តុលាការ​របប​ក្រុង​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ក្រោយ​ពី​បាន​បង្ហោះ​សារ​រិះគន់​លោក​ ហ៊ុន សែន

ដោយ ហេង រស្មី
2019-04-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ស៊ូ យាន សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​សាលាដំបូង​​ខេត្ត​ត្បូងឃ្មុំ សម្រេច​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​ពី​បទ​ញុះញង់​ នៅ​ថ្ងៃ​ទី២៤ ខែ​មេសា ឆ្នាំ២០១៨ បន្ទាប់​​ពី​លោក​បង្ហោះ​សារ​ដែល​រិះគន់​លោក​ ហ៊ុន សែន។
លោក ស៊ូ យាន សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​សាលាដំបូង​​ខេត្ត​ត្បូងឃ្មុំ សម្រេច​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​ពី​បទ​ញុះញង់​ នៅ​ថ្ងៃ​ទី២៤ ខែ​មេសា ឆ្នាំ២០១៨ បន្ទាប់​​ពី​លោក​បង្ហោះ​សារ​ដែល​រិះគន់​លោក​ ហ៊ុន សែន។
រូប៖ ហ្វេសប៊ុក​លោក ស៊ូ យាន

តុលាការ​ខេត្ត​ត្បូងឃ្មុំ​សម្រេច​ឃុំ​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ គឺ​លោក ស៊ូ យាន នៅ​ពន្ធនាគារ​ខេត្ត​ត្បូងឃ្មុំ​នៅ​ថ្ងៃ​ទី២៤ មេសា បន្ទាប់​ពី​សមត្ថកិច្ច ចាប់​ខ្លួន យក​ទៅ​សាកសួរ កាល​ពី​ទី២២​ ខែ​មេសា​។

ការ​ចាប់​ខ្លួន ក្រោយ​ពី​លោក​បាន​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​រិះគន់​លើក​ការដឹកនាំ​របប​ក្រុង​ភ្នំពេញ។ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ថ្កោលទោស ចំពោះ​វិធាន​ការ​របស់​រដ្ឋាភិបាល និង​ទាមទារ​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​លើ​សកម្មជន​គណបក្ស​ប្រឆាំង។

មេធាវី​ការពារ​ក្ដី​ លោក សំ សុគង់ ​ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២៤ ខែ​មេសា​ថា តុលាការ​ខេត្ត​ត្បូងឃ្មុំ បាន​សម្រេច​ចោទ​ប្រកាន់​លោក​ ស៊ូ យាន​ ពី​បទ​ញុះញង់​អោយ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​តាម​មាត្រា​ទី​៤៩៤ និង​ ៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ។ លោក​បញ្ជាក់​ថា ក្រុម​សមត្ថកិច្ច​បាន​សម្រេច​បញ្ជូន​ជន​សង្ស័យ​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​កំពង់ចាម​ជា​បណ្ដោះអាសន្ន​ហើយ​ដើម្បី​រង់ចាំ​ការ​ជំនុំជម្រះ​ទោស។

លោក​មាន​ប្រសាសន៍​ ការ​ចាប់​ខ្លួន​ និង​ការ​សម្រេច​ឃុំ​ខ្លួន​ របស់​សមត្ថកិច្ច​កន្លងមក​ធ្វើឡើង​មិន​ត្រឹមត្រូវ​តាម​ច្បាប់​ចំពោះ​កូន​ក្តី​របស់​លោក​ ហើយ​តុលាការ​គួរ​តែ​ពិចារណា​ឡើង​វិញ។​

អាស៊ី​សេរី​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​ស្នងការ​នគរបាល​ខេត្ត​ត្បូង​ឃ្មុំ​ លោក ប៉ែន រ័ត្ន បាន​ទេ​នៅ​ថ្ងៃ​ទី២៤​ ខែ​មេសា​នេះ។

ក្រុម​សមត្ថកិច្ច​នៃ​របប​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២២​ ខែ​មេសា​ បាន​ចាប់​ខ្លួន​ លោក​ ស៊ូ យាន សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ទៀត ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​ពី​បទ​សង្ស័យ​ថា ពាក់ព័ន្ធ​នឹង​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​របប​នេះ​ចាត់​ទុក​ថា ​ជា​ការ​ប្រមាថ​ដល់​លោក​ ហ៊ុន សែន​។

នៅ​ក្នុង​គណនី​ហ្វេសប៊ុក​ដែល​មាន​ម្នាស់​គណនី​ឈ្មោះ​ ស៊ូ យាន​ បាន​សរសេរ​ថា «តម្លៃ​ជាតិ​ធំធេង​មិន​អាច​កាត់​ថ្លៃ​បាន​ឡើយ​។កុំ​យក​រាស្ត្រ​មក​ធ្វើជា​ឧបករណ៍​អំណាច​អី» ហើយ​មួយ​រយៈ​ចុង​ក្រោយ​នេះ​គណនី​ដដែល​នេះ​ក៏​បាន​បង្ហាញ​ពី​សកម្មភាព​មហា​បាតុកម្ម​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​កាល​ពី​សប្ដាហ៍​មុន​ផង​ដែរ។

រហូត​មក​ដល់​ពេល​នេះ​មាន​មនុស្ស​ជាង ១០នាក់ ហើយ​ដែល​របប​ក្រុង​ភ្នំពេញ​បាន​ចាប់ខ្លួន​ទាក់​ទិន​នឹង​ការ​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​រិះគន់​មេដឹកនាំ​លោក​ ហ៊ុន សែន​ និង​ ព្រះមហាក្សត្រ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល