​ប្រកាន់​ពួក​គេ​ផ្សេងៗ គ្នា ពី​បទ​ផ្ដើម​គំនិត សមគំនិត និង​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។ អាជ្ញាធរ​បាន​ចាប់​ខ្លួន​ពួក​គេ​ជា​បន្តបន្ទាប់​តាំងពីចុងឆ្នាំ២០២០ រហូត​ដល់​ខែមករា ឆ្នាំ២០២១ ដោយសារ​រឿង​ពាក់អាវ​ដែល​មាន​ពាក្យ​ថា អរគុណ​សន្តិភាព​តែ​ត្រូវ​គោរពមាត្រា២ នៃ​រដ្ឋធម្មនុញ្ញ និង​ការ​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​នៅ​មុខ​ស្ថាន​ទូត​ចិន នៅ​រាជធានី​ភ្នំពេញ អំឡុង​ខួប​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស២៣ តុលា។

តុលាការ​ខេត្ត​ត្បូងឃ្មុំ​គ្រោង​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​អង្គ​សេចក្ដី​នៃ​សំណុំ​រឿង​នេះ​នៅ​ថ្ងៃ​ទី២៤ កុម្ភៈ ក៏​ប៉ុន្តែ​ដោយសារ​មេធាវី​របស់​ជន​ជាប់​ចោទ​ម្នាក់ បាន​ស្នើ​សុំ​ពន្យារពេល ទើប​តុលាការ​សម្រេច​លើក​ពេល​សវនាការ​អង្គ​សេចក្ដី។ ក៏​ប៉ុន្តែ​ តុលាការ​បាន​សម្រេច​បើកសវនាការ​លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​៨ នាក់ ជំនួស​វិញ តាម​សំណើ​របស់​ក្រុម​មេធាវី។

មេធាវី​សមាគម​អាដហុក (ADHOC) លោក សំ ទិត្យសីហា ដែល​ការពារ​ក្តី​ឱ្យ​សកម្មជន​ដីធ្លី​ទាំង​ពីរ​រូប​នៅ​ក្នុង​សំណុំ​រឿង​នេះ សោក​ស្ដាយ​ដែល​តុលាការ​មិន​អនុញ្ញាត​ឱ្យ​កូន​ក្ដី​របស់​លោក​បាន​នៅ​ក្រៅ​ឃុំ ទោះជា​ពួកគាត់​មាន​ហេតុផល​សម​ស្រប​យ៉ាង​ណា​ក្តី។ លោក​បញ្ជាក់​ថា កូន​ក្តី​របស់​លោក​ស្នើសុំ​នៅ​ក្រៅ​ឃុំ ព្រោះ​ពួកគាត់​មាន​សុខភាព​មិន​សូវ​ល្អ និង​មាន​កាតព្វកិច្ច​ចិញ្ចឹម​បីបាច់​កូន និង​ថែរក្សា​ប្រពន្ធ​ដែល​កំពុង​មាន​ផ្ទៃពោះ។ លោក​ស្នើ​ឱ្យ​តុលាការ​ពន្លឿន​ការ​ជំនុំ​ជម្រះ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​កូន​ក្តី​របស់​លោក៖ «បើ​បើ​សិន​បន្ត​អូស​បន្លាយ​ពេល​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន ឬ​ក៏​មិន​កំណត់​ពេល​វេលា​ច្បាស់​លាស់​ទាក់ទង​នឹង​ការ​អា​ហ្នឹង​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​អ្នក​ជាប់​ឃុំ​ធ្វើ​ឱ្យ​បាត់​បង់​សិទ្ធិ ឬ​ក៏​ធ្វើ​ឱ្យ​បាត់​បង់​ផល​ប្រយោជន៍​របស់​គាត់​ផង​ដែរ»

តុលាការ​ខេត្ត​ត្បូង​ឃ្មុំ​មិន​ទាន់​កំណត់​ពេល​ជាក់លាក់​ដើម្បី​ជំនុំ​ជម្រះ​រឿង​ក្តី​នេះ​នៅ​ឡើយ​ទេ បន្ទាប់​ពី​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​ទាំង ៨នាក់។

ក្នុង​ថ្ងៃ​សវនាការ​នេះ អាជ្ញាធរ​បាន​ដាក់​កង​កម្លាំង​ចម្រុះ​ប្រមាណ ៦០នាក់ នៅ​ខាងមុខ​តុលាការ និង​រឹតត្បិត​មិន​ឱ្យ​សាច់ញាតិ និង​អ្នក​គាំទ្រ​ជន​ជាប់​ចោទ​តាម​ឃ្លាំមើល​សវនាការ​នៅ​មុខ​តុលាការ​ឡើយ។

បងស្រី​សកម្មជន​គណបក្ស​ប្រឆាំង​លោក ព្រៅ ចាន់​ធឿន គឺ​លោក​ស្រី ព្រៅ ង៉ោ ថ្លែង​ថា ប៉ូលិស​បាន​បណ្ដេញ​ពួក​លោក​ស្រី​ដែល​មាន​គ្នា​ប្រមាណ ៦០នាក់​ចេញ​ពី​មុខ​តុលាការ។ ស្ត្រី​វ័យ ៤៦ឆ្នាំ​រូប​នេះ ចាត់​ទុក​ទង្វើ​របស់​ប៉ូលិស​នេះ​ថា ជា​ការ​ធ្វើ​បាប​ខ្មែរ​គ្នា​ឯង ​ធ្វើ​ឱ្យ​ពួក​លោក​ស្រី​មាន​ការ​ឈឺ​ចាប់៖ «ដូច​ថា​ឃើញ​បងប្អូន​ខ្ញុំ​ប្រុសៗ ពីរ​បី​នាក់​អី​រោម​ជិត​តែ​ម្ដង​ ម៉ូតូ​មក​ហើយ​មក​ទៀត។ ស្រីៗ ក៏​ដេញ​ដែរ គេ​ដេញចេញ​ទៅ​ឱ្យ​ឆ្ងាយ​ដូច​ថា​អត់​ស្គាល់​ខ្មែរ​គ្នា​ឯង​ ខ្ញុំ​អន់​ចិត្ត​ឡើង​ស្រក់​ទឹក​ភ្នែក​។​ចង់​និយាយ​ថា បើ​សិន​ណា​ខ្មែរ​ដូច​គ្នា បើ​ធ្វើ​អីចឹង​នៅ​ពេល​ជន​ជាតិ​គេ​យក​ដី​យក​ទឹក ម្ល៉េះ​ជនជាតិ​វៀតណាម​និង​ថៃ​យក​ដី​បាន​ទេ ខ្ញុំ​នឹក​ឃើញ​ជាតិ​ខ្មែរ​ដូច​គ្នា​ធ្វើ​ដល់​ថ្នាក់​ហ្នឹង»

អាស៊ី​សេរី​មិន​ទាក់​ទង​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ។

ទោះ​ជា​យ៉ាង​ណា​ក្ដី ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា ចាត់​ទុក​រឿង​នេះ​ថា ជា​ការ​រឹតត្បិត និង​រំលោភ​សិទ្ធ​ពលរដ្ឋ​ដោយ​ខុស​ច្បាប់ ព្រោះ​ការ​តាម​ដាន​សវនាការ គឺ​ជា​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ស្រប​តាម​រដ្ឋធម្មនុញ្ញ៖ «ខ្ញុំ​គិត​ថា​រឿង​នេះ​ ទំនង​មក​ពី​អាជ្ញាធរ​ខ្លាច​អ្នក​ដែល​មក​ជួប​ជុំ​គ្នា​ហ្នឹង​បង្ក​ឱ្យ​មាន​ជា​បញ្ហា​អី​ផ្សេងៗ មិន​មែន​ជា​រឿង​បញ្ហា​ដើម្បី​ការពារ​សុវត្ថិភាព ឬ​ក៏​សន្តិសុខ​សាធារណៈ ឬ​ដើម្បី​សណ្ដាប់​សាធារណៈ​អី​សំខាន់​ទេ។ សំខាន់​ទំនន់​មក​ពី​អាជ្ញាធរ​អាច​ខ្លាច​ពលរដ្ឋ​ប្រមូល​ផ្ដុំ​គ្នា​ក្រោក​ឡើង​តវ៉ា​ណា​កើត​ឡើង»

ចំណែក​ការ​ដាក់​ខ្នោះ​ដៃ​សកម្មជន​បក្ស​ប្រឆាំង និង​សកម្មជន​ដីធ្លី​នៅ​ក្នុង​បន្ទប់​សវនាការ​វិញ​ លោក​នី សុខា និយាយ​ថា ជា​ការ​រំលោភ​សិទ្ធ​ជន​ជាប់​ចោទ​ធ្ងន់ធ្ងរ ពី​ព្រោះ​តុលាការ​មិន​ទាន់​កាត់​ក្ដី​ថា ពួកគេ​ មាន​ទោស ឬ​មិន​មាន​ទោស​នៅ​ឡើយ​ទេ។

ចាប់​តាំង​ពី​ដើម​ឆ្នាំ២០២០ មក​ដល់​ថ្ងៃ​ទី២៤ កុម្ភៈ​ មាន​សកម្មជន​នយោបាយ​ សកម្មជន​បរិស្ថាន​ ព្រះសង្ឃ​ខ្មែរ​ថាវរៈ សកម្មជន​សង្គម និង​ក្រុម​យុវជន​ចំនួន ៧០នាក់​ហើយ ត្រូវ​បាន​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ។ តុលាការ​បាន​ចោទ​ប្រកាន់​ពួកគេ​ពី​បទ រួម​គំនិត​ក្បត់ ញុះញង់ និង​បទ​ប្រមាថ​ថ្នាក់​ដឹក​នាំ ដែល​ជា​បទ​ចោទ​ពេញ​និយម​របស់​ព្រះរាជអាជ្ញា​ ហើយ​ត្រូវ​បាន​​ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស​មើល​ឃើញ​ថា ជា​ការ​ចោទ​ប្រកាន់​តាម​ទំនើង​ចិត្ត។

កាល​ពី​ឆ្នាំ២០២០ តុលាការ​ខេត្ត​ត្បូងឃ្មុំ​បាន​ផ្ដន្ទាទោស​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៧នាក់ ឱ្យ​ជាប់​ពន្ធនាគារ​ពី ៥ឆ្នាំ ទៅ ៧ឆ្នាំ ពី​បទ រួម​គំនិត​ក្បត់ ខណៈ​សកម្មជន​ម្នាក់​ទៀត​នៅ​ខេត្ត​កំពត​ក៏​ត្រូវ​បាន​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ៥ ឆ្នាំ ក្នុង​បទ​ចោទ​ដូច​គ្នា​នេះ​ដែរ។ អ្នក​តាម​ដាន​ស្ថានការណ៍​ ចាត់​ទុក​ការ​ចាប់​ខ្លួន​​​ការ​ចោទ​ប្រកាន់ និង​ការ​ផ្ដន្ទាទោស​សកម្មជន​បក្ស​ប្រឆាំង​ទាំង​នេះ​ថា ​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​ ដើម្បី​​​​កម្ទេច​សំឡេង​ប្រឆាំង និង​សំឡេង​រិះគន់​រដ្ឋាភិបាល​​​ឱ្យ​អស់​ពី​កម្ពុជា៕


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល